ព្រឹត្តិការណ៍កីឡាអូឡាំពិកជាព្រឹត្តិការណ៍ដ៏ធំ និងសំខាន់បំផុតមួយក្នុងចំណោមព្រឹត្តិការណ៍កីឡាកម្រិតថ្នាក់ពិភពលោក ហើយវាត្រូវបានចែកចេញជាពីរគឺ កីឡាអូឡាំពិករដូវរងារ និងកីឡាអូឡាំពិករដូវក្តៅ។ ព្រឹត្តិការណ៍កីឡាអូឡាំពិកប្រព្រឹត្តឡើងរៀងរាល់ ៤ឆ្នាំម្តង ដែលក្នុងនោះ កីឡាអូឡាំពិករដូវរងារ និងរដូវក្តៅមានគំលាតពីគ្នា ២ឆ្នាំ។ ចាប់តាំងពីកកើតនូវកីឡាអូឡាំពិកទំនើបនៅឆ្នាំ១៨៩៦មក កីឡាអូឡាំពិករដូវក្តៅធ្វើឡើងបាន ២៨ដង ហើយកីឡាអូឡាំពិករដូវរងារធ្វើឡើងបាន ២២ដង។ ក្នុងនោះ កីឡាអូឡាំពិករដូវក្តៅបានធ្វើឡើងក្នុងទីក្រុងចំនួន ២៣ ផ្សេងគ្នា ចំណែកកីឡាអូឡាំពិករដូវរងារបានធ្វើឡើងក្នុងទីក្រុងចំនួន ១៩ ផ្សេងគ្នា។ ភាគច្រើនកីឡាអូឡាំពិកទាំងពីរនេះត្រូវបានធ្វើឡើងនៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង។ ក្រៅពីនេះកីឡាអូឡាំពិកត្រូវបានធ្វើឡើងនៅទ្វីបផ្សេងៗទៀតផងដែរ លើកលែងតែទ្វីបអាហ្រ្វិក (នេះមិនគិតដល់ទ្វីបអង់តាកទិកដែលមានតែទឹកកក ហើយគ្មានមនុស្សរស់នៅច្រើននោះទេ)។

តើហេតុអ្វីទ្វីបអាហ្រ្វិកមិនដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក?

ទោះបីព្រឹត្តិការណ៍កីឡាធំៗដូចជា FIFA World Cup, World U18 Championship in Athlectic និងព្រឹត្តិការណ៍កីឡារបស់ទ្វីបអាហ្រ្វិកធ្លាប់ធ្វើឡើងដោយជោគជ័យនៅទ្វីបអាហ្រ្វិកក៏ដោយ ក៏ព្រឹត្តិការណ៍កីឡាអូឡាំពិកមិនទាន់ត្រូវបានធ្វើឡើងដោយទ្វីបអាហ្រ្វិកនោះទេ។ របាយការណ៍ជាច្រើនបានចាត់ទុកថា ប្រទេសអាហ្រ្វិកខាងត្បូងគឺជាប្រទេសតែមួយគត់ក្នុងទ្វីបអាហ្រ្វិក ដែលមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក ព្រោះប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធ និងធនធានគ្រប់គ្រាន់ ប៉ុន្តែប្រទេសនេះនៅមានចំណុចខ្សោយមួយចំនួនដូចជា អត្រាបទល្មើសខ្ពស់ជាដើម។ កាលពីការប្រកួតប្រជែងដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០០៤ ទីក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង ជាទីក្រុងនៅទ្វីបអាហ្រ្វិកដំបូងគេដែលឈានដល់ដំណាក់កាលជម្រុះចុងក្រោយ ប៉ុន្តែមិនបានជាប់នោះទេ។

ការជ្រើសរើសទីក្រុងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ត្រូវធ្វើឡើងរយៈពេល ៧ឆ្នាំមុនឆ្នាំព្រឹត្តិការណ៍ ហើយទីក្រុងដែលចង់ប្រកួតប្រជែងធ្វើជាម្ចាស់ផ្ទះនោះ ត្រូវដាក់ពាក្យ ឬដេញថ្លៃតាមរយៈ NOC ។ បន្ទាប់មកទីក្រុងនោះត្រូវឆ្លងកាត់ការសម្ភាសន៍ និងការចុះពិនិត្យផ្ទាល់ដល់ទីកន្លែងពីសំណាក់មន្រ្តី IOC ហើយក្រោយមកត្រូវឆ្លងកាត់ការជម្រុះ និងការបោះឆ្នោត។

ប្រភព៖ World Atlas

Loading...
SHARE