តើអ្នកដែលធ្លាប់ចង់ធ្វើឲ្យរបស់ចាស់ៗ និងជាទីស្រលាញ់របស់អ្នក ត្រលប់មកសភាពដូចថ្មីវិញទេ? អ្នកប្រាកដជាចង់ ប៉ុន្តែពេលខ្លះអ្នកមិនដឹងពីវិធី ឬអាថ៌កំបាំងដើម្បីធ្វើវាបាន។ ដូចនេះ អ្នកអាចក្រឡេកមើលវិធីងាយៗ ក្នុងការកែប្រែរបស់មួយចំនួនពីសភាពចាស់មកថ្មី ដូចខាងក្រោម៖

បន្ទះជ្រុញ

សំអាតបន្ទះជ្រុញដោយប្រើអេប៉ុងជ្រលក់ទឹកក្រូចឆ្មារលាយអំបិល នោះអ្នកនឹងបានបន្ទះជ្រុញថ្មីមកវិញ។

ឆ្នាំងស្ពាន់

អ្នកគ្រាន់តែរោយអំបិលលើផ្ទៃដែលត្រូវដុស ហើយចាក់ទឹកខ្មេះបន្តិចលើវា។ បន្ទាប់មកដុសវាដោយប្រើអេប៉ុងរឹង។

ចាន

ដើម្បីលុបបំបាត់ស្នាមឆ្នូតលើចាន អ្នកគ្រាន់តែប្រើថ្នាំខាត់ឲ្យរលោងសម្រាប់ព័រសឺឡែនជាការស្រេច។

ថាសដុតនំ

អ្នកគ្រាន់តែយកម្ស៉ៅដែលផលិតពីអ៊ីដ្រូហ្សែនពែអុកស៊ីត និងសូដាធម្មតា លាបរាលលើវា ហើយទុកចោល៣០នាទី បន្ទាប់មកលាងជំរះ នោះជាការស្រេច។

កម្រាលព្រំ

អ្នកត្រូវលាយល្បាយមួយដែលមានទឹកខ្មេះមួយភាគបី និងទឹកពីរភាគបី នៅក្នុងដបបាញ់ទឹក។ បន្ទាប់មកបាញ់វាទៅលើស្នាមប្រឡាក់ ហើយយកក្រណាត់សើមមកគ្របពីលើ រួចបើកភ្លើងឆ្នាំងអ៊ុតដាក់ Steam Mode (ប្រើសម្រាប់ចំហ៊ុយ) ហើយដាក់ពីលើក្រណាត់ប្រហែល៣០វិនាទី។

ខ្ទះដែក

លាបថ្នាំសម្លាប់មេរោគលើខ្ទះដែកដែលចាស់នោះ ដាក់វាក្នុងថង់សម្រាមចងមាត់ឲ្យតឹង ហើយទុកចោល១ទៅ២ថ្ងៃ រួចយកមកលាងសម្អាត។ បន្ទាប់មកលាបថ្នាំសម្លាប់មេរោគម្តងទៀត និងដាក់ក្នុងថង់សម្រាម រួចទុកចោល១ថ្ងៃ បន្ទាប់មកលាងសម្អាតកន្លែងកខ្វក់ដោយទឹកក្តៅ។ បន្តពីនេះ ត្រាំខ្ទះនៅក្នុងល្បាយទឹកក្តៅអ៊ុនៗជាមួយទឹកខ្មេះ ដែលលាយក្នុងបរិមាណស្មើគ្នា រយៈពេល១ម៉ោង ហើយដុសផ្ទៃខ្ទះដោយទ្រនាប់ដុសខាត់ រួចទុកឲ្យស្ងួត។ បន្ទាប់មកទៀត បើកភ្លើងចង្រ្កានឲ្យដល់កម្តៅ ២៥០អង្សារ ហើយដាក់ខ្ទះក្នុងចង្ក្រានរយៈពេល១ម៉ោង រួចយកវាចេញដោយប្រុងប្រយ័ត្ន ហើយស្រោចប្រេងអូលីវពីលើ។ ខ្ទះក្តៅនេះនឹងស្រូបយកជាតិខ្លាញ់ក្នុងបរិមាណសមស្រប រួចអ្នកជូតសម្អាតកាកសំណល់ដោយក្រណាត់ស្ងួត ស្អាត។ ជាថ្មីម្តងទៀត ដាក់ខ្ទះក្នុងចង្រ្កាន តែដាក់ត្រឡប់ចុះក្រោម រយៈពេល១៥នាទី រួចយកចេញមកសម្អាត។ បន្ទាប់មកយកទៅដាក់ក្នុងចង្ក្រាន១៥នាទីទៀត ហើយដកចេញយកមកសម្អាត ធ្វើបែបនេះពីរទៅបីដង។

