នៅលើផែនដីនេះមានប្រទេសជាច្រើន ដោយប្រទេសខ្លះជាប្រទេសដីកោះ ហើយប្រទេសខ្លះទៀតជាប្រទេសដីគោក និងគ្មានកោះសូម្បីតែមួយ។ ត្បិតថាមានប្រទេសជាច្រើនដែលមានកោះ​ ប៉ុន្តែប្រទេសមួយចំនួនគឺមានកោះច្រើនជាងគេរហូតដល់រាប់ម៉ឺនកោះ។ ចង់ដឹងថា ប្រទេសណាខ្លះដែលមានកោះច្រើនជាងគេបំផុតក្នុងពិភពលោកនោះ​សូមអានខាងក្រោមទាំងអស់គ្នា។

11. ប្រទេសអេស្តូនី

ការសិក្សានៅឆ្នាំ២០១៥ បានរកឃើញថា ប្រទេសអេស្តូនីមានកោះប្រមាណ ២.៣៥៥ ហើយកោះដែលធំជាងគេគឺកោះ Saaremaa ដែលមានផ្ទៃក្រឡា ២.៦៧១ គីឡូម៉ែត្រការ៉េ។ កោះភាគច្រើនជាកោះគ្មា​នមនុស្សរស់នៅ។

10. ប្រទេសក្រិក

ប្រភពផ្សេងគ្នាកំណត់ពីចំនួនកោះផ្សេងគ្នា ដែលមានចំនួនចន្លោះពី ១.៦០០ ដល់៦.០០០។ ក្នុងចំណោមកោះទាំងអស់​ មានកោះចំនួន ១៦៦ ដែលមានមនុស្សរស់នៅអចិន្រ្តៃយ៍។ កោះ Crete គឺជាកោះដែលធំជាងគេរបស់ប្រទេសក្រិក។

9. ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសដាច់ចេញពីអឺរ៉ុបដីគោកដោយសមុទ្រខាងជើង និងព្រែកអង់គ្លេស។ ដោយគិតបញ្ចូលទាំងដែនដីនៅឯនាយសមុទ្រ ចក្រភពអង់គ្លេសមានកោះចំនួនសរុបប្រមាណ ៦.២៨៩។

8. ប្រទេសជប៉ុន

ប្រទេសជប៉ុនលាតសន្ធឹងលើប្រវែង ១.៨៦៩ ម៉ាយ និងមានកោះសរុប ៦.៨៥៣។ ក្នុងនោះ កោះចំនួន ៤៣០ មានមនុស្សរស់នៅ។ កោះធំៗទាំង៤ របស់ជប៉ុនគឺកោះHonshu កោះ Hokkaido កោះ Shikoku និងកោះ Kyushu ។

7. ប្រទេសហ្វីលីពីន

ហ្វីលីពីនជាប្រទេសត្រូពិច ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានកោះសរុបប្រមាណ ៧.១០៧។ កោះធំបំផុតរបស់ហ្វីលីពីនគឺកោះ Luzon ហើយក៏ជាកោះដែលមានមនុស្សរស់នៅច្រើនជាងគេផងដែរ។

6. ប្រទេសអូស្រ្តាលី

ប្រទេសអូស្រ្តាលីមានកោះចំនួន ៨.២២២ ក្នុងនោះកោះចំនួន ៣.៧៤៧ ស្ថិតនៅអូស្រ្តាលីភាគខាងលិច ហើយកោះ Melvin ជាកោះដែលធំជាងគេបង្អស់។ ដោយសារតែសម្បូរកោះច្រើន ដូចនេះអូស្រ្តាលីក៏សម្បូរទៅដោយជីវិតសត្វព្រៃផងដែរ។

5. ប្រទេសឥណ្ឌូនេស៊ី

តាម CIA World Factbook ឥណ្ឌូនេស៊ីមានកោះប្រមាណ ១៧.៥០៨ ដែលធ្វើឱ្យឥណ្ឌូនេស៊ីក្លាយជាប្រទេសដែលមានផ្ទៃដីធំបំផុតលំដាប់ទី១៤ ក្នុងពិភពលោក។ កោះធំៗនៅឥណ្ឌូនេស៊ីមានក្រុមកោះ Malaku និងក្រុមកោះ Sunda ។

4. ប្រទេសកាណាដា

យោងតាមស្ថិតិរបស់កាណាដា ប្រទេសនេះមានកោះចំនួន ៥២.៤៥៥ ដែលរួមបញ្ចូលទាំងកោះក្នុងដែនទឹកសាបផងដែរ តួយ៉ាងកោះ Manitoulin ជាកោះក្នុងដែនទឹកសាបដែលធំជាងគេ។

3. ប្រទេសន័រវេស

ប្រទេសនេះស្ថិតនៅទ្វីបអឺរ៉ុបភាគខាងជើង ហើយមានកោះជាង ៥៥.០០០ ដែលកោះទាំងនេះភាគច្រើនស្ថិតនៅតាមបណ្តោយជួរមាត់សមុទ្រន័រវេស ដែលលាតសន្ធឹងលើប្រវែងពី ២៥.០០០គីឡូម៉ែត្រ ដល់ ៨៣.០០០គីឡូម៉ែត្រ។

2. ប្រទេសហ្វាំងឡង់

ហ្វាំងឡង់មានកោះចំនួន ១៧៩.៥៨៤ ដែលក្នុងនោះកោះចំនួន ៩៨.០៥០ ជាកោះស្ថិតនៅក្នុងបឹងនានាក្នុងប្រទេស ដែលបឹងទាំងនោះមានប្រមាណ ១៨៨.០០០។

  1. ប្រទេសស៊ុយអែត

ស៊ុយអែតមានកោះប្រមាណ ២២១.៨០០ ដែលជាចំនួនច្រើនជាងគេ តែភាគច្រើនគ្មានមនុស្សរស់នៅនោះទេ។  គួរបញ្ជាក់ថា សូម្បីតែទីក្រុង Stockholm ដែលជារដ្ឋធានីរបស់ស៊ុយអែត គឺជាប្រជុំកោះចំនួន ១៤ ភ្ជាប់គ្នាដោយស្ពានចំនួន ៥០។

ប្រភព៖ World Atlas

Loading...
SHARE