យើងទាំងអស់គ្នាសុទ្ធតែមើលឃើញថាជីវិតមានការផ្លាស់ប្តូរជាច្រើនក្នុងរយៈកាលកន្លងមកនេះ ។ ការរកឃើញថ្មីខាងបច្ចេកវិទ្យា ការយល់ដឹងពីចិត្ត និងរាងកាយរបស់មនុស្សបាននាំមនុស្សឈានមកកាន់ពិភពលោកសម័យទំនើបបច្ចុប្បន្ន។ បើប្រៀបធៀបជីវិតក្នុងអតីតកាល និងបច្ចុប្បន្នឃើញថាមានចំណុចជាច្រើនដែលប្រែប្រួលរហូតមិននឹកស្មានដល់។ ជាក់ស្តែងចំណុចទាំង១០យ៉ាងខាងក្រោមនេះ គឺជារឿងធម្មតាសម្រាប់មនុស្សកាលពីមុន ប៉ុន្តែសម្រាប់បច្ចុប្បន្នវិញ បែបមិនមែនជារឿងធម្មតានោះទេ។

10. ការប្រើប្រាស់ថ្នាំញៀនដោយស្របច្បាប់

អំឡុងសង្រ្គាមស៊ីវិលអាមេរិក ទាហានចំនួន៤០០,០០០នាក់ត្រូវបានគេជឿថាបានញៀននឹងថ្នាំមានជាតិអាភៀន។ កាលពីពេលនោះ គេជឿថា គេនឹងមិនញៀននោះទេប្រសិនបើគេចាក់ថ្នាំចូលសរសៃឈាមដោយផ្ទាល់ ព្រោះវាមិនឆ្លងកាត់ពោះ។ កាលពីពេលមុនផងដែរ ថ្នាំដាស់អារម្មណ៍ជាច្រើនអាចរកបានដោយងាយស្រួល ដោយមានឬគ្មានវេជ្ជបញ្ជារបស់គ្រូពេទ្យ។ ក្នុងនោះមានការរាយការណ៍ថា ស្ត្រីញៀននឹងថ្នាំទាំងនេះបីដងលើសបុរស។ វាក៏ជារឿងធម្មតាដែលស្ត្រីចាក់កូកាអ៊ីនផងដែរ។

9. ការវះកាត់ដោយគ្មានចាក់ថ្នាំស្ពឹក ឬសន្លប់

ការព្យាបាលនៅពេលមុនគឺជារឿងគួរឲ្យខ្លាច។ ពេលខ្លះគេព្យាបាលដោយការបង្ហូរឈាម ឬប្រើសត្វឈ្លើងឲ្យបឺតឈាម ប៉ុន្តែគេមិនដឹងពីវិធីបញ្ឈប់វានោះទេ ដូចនេះពេលខ្លះអ្នកជម្ងឺបាត់បង់ឈាមអស់ជាច្រើន។ ការខួងក្បាលក៏ជារឿងពេញនិយមមួយផងដែរ ដើម្បីព្យាបាលរោគឈឺក្បាល ជម្ងឺបូស រោគវិកលចរិក និងរបួសក្បាលជាដើម។ អ្វីដែលកាន់តែគួរឲ្យខ្លាចជាងនេះទៀតនោះ គឺរាល់ការព្យាបាលដូចខាងលើ ឬការវះកាត់គឺធ្វើឡើងដោយគ្មានចាក់ថ្នាំស្ពឹក ឬថ្នាំធ្វើឲ្យអ្នកជម្ងឺសន្លប់សិននោះទេ។

