អ្នក​ណា​មិន​ចង់​អោយ​ខ្លួន​ឯង​មាន​ភាព​វៃ​ឆ្លាត រហ័ស​រហូន​ជាង​មុន​នោះ។​ជា​ការ​ពិត​ភាព​វៃ​ឆ្លាត​របស់​មនុស្ស​មិន​មែន​ថា​កើត​មក​ឆ្លាត​ពី​កំណើត​តែ​ម្ដង​ទេ។​ទោះ​យ៉ាង​ណា​​សកម្មភាព​របស់​យើង​រាល់​ថ្ងៃ​ក៏​ជា​កត្តា​រួម​ចំណែក​ក្នុង​ការ​កំណត់​ភាព​ឆ្លាត​វៃ​ផង​ដែរ។​ប្រសិន​បើ​អ្នក​ចង់​ធ្វើ​អោយ​ខួរ​ក្បាល​របស់​យើង​កាន់​តែ​ល្អ​ប្រសើរ​ អាច​គិត​ចេញ​អ្វី​បាន​ភ្លាម​ៗ​នោះ​ អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ធ្វើ​រឿង​ទាំង​នេះ​យ៉ាង​ហោច​ណាស់​មួយ​ឬ​ក៏​ពីរ​ដែរ:

  1. រៀន​លេង​ឧបករណ៍​តន្ត្រី

តន្ត្រី​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​ទៅ​ហើយ។​ពេល​យើង​សប្បាយ​ចិត្ត​និង​កើត​ទុក្ខ សុទ្ធ​តែ​យក​តន្ត្រី​មក​ដាក់​ក្បែរ​ខ្លួន​។​ប្រសិន​បើ​យើង​ចេះ​លេង​ឧបករណ៍​ណា​មួយ​ទៀត​នោះ អ្នក​នឹង​មាន​អារម្មណ៍​ល្អ​ច្រើន​ជាង​ស្ដាប់។​ម្យ៉ាង​ទៀត​វា​ក៏​ជួយ​ជំរុញ​អោយ​ខួរក្បាល​យើង​​អោយ​កាន់​តែ​មាន​ការ​ចង​ចាំ​ល្អ​ប្រសើរ​ជាង​មុន​ផង​ដែរ។

2. អាន​អោយ​បាន​ច្រើន​

ដូច​ដែល​ដឹង​ហើយ​ថា អាន​ច្រើន​ ដឹង​ច្រើន​ ចេះ​ច្រើន​។​ដូច្នេះ​ការ​អាន​នឹង​ជួយ​អោយ​យើង​ កាន់​តែ​ដឹង​ច្រើន​ជាង​មុន​ ដឹង​ច្រើន​ វា​មិន​ខុស​ពី​យើង​ឆ្លាត​ជាង​មុន​នោះ​ទេ។​អ្នក​គួរ​តែ​អាន​អ្វី​ដែល​យើង​ចង់​អាន​ នោះ​វា​នឹង​ធ្វើ​អោយ​ខួរក្បាល​យើង​ទទួល​បាន​អ្វី​ដែល​យើង​អាន​បាន​ច្រើន​ជាង​អាន​អ្វី​ដែល​យើង​មិន​ចង់​អាន។ដូច​នេះ​បន្ទាប់​ពី​អាន​អត្ថបទ​នេះ​រួច អ្នក​គួរ​ជ្រើស​រើស​ប្រធាន​បទ​ណា​មួយ​ដែល​យើង​ចង់​អាន​មិន​ថា ប្រលោម​លោក អត្ថបទ​ចំណេះ​ដឹង​ទូ​ទៅ​ជា​ភាសា​អង់គ្លេស​ឬ​ភាសា​ខ្មែរ​ក៏បាន បន្ទាប់​ពី​បញ្ចប់​វា​អ្នក​នឹង​មាន​អារម្មណ៍​ថា​អ្នក​ដឹង​រឿង​មួយ​ទៀត​ហើយ។

3. ធ្វើ​សមាធិ

ការ​ធ្វើ​សមាធិ​ មិន​មែន​​សំ​ដៅ​តែ​ការ​តាំង​សីល​​ដូច​ចាស់​ៗ​ទេ អ្នក​អាច​គ្រាន់​តែ​បិទ​ភ្នែក​គិត​រឿង​ស្ងប់​ចិត្ត​នោះ អ្នក​នឹង​មាន​អារម្មណ៍​ស្រស់​ថ្លា​ជាង​​មុន​។​ការ​ធ្វើ​សមាធិ​ជួយ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង ព្រម​ទាំង​ធ្វើ​អោយ​ការ​គិត​របស់​អ្នក​បាន​រហ័ស​ជាង​មុន​ផង​ដែរ។​

4. ធ្វើ​លំហាត់​ខួរ​ក្បាល

ខួរ​ក្បាល​ក៏​ត្រូវ​ការ​ហ្វឹក​ហាត់​ដែរ។​បើ​អ្នក​ទុក​វា​ចោល​នោះ វា​នឹង​ដូច​កាំបិត​ដែល​មិន​ប្រើ​អញ្ចឹង​ យូរ​ៗ​ទៅ​វា​នឹង​ច្រេះ​ប្រើ​លែង​កើត។វិធី​ហ្វឹកហាត់​ខួរ​ក្បាល​នោះ វា​ងាយ​ជាង​ការ​ដែល​យើង​គិត​ គ្រាន់​តែ​ជ្រើស​រើស​យក​ហ្គេម​មក​លេង​តាម​ទូរស័ព្ទ​ដូច​ជា​ប្រភេទPuzzle Sudoku ជា​ដើម។​ការ​ពិត​យើង​ក៏​អាច​សង្កេត​ឃើញ​ដែរ​ថា អ្នក​ចូលចិត្ត​លេង​ហ្គេម​តែង​គិត​អ្វី​បាន​រហ័ស​បាន​ល្អ​ជាង​មនុស្ស​ធម្មតា។ប៉ុន្តែ​ត្រូវ​ចាំ​ថា​អ្នក​មិន​គួរ​លេង​វា​រហូត​ដល់​ក្លាយ​ជា​អាជីព​ទេ។

