នៅពេលរៀបការជាមួយគ្នា អ្នកប្រហែលជាទទួលបានដំបូន្មានជាច្រើនពីចាស់ទ៉ំ និងអ្នកធ្លាប់មានបទពិសោធន៍មួយចំនួន ក៏ដូចជាតាមរយៈការអាន ក្នុងការធ្វើឲ្យគ្រួសាររបស់អ្នកមានសុភមង្គល ។ ហើយដំបូន្មានទាំង ៧ នេះប្រហែលជាអ្នកធ្លាប់បានឮញឹកញាប់ជាងគេ ប៉ុន្តែជាក់ស្ដែង តើវាពិតជាធ្វើឲ្យយើងមានសុភមង្គលមែនឬក៏យ៉ាងណា?

ជាការពិតវាមិនមែនសុទ្ធតែទទួលបានផលនោះទេ ។ ដំបូន្មានទាំងនោះមានដូចជា ៖

មិនត្រូវនិយាយកុហកដៃគូរបស់អ្នក

មនុស្សដែលណែនាំអ្នកថាមិនត្រូវកុហកដៃគូរបស់អ្នក ប្រហែលជាមិនបានធ្វើតាមដំបូន្មាននេះដោយខ្លួនឯងផងក៏មិនដឹង ។

មនុស្សគ្រប់គ្នាសុទ្ធតែកុហក – នោះហើយទើបជារឿងពិត។  ការរក្សាភាពស្ងៀមស្ងាត់ និងមិននិយាយអ្វីទាំងអស់ក៏រាប់ជាការនិយាយកុហកផងដែរ ។

ពេលខ្លះមិនចាំបាច់ត្រូវរៀបរាប់លំអិត និង និយាយគ្រប់យ៉ាងប្រាប់ដៃគូរបស់អ្នកនោះទេ ពីព្រោះតែរឿងតូចតាចខ្លះអាចធ្វើឲ្យអ្នកឈ្លោះគ្នាបាន ។ ប៉ុន្តែការកុហកគ្រប់រឿងពេកក៏មិនល្អដែរ ព្រោះវានឹងធ្វើឲ្យអ្នកទាំងពីរអស់ជំនឿចិត្តនឹងគ្នា ឈានទៅរកការមិនយល់ចិត្ត និងបែកបាក់គ្នា ។

Brightside.me

ស្ត្រីជាភេទទន់ខ្សោយ

ពេលខ្លះការប្រើប្រាស់ទ្រឹស្ដី ស្ត្រីជាភេទទន់ខ្សោយ គ្រប់ពេលវេលាពេក វានឹងធ្វើឲ្យស្វាមីមានអារម្មណ៍ថាអ្នកធ្វើចារឹកដូចជាកូនក្មេង នោះទេ សូមកុំធ្វើខ្លួនជាកូនក្មេង តែធ្វើខ្លួនអ្នកជាអ្នក។ ពេលខ្លះថ្វីត្បិតតែគាត់មិននិយាយប៉ុន្តែមិនមែនគាត់មិនអីនោះទេ គ្រាន់តែគាត់ស្រលាញ់អ្នកទើបមិននិយាយ ។ បើអ្នកពិតជាស្រលាញ់គាត់ រឿងដែលអ្នកអាចធ្វើដោយខ្លួនឯងបានចូលធ្វើវាដោយខ្លួនឯងទៅ បើសិនជាអ្នកមិនអាចធ្វើបាន ឬ ពិបាកសម្រាប់អ្នក គាត់នឹងរីករាយក្នុងជួយអ្នកជានិច្ច ។

