ជាទូទៅគេមើលឃើញថា ព្រឹត្តិការណ៍ធំៗបានបង្កើតនូវប្រវត្តិសាស្រ្តសម្រាប់មនុស្សជំនាន់ក្រោយ ប៉ុន្តែគេមិនត្រូវភ្លេចទេថា ពេលខ្លះរឿងរ៉ាវដ៏តូចមួយក៏អាចកែប្រែប្រវត្តិសាស្រ្តបានដែរ ដោយគេមិននឹកស្មានដល់។ ជាក់ស្តែងដូចជារឿងរ៉ាវតូចតាចទាំង ៧ ខាងក្រោមដែលស្ទើរតែនឹងកែប្រែប្រវត្តិសាស្រ្ត។

7. កិច្ចព្រមព្រៀងផ្តល់ថវិកាដែលស្ទើរតែធ្វើឲ្យអង់គ្លេសឈ្នះការប្រកួតប្រជែងផ្នែកអវកាស

ចំពោះផ្នែកអវកាស រុស្ស៊ី និងអាមេរិក​គឺអ្នកនាំមុខគេ ដោយក្នុងនោះរុស្ស៊ីបានបញ្ជូនមនុស្សដំបូងគេនៅក្នុងតារាវិថី ហើយអាមេរិកបានបញ្ជូនមនុស្សដំបូងគេទៅឋានព្រះចន្ទ។ ប៉ុន្តែតាមពិតទៅមានប្រទេសមួយទៀតដែលខ្លាំងដែរគឺ ចក្រភពអង់គ្លេស។ នៅខែធ្នូ ឆ្នាំ១៩៤៦ អង់គ្លេសជួបវិបត្តិហិរញ្ញវត្ថុ ហើយរដ្ឋាភិបាលផ្តោតលើការបង្កើតសុខុមាលរដ្ឋ ជាជាងបញ្ជូនមនុស្សទៅកាន់ទីអវកាស។ ដូចនេះហើយក្រសួង “Ministry of Supply” បានបដិសេធមិនព្រមចុះហត្ថលេខាផ្តល់ប្រាក់ដល់ការងារផ្នែកអវកាស បើមិនដូច្នោះទេ មនុស្សដំបូងនៅក្នុងទីអវកាសប្រហែលជាមកពីប្រទេសអង់គ្លេស។

6. ព្យុះព្រិលដែលស្ទើរតែសម្លាប់ណាប៉ូឡេអុងនៅឆ្នាំ១៨០៧

ក្នុងសមរភូមិរវាងបារាំង និងរុស្ស៊ី នៅ Eylau នាខែកុម្ភៈ ឆ្នាំ១៨០៧ ស្តេចណាប៉ូឡេអុង ស្ទើរតែបាត់បង់ជីវិតនៅក្នុងព្យុះព្រិល។ ដោយសារតែលោកមិនបានស្លាប់ ដូចនេះហើយ សង្រ្គាមណាប៉ូឡេអុង បានបន្តអស់រយៈពេល៨ឆ្នាំទៀត។

5. រោគគាំងបេះដូងដែលស្ទើរតែកែប្រែប្រវត្តិសាស្រ្តអង់គ្លេស

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៩៤ មេដឹកនាំគណបក្សការងារអង់គ្លេសលោក John Smith បានស្លាប់ដោយរោគគាំងបេះដូង ហើយការស្លាប់របស់លោកបានបើកផ្លូវឲ្យលោក Tony Blair ចូលមកគ្រប់គ្រង។ ប្រសិនបើលោក Smith នៅរស់ ប្រវត្តិសាស្រ្តប្រហែលជាខុសពីនេះ ព្រោះថាលោក Smith និងគណបក្សរបស់លោកនឹងមិនចូលរួមជាមួយអាមេរិកក្នុងការឈ្លានពានប្រទេសអ៊ីរ៉ាក់នោះទេ ហើយប្រសិនបើគ្មានការគាំទ្រពីអង់គ្លេស សង្រ្គាមអ៊ីរ៉ាក់ក៏ប្រហែលមិនបិទបញ្ចប់ដែរ។

