ភាពឯកាមានឥទ្ធិពលខ្លាំងលើជីវិតរបស់មនុស្ស ពោលគឺវាអាចបំផ្លាញ និងរារាំងសេចក្តីសុខដែលមនុស្សធ្លាប់មាន។ បច្ចុប្បន្ននេះមានមនុស្សមិនតិចទេ ដែលមានអារម្មណ៍ថាឯកា ហើយចូលចិត្តបង្ហោះក្នុងបណ្តាញសង្គមថាម្នាក់ឯង (Alone) ជាដើម។ តាមការពិតទៅ ភាពឯកានេះក៏មានប្រភេទរបស់វាជាច្រើនផងដែរ មិនមែនមានតែភាពឯកាព្រោះគ្មានគូមួយប្រភេទនោះទេ។ តួយ៉ាងខាងក្រោមនេះជាភាពឯកាទាំង ៧យ៉ាង។

១. ឯកាព្រោះជួបស្ថានភាពថ្មី

នៅពេលអ្នកផ្លាស់ទៅរស់នៅក្នុងទីក្រុងថ្មី ចាប់ផ្តើមការងារនៅកន្លែងថ្មី ឬចូលរៀននៅសាលាថ្មី ដោយមិនមានស្គាល់អ្នកណាម្នាក់នោះ អ្នកនឹងមានអារម្មណ៍ថាឯកា។

២. ឯកាព្រោះខ្លួនឯងខុសពីគេ

នៅពេលអ្នកស្ថិតក្នុងក្រុមមួយ ឬចំណោមមនុស្ស ប៉ុន្តែអ្នកមានអារម្មណ៍ថាខ្លួនឯងខុសប្លែកពីគេ ជាពិសេសលើចំណុចសំខាន់ណាមួយនោះ អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងឯកា។

៣. ឯកាព្រោះគ្មានគូស្នេហ៍

ទោះបីអ្នកមានគ្រួសារ ឬមានមិត្តភក្តិក៏ដោយ ប៉ុន្តែបើអ្នកគ្មានគូស្នេហ៍នោះ អ្នកក៏អាចមានអារម្មណ៍ឯកាផងដែរ។ ម្យ៉ាងទៀត ទោះអ្នកមានដៃគូក៏ដោយ ប៉ុន្តែបើគ្មានទំនាក់ទំនងស៊ីជម្រៅ ឬជិតស្និទ្ធនោះ អ្នកក៏នឹងមានអារម្មណ៍ឯកាផងដែរ។

៤. ឯកាព្រោះគ្មានសត្វចិញ្ចឹម

មានមនុស្សជាច្រើនដែលស្រលាញ់សត្វ និងមានទំនាក់ទំនងជ្រាលជ្រៅជាមួយសត្វ។ ដូចនេះប្រសិនបើគេគ្មានសត្វចិញ្ចឹមដូចជា ឆ្កែ ឬឆ្មា ជាដើមនោះ គេនឹងមានអារម្មណ៍ថាដូចបាត់បង់អ្វីម្យ៉ាង។

៥. ឯកាព្រោះគេគ្មានពេលវេលាសម្រាប់ខ្លួន

ពេលខ្លះអ្នកមានមនុស្សជាច្រើនជុំវិញខ្លួន ប៉ុន្តែពួកគេមិនមែនជាមិត្តជិតស្និទ្ធឡើយ។ ពេលខ្លះអ្នកចង់បង្កើតទំនាក់ទំនងមិត្តភាពដែលជិតស្និទ្ធ ឬជ្រាលជ្រៅជាងមុន ប៉ុន្តែគេមិនចាប់អារម្មណ៍ ឬគ្មានពេលវេលាសម្រាប់អ្នកឡើយ ព្រោះគេរវល់នឹងជីវិតរបស់គេ ឬអាចថាគេមានមិត្តភក្តិច្រើនហើយ។ ពេលខ្លះទៀត មិត្តភក្តិដែលធ្លាប់ជិតស្និទ្ធនឹងអ្នកនោះ គេឈានចូលដំណាក់កាលថ្មីនៃជីវិតដូចជារៀបការមានគ្រួសារជាដើម ដូចនេះគេគ្មានពេលវេលាសម្រាប់អ្នកដូចពីមុនទៀតនោះទេ។

៦. ឯកាព្រោះគ្មានមិត្តគួរជាទីទុកចិត្ត

ពេលខ្លះអ្នកជួបស្ថានភាពមួយដែលអ្នកមានអារម្មណ៍មិនច្បាស់ថាតើ មិត្តរបស់អ្នកមានចិត្តល្អ មានបំណងល្អ ឬចេះជួយទុក្ខធុរៈអ្នកបានឬអត់? និយាយម្យ៉ាងទៀត អ្នកមិនច្បាស់ថាតើអ្នកអាចទុកចិត្តមិត្តរបស់អ្នកបានកម្រិតណា។ ប្រសិនបើអ្នកមានអារម្មណ៍ទាំងអស់នេះ មានន័យថាអ្នកកំពុងស្ថិតក្នុងភាពឯកាផងដែរ។

៧. ឯកាព្រោះគ្មានវត្តមាននរណាម្នាក់

ពេលខ្លះអ្នកអាចអារម្មណ៍ឯកា ព្រោះយល់ថាគ្មានវត្តមានរបស់នរណាម្នាក់។ អ្នកអាចមានមិត្តច្រើន និងគ្រួសារជាដើម ប៉ុន្តែបែរជាអារម្មណ៍ថាគ្មាននរណាម្នាក់ដែលជិតស្និទ្ធ ឬអាចកំដរអ្នកគ្រប់ពេល។ អ្នកនោះអាចជាមិត្តរួមបន្ទប់ សមាជិកគ្រួសារណាម្នាក់ ឬគូស្នេហ៍ជាដើម។

ជារួម វាពិតជាចាំបាច់ដែលអ្នកត្រូវដឹងពីមូលហេតុដែលធ្វើឱ្យអ្នកមានអារម្មណ៍ឯកា ដូចបានរៀបរាប់ខាងលើ ដើម្បីឱ្យអ្នកអាចដឹងពីរបៀបដោះស្រាយវា ព្រោះថាភាពឯកាអាចប៉ះពាល់ដល់ជីវិតរបស់អ្នកបាន។

ប្រភព៖  Psychology Today

Loading...
SHARE