Facebook ចង់បង្កើតនូវប្រព័ន្ធមួយដែលអាចសរសេរបាន១០០ពាក្យក្នុងពេលត្រឹមតែ១នាទី ដោយសរសេរចេញពីក្នុងខួរក្បាលរបស់អ្នកតែម្តង។

កាលពីសំណួរចម្លើយក្នុងឆ្នាំ២០១៥ លោក​ Mark​ Zuckerberg នាយកប្រតិបត្តិ Facebook បានលើកឡើងថា ការទំនាក់ទំនងនាពេលអនាគតប្រហែលជាអាចធ្វើឡើងតាមរយៈចិត្តនិងចិត្តតែម្តង (Telepathy) ហើយលោកជឿថាមនុស្សនឹងអាចបញ្ជូនការគិតរបស់ខ្លួនទៅកាន់គ្នាទៅវិញទៅមកដោយផ្ទាល់តាមបច្ចេកវិទ្យាតែម្តង។ ក្នុងនោះអ្នកគ្រាន់តែគិតពីអ្វីមួយ ហើយមិត្តរបស់អ្នកនឹងដឹងពីការគិតនោះតែម្តង។

រយៈពេលពីរឆ្នាំក្រោយមកនេះ Facebook បានខិតខំយ៉ាងខ្លាំងដើម្បីធ្វើឲ្យក្តីស្រម៉ៃនេះក្លាយជាការពិត។ លោកស្រី Regina Dugan ដែលបានដឹកនាំក្រុម Defense Advanced Research Projects Agency (DARPA) និង Google’s Advanced Technology and Projects group បានលើកឡើងនៅក្នុងសន្និសីទថា ក្រុមហ៊ុនបានខិតខំប្រឹងប្រែងចំពោះកិច្ចការនេះ ហើយលោកស្រីសង្ឃឹមថានៅថ្ងៃខាងមុខ យើងនឹងអាចសរសេរហើយផុសអ្វីដែលយើងចង់សរសេរដោយគ្រាន់តែគិតពីវាប៉ុណ្ណោះ ដោយមិនបាច់ប្រើដៃសរសេរនោះទេ ពោលគឺ Facebook ចង់បង្កើតនូវប្រព័ន្ធមួយដែលអាចសរសេរបាន១០០ពាក្យក្នុងពេលត្រឹមតែ១នាទី ដោយសរសេរចេញពីក្នុងខួរក្បាលរបស់អ្នកតែម្តង។ សម្រាប់លោកស្រី នេះមិនមែនជារឿងដែលស្ថិតនៅឆ្ងាយទៅមិនដល់នោះទេ ហើយលោកស្រីជឿថា Facebook នឹងធ្វើបច្ចេកវិទ្យានេះបាន។

តាមរយៈបច្ចេកវិទ្យានេះ យើងគ្រាន់តែគិតពីពាក្យចង់សរសេរបញ្ជូនទៅកាន់កុំព្យូទ័រហើយមិនបាច់ប្រើដៃសរសេរនោះទេ។​ ម្យ៉ាងទៀត យើងអាចបញ្ជាទូរស័ព្ទ Smart Phone ឲ្យសរសេរអ្វីដែលយើងគិត ដោយមិនបាច់ចំណាយពេលសម្លឹងមើលអេក្រង់ទូរស័ព្ទឡើយ។

យ៉ាងណាក៏ដោយគេនៅចាំមើលថា តើ Facebook អាចបង្កើតនូវបច្ចេកវិទ្យានេះ ហើយដាក់ឲ្យប្រើប្រាស់បានដែរឬទេ? លោកស្រីបានគូសបញ្ជាក់ផងដែរថា ការចម្លងយកការគិតរបស់អ្នកមកសរសេរនៅក្នុងបច្ចេកវិទ្យានេះ គឺមិនមែនរាល់ការគិតផ្សេងៗរបស់អ្នកនោះទេ គឺសម្រាប់តែគិតណាដែលអ្នកចង់ និងសម្រេចចិត្តថាចែករំលែកប៉ុណ្ណោះ។

លោកស្រីក៏បានបញ្ជាក់ប្រាប់ដែរថា ការសរសេរចេញពីការគិតរបស់អ្នកនេះ នឹងអាចធ្វើឡើងតាមរយៈឧបករណ៍អេឡិចត្រូនិចពាក់លើក្បាល ឬក៏វ៉ែនតា ឬក៏ឧបករណ៍ផ្សេងទៀតដែលក្រុមការងារមិនទាន់គិតឃើញ។

ប្រភព៖ Buzzfeed

Loading...
SHARE