4. រថយន្តក្រុងដែលស្ទើរតែជួយឲ្យ​ Timothy McVeigh គេចផុតពីការកាត់ទោស

Timothy McVeigh ជាជនបង្កឲ្យមានគ្រោះថ្នាក់សម្លាប់មនុស្ស១៦៨នាក់ (ក្មេង១៨នាក់) នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៩៥ ប៉ុន្តែ FBI មិនបានសង្ស័យលើជននេះនោះទេ​ ដោយគិតថាគ្រោះថ្នាក់នោះជាអំពើភេរវកម្មបង្កឡើងដោយក្រុមអ៊ីស្លាម។ Timothy McVeigh ត្រូវបានចាប់ខ្លួននៅក្បែរកន្លែងកើតហេតុព្រោះតែការបើកបរគ្មានប័ណ្ណបើកបរ និងមានលាក់អាវុធ។  នៅព្រឹកមួយដែលត្រូវនាំជននេះទៅតុលាការដើម្បីកាត់ក្តី ស្រាប់តែមានហេតុការណ៍ចៃដន្យមួយកើតឡើង។ នោះគឺកូនប្រុសរបស់ចៅក្រមខករថយន្តក្រុងទៅសាលារៀន ដូចនេះចៅក្រមត្រូវជូនកូនទៅសាលារៀន ហើយក៏ត្រូវពន្យារសវនាការ និងតម្រូវឲ្យប៉ូលិសរក្សាជននេះទុកសិន។ ប្រសិនបើកូនរបស់ចៅក្រមមិនខករថយន្តក្រុងទេ ជននេះប្រហែលជាត្រូវបានធានាខ្លួនឲ្យរួចខ្លួននៅក្នុងសវនាការ ហើយគេចខ្លួនបាត់ទៅហើយ។

3. ការផ្លាស់ប្តូរអាកាសធាតុដែលអាចនឹងកែប្រែប្រវត្តិសាស្រ្តអឺរ៉ុប

ក្នុងសមរភូមិប្រយុទ្ធ Teutoburg Forest នាគ.សទី៩ រវាងកងទ័ពរូមុំាង និងកុលសម្ព័ន្ធក្នុងស្រុកអាល្លឺម៉ង់ គឺរូមុំាងជាអ្នកចាញ់។ នៅពេលនោះ ភាពហត់នឿយ និងអាកាសធាតុស្ងួត អាចនឹងឲ្យរូមុំាងឈ្នះ ហើយប្រសិនបើរូមុំាងឈ្នះប្រវត្តិសាស្រ្តនឹងខុសពីនេះ ដោយក្នុងនោះអាល្លឺម៉ង់នឹងស្ថិតក្រោមការគ្រប់គ្រងរបស់រូមុំាង ភាសាអាល្លឺម៉ង(រួមទាំងអង់គ្លេសផង)នឹងជំនួសដោយភាសារូមុំាង និងជាច្រើនទៀត។