ក៉ំយករឿងលើគ្រែជាវិធីរផ្សះផ្សារគ្នា

ជីវិតផ្លូវភេទគឺជាចំណែកមួយក្នុងការធ្វើឲ្យគ្រួសារមានសុភមង្គល ពីព្រោះអ្នកទាំង ២ សុទ្ធតែមានតម្រូវការផ្លូវភេទ ហើយវាក៏បានចូលរួមចំណែកធ្វើឲ្យអ្នកកាន់តែស្និតស្នាលផងដែរ ។ ពេលខ្លះអ្នកបានឈ្លោះគ្នានិងមិននិយាយរកគ្នាក្នុងរយៈប៉ុន្មានថ្ងៃដោយសារតែរឿងតូចតាចមួយ បន្ទាប់ពីគិតយល់រៀងៗខ្លួនអ្នកក៏ចាប់ផ្ដើមនិយាយរកគ្នាវិញ ប៉ុន្តែវាមិនទាន់ធ្វើឲ្យស្ថានភាពប្រសើរឡើងនោះទេ ក៉ំខ្លាចនឹងពាក្យថាយករឿងលើគ្រែជាវិធីផ្សះផ្សារគ្នាជារឿងមិនត្រឹមត្រូវ ធ្វើវាចុះអ្នកនឹងកាន់តែស្និតស្នាល់នឹងយល់ពីបញ្ហារបស់គ្នាកាន់តែច្បាស់ ។ ប៉ុន្តែត្រូវច្បាស់ថាមានការយល់ព្រមរៀងៗខ្លួនសិន បើមិនដូច្នោះទេ វាកាន់តែធ្វើឲ្យបញ្ហាកាន់តែធំឡើងៗ ។

អ្នកប្រហែលជាធ្លាប់ឮពាក្យថា “ឈ្លោះគ្នាកាន់តែខ្លាំងកូនកាន់តែញឹក” ហើយមែនទេ ។

ចំណាយពេលទំនេរជាមួយគ្នា

មនុស្សម្នាក់ៗសុទ្ធតែមានចំណងចំណូលចិត្តរៀងខ្លួន ប្ដីប្រព្ធរបស់អ្នកក៏ដូចគ្នា ថ្វីតែអ្នកមានចំណុចជាច្រើនត្រូវគ្នា ប៉ុន្តែចំណូលចិត្តខ្លះក៏ខុសគ្នាផងដែរ ដូចជា ប្ដីចូលចិត្តលេងហ្គេម ប្រពន្ធចូលចិត្តមើលរឿងភាគកូរ៉េ ឬ ប្ដីចូលចិត្តប្រដាល់ តែប្រពន្ធចូលចិត្តកម្មវិធីប្រគ៉ំតន្ត្រី ជាដើម ។ ដូចនេះការចំណាយពេលទំនេរជាមួយគ្នាមិនមែនសុទ្ធតែជារឿងល្អនោះទេ ប្រពន្ធមិនអាចបង្ខំឲ្យប្ដីដែលចូលចិត្តលេងហ្គេមមកអង្គុយមើលរឿងកូរ៉េជាមួយខ្លួន ប្ដីក៏មិនអាចបង្ខំប្រពន្ធដែលចូលចិត្តមើលការប្រគ៉ំតន្ត្រីឲ្យកំដរខ្លួនមើលប្រដាល់ដែរ ព្រោះវាមិនមែនជាចំណូលចិត្តរបស់គេ ។

ដូចនេះមិនចាំបាច់ធ្វើរឿងគ្រប់យ៉ាងជាមួយគ្នានោះទេ ផ្ដល់សិទ្ធឲ្យដៃគូរបស់អ្នកធ្វើរឿងដែលជាចំណូលចិត្តរបស់គេ មិនថាជាការកម្សាន្ត ការជួបជ៉ំមិត្តភក្ដិ នោះទេ ប៉ុន្តែម្នាក់ៗត្រូវប្រាកដថាមិនធ្វើរឿងណាមួយដែលក្បត់ដៃគូរបស់ខ្លួន ។

នៅមានចំណុចមួយទៀតដែលខ្ញ៉ំចង់និយាយ គុណភាពគឺសំខាន់ជាងបរិមាណ មានន័យថា សូមឲ្យគ្រប់ពេលដែលអ្នកនៅក្បែរគ្នារីករាយ ល្អជាងនៅជាមួយគ្នាគ្រប់ពេលតែមិនមានភាពរីករាយ ។

