ជាទូទៅ អ្នកធ្លាប់ត្រូវបានគេប្រាប់នូវរឿងរ៉ាវជាច្រើនតាំងពីតូចរហូតដល់ធំ ឬក៏អ្នកធ្លាប់បានដឹងលឺវាដោយខ្លួនឯង ហើយអ្នកជឿថាវាជាការពិត។ ប៉ុន្តែនៅក្នុងចំណោមរឿងរ៉ាវជាច្រើនដែលអ្នកលឺ ហើយគិតថាពិតនោះ ពេលខ្លះវាមិនមែនជាការពិតនោះទេ។

  1. ចំនួនកណ្តុរនៅទីក្រុងឡុងដ៏

រឿងមិនពិត៖ គ្រប់ទីកន្លែងដែលអ្នកធ្វើដំណើរនៅក្នុងទីក្រុងឡុងដ៏ អ្នកនឹងប្រទះជួបកណ្តុរ។

រឿងពិត៖ នៅតំបន់ប្រជុំជននៃប្រទេសអង់គ្លេសមានកណ្តុរប្រហែល៣.១លានក្បាល។ ដូចនេះ ប្រសិនបើកណ្តុរទាំងនោះពង្រាយគ្នា នោះក៏មានត្រឹមតែកណ្តុរ១ក្បាលប៉ុណ្ណោះក្នុងបរិវេណ៥,០០០ម៉ែត្រការ៉េក្នុងទីក្រុងឡុងដ៏។

2. ការកាច់គន្លាក់ម្រាមដៃឲ្យលឺសូរប្រឹបៗធ្វើឲ្យមានជម្ងឺសន្លាក់ដៃ

រឿងមិនពិត៖ អ្នកដែលកាច់គន្លាក់ម្រាមដៃរបស់ខ្លួនឲ្យលឺសូរប្រឹបៗ ដៃរបស់គេបន្តិចម្តងៗនឹងមួលត្របាញ់ចូលគ្នាដូចជាក្រញុំាគួរឲ្យខ្លាច។

រឿងពិត៖ ការសិក្សាជាច្រើនបង្ហាញថា គ្មានទំនាក់ទំនងគ្នារវាងទម្លាប់ខាងលើនិងជម្ងឺសន្លាក់ដៃនោះទេ ហើយសម្លេងដែលលាន់លឺប្រឹបៗនោះមិនមែនជាសម្លេងឆ្អឹងឬសន្លាក់នោះទេ ប៉ុន្តែជាការបញ្ចេញជាតិហ្គាសពីសន្លាក់។

3. ការមើលឃើញជញ្ជាំងGreat Wallពីលំហ

រឿងមិនពិត៖ គេអាចមើលឃើញជញ្ជាំងGreat Wall ពីឋានព្រះច័ន្ទ ប្រសិនបើគ្មានអ្វីបាំងបិទក្នុងលំហ។

រឿងពិត៖ កុំថាឡើយមើលពីភពព្រះចន្ទ សូម្បីតែមើលពីស្ថានីយ៍លំហអន្តរជាតិដែលស្ថិតនៅទីលំហក្នុងចម្ងាយ173miles ក៏មើលមិនឃើញដែរ។

4. ទ្វារបង្គន់គឺគ្រោះថ្នាក់

រឿងមិនពិត៖ ការប៉ះដៃទ្វារបង្គន់សាធារណៈ គឺដូចជាញុំានំសាំងវិចមានមេរោគ។

រឿងពិត៖ ដៃទ្វារបង្គន់មានបាក់តេរីតិចជាងផ្ទៃផ្សេងៗនៃបន្ទប់បង្គន់ នេះបើតាមការពិសោធន៍ធ្វើឡើងដោយសាកលវិទ្យាល័យArizona ។ ម្យ៉ាងទៀត អ្នកត្រូវដឹងថា បាក់តេរីត្រូវការបរិស្ថានដែលកក់ក្តៅ និងមានសំណើមដើម្បីរស់ ហើយអាចរស់នៅលើកន្លែងដែលមានផ្ទៃរឹង ស្ងួត ត្រឹមតែពីរបីម៉ោងប៉ុណ្ណោះ។

5. សត្វត្រីមានការចងចាំខ្លី

រឿងមិនពិត៖ ខួរក្បាលដ៏តូចរបស់ត្រី ធ្វើការកែតម្រូវការចង់ចាំ ឬពិភពខាងក្រៅដែលវាឃើញរាល់៤វិនាទី។

