នៅឆ្នាំ ១៩៤៣ កងទ័ពសហរដ្ឋអាមេរិកបានបង្កើតគម្រោងសាកល្បងមួយដែលមានឈ្មោះថាឥន្ទនូ ឬឈ្មោះផ្សេងដែលត្រូវបានគេស្គាល់ជាទូទៅថាជាគម្រោងភីឡាដិលហ្វា “Philadelphia” ។ មានតែមន្រ្តីជាន់ខ្ពស់ និងអ្នកចូលរួមពិសោធន៍តិចតួចប៉ុណ្ណោះដែលបានដឹងរឿងរ៉ាវលំអិតនៃគម្រោងដ៏អាថ៌កំបាំងមួយនេះ ។

គម្រោងនេះត្រូវបានបង្កើតឡើងដោយយោងតាមទ្រឹស្តីរបស់លោក អាល់ប៊ើតអែនស្តែន ដែលមានឈ្មោះថា “Unified Field” ឬ “ដែនបង្រួបបង្រួម” ដែលអ្នកប្រាជ្ញារូបនេះបានបង្កើត ។ វាគឺជាការផ្លាស់ប្ដូរទំនាក់ទំនងរវាងថាមពលអគ្គិសនី និងថាមពលម៉ាញ៉េទិច ធ្វើឲ្យវត្ថុទាំងឡាយបាត់ចេញពីរ៉ាដា ឬជួយបង្កើនពន្លឺនៃធូលីជួយលាក់បាំងវត្ថុអ្វីមួយពីការមើលឃើញរបស់អ្នកដទៃ ។

ក្រោយការស្រាវជ្រាវកងទ័ពអាមេរិចក៏បានបង្កើតឧបករណ៍មួយឡើងដែលមានឈ្មោះថា Time Zero Generator ហើយពួកគេក៏បានប្រកាស់ថា នឹងធ្វើការសាកល្បងវត្ថុបង្កើតថ្មីនេះក្នុងឆ្នាំ ១៩៤៣ នៅលើនាវាមួយឈ្មោះថា USS Eldridge ។

ការសាកល្បងលើកទី ១

នៅក្នុងការសាកល្បងលើកដំបូងនេះគេរំពឹងថានាវានឹងត្រូវបាត់ខ្លួនចេញពីរ៉ាដា ហើយនាវាទាំងមូលក៏បាត់ចេញពីក្រសែភ្នែករបស់អ្នកគ្រប់គ្នា ។ អ្នកអង្កេតភាគច្រើនបាននិយាយថាវាពិតជាបានបាត់ខ្លួនប្រាកដមែន ដោយនាវាទាំងមូលបានបាត់ចេញពីកន្លែងចុងក្រោយដែលវាស្ថិតនៅ ប៉ុន្តែគេនៅតែសង្កេតឃើញមានដាននាវាបុកជាមួយទឹកដដែល ។

លើសពីនេះទៅទៀតក្នុងអំឡុងពេលដែលកប៉ាល់បាត់ខ្លួនមានអ័ព្ទមួយគ្របដណ្តប់តំបន់ទាំងមូលដែលនាវានេះបានឆ្លងកាត់។ ទូកបានបាត់អស់រយៈពេល 20 នាទីមុនពេលវាលេចឡើងម្តងទៀត។

ទោះបីជាវាជាការសាកល្បងនេះទទួលបានលទ្ធផលដ៏គួរអោយចាប់អារម្មណ៍ក៏ដោយ ហើយប្រហែលជាត្រូវបានគេហៅថាជោគជ័យដ៏ធំមួយក៏ពិតមែន ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សដែលជាប់ពាក់ព័ន្ធនឹងគំរោងនេះកាន់តែទាំងភ្ញាក់ផ្អើលទៀតនោះគឺ ឥរិយាបថរបស់នាវិកនៅចុងបញ្ចប់នៃការពិសោធន៍ …

សមាជិកនាវិកទាំងអស់សុទ្ធតែមានភាពឆ្កួតលីលា ដោយសមាជិកនាវិកខ្លះសើច ហើយមនុស្សជាច្រើនមិនដឹងអំពីវាទេ ។ មនុស្សមួយចំនួនបានអះអាងថាកប៉ាល់នេះបានបើកបរទៅកាន់កំពង់ផែមួយដែលមានចំងាយ 965 គីឡូម៉ែត្រពីចំណុចពិសោធន៍ហើយវាមិនគួរឱ្យជឿថាប្រជាជនបានកត់សម្គាល់ឃើញថានាវា USS Eldridge នៅក្នុងកំពង់ផែដែលនាវិកពិតប្រាកដបានអះអាងនៅថ្ងៃនិងពេលវេលាដូចគ្នានៃការពិសោធន៍នេះ ។

