ប្រសិន​បើ​អ្នក​ជា​​អ្នក​ដឹក​នាំ​ក្រុម វា​មិន​ងាយ​ស្រួល​ទេ​ក្នុង​ការ​​​ធ្វើ​អោយ​​ក្រុម​របស់​អ្នក​មាន​អារម្មណ៍​ថា​ មាន​លើក​ទឹក​ចិត្ត​ពេញ។ នៅ​ពេល​ដែល​ភាព​​ជឿ​​ជាក់​​របស់​​និយោជិក​​​បាន​​រសាយ និយោជិក​​នឹង​មាន​អារម្មណ៍​ថា​ ហត់នឿយ និង​ធុញ​ថប់។ វា​មិន​ងាយ​ស្រួល​ទេ ដែល​អ្នក​គិត​ថា​អ្នកតែង​​តែ​នឹង​បាន​ធ្វើ​ការ​នៅ​ក្នុង​បរិយាកាស​មួយ​ដែល​មាន​សន្តិ​ភាព​រហូត​នោះ។

​ពេល​ខ្លះ​នៅ​ក្នុង​ក្រុម​មាន​ភាព​សប្បាយ​ ពេល​ខ្លះក៏​មាន​ការ​ទាស់​គ្នា​ជា​ដើម។ នៅ​ពេល​ដែល​អ្នក​គិត​ថា​ ក្រុម​របស់​អ្នក​ចាប់​ផ្តើម​មាន​ចំហាយ​ក្តៅ​ក្រហាយ​ហើយ (​មានរឿង) តើ​អ្នក​នឹង​ធ្វើ​យ៉ាងណា?​ តើ​អ្នក​គិត​ថា​ អ្នក​នឹង​ធ្វើ​ដូច​ម្តេច​ដើម្បី​អោយ​បរិយាកាស​ស្រស់​ស្រាយ​ឡើង​វិញ?

នេះ​ជា​វិធី​៤យ៉ាង ដើម្បី​កែ​ខៃ​អោយ​និយោជិក​របស់​អ្នក​ មាន​អារម្មណ៍​ថា​​លើក​ទឹកចិត្ត​ឡើង​វិញៈ

១. ការ​ពង្រឹង​ទំនាក់​ទំនង​របស់​ក្រុម ៖

សាក​ស្រមៃ​ទៅ​មើល​ ប្រសិន​បើ​ក្រុម​របស់​អ្នក​មិន​ស្គាល់​គ្នា។ សមាជិក​ខ្លះ​ ប្រហែល​ជា​ទុក​គំនិត​របស់​គេ​ នៅ​តែ​ក្នុង​ចិត្តគេ​ហ្នឹង។ ប្រសិន​បើ​រឹត​តែ​អាក្រក់​​នោះ ពួកគេ​ប្រហែល​​ជា​ទៅ​ជា​គិត​អាក្រក់​ ហើយ​រិះ​គន់​ទៅ​លើ​សមាជិក​ដទៃ​ទៀត​ដែល​មានគំនិត​ខុស​ពី​គេ​ទៀត​។ ក្នុង​នាម​ជា​មេ​ក្រុម គោល​ដៅ​របស់​អ្នក​គឺ បង្កើត​បរិយាកាស​ការងារ​​ដែល​ សមាជិក​នីមួយ​ៗ​អាច​ធ្វើ​ការ​ទំនាក់​ទំនង​ ក្នុង​ការ​ផ្លាស់​ប្តូរ​យោបល់​គ្នា​ដោយ​មាន​ប្រសិទ្ធិ​ភាព។ វិធី​ដែល​ល្អ​បំផុត​នោះ គឺ​ជ្រើស​រើស​យក​ អ្វី​មួយ​ដែល​សមាជិក​ក្នុង​ក្រុម​មាន​ចំណូលចិត្ត​ដូចគ្នា ដូចនេះ​ ពួកគេ​អាច​ស្គាល់​ និង​យល់​ពី​គ្នា។

“In union there is strength.” – Aesop

២. កុំ​លំអៀង​និង​រើសអើង ៖

ប្រសិន​បើ​​អ្នក​ជា​មេ​ដឹក​នាំ​ក្រុម ហើយ​​អ្នក​អ្នក​មាន​ភាព​លំអៀង​លើ​សមាជិក​ម្នាក់​ក្នុង​ក្រុម នោះ​អ្នក​ខ្លួនឯង​ជា​អ្នក​ធ្វើ​អោយ​ ការ​លើក​ទឹកចិត្ត​នៅ​ក្នុង​ក្រុម​ក៏​មាន​ភាព​លំអៀង​តាម​នោះ​ដែរ។ សាក​គិត​ទៅ​មើល​ បើ​អ្នក​ខិត​ខំ​ធ្វើការ​ដូចគ្នា ហើយ​មាន​តែ​មនុស្ស​​ ម្នាក់​ ឬ​ពីរ​នាក់​ទទួល​បាន​ការ​សរសើរ តើ​អ្នក​នឹង​មាន​អារម្មណ៏​យ៉ាងណា? អ្នក​ប្រាកដ​ជា​បាក់​ទឹកចិត្ត មិន​មាន​​អារម្មណ៍​ចង់​ធ្វើវា​ត​ទៅមុខ​ទៀត​ទេ។ កូន​ក្រុម​អ្នក​ក៏​ដូច​គ្នា។