ស្វែងរកសកម្មភាពមួយដែលអាចធ្វើរួមគ្នាបាន

ចំណុចមួយនេះក៏មិនខុសពីចំណុចទី ៤ ដែរ អ្នកមានចំណងចំណូលចិត្តទៅលើសកម្មភាពនានារៀងៗខ្លួន ធ្វើវាតាមចំណង់ចំណូលចិត្តរបស់អ្នករឿងខ្លួនទៅ មិនចាំបាច់បង្ខំចិត្តស្វែងរកសកម្មភាពអ្វីមួយធ្វើរួមគ្នានោះទេ ពីព្រោះអ្នកប្រាកដជាមានចំណូលចិត្តជាច្រើនរួចទៅហើយ ដូចជាការគេងស្អុយដូចគ្នា ញ៉ាំអាហារដូចគ្នា ឬ ស្ដាប់តន្ត្រីដូចគ្នាជាដើម អីញ្ចឹងមិនបាច់ប្រឹងរកសកម្មភាពផ្សេងៗទៀតដើម្បីអាចធ្វើវាជាមួយគ្នាគ្រប់ពេលឡើយ ។

ឧទាហរណ៍ អ្នកចូលចិត្តលេងបាល់តែប្រពន្ធរបស់អ្នកមិនចូលចិត្ត ប្រពន្ធរបស់អ្នកចូលចិត្តអានសៀវភៅតែអ្នកមិនចូលចិត្ត អីញ្ចឹងទៅលេងបាល់តែឯងទៅ ទុកឲ្យប្រពន្ធរបស់អ្នកអង្គុយអានសៀវភៅដែលនាងចូលចិត្ត ក៉ំបង្ខំនាងឲ្យទៅហាលថ្ងៃអង្គុយមើលអ្នកលេងបាល់អី ។ បន្ទាប់ពីលេងបាល់ងូតទឹកឲ្យស្អាត រួចនាំនាងទៅញ៉ាំអាហារដែលអ្នកនឹងនាងចូលចិត្តទៅ ។

នៅតែពាក្យដដែល គុណភាពល្អជាងបរិមាណ ។

 

ក៉ំយករឿងតូចតាចមកនិយាយ

នៅត្រង់នេះការនិយាយការពិតគឺជារឿងត្រឹមត្រូវ ក៉ំគិតថាវាគ្រាន់តែជារឿងតូចតាច រឿងតូចតាចនេះកាន់តែច្រើនក្នុងការចងចាំរបស់អ្នក វានឹងក្លាយជារឿងធំ ។ ដូច្នេះទាន់វានៅតូច លើកវាមកនិយាយជាមួយនឹងដៃគូ ថាយើងមិនពេញចិត្តត្រង់ណា ចង់ឲ្យគេជួយបែបណា ចង់ឲ្យគេធ្វើបែបណា ឲ្យហើយទៅ បើសិនជាអ្នកទាំង ២ ពិតជាស្រលាញ់គ្នាមែនអ្នកនឹងរកដំណោះស្រាយបានមិនខាន ។

ឧទាហរណ៍ថា ៖ អ្នកមានអារម្មណ៍ថានឿយហត់ព្រោះមកពីធ្វើការមិនទាន់បានសម្រាក ផងក៏ត្រូវដាំបាយធ្វើម្ហូប បន្ទាប់មកក៏ត្រូវលើកចានទៅលាងតែម្នាក់ឯងទៀតខណៈដែលប្ដីរបស់អ្នកដេកមើលទូរទស្សន៍ធ្វើប្រងើយ ។ បើសិនជាអ្នកលាក់យូរៗទៅអ្នកនឹងមានអារម្មណ៍ថាកាន់តែហត់ កាន់តែធុញ​ទ្រាន់ ហើយនៅពេលទ្រាំលែងបានអ្នកនឹងនិយាយចេញមកជាមួយនឹងអារម្មណ៍ខឹងសប្បារ ហើយអ្នកនឹងលើកយករឿងរ៉ាវជាច្រើនទៀតដែលលាក់ក្នុងចិត្តមកនិយាយក្នុងពេលជាមួយគ្នា ហើយវានឹងបង្ករជាជម្លោះដ៏ខ្លាំងខ្លា។

