កាលពីពីរឆ្នាំមុនបុរសជនជាតិចិនរស់នៅក្នុងទីក្រុង Chengdu បានចាប់ផ្ដើមធ្វើជាអ្នករត់តាក់ស៊ី ដើម្បីស្វែងរកកូនស្រីរបស់គាត់ដែលបានបាត់ខ្លួន។

បុរសម្នាក់នោះមានឈ្មោះថា វ៉ាង មីងជីង ដែលគាត់បានបាត់កូនស្រីរបស់គាត់កាលពី ២៣ ឆ្នាំមុនមកម្ល៉េះ គឺតាំងពីពេលដែលនាងមានអាយុ ៣ ឆ្នាំ។ លោក វ៉ាង បានចង់ចាំថាកាលពីពេលនោះគាត់ និងប្រពន្ធគាត់កំពុងតែលក់ផ្លែឈើនៅតាមផ្លូវ​ ដោយមានអតិថិជនជាច្រើនចោមរោមទិញ រហូតធ្វើឲ្យគាត់ភ្លេចខ្លួន ប៉ុន្តែពេលក្រឡេកទៅរកមើលកូនស្រីរបស់ពួកគាត់ គឺនាងបានបាត់ខ្លួនទៅហើយ។

បន្ទាប់មកគាត់ក៏បានរាយការណ៍ប្រាប់ប៉ូលិស ដោយប៉ូលិសបានព្យាយាមស្វែងរកនៅតាមមន្ទីរពេទ្យ និង មណ្ឌលកុមារកំព្រា ប៉ុន្តែគួរឲ្យស្ដាយវាគ្មានប្រយោជន៍នោះទេ។ ជាចុងក្រោយនៅឆ្នាំ២០១៥ គាត់ក៏បានសម្រេចចិត្តធ្វើជាអ្នកបើកតាក់ស៊ី ដោយសង្ឃឹមវានឹងធ្វើឲ្យលោកអាចស្វែងរកកូនស្រីរបស់ខ្លួនឃើញ។

អស់រយៈពេលពីរឆ្នាំ ក្នុងនាមជាអ្នកបើកតាក់ស៊ី គាត់បានប្រាប់ និងសាកសួរអ្នកដំណើរមិនតិចជាង ៥ ពាន់នាក់នោះទេអំពីកូនស្រីរបស់គាត់ដែលបានបាត់ខ្លួននោះ ហើយគ្រប់អតិថិជនដែលបានជិះរថយន្តរបស់គាត់ គាត់តែងតែប្រគល់ប័ណ្ឌមួយសន្លឹកដែលមានរូបថត និងព័ត៌មានលំអិតអំពីកូនស្រីរបស់គាត់នៅលើនោះ ដោយសង្ឃឹមថាអ្នកទាំងនោះនឹងអាចដឹងពីដំណឹងពីកូនរបស់គាត់ និងប្រាប់គាត់។

លោក វ៉ាង បាននិយាយទាំងអួលដើមកថា “ក្ដីស្រមៃដ៏ធំបំផុតក្នុងមួយជីវិតរបស់ខ្ញុំគឺសង្ឃឹមថាថ្ងៃណាមួយ នាង(កូនស្រីរបស់ខ្ញុំ) នឹងអង្គុយក្នុងរថយន្តរបស់ខ្ញុំ នឹងស្រែហៅខ្ញុំថា លោកប៉ា ។ នៅពេលដែលអ្នកយកព័ត៌មានសួរគាត់ថាតើគាត់នឹងនិយាយអ្វីទៅកាន់នាង គាត់បានឆ្លើយថា “សុំទោសដែលប៉ាមិនបានបំពេញតួនាទីជាប៉ារបស់កូនឲ្យបានល្អ” ។

បើទោះបីជា ២៣ ឆ្នាំកន្លងហួសទៅហើយក្ដី​លោក វ៉ាង មិនដែលបោះបង់ក្ដីសង្ឃឹមក្នុងការស្វែងរកកូនស្រីនោះទេ តើមានមនុស្សប៉ុន្មាននាក់ដែលសុខចិត្តធ្វើដូចជាគាត់ ?

ទស្សនាវីដេអូ

[ប្រភពរូបភាព West China Metropolis Daily]
ប្រភពអត្ថបទ ៖ shanghaiist

Loading...
SHARE