ម៉្យាង​ទៀត កុំ​រើស​អើង​លើ​កូន​ក្រុម​របស់​អ្នក។ “ការ​ងារ​ណា​ដែល​ពិបាក​ៗ រុញ​អោយ​តែ​ម្នាក់​ហ្នឹង​ធ្វើ​បានហើយ។ ការ​ងារ​ណា​ល្អ ទុក​អោយ​សំណព្វ​ចិត្ត​ធ្វើការ” ​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​ រើស​អើង​សមាជិក​ក្រុម​ហើយ ពេលនោះ​ជា​ពេល​ដែល​ក្រុម​របស់​អ្នក​នឹង​រលាយ។

៣.​ ទំនួល​ខុសត្រូវ​ និង​សេរីភាព ៖

ជា​អ្នក​ដឹក​នាំ អ្នក​ត្រូវ​​មាន​ទំនួល​ខុស​ត្រូវ។ តែ​កូន​ក្រុម​របស់​អ្នក​ ក៏​ដូច​គ្នា។ អ្នក​ត្រូវ​បែង​ចែក​ទំនួល​ខុស​ត្រូវ​ទៅ​អោយ​ពួក​គេ។ តែ​ចាំ​ថា មិន​មែន​បែង​ចែក​ការ​ងារ​ហើយ​ វា​ចប់​ទេ។ អ្នក​ត្រូវ​ចេះ​ សួរ​នាំ​កូន​ក្រុម​ ថា​ការងារ​បាន​ទៅ​ដល់​ណា​ហើយ ចេះ​ជួយ​ណែ​នាំ​ពេល​គេ​ប្រសិន​បើ​​គេ​មិន​យល់។ ​កុំ​និយាយ​ពាក្យ​ថា “​មេ​ក្រុម មិន​មែន​ជា​ព្រះ​ដែល​ត្រាស់​ដឹង​ថា កូន​ក្រុម​ចេះ​ឬ​មិន​ចេះ​ត្រង់​ណា​ទេ​ បើ​ពួក​គេ​មិន​សួរ​នោះ​”។​ អ្នក​ជាអ្នក​ដឹក​នាំ​ក្រុម អ្នក​ត្រូវ​ចេះស្វែង​យល់​ពី​សមាជិក​ក្រុម

អ្នក​មិន​មែន​ជា​ព្រះ តែ​អ្នក​ជា​ អ្នក​ដឹក​នាំ

You are not a GOD, but you are a LEADER!

​អ្នក​ធ្វើ​ការ​គ្រប់​គ្រង​ ​មិន​ត្រឹម​តែ​ផ្តល់​អោយ​កូន​ក្រុម​នូវ​ទំនួល​ខុស​ត្រូវ​ ​អ្នក​ត្រូវ​ផ្តល់​នូវ​សេរី​ភាព​ដល់​ពួកគេ។ ន័យ​របស់​សេរី​ភាព​នេះ គឺ​មានន័យ​ថា​ សេរីភាព​ ក្នុង​ការ​បញ្ចេញ​យោបល់ និង​គំនិត​ក្នុង​ការ​ធ្វើ​ការ​ងារ​ អោយ​បាន​ល្អ​ប្រសើរ។ ទទួល​និង​ស្តាប់​យោបល់​របស់​ពួក​គេ ហើយ​មាន​ការ​តប​ទៅ​វិញ ដើម្បី​អោយ​ក្រុម​របស់​អ្នកមាន​ការ​រីក​ចំរើន។

៤. ការ​ទទួលស្គាល់ និង​ការ​លើក​ចិត្ត​ទឹក ៖

ពិត​ណា ការ​ទទួល​ស្គាល់​របស់​អ្នក​ជា​មេដឹក​នាំ វា​ធ្វើ​អោយ​កូន​ក្រុម​របស់​អ្នក​មាន​ទឹក​ចិត្ត។ ប្រសិន​បើ​កូន​ក្រុម​របស់​អ្នក​ខិត​ខំ​ធ្វើការ​ងារ​អោយ​ទាន់​ពេល​កំណត់ (ដោយ​មិន​គិត​យប់​ថ្ងៃ​នោះ) អ្នក​គួរ​ផ្តល់​ជា​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ទៅ​ពួកគេ សរសើរ​ និង អរគុណ​ពួកគេ។ និយាយ​ថា “​ការងារ​នេះ​ល្អ​ណាស់” ឬ “​ធ្វើ​បានល្អណាស់” ឬថា “អរគុណ​ច្រើន​សំរាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក”។ ក្នុង​ករណី ដែល​ការងារ​មិនបាន​សម្រេច​ដូច​គោលដៅ​ក៏ដោយ ក៏​អ្នក​ ជា​អ្នក​ដឹកនាំ ត្រូវ​និ​យាយ​ពាក្យ​ណា​ដែល​ជា​ពាក្យ​ដែល​ប្រើ​ក្នុង​ន័យ​ស្ថាបនា​ កុំ​ស្តី​បន្ទោស។

មាន​ក្រុម​ហ៊ុន​ខ្លះ ប្រសិន​បើ​និយោជិក​ធ្វើ​ការងារ​បាន​ល្អ គេ​នឹង​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ ជា​សាច់ប្រាក់ បន្ថែម​លើ​ការ​សរសើរ។ ខ្លះ​ទទួល​បាន​ការ​ដំឡើង​តូនាទី ខ្លះ​ទៀត​ទទួល​បាន​ជា​ការ​ដើរ​កំសាន្ត​ ឯ​ខ្លះ​ទៀត​បាន​ជា​រង្វាន់​ផ្សេង​ៗ​ ដូច​ជា​ឡាន​ ឬម៉ូតូ​ជា​ដើម​។​
ដោយ ៖ ដានីន

Loading...
SHARE