ការរីកចម្រើននូវបច្ចេកវិទ្យាឧបករណ៍ថតស្កេន ជួយដល់អ្នកបុរាណវិទ្យាអាចធ្វើការស្រាវជ្រាវដោយមិនមានការប៉ះពាល់ ឬខូចខាតនូវស្នាដៃបុរាណដែលមានវ័យចំណាស់ និងផុយស្រួយ។

 

ខាងក្រោមនេះ គឺជាគំហើញបុរាណវិទ្យាដ៏អស្ចារ្យទាំង១០ ដោយប្រើប្រាស់បច្ចេកវិទ្យាថតស្កេន៖

10. ប្រអប់ឧបករណ៍ប្រើប្រាស់ (The Viking Toolbox)

ប្រអប់ឧបករណ៍នេះត្រូវបានគេរកឃើញនៅប្រទេសដាណឺម៉ាក ក្នុងឆ្នាំ២០១៦។ តាមរយៈឧបករណ៍ CT Scan វាអាចជាប្រអប់ឧបករណ៍របស់ជាងឈើ ដែលមានឧបករណ៍ចំនួន ១៤ នៅក្នុងប្រអប់នោះ។ វត្ថុបុរាណនេះត្រូវបានគេកប់ប្រហែលជា ១,០០០ឆ្នាំមុន។

9. ផ្លូវដែលបានរលុបបាត់នៅប្រទេសអង់គ្លេស (England’s Lost Road)

អ្នកចូលចិត្តខាងប្រវត្តិវិទ្យាម្នាក់ឈ្មោះ David Ratledge បានចំណាយពេល​ ៥០ឆ្នាំ ដើម្បីស្វែងរកផ្លូវរបស់រ៉ូម៉ាំង បានប្រើប្រាស់ទិន្នន័យដើម្បីស្វែងរកផ្លូវចម្ងាយ ១៧គីឡូម៉ែត្រ ភ្ជាប់ពី Ribchester ទៅ Lancaster ហើយអ្នកបុរាណវិទ្យាពីរនាក់ទៀត បានរកឃើញនូវផ្នែកនៃផ្លូវរបស់រ៉ូមាុំងដែលបានរលុបបាត់ឈ្មោះថា Maiden Way។

8. ជនរងគ្រោះប្រកបដោយសុខភាពល្អជនជាតិ Pompeii (Healthy Pompeii Victims)

ទន្តពេទ្យបានពិនិត្យមើលធ្មេញបុរាណ ហើយបានកត់សម្គាល់ថា មនុស្សនៅទីក្រុង Pompeii ដែលត្រូវបានបំផ្លាញកាលពីឆ្នាំ ៧៩នៃគ.ស ជារួមគឺមានសុខភាពល្អ ជាពិសេសគឺសុខភាពមាត់ធ្មេញ ដែលនេះបង្ហាញពីរបបអាហារល្អជាងបច្ចុប្បន្ន ដោយមានផ្លែឈើ និងបន្លែ ហើយស្ករតិចតួច។

7. មូលហេតុនៃការស្លាប់របស់ Lucy (How Lucy Died)

Lucy គឺជាបុព្វបុរសមនុស្សដែលមានអាយុកាល ៣.១៨លានឆ្នាំ។ បន្ទាប់ពីនាងត្រូវបានរកឃើញ មានការជជែកដេញដោលគ្នាថា តើនាងជាមនុស្សដែលដើរលើដីតែម្យ៉ាង ឬក៏ពេលខ្លះនាងអាចធ្វើដំណើរពីដើមឈើមួយទៅមួយដូចសត្វស្វា? មូលហេតុនៃការស្លាប់របស់នាងអាចផ្តល់ចម្លើយនេះបាន។ ការសិក្សា​ CT តាមបច្ចេកវិទ្យាខ្ពស់បានបង្ហាញថា រាងកាយនាងរងការបាក់ជាច្រើនកន្លែង ជាក់ស្តែង ឆ្អឹងត្រគាក​ ឆ្អឹងជំនីរ​ ជង្គង់ កជើង និងដៃ បានប្រេះ និងបាក់ ដែលអាចបណ្តាលមកពីការធ្លាក់ពីកម្ពស់ ១០ម៉ែត្រ។ ទោះបីគ្មានការលើកឡើងយ៉ាងច្បាស់ តែគេជឿថានាងបានធ្លាក់ពីលើដើមឈើ។

6. ទឹកជំនន់សមុទ្រខ្មៅ (The Black Sea Flood)

មានក្រុមមិនស្គាល់មួយរស់នៅក្បែរសមុទ្រខ្មៅ​ ដែលនៅទីនោះមានបឹងទឹកសាបសម្រាប់ប្រើប្រាស់ ប៉ុន្តែក្រោយមកមានគ្រោះមហន្តរាយកើតឡើង។ នៅ ៧,០០០ឆ្នាំមុន កម្រិតទឹកសមុទ្រមេឌីទែរ៉ានេបានកើនឡើង និងហូរចូលទៅក្នុងបឹងនោះបង្កជាទឹកជំនន់គ្របដណ្តប់លើផ្ទៃដី ២៥០,០០០ គីឡូម៉ែត្រការ៉េ។