8. ការកាត់ទោសប្រហារជីវិតគឺដូចជាការកម្សាន្ត

កាលពីមុន គេកាត់ទោសជនល្មើសជាសាធារណៈនៅចំពោះមុខមហាជនជាច្រើន ដើម្បីបង្ហាញថាបទល្មើសគឺមិនអាចអត់អោនឲ្យនោះទេ។ ការព្យួរក គឺជាវិធីកាត់ទោសទូទៅមួយ  ដោយក្រុង និងភូមិភាគច្រើនមានកន្លែងព្យួរកនៅកណ្តាលក្រុង​ ឬភូមិ។ ពេលខ្លះបន្ទាប់ពីព្យួរកហើយគេយកសាកសពចេញ ប៉ុន្តែពេលខ្លះគេទុកចោលនៅទីនោះ។ ការកាត់ក្បាល គឺជាទម្រង់នៃការកាត់ទោសប្រហារជីវិតពេញនិយមមួយទៀត។ ប្រសិនបើសំណាងល្អ អ្នកប្រហារអាចកាត់តែម្តងដាច់ក្បាល ប៉ុន្តែពេលខ្លះអ្នកប្រហារត្រូវធ្វើជាច្រើនដង។

7. ការលួចសាកសពដើម្បីវិទ្យាសាស្រ្ត

នៅពេលវិទ្យាសាស្រ្តកាន់តែដើរទៅមុខ ការសិក្សាស្រាវជ្រាវពីរាងកាយមនុស្សកាន់តែមានច្រើន ហើយរាងកាយមនុស្សសម្រាប់សិក្សាក៏កាន់តែសំខាន់។ ដំបូងឡើយ រាងកាយឬសាកសពជនល្មើសដែលកាត់ទោសហើយត្រូវបានយកទៅប្រើដើម្បីសិក្សាផ្នែកវិទ្យាសាស្រ្ត​ ប៉ុន្តែក្រោយមកដោយសារតម្រូវលើសការផ្គត់ផ្គង់ ដូចនេះហើយក៏មានការលួចសាកសពកើតឡើង។ ក្នុងនោះពួកអ្នកលួចសាកសព បានលួចជីកយកសាកសពដែលទើបកប់ហើយ យកទៅលក់ឲ្យអ្នកកាយវិភាគសាស្រ្ត ឬអ្នកសិក្សាពីរាងកាយមនុស្ស។

6. ការបបួលប្រកួតគ្នាដោយការប្រយុទ្ធ

កាលពីមុន មានការបោះស្រោមដៃ ដោយមានឃ្លាសរសេរ “I challenge you to a duel” ដែលជាការបបួលប្រកួតគ្នាដោយការប្រយុទ្ធ។ ភាគីម្ខាងទៀតបង្ហាញការទទួលការបបួលតាមរយៈការរើសស្រោមដៃនោះ។ បន្ទាប់មកគេកំណត់ពេលវេលា ទីកន្លែង និងជម្រើសអាវុធសម្រាប់ការប្រកួត។

5. ការធ្វើដំណើរដែលគ្រោះថ្នាក់និងយឺតខ្លាំង

កាលពីយុគកណ្តាល ការធ្វើដំណើរជារឿងលំបាកមួយ ដោយមិនមានជម្រើសច្រើននោះទេ។ ជម្រើសមួយក្នុងចំណោមនោះគឺការធ្វើដំណើរដោយថ្មើរជើងដែលគេអាចដើរបាន២៤ ទៅ៤០គីឡូម៉ែត្រក្នុងមួយថ្ងៃ។ ជម្រើសមួយទៀត គឺធ្វើដំណើរតាមសេះ​​ ដោយអាចបាន៣២ទៅ៤៨គីឡូម៉ែត្រក្នុងមួយថ្ងៃ។ ប្រសិនបើអាច គេជ្រើសយកការធ្វើដំណើរដោយបើកទូកក្តោង ដែលអាចបាន១២០ ទៅ២០០គីឡូម៉ែត្រក្នុងមួយថ្ងៃ។ ក្រៅពីនេះ បញ្ហាសុវត្ថិភាព ការខូចភេសជ្ជៈនិងអាហារ គ្រោះថ្នាក់ ជម្ងឺ និងការលួចប្លន់ក៏ជាបញ្ហាផងដែរ។