ជាការពិតណាស់លទ្ធផលដែលទទួលបានដូចជារឿងអរូបីអីញ្ចឹង ដោយសារតែបែបនេះហើយអ្នកដឹកនាំគំរោងក៏បានបញ្ជារឲ្យផ្លាស់ប្ដូរនាវិកទាំងអស់ ហើយត្រៀមខ្លួនធ្វើការសាកល្បងជាលើកទៅ ២ ។

ការសាកល្បងលើទី ២

ក្នុងការសាកល្បងលើទី ២ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការត្រួតពិនិត្យនិងកែប្រែម៉ាស៉ីន Time Zero Generator បន្តិចដើម្បីធ្វើឲ្យវាដំណើរការកាន់តែមានប្រសិទ្ធភាពជាងមុន ។  អ្វីគ្រប់យ៉ាងដូចជាការគ្រោងទុក ក្រោយការបើកដំណើរការបាន ១ នាទី នាវាក៏បានបាត់ខ្លួន ។

ប៉ុន្តែនៅពេលបញ្ឈប់ដំណើរការម៉ាស៉ីន Time Zero Generator កប៉ាល់បែរមិនលេចឡើងមកវិញ មានតែផ្សែងអ័ព្ទដែលត្រូវបានគ្របដណ្តប់នៅតំបន់នោះ ស្ថានភាពបានប្រែប្រួល។ ក្រុមអ្នកពិសោធន៍បានព្យាយាមទាក់ទងទៅកាន់នាវា USS Eldridge ប៉ុន្តែមិនអាចទាក់ទងបានទេ ។

ស្ថានភាពបែបនេះបានអូសបន្លាយពី ៣០ នាទីឈានដល់ ២ ម៉ោង ហើយឡើងរហូតដល់ទៅ ៤ ម៉ោង ចុងក្រោយ USS Eldridge  ក៏បានបង្ហាញខ្លួន ប៉ុន្តែការសាកល្បងលើកនេះលទ្ធផលដែលបានកើតឡើងចំពោះនាវិកគឺខុសពីលើកមុន ។

សាកសពរបស់នាវិកជាច្រើនត្រូវបានគេប្រទះឃើញនៅជាប់នឹងជញ្ចាំងនៃនាវា ដោយខ្លះដៃចូលទៅក្នុងជញ្ចាំងឬលានចេញមក ខណៈដែលខ្លះក្បាលចេញពីជញ្ជាំងnigដងក្នុងស្ថិតនៅក្នុងជញ្ជាំងយ៉ាងចម្លែក ដែលតម្រូវឲ្យក្រុមសង្គ្រោះបង្ខំចិត្តប្រើប្រាស់រណាល់អាលដើម្បីយកសាកសពចេញ ។

អ្វីដែលចម្លែកជាងនេះទៅទៀតនោះគឺនាវិកខ្លះបានបាត់បងជីវិតដោយសារតែភ្លើងឆេះ ខណៈដែលនៅលើកប៉ាល់គ្មានភ្លើងទាល់តែសោះ ជាមួយគ្នានោះក៏មាននាវិកមួយចំនួនបានរស់រានមានជីវិតផងដែរ ប៉ុន្តែពួកគេម្នាក់ៗសុទ្ធតែស្ថិតនៅក្នុងស្ថានភាពសន្លប់មិនដឹងខ្លួន ។

ដោយសារតែលទ្ធផលដ៏សាហាវបែបនេះកងទ័ពអាមេរិចក៏សម្រេចចិត្តផ្អាកការសាកល្បង ហើយឈានរហូតដល់បិទចោលគម្រោងនេះតែម្ដង ។

រហូតមកដល់បច្ចុប្បន្ននេះព្រឹត្តិការណ៍ទាំងនេះក៏ស្ថិតនៅក្នុងភាពអាថ៌កំបាំង ដោយគ្មានរណាម្នាក់បានចេញមុខអះអាងពីការពិតដែលបានកើតឡើងនោះទេ ។ ដោយមនុស្សជាច្រើនយល់ថារឿងរ៉ាវទាំងនោះគឺជាឈុតឆាកដែលអាមេរិកបានបង្កើតឡើងដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួនតែប៉ុនណោះ ប៉ុន្តែមនុស្សមួយចំនួននៅតែយល់ថាវាជារឿងពិត ហើយអាមេរិកមិនបានបោះបង់គម្រោងនេះចោលនោះទេ និងកំពុងតែធ្វើការស្រាវជ្រាវបន្ថែមទៀតផង ថាមិនត្រូវអាមេរិចអាចនឹងប្រើប្រាស់វានៅក្នុងពេលអនាគតក៏ថាបាន ។

ចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងរ៉ាវមួយនេះ ?

ប្រែសម្រួលដោយ ៖ ចង់ដឹង (ថ្ងៃទី 31 ខែឧសភាព ឆ្នាំ ២០១៩ ម៉ោង 1:01 យប់)
ឯកសារយោង ៖ វីគីភីឌៀរspokedark

Loading...
SHARE