5. គ្រោះរញ្ជួយដីឆ្នាំ ១៨០០ (The 1800 Earthquake)

នៅឆ្នាំ១៨០០ គ្រោះរញ្ជួយដីដ៏ធំមួយបានអង្រួនតំបន់ San Diego ប៉ុន្តែប្រភពនៃការរញ្ជួយដីនេះនៅតែមិនច្បាស់លាស់អស់រយៈពេល២០០ឆ្នាំ រហូតដល់ឆ្នាំ ២០១២ អ្នកវិទ្យាសាស្រ្តបានធ្វើការពិនិត្យឡើងវិញលើមុខសញ្ញានៃគ្រោះរញ្ជួយដីនេះ។ បន្ទាប់ពីការសិក្សាដោយប្រើបច្ចេកវិទ្យាទំនើប គេបានកំណត់ថា Clark Strand ជាកត្តាបង្កឲ្យមានគ្រោះរញ្ជួយដីនៅឆ្នាំ ១៨០០នោះ។

4. ពីរ៉ាមីតបីជាន់ (The Triple Pyramid)

El Castillo, aka the Temple of Kukulkan គឺជាប្រាសាទដែលមានស្ថាបត្យកម្មចម្លែក កសាងដោយពួក Maya។ ក្នុងអំឡុងទសវត្សឆ្នាំ ១៩៣០ បុរាណវិទូបានរកឃើញពីរ៉ាមីតទី២ បង្កប់នៅក្នុង Kukulkan កំពស់ ១០ម៉ែត្រទាបជាងពីរ៉ាមីតខាងក្រៅ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺការថតស្កេនបង្ហាញថា មានកូនពីរ៉ាមីតទី៣ មួយទៀតដែលស្ថិតនៅចំកណ្តាលនៃពីរ៉ាមីតទី២ ដែលមានកំពស់១០ម៉ែត្រទាបជាងពីរ៉ាមីតទី២ ហើយពីរ៉ាមីតទាំងបីនេះត្រូវបានសាងសង់ឡើងក្នុងពេលផ្សេងគ្នា។

3. ទារកបក្សី (The Hawk Infant)

សារមន្ទីរ Maidstone នៅប្រទេសអង់គ្លេសបានទទួល The Hawk Infant ។ តាមរយៈការពិនិត្យដោយប្រើ CT Scan នៅឆ្នាំ២០១៦ បង្ហាញថា សិលាមឈូសដែលមានអាយុកាល ២,៣០០ឆ្នាំនេះមិនមែនផ្ទុកនូវកូនបក្សីទេ ប៉ុន្តែជាគត៌មនុស្សដែលត្រូវបានរលូតនៅពេលគត៌មានអាយុ ២០សប្តាហ៍។ អ្វីដែលជាសំណួរគឺថា ហេតុអ្វីគត៌មនុស្សប៉ុន្តែមានរូបរាងជាបក្សីទៅវិញ។ មានការលើកឡើងថា នេះអាចជាកូនជាទីស្រលាញ់របស់ព្រះចៅផារ៉ាអុង ដែលត្រូវបានកប់លាក់បាំងដើម្បីបញ្ចៀសរឿងអាស្រូវ។

2. លាលាដ៏ក្បាលរបស់ Shakespeare

ទោះបីជាផ្នូររបស់ Shakespeare មិនត្រូវបានអនុញ្ញាតឲ្យបើកក៏ដោយ ប៉ុន្តែអ្នកស្រាវជ្រាវដែលបានប្រើបច្ចេកវិទ្យាថតស្កេនក្នុងឆ្នាំ ២០១៦ បានជឿថារូបភាពពីរ៉ាដាបង្ហាញថា លលាដ៏ក្បាលរបស់លោកត្រូវបានគេលួច។

1. អង្គរវត្ត

គម្រោងស្កេននៅឆ្នាំ២០១៥ លើតំបន់អង្គរប្រទេសកម្ពុជា បានបង្ហាញនូវភាពអស្ចារ្យមិនអាចពន្យល់បាន។ បុរាណវិទ្យាបានប្រើពាក្យ Dome Field ដើម្បីពណ៌នាពីតំបន់ដ៏អាថ៌កំបាំងមួយនេះ។ តាមរយៈឧបករណ៍ឡាស៊ែរដែលថតពីលើព្រៃទំហំ ១,៩០៤ គីឡូម៉ែត្រការ៉េ គេបានរកឃើញនូវកំពូលប្រាសាទដែលត្រូវបានសាងសង់ក្នុងទម្រង់យ៉ាងល្អឥតខ្ចោះ។ ទីក្រុងភាគច្រើននៃអាណាចក្រខ្មែរ ដែលត្រូវបានថតស្កេន ត្រូវបានបុរាណវិទូសរសើរ និងចាត់ទុកជាអច្ឆរិយៈបុរាណវិទ្យា ដូចជាប្រាសាទអង្គរវត្តជាដើម។

ប្រែសម្រួល៖ Sophany
ប្រភព៖ Listverse

SHARE