បច្ចុប្បន្ននេះរឿង Captian Marvel កំពុងតែមានភាពល្បីល្បាញជាខ្លាំង ប៉ុន្តែតើអ្នកមានដឹងទេថាអ្នកស្ទើរតែមិនអាចមើលរឿងនេះដែលផលិតដោយ Marvel បាន ពីព្រោះតែ Marvel បានប្រថុយយ៉ាងខ្លាំងជាមួយនឹងរឿង Iron Man ។

Robert Downey Jr និង Jeff Bridges ក្នុងរឿង Iron Man

កាលពីឆ្នាំ ១៩៩៦ ក្រុមហ៊ុន Marvel បានដាក់ពាក្យក្ស័យធន់ ដែលធ្វើឲ្យគ្រប់គ្នាពិបាកនឹងជឿណាស់ថាក្រុមហ៊ុនយក្សមួយនេះអាចក្ស័យធន់បានដោយរបៀបណានោះ ។

នៅចន្លោះទសវត្សរ៍ទី 90 ដល់កំឡុងឆ្នាំ 2000 គឺជាពេលវេលាដ៏លំបាកមួយសម្រាប់ Marvel ដោយសារតែហេតុនេះហើយ Marvel បានរក្សាភាពមិនច្បាស់លាស់ពីការគ្រប់គ្រងអាជ្ញាប័ណ្ណតួអង្គល្បីល្បាញរបស់ខ្លួន ហើយនេះជាមូលហេតុដែល Sony គ្រប់គ្រង Spider-Man ចំណែក X-Men និង Fantastic Four បានស្ថិតនៅជាមួយក្រុមហ៊ុន 20th Century Fox អស់ជាច្រើនឆ្នាំមកហើយ ហើយសូម្បីតែ Iron Man ក៏ស្ទើរតែរបូតពីដៃរបស់ Marvel ផងដែរ  ។

ប៉ុន្តែដោយមើលឃើញថាភាពជោគជ័យរបស់ Spider-Man និង X-Men ហាក់មិនសូវផ្តល់ផលច្រើនដល់ខ្លួន , Marvel ក៏សម្រេចចិត្តប្រថុយមួយក្ដាធំ ផលិតរឿង Iron Man ដោយខ្លួនឯងវិញ ប៉ុន្តែបញ្ហាចម្បងនោះគឺពួកគេគ្មានប្រាក់គ្រប់គ្រាន់នោះទេ ។ ដោយសារតែបែបនេះហើយ Marvel បានចុះកុងត្រាជាមួយក្រុមហ៊ុនហិរញ្ញវត្ថុយក្ស Merrill Lynch សម្រាប់ប្រាក់កម្ចីចំនួន 525 លានដុល្លារ ។ វត្ថុបញ្ចាំដែលក្រុមហ៊ុននេះបានដាក់សម្រាប់ប្រាក់កម្ចីនោះគឺជាសិទ្ធិគ្រប់គ្រងតួអង្គធំ ៗ 10 របស់ខ្លួនរួមមាន Ant-Man, Black Panther, Doctor Strange, Captain America និងសមាជិក Avengers មួយចំនួនទៀត ។

Robert Downey Jr ក្នុងរឿង Iron Man

ដូចនេះហើយ Iron Man ក៏បានក្លាយជាខ្សែភាពយន្តដំបូងរបស់ចក្រវាល Marvel (MCU) ហើយក្រុមហ៊ុនមួយនេះបានព្យាយាមអស់ពីលទ្ធភាពក្នុងការផលិតខ្សែភាពយន្តមួយនេះយ៉ាងល្អឥតខ្ជោះ ។ ជាលទ្ធផលការប្រថុយមួយក្ដាធំនេះទទួលបានជោគជ័យ ដោយវាបានទទួលភាពល្បីល្បាញជាខ្លាំង ដែលបានរកចំណូលយ៉ាងច្រើនក្រាស់ក្រែលឲ្យ Marvel រហូតដល់ក្រុមហ៊ុននេះអាចទាញយកសិទ្ធិគ្រប់គ្រងតួអង្គសំខាន់ៗជាច្រើនរបស់ខ្លួនមកវិញ ដែលធ្វើឲ្យខ្សែភាពយន្ត MCU ជាច្រើនបង្ហាញវត្តមានបន្តបន្ទាប់ ដូចជា The Incredible Hulk , Thor Captian America , Avenger រហូតដល់ Captian Marvel ក្នុងពេលបច្ចុប្បន្ន ក៏ដូចជា Avenger Eng Games ក្នុងពេលឆាប់ៗខាងមុខនេះ ។

សាកស្រមៃទៅមើល បើសិនជា Iron Man មិនបានបានទទួលភាពