ជាការពិត គ្មាននរណាម្នាក់ចង់ជួបប្រទះ ឧប្បត្តិហេតុ គ្រោះមហន្តរាយ និងសោកនាដកម្មនោះទេ។ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា យើងមិនអាចទស្សន៍ទាយជាមុនថា វានឹងកើតឡើងពេលណានោះទេ ហើយយើងក៏មិនអាចរារាំងបានផងដែរ។ ជាមួយគ្នានេះ ហេតុការណ៍ទាំងនេះតែងបន្សល់ទុកនូវការចងចាំសម្រាប់មនុស្សជាច្រើន ហើយក្នុងចំណោមហេតុការណ៍ទាំងនោះ មានមួយចំនួនត្រូវបានយកមកផលិតជាភាពយន្ត តួយ៉ាងដូចជាភាពយន្តទាំង៧ខាងក្រោម។

1. រឿង Alive (ឆ្នាំ១៩៩៣)

ភាពយន្តនេះប្រែសម្រួលពីសៀវភៅរឿង Alive: The Story of the Andes Survivors (១៩៧៤) ដែលបានប្រាប់ពីដំណើររឿងពិតនៃយន្ដហោះអ៊ុយរុយហ្គាយដែលជួបឧប្បត្តិហេតុធ្លាក់យន្តហោះ ក្នុងតំបន់ភ្នំដែលមានអាកាសធាតុត្រជាក់ខ្លាំង (សីតុណ្ហភាព ៣០ ទៅ៤០អង្សាក្រោមសូន្យ) ហើយគ្មានទឹក គ្មានអាហារ គ្មានឧបករណ៍សង្រ្គោះបឋម។ ហេតុការណ៍នេះកើតឡើងនៅឆ្នាំ១៩៧២។ ពួកគេត្រូវបង្ខំធ្វើដំណើរចាកចេញពីកន្លែងកើតឧប្បត្តិហេតុនោះ ដើម្បីគេចពីបរិស្ថានដ៏ពិបាកនេះ។ អស់រយៈពេលប្រហែល២ខែ មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។

2. រឿង Touching the Void (ឆ្នាំ២០០៣)

ខ្សែភាពយន្តពាក់កណ្តាលឯកសារនេះផ្អែកតាមបុរសឈ្មោះ Joe Simon ដែលបានប្រាប់ពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោកនិងមិត្តរួមដំណើរឈ្មោះ Simon Yates។ អ្នកទាំងពីរបានធ្វើដំណើរឡើងភ្នំនៅប្រទេសពេរ៉ូ ហើយក៏ជួបគ្រោះថ្នាក់ រងរបួសធ្ងន់មិនអាចធ្វើដំណើរបាន។ ក្នុងស្ថានភាពលំបាក និងអស់ស្បៀងអាហារនេះ បុរសទាំងពីរនាក់ព្យាយាមជួយសង្គ្រោះគ្នារហូតដល់ទីបញ្ចប់។

3. រឿង World Trade Center (ឆ្នាំ២០០៦)

ភាពយន្តនេះដកស្រង់ពីសោកនាដកម្មនៃភេវរកម្មនៅអគារពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០០១។ ក្នុងភាពយន្តនេះលើកឡើងពីក្រុមប៉ូលីសជួយសង្គ្រោះដែលត្រៀមខ្លួនជួយមនុស្សគ្រប់គ្នា ប៉ុន្តែភ្លាមនោះមហន្តរាយកើតឡើងដោយអគារបានដួលរលំ។ មន្ត្រីប៉ូលិសពីរនាក់បានជាប់នៅក្រោមសំណល់នៃអគារនោះ។ ខណៈពេលកំពុងរង់ចាំជំនួយពីក្រុមជួយសង្គ្រោះនៅខាងក្រៅ ពួកគេសង្ឃឹមថានឹងអាចរស់រានមានជីវិត។

4. រឿង Sanctum (ឆ្នាំ២០១១)

នេះជារឿងរ៉ាវរបស់ក្រុមអ្នកមុជទឹកដែលរុករកនៅក្នុងរូងភ្នំ នៅប្រទេស Papua New Guinea ប៉ុន្តែព្យុះភ្លៀងធ្វើឱ្យកម្ពស់ទឹកនៅក្នុងរូងភ្នំកើនឡើង ដែលធ្វើឱ្យផ្លូវចូលត្រូវបានបិទជិត។ ដំណើរផ្សងព្រេងនេះក៏ប្រែក្លាយទៅជាការប្រយុទ្ធនឹងស្ថានភាពអាក្រក់នេះដើម្បីរស់រានមានជីវិត។

5. រឿង The Way Back (ឆ្នាំ២០១០)

រឿងនេះយកតាមរឿងពិតនៃអ្នកទោសសង្គ្រាមជនជាតិប៉ូឡូញដែលបានរត់គេចពីជំរុំប្រមូលផ្តុំនៅស៊ីបេរី ហើយបានសម្រេចចិត្តធ្វើដំណើរជាង ៤.០០០ហ្វីត ដើម្បីសេរីភាពនិងជីវិតថ្មីនៅក្នុងប្រទេសឥណ្ឌា។ ប៉ុន្តែ ពួកគេត្រូវតែប្រឈមនឹងឧបសគ្គជាច្រើននៅតាមផ្លូវ។ ព្រះអាទិត្យក្ដៅនៅពេលថ្ងៃ អាកាសធាតុត្រជាក់ ស្បៀងអាហារនិងទឹកមិនគ្រប់គ្រាន់ ការគំរាមកំហែងនៃមូសជាច្រើន និងដំណើរផ្លូវដ៏ធំល្វឹងល្វើយ។

6. រឿង 127 Hours (ឆ្នាំ២០១០)

រឿងនេះដកស្រង់ពីរឿងពិតនៅក្នុងសៀវភៅ Between a Rock and a Hard Place (2004) ដែលរៀបរាប់ពីការប្រថុយប្រថាននឹងសេចក្តីស្លាប់របស់អ្នកឡើងភ្នំឈ្មោះ Aaron Ralston (Aron Ralston) នៅពេលប្រឈមមុខនឹងការវាយប្រហារពីថ្ម។ ដៃនិងរាងកាយត្រូវជាប់នឹងចំណោតថ្ម គ្មានឧបករណ៍ទំនាក់ទំនង ហើយគ្មាននរណាម្នាក់ដឹងពីទីតាំងរបស់គាត់។

7. រឿង The 33 (ឆ្នាំ២០១៥)

នេះជារឿងពិតដែលបានកើតឡើងកាលនៅឆ្នាំ២០១០ គឺបេសកកម្មជួយសង្គ្រោះកម្មកររ៉ែចំនួន ៣៣នាក់ ដែលស្ថិតក្នុងរណ្តៅក្រោមដី។ នេះជាបេសកកម្មដ៏ធំមួយដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការរបស់ក្រុមជួយសង្គ្រោះនៅជុំវិញពិភពលោក ក្រោមបរិយាកាសក្តៅ និងពិបាកដកដង្ហើម។

ប្រភព៖ Wtfintheworld

SHARE