5.ធ្វើ​លំហាត់​ប្រាណ

ការ​ធ្វើ​​លំហាត់​ប្រាណ​​នឹង​ធ្វើ​អោយ​ខ្លួន​ប្រាណ​យើង​កាន់​តែ​រឹង​មាំ​និង​ជួយ​បញ្ចេញ​ជាតិ​ពុល​ផង​ដែរ។​ម្យ៉ាង​វិញ​ទៀត​កាល​ណា​យើង​រឹង​មាំ ការ​គិត​របស់​យើង​ក៏​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។

6. រៀន​ភាសា​បរទេស

គ្រាន់​តែ​​ថា​ចេះ​ភាសា​ពីរ​ បី​ហ្នឹង​ វា​ដូច​ជា​បង្ហាញ​ថា​យើង​ឆ្លាត​ហើយ។​ដូច្នេះ​អ្នក​គួរ​តែ​ចំណាយ​ពេល​រៀន​ភាសា​ថ្មី ក្រៅ​ពី​ភាសា​ខ្មែរ​និង​អង់គ្លេស ដូចជា​កូរ៉េ ចិន​ ជប៉ុន​ បារាំង​ឬ​ថៃ​ សុទ្ធ​តែ​មាន​សាលា​បង្រៀន​នៅ​ក្នុង​ប្រទេស​យើង​។

7. សរសេរ​ពី​អារម្មណ៍​និង​ការ​គិត

ការ​សរសេរ​ផ្ដល់​ប្រយោជន៍​ច្រើន​ជាង​អ្វី​ដែល​យើង​ធ្លាប់​បាន​គិត។​នៅ​ពេល​អ្នក​គិត​ឃើញ​អំពី​គម្រោង​ឬ​អ្វី​មួយ​អ្នក​គួរ​សរសេរ​វា​ទុក​ មិន​ថា​ជា​កូន​សៀវភៅ ក្នុង​ទូរស័ព្ទ​ឬ​កុំព្យូទ័រ​ឡើយ។​នៅ​ពេល​យើង​សរសេរ​ហើយ​យក​មក​អាន​យើង​នឹង​រក​ឃើញ​ចំណុច​មិន​ល្អ​ណា​មួយ ហើយ​ខួរ​ក្បាល​យើង​នឹង​ធ្វើ​ការ​ហើយ​ស្វែង​រក​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​មុន​។​ឧទាហរណ៍​ អ្នក​មាន​គម្រោង​បើ​អាជីវកម្ម​ខ្នាត​តូច​មួយ​អ្នក​អាច​សរសេរ​នូវ​អ្វី​ដែល​អ្នក​គិត រួច​យក​វា​មក​វិភាគ​វិញ​​បើ​ចំណុច​ណា​មិន​សមរម្យ​នោះ ជឿ​ថា​អ្នក​នឹង​ស្វែង​រក​ជំនួយ​ឬ​រៀន​អ្វី​ថ្មី​ភ្លាម​ៗ​ផង​ដែរ។​

8. ដើរ​កម្សាន្ត

ការ​ចំណាយ​ពេល​ដើរ​កម្សាន្ត​មាន​អី​មិន​ល្អ ក្រៅ​ពី​ជម្រុះ​ចោល​នូវ​អារម្មណ៍​តាន​តឹង​ហើយ អ្នក​អាច​ទទួល​អារម្មណ៍​ល្អ​ប្រសើរ គិត​ឃើញ​នៅ​ដំណោះ​ស្រាយ​ណា​មួយ​ផង​ដែរ។​បើ​សិន​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​បរទេស​ទៀត​នោះ យ៉ាង​ហោច​ណាស់​អ្នក​ក៏​អាច​បង្កើន​សមត្ថភាព​ភាសា​របស់​អ្នក​ផង​ដែរ។​

9. រៀន​ធ្វើ​ម្ហូប

មិន​មែន​គ្រប់​គ្នា​ដែល​រៀន​ចម្អិន​ម្ហូប សុទ្ធ​តែ​ដើម្បី​ក្លាយ​ជា​ចុងភៅ​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​ម្ហូប​ធ្វើ​អោយ​ខួរ​ក្បាល​របស់​យើង​គិត​បាន​រហ័ស​ជាង​មុន​ផង​ដែរ។​ឧទាហរណ៍ បើ​សិន​អ្នក​កំពុង​ធ្វើ​ម្ហូប​​ អ្នក​នឹង​គិត​ថា​អ្នក​គួរ​ដាក់​អី​មុន ដាក់​អី​ក្រោយ។​ការ​គិត​បែប​នេះ​មិន​មែន​លំៗ​ទេ វា​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​​គិត​រៀប​ចំ​ផែន​ការ​ថា​គួរ​ធ្វើ​អ្វី​មុន​ អ្វី​ក្រោយ​ផង​ដែរ ដោយ​សារ​តែ​វា​មាន​សណ្ឋាន​ដូច​គ្នា។

10. លេង​កីឡា

វា​ក៏​មិន​ខុស​ពី​ការ​ហាត់​ប្រាណ​ប៉ុន្មាន​ដែរ ការ​លេង​កីឡា​នឹង​ជួយ​អោយ​យើង​ក្លាយ​ជា​មនុស្ស​សកម្ម​ជាង​មុន​។​

ប្រភព: Lifehack​​​

Loading...
SHARE