រឿងពិត៖ អ្នកស្រាវជ្រាវពីវិទ្យាស្ថានបច្ចេកវិទ្យាក្នុងប្រទេសអ៊ីស្រាអែល បានធ្វើការបង្វឹកសត្វត្រីដោយភ្ជាប់ការចាក់សម្លេងទៅនិងការឲ្យចំណី។ គ្រប់ពេលដែលគេចាក់សម្លេងជាក់លាក់ណាមួយ សត្វត្រីនឹងហែលវិលមករកចំណី។ រយៈពេល៥ខែក្រោយមក សត្វត្រីមានការឆ្លើយតបក្នុងរបៀបនេះដូចគ្នា។ ដូចនេះ ត្រីមិនមានការចងចាំខ្លីនោះទេ។

6. ស្ករកៅស៊ូនឹងស្ថិតនៅក្នុងខ្លួន

រឿងមិនពិត៖ ប្រសិនបើអ្នកច្រឡំលេបស្ករកៅស៊ូចូលក្នុងពោះនោះ ក្រពះពោះវៀនរបស់អ្នកត្រូវចំណាយពេលជាងកន្លះឆ្នាំដើម្បីរំលាយវា។

រឿងពិត៖ David Milov គ្រូពេទ្យខាងក្រពះពោះវៀនកុមារនៃគ្លីនីក Nemours Children’s Clinic ក្នុងរដ្ឋ Florida បានអះអាងថានេះជារឿងភូតកុហកប៉ុណ្ណោះ។ ការពិតទៅវានឹងស្ថិតនៅក្នុងពោះប្រហែល១សប្តាហ៍។

7. សម្លេងកាបៗរបស់សត្វទាមិនលឺសូរខ្ទរ

រឿងមិនពិត៖  សម្លេងកាបៗរបស់សត្វទាមិនលឺសូរខ្ទរនោះទេ។

រឿងពិត៖ សម្លេងកាបៗរបស់សត្វទាក៏លឺសូរខ្ទរដូចសម្លេងទូទៅដែរ ប្រសិនបើចង់ដឹងច្បាស់អាចយកទា ហើយដាក់ឲ្យស្រែកនៅក្នុងផ្លូវ ឬរូងក្រោមដីណាមួយ នោះអ្នកនឹងដឹងច្បាស់។

8. ក្រចក និងសក់នៅបន្តលូតក្រោយពេលអ្នកស្លាប់

រឿងមិនពិត៖ ក្រចក និងសក់នៅបន្តលូតក្រោយពេលអ្នកស្លាប់.

រឿងពិត៖ នៅពេលមនុស្សស្លាប់ សក់ និងក្រចកក៏ពុកផុយដូចផ្នែកផ្សេងទៀតនៃរាងកាយដែរ។ ដោយសារតែស្បែកស្រក ឬជ្រាលពីរាងកាយដែលស្លាប់ ទើបធ្វើឲ្យក្រចក​ និងសក់ មើលទៅឃើញវែងជាងមុន។

9. មួកនិងកម្តៅ

រឿងមិនពិត៖ អ្នកបាត់បង់កម្តៅជាច្រើនតាមក្បាលរបស់អ្នក ដូចនេះអ្នកគួរតែពាក់មួកនៅពេលធ្លាក់ព្រិល។

រឿងពិត៖ ការសិក្សានៅឆ្នាំ២០០៦​ រកឃើញថា នៅក្នុងស្ថានភាពធម្មតា ក្មេងបញ្ចេញកម្តៅរាងកាយប្រហែលត្រឹម១០% ប៉ុណ្ណោះតាមក្បាលរបស់គេ។

10. កាក់ធ្លាក់ពីអគារខ្ពស់

រឿងមិនពិត៖ ដោយសារកម្លាំងទំនាញ កាក់ដែលធ្លាក់ពីអគារខ្ពស់នឹងមានកម្លាំងដូចអាចម៌ផ្កាយអាចធ្វើឲ្យបែកក្បាលបាន។

រឿងពិត៖ ជាការពិត កាក់ដ៏តូចស្រាលនោះអាចធ្វើឲ្យអ្នកឈឺ ប្រសិនបើវាធ្លាក់ចំក្បាលអ្នក ប៉ុន្តែវាមិនធ្វើឲ្យអ្នកស្លាប់នោះទេ។

11. ប្រាំវិនាទី

រឿងមិនពិត៖ ប្រសិនបើអ្នកធ្លាក់អាហារទៅលើកម្រាល ហើយរើសយកមកវិញក្នុងពេល៥វិនាទីនោះ វាមិនមានបាក់តេរីនោះទេ។

រឿងពិត៖ ជាទូទៅ កម្រាលគឺកខ្វក់ ហើយបាក់តេរីមិនរង់ចាំរហូតដល់៥វិនាទី ទើបឡើងទំអាហារដែលអ្នកធ្លាក់នោះទេ គឺវាលឿនជាងការណ៍ដែលអ្នកគិតទៅទៀត។

ប្រភព៖ Buzzfeed

SHARE