ឥដ្ឋការ៉ូ

សម្អាតចន្លោះឥដ្ឋការ៉ូរបស់អ្នក ដោយប្រើថ្នាំធ្វើឲ្យសលាយជាមួួយនិងទឹកក្នុងបរិមាណស្មើគ្នា។ ប៉ុន្តែត្រូវធ្វើឲ្យមានខ្យល់ចេញចូលក្នុងបន្ទប់នៅពេលដែលអ្នកធ្វើការសម្អាត។

ស្បែកជើងស

អ្នកអាចធ្វើឲ្យស្បែកជើងរបស់អ្នកសភ្លឺថ្លាវិញ ដោយប្រើវិធី៖ យកទឹកសាប៊ូបោកសម្អាតមួយស្លាបព្រាកាហ្វេ លាយជាមួយនិងអ៊ីដ្រូពែអុកស៊ីតបីស្លាបព្រា និងទឹកbaking soda ពីរស្លាបព្រា។

សង្ហារឹមស្បែក

សម្អាតស្នាមលើសង្ហារឹម​ ឬសាឡុងរបស់អ្នកជាមួយនិងប្រេងអូលីវ ដោយប្រើអំបោសសំឡី ហើយទុកឲ្យប្រេងស្ងួតរយៈពេល១ម៉ោង។ បើនៅតែមានស្នាមបន្តធ្វើដដែលទៀត។

សាឡុងស្រោបក្រណាត់កប្បាស

អ្នកអាចប្រើអេប៉ុងសជ្រលក់ជាមួយនិងអាកុល ហើយយកទៅផ្សើមត្រង់ស្នាមប្រឡាក់ រួចទុកឲ្យស្ងួត។ បន្ទាប់មកសម្អាតកន្លែងប្រឡាក់នោះដោយច្រាស។

កាបូបស្បែក

អ្នកអាចសម្អាតស្នាមប្រឡាក់ដោយងាយ ដោយគ្រាន់តែប្រើក្រណាត់សើមជូត។

កន្សែងពោះគោ

អ្នកអាចរក្សាកន្សែងពោះគោឲ្យនៅថ្មីល្អ ដោយបន្ទាប់ពីបោកគក់ហើយ អ្នកលាងសម្អាតវានៅក្នុងទឹកអំបិល ហើយហាលវានៅក្នុងបន្ទប់ដែលមានខ្យល់ចេញចូលល្អ ឬនៅខាងក្រៅ។

ច្រាសដុសធ្មេញ

ដើម្បីឲ្យរោមច្រាសដុសធ្មេញអ្នកនៅតែត្រង់ស្អាតល្អ អ្នកគ្រាន់តែចាក់ទឹកក្តៅចូលទៅក្នុងចានគោម ហើយយកច្រាសដុសធ្មេញរបស់អ្នកដាក់ក្នុងនោះ ហើយគួចវិលៗរោមច្រាសនៅក្នុងទឹកក្តៅនោះ។

ប្រែសម្រួល៖ Sophany

ប្រភព៖ Brightside

Loading...
SHARE