តំបន់ ៥១ ឬ Area 51 គឺជាគោលដៅអាថ៌កំបាំងមួយដែលគេបានចាត់ទុកថាជាតំបន់លាក់ទុកនូវអាថ៌កំបាំងនៃមនុស្សក្រៅភព នៅអាមេរិកអស់ជាច្រើនទសវត្សមកហើយ ។ តំបន់នោះគឺមូលដ្ឋានយោធាដាច់ស្រយាលមួយស្ថិតនៅវាលខ្សាច់នៃរដ្ឋណេវ៉ាដា ។ មានការជជែកវែកញែកជាច្រើនជ៉ំវិញបញ្ហាមួយនេះ អ្នកខ្លះបានប៉ានស្មានថា តបន់ ៥១ ជាកន្លែងលាក់ទុកនូវថាសហោះ និង មនុស្សក្រៅភព ជាពិសេសធ្វើការលាក់នូវព័ត៌មាននៃវត្តមានមនុស្សក្រៅភពនៅលើផែនដី ។

 

តើហេតុអ្វីបានជាគេគិតថាទីនោះជាតំបន់ដែលមានវត្តមានថាសហោះមនុស្សក្រៅភព ហើយវាជាការពិតឬយ៉ាងណា ? បើចង់ដឹង នេះជាគឺចម្លើយ ៖

នៅដើមទស្សវត្សឆ្នាំ ១៩៥០ យន្តហោះអាមេរិកបានធ្វើបេសកកម្មហោះស៉ើបការណ៍នៅរយៈកំពស់ទាបលើសហភាពសូវៀត ប៉ុន្តែអាមេរិកព្រួបារម្ភថាការធ្វើដូចនេះ និងធ្វើឲ្យសូវៀតមើលឃើញ នឹងបាញ់យន្តហោះនោះទម្លាក់ ។

ដូច្នោះហើយនៅឆ្នាំ ១៩៥៤ ប្រធានាធិបតីសហរដ្ឋអាមេរិកជំនាន់ទី ៣៤ លោក Dwight D. Eisenhower ក៏បានអនុញ្ញាតិឲ្យមានការផលិតយន្តហោះស៉ើបការដែលមានសមត្ថភាពខ្ពស់មួយក្រោមគម្រោង Dubbed Project Aquatone ។ ប៉ុន្តែវាទាមទារ ទីតាំងដាច់ស្រយាលមួយដែលមិនងាយមានជនស៊ីវិលឬអ្នកស៊ើបការណ៍ចូលទៅដល់ ដូចនេះហើយ Area 51 ក៏បានក្លាយជាកន្លែងដ៏សាកសមបំផុត។

តំបន់នោះវាស្ថិតនៅក្នុងវាលខ្សាច់នៃរដ្ឋ Nevada នៅជិតនឹងស្រែអំបិលមួយហៅថា Groom Lake ។  គ្មាននរណាម្នាក់ដឹងច្បាស់អំពីមូលហេតុដែលវាត្រូវបានគេហៅថាតំបន់ ៥១  នោះទេ ប៉ុន្តែមានការអះអាងមួយ បានលើកឡើងថាមកពីវានៅជាប់នឹងតំបន់សាកល្បងនុយក្លេអ៊ែរ Nevada ។ ទីតាំងនេះគឺជាទឹកដីដែលគេធ្លាប់បានស្គាល់រួចទៅហើយសម្រាប់ពួកយោធា ពីព្រោះវាធ្លាប់ទីតាំងសម្រាប់បាញ់កាំភ្លើងកាលពីសង្គ្រាមលោកលើកទី 2 ។

នៅរដូវក្ដៅក្នុងឆ្នាំ ១៩៥៥ មានការរាយការណ៍ថា មានវត្ថុដែលគេមិនស្គាល់អត្តសញ្ញាណមួយបានបង្ហាញវត្តមាននៅក្នុងតំបន់នោះ ដែលការពិតនោះគឺជាការការហោះសាកល្បងយន្តហោះ U-2 ដែលវាអាចហោះនៅរយៈកំពស់រហូតដល់ទៅជាង 18 គីឡូម៉ែត្រ ខណៈដែលយន្តហោះធម្មតាអាចហោះត្រឹមកំពស់ ៣ ទៅ ៦ គីឡូម៉ែត្រតែប៉ុណ្ណោះ ។ ហេតុដូចនេះហើយអ្នកត្រួតពិនិត្យដែនអាកាសមិនអាចមើលឃើញថាវាគឺជាអ្វីឲ្យប្រាកដនោះទេ ហេតុដូចនេះហើយគេក៏នាំគ្នាគិតថានោះប្រហែលជាថាហោះមនុស្សក្រៅភព ចំណែកឯខាងយោធាក៏មិនអាចប្រាប់ការពិតទៅសាធារណៈជនថានោះជា U-2 ដែរ ព្រោះវាជាការសំងាត់ ហេតុដូចនេះហើយគេបានត្រឹមតែពន្យល់ថា “វាគ្រាន់តែជាបាតុភូតុធម្មជាតិតែប៉ុណ្ណោះ” ។

ការធ្វើតេស្តសាកល្បង U-2 ក៏ត្រូវបានបញ្ចប់នៅចុងទស្សវត្សឆ្នាំ ១៩៥០ (ប្រហែល ឆ្នាំ ១៩៥៧ ទៅ ៥៩) ប៉ុន្តែតំបន់ ៥១ នៅតែបន្តជាកន្លែងសម្រាប់ការធ្វើតេស្តសាកល្បង យន្តហោះជាច្រើនទៀតដូចជា F-117A, A-12 និង TACIT BLUE ជាដើម ។

គ្មាននរណាម្នាក់អាចដឹងច្បាស់ពីតំបន់ ៥១ នេះទេ ដោយសាររដ្ឋាភិបាលមិនដែលបានទទួលស្គាល់ជាសាធារណៈថាមានវត្តមាននៃមូលដ្ឋានមួយនេះទេ រហូតដល់ឆ្នាំ ២០១៣ ទើបរបាយការណ៍មួយរបស់ CIA ត្រូវបានទំលាយជាសាធារណៈថាពិតជាមានតំបន់ ៥១ នេះមែន ៕

ប្រភព ៖ Businessinsider

Loading...
SHARE