ប៉ុន្តែបើសិនជាអ្នកនិយាយវាចេញមកខណៈពេលរឿងរ៉ាងនៅតូច អ្នកទាំងពីរនឹងអាចរកដំណោះស្រាយបានបើសិនជាអ្នកទាំងពីរពិតជាស្រលាញ់គ្នាដូចជា ប្រពន្ធធ្វើម្ហូបប្ដីទៅងូតទឹកសម្រាក់បន្តិច ពេលធ្វើរួចប្រពន្ធត្រូវទៅងូតទឹកនឹងសម្រាក់ម្ដង ប្ដីជាអ្នករៀបចំតុបាយ ដួសម្ហូបលើកដាក់តុ និង ដួសបាយ រងចាំប្រពន្ធរួចរាល់នឹងញ៉ាំជ៉ំគ្នា បន្ទាប់ពីញ៉ាំរួចប្ដីជួយលើកចានដែលប្រឡាក់ទៅកន្លែងលាង ប្រពន្ធជាអ្នកលាងជាដើម។

ត្រូវយកកូនជាសំខាន់

ការបីបាច់ចិញ្ចឹមកូនគឺជាការតព្វកិច្ចរបស់ឪពុកម្ដាយ ហើយក្នុងនាមអ្នកជាឪពុកម្ដាយត្រូវធ្វើយ៉ាងណាឲ្យកូនៗរបស់អ្នកមានសេចក្ដីសុខ និងសុភមង្គល តាមតែអាចធ្វើទៅបាន ប៉ុន្តែសូមក៉ំភ្លេចពីសេចក្ដីសុខរបស់ខ្លួនឯងឲ្យសោះ ។ ពេលខ្លះគួរតែចំណាយពេលស្វែងរកសេចក្ដីសុខជាមួយនឹងប្ដីប្រពន្ធរបស់អ្នក អាចមួយអាទិត្យម្ដង ឬ មួយខែម្ដងទៅ ២ដង ធ្វើដូចជាបទចម្រៀងមួយរបស់ ADDA គឺ ពីរនាក់បានហើយ នោះអី ។

នៅពេលដែលភ្លេចគិតពិសេចក្ដីសុខខ្លួន ឯងនិងប្ដីប្រពន្ធរបស់អ្នក ភាពស្និតស្នាលរវាងអ្នកទាំង ២ និងត្រូវបាត់បង់បន្តិចម្ដងៗ ដូចដែលយើងឃើញក្នុងសង្គមជាក់ស្ដែងខ្លះហើយ ពេលមិនទាន់មានកូនស្រលាញ់គ្នាស្ទើរលេប ពេលមានកូនហើយស្រាប់តែប្ដី ឬ ប្រពន្ធ លួចទាក់ទងអ្នកដទៃ ក៉ំបន្ទោសទៅលើបញ្ហាសម្រស់ចុះអន់ថយ គេមានគេក្រ គេស្អាតជាង ត្រូវបន្ទោសថាអ្នកទាំងពីរបាត់បង់ភាពស្និតស្នាល គ្មានភាពស្និតស្នាលអ្នកទាំងពីរប្រៀបដូចជាអ្នកដទៃអីញ្ចឹង ។ ប៉ុន្តែមិនមែនគ្រប់អំពើផិតក្បត់កើតឡើងដោយសារតែបញ្ហានេះនោះទេ ពេលខ្លះគឺកើតឡើងដោយសារតែចារឹតបុគ្គល។

ជាចុងក្រោយ អ្វីដែលខ្ញ៉ំចង់ផ្ដល់ដំបូន្មានទៅកាន់អ្នកទាំងអស់គ្នានោះគឺ គ្មានវិធីសាស្ត្រអ្វីដែលល្អបំផុតក្នុងការធ្វើឲ្យគ្រួសារមានសុភមង្គលជាងការផ្តល់ក្ដីស្រលាញ់ ចេះអធ្យាស្រ័យ និង យកចិត្តទុកដាក់គ្នានោះទេ ៕

ឯកសារយោង ៖ Brightside.me
ប្រែសម្រួលដោយ ៖ បរិញ្ញា (ចង់ដឹង)

SHARE