2. យោបល់មួយដែលអាចសម្លាប់មនុស្ស១លាននាក់

នៅឆ្នាំ១៩៩៤ មានភាពតានតឹងនៅឧបទ្វីបកូរ៉េ ទាក់ទងនឹងគ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅ Yongbyon។ លោក Perry និងលោក Jonh Shalikashvili ត្រូវបានហៅជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Clinton លើបញ្ហានេះ។ លោក Perry យល់ថា អាមេរិកអាចយកចេញនូវគ្រាប់បែកនៅ Yongbyon នោះដោយមិនបន្សល់ជាតិវិទ្យុសកម្មនៅឧបទ្វីបកូរ៉េ។ ប៉ុន្តែលោកក៏យល់ថា បើប្រាប់ប្រធានាធិបតីបែបនេះក៏ដូចជាផ្តល់ភ្លើងខៀវដល់ការបំផ្ទុះគ្រាប់បែក និងបញ្ឆេះសង្រ្គាម។ ដូចនេះហើយ លោកសុខចិត្តនៅស្ងៀម ហើយការបំផ្ទុះគ្រាប់បែកនោះក៏ត្រូវពន្យារពេល។ វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។ ២ថ្ងៃក្រោយមក លោក Jimmy Carter បានទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងនាមជាប្រជាជនធម្មតា ហើយបានធ្វើជាអ្នកកណ្តាលចរចាឲ្យមានសន្តិភាពលើបញ្ហានេះ។ គួរបញ្ជាក់ថា ប្រសិនបើសង្រ្គាមកើតឡើង ប្រជាជនកូរ៉េយ៉ាងហោចណាស់ ១លាននាក់នឹងស្លាប់ ហើយទីក្រុងព្យុងយ៉ាង និងសេអ៊ូលទាំងមូលនឹងត្រូវបំផ្លាញ។

1.  ការស្លាប់របស់មនុស្សម្នាក់ស្ទើរតែបញ្ឆេះសង្គ្រាមលោកលើកទីពីរឡើងវិញ

ខណៈពេលហោះឆ្លងកាត់ប្រទេសជប៉ុន Anthony Marchione ជាយោធាអាមេរិកចុងក្រោយដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមលោកលើកទីពីរ​ ហើយការស្លាប់របស់គេស្ទើរតែបញ្ឆេះសង្គ្រាមលោកលើកទីពីរឡើងវិញ។ នៅពេលដែលជប៉ុនព្រមចុះចាញ់សង្រ្គាម ហើយសន្មតថាសង្រ្គាមត្រូវបានបញ្ចប់ ព័ត៌មាននេះមិនត្រូវបានបញ្ជូនដល់គ្រប់កន្លែងនោះទេ ដូចជាក្រុមទ័ពអាកាស 302nd និង Yokosuka នៅភាគខាងត្បូងតូក្យូ។ នៅថ្ងៃទី១៦ ខែសីហា  អគ្គមេបញ្ជាការ Douglas MacArthur បានបញ្ជូនយន្តហោះទម្លាក់គ្រប់បែកចំនួន៤ ឲ្យហោះលើទីក្រុងតូក្យូ ដើម្បីមើលថា ជប៉ុនពិតជាចុះចាញ់សង្គ្រាមមែនឬអត់។ នៅថ្ងៃទី១៧ ក៏បញ្ជូនឲ្យហោះម្តងទៀត ហើយលើកនេះហោះកាត់តំបន់របស់ក្រុមទ័ពអាកាស 302nd and Yokosuka។ ក្រុមនេះក៏បានបាញ់ទម្លាក់។ ដោយបារម្ភថាកិច្ចព្រមព្រៀងសន្តិភាពត្រូវបានបំពាន លោកមេបញ្ជាការក៏បញ្ជូនយន្តហោះទៅម្តងទៀតជាលើកចុងក្រោយ ដោយគិតថា ប្រសិនបើជប៉ុនបាញ់ទម្លាក់ នោះមានន័យថាកិច្ចព្រមព្រៀងនោះត្រូវគេបំពានហើយ។ ពេលនោះក្រុមនោះក៏បាញ់មែន។ ជាសំណាងល្អ ប្រតិភូចរចាសន្តិភាពបានជួបគ្នា។ ប្រសិនបើលោកមេបញ្ជាការចាប់ផ្តើមការប្រយុទ្ធជាថ្មី បន្ទាប់ពីការស្លាប់របស់ Anthony Marchione នោះ សង្រ្គាមនឹងមិនបញ្ចប់នោះទេ។

ប្រែសម្រួលដោយ ៖ សុផានី (ចង់ដឹង)
ប្រភព៖ Listverse  

Loading...
SHARE