4. ការដាក់ទោសឃោរឃៅចំពោះការក្បត់ចិត្តប្តីប្រពន្ធ

ស្រ្តីដែលក្បត់ប្តី (ឧទាហរណ៍ ស្ត្រី Puritan) ត្រូវគេវាយនៅទីសាធារណៈ ហើយនាងត្រូវបង្ខំឲ្យពាក់អក្សរ AD នៅលើសំលៀកបំពាក់ដើម្បីបង្ហាញឲ្យគេគ្រប់គ្នាដឹងថា នាងជាស្រ្តីផិតប្តី។ ចំណែកបុរសដែលក្បត់ប្រពន្ធវិញ ទទួលការកាត់ទោសស្រាលជាងស្រ្តី។

3. គ្រប់យ៉ាងគឺដើម្បីសម្រស់

អ្វីដែលគេសម្គាល់ថាស្រស់ស្អាតមានការផ្លាស់ប្តូររហូតតាមពេលវេលា។ នៅពាក់កណ្តាលទសវត្សឆ្នាំ១៤០០ ស្ត្រីក្នុងសង្គមជាន់ខ្ពស់ត្រូវបានចាត់ទុកថាស្អាត ប្រសិនបើគេមានថ្ងាសខ្ពស់រាងក្រឡូប និងមានស្បែកសដូចទឹកដោះ។ ដូចនេះហើយ ស្រ្តីខំប្រឹងធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យគេមានលក្ខណៈបែបនេះ ដូចជាការបោច ឬដុតសក់ខាងមុខរបស់ខ្លួននឹងថ្នាំគីមីដើម្បីឲ្យឃើញថ្ងាសខ្ពស់រាងក្រឡូប ប្រើគ្រឿងលាបមានជាតិគីមី ឬអ្វីផ្សេងៗដើម្បីឲ្យស្បែកស ដែលទាំងអស់អាចប៉ះពាល់ដល់សុខភាព។

2. ងូតទឹក ឬមិនងូតទឹក

ក្នុងសម័យយុគកណ្តាល មនុស្សទំនងជាងូតទឹកញឹកញាប់ជាងកាលសម័យ Renaissance។​ គ្រូពេទ្យជឿថា ការងូតទឹកក្នុងទឹកអាចធ្វើឲ្យងាយនឹងកើតជម្ងឺ ហើយខ្លះថែមទាំងគិតថា ការបើករន្ធញើសក្នុងពេលងូតទឹក ធ្វើឲ្យកម្លាំងសំខាន់របស់មនុស្សចាកចេញពីរាងកាយ។ ដូចនេះហើយ មនុស្សពេលនោះប្រើវិធីផ្សេងៗដើម្បីសម្អាតខ្លួន ជំនួសឲ្យការងូតទឹក។

  1. ការផ្តល់កំណើតអាចបណ្តាលឲ្យស្លាប់ ប៉ុន្តែនៅតែមានច្រើនហួសប្រមាណ

ក្នុងសម័យ Renaissance តួនាទីសំខាន់បំផុតរបស់ស្រ្តីគឺបង្កើតកូន។ ទោះបីជាស្រ្តីជាច្រើនបានស្លាប់នៅពេលផ្តល់កំណើត ហើយអត្រាស្លាប់របស់ទារកមានខ្ពស់ំ ក៏ស្ត្រីនៅតែមានផ្ទៃពោះម្តងហើយម្តងទៀត ដោយអ្នកខ្លះផ្តល់កំណើតរហូតដល់១២ដង ហើយខ្លះទៀតរហូតដល់២០ដង ឬច្រើនជាងនេះ។ ឆ្មបដែលបង្កើតកូន គឺរៀនចេះតាមគ្នា ហើយអាចជួយបានតែចំពោះការផ្តល់កំណើតដែលមានលក្ខណៈធម្មតា គ្មានបញ្ហាប៉ុណ្ណោះ។

ប្រភព៖ Listverse

Loading...
SHARE