ឆ្កែជាសត្វចិញ្ចឹមមួយប្រភេទដែលសម្បូរគេចិញ្ចឹមណាស់ ព្រោះតែវាជាសត្វឆ្លាត និងគួរឱ្យស្រលាញ់ ហើយពេលខ្លះក៏ជាសត្វដែលស្មោះត្រង់ និងមានទឹកចិត្តផងដែរ។ ដូចនេះហើយ ថ្ងៃនេះយើងសូមលើកយករឿងរ៉ាវរបស់កូនឆ្កែមួយក្បាលឈ្មោះ Lana អាយុ ៨ខែ នៅប្រទេសប្រេស៊ីល។ កូនឆ្កែឈ្មោះ Lana ត្រូវបាននាង Suelen Schaumloeffel និងគូស្នេហ៍រើសពីតាមផ្លូវ ហើយយកមកចិញ្ចឹមនៅផ្ទះ ដោយផ្តល់នូវក្តីស្រលាញ់ និងភាពកក់ក្តៅជាទីបំផុត។ ទោះបីបច្ចុប្បន្ន Lana អាចរស់នៅដោយសុខស្រួល និងមានភាពកក់ក្តៅក៏ដោយ ប៉ុន្តែវាមិនដែលភ្លេចគ្រាលំបាកជាឆ្កែអនាថានោះទេ។

នៅថ្ងៃមួយក្នុងពេលអាកាសធាតុត្រជាក់ នាង Suelen បានយកភួយឱ្យ Lana ដណ្តប់ឱ្យមានភាពកក់ក្តៅក្នុងផ្ទះតូចរបស់វា ហើយក្នុងពេលនោះដែរ កូនឆ្កែ Lana បានឃើញឆ្កែអនាថាមួយក្បាលកំពុងដេករងារនៅតាមផ្លូវខាងក្រៅរបងផ្ទះ។ ពេលឃើញដូចនេះ កូនឆ្កែ Lana បានទាញភួយរបស់វាចេញពីក្នុងផ្ទះតូចរបស់វា កាត់តាមសួនមុខផ្ទះ ទៅដណ្តប់រួមគ្នាជាមួយនិងឆ្កែអនាថាមួយក្បាលនោះ នៅក្បែររបង។ ពេលនាង Suelen បានឃើញដូចនេះ នាងពិតជាមានអារម្មណ៍រំភើបមែនទែន ព្រោះកូនឆ្កែរបស់នាងមានទឹកចិត្តល្អ និងចេះចែករំលែកដល់ឆ្កែកំសត់ ឬអនាថា។ កូនឆ្កែ Lana​ ប្រហែលជាយល់ពីការលំបាកដែលវាធ្លាប់ឆ្លងកាត់ជាឆ្កែអនាថា ដែលគ្មានទីជំរក និងគ្មានអាហារ ហើយចង់ជួយដល់ឆ្កែដទៃទៀត ឱ្យបានសុខស្រួលដូចវាដែរ។ នាង Suelen បានឱ្យដឹងថា បន្ទាប់ពីពេលនោះមក នាងឧស្សាហ៍ឃើញឆ្កែផ្សេងៗមកក្បែរផ្ទះនាងណាស់។ ឥលូវសូមទស្សនារូបភាពដែលកូនឆ្កែ Lana មានទឹកចិត្ត និងចែករំលែកដល់ឆ្កែផ្សេងដូចខាងក្រោមនេះ។

1
2
3
4

ប្រភព៖ Justsomething

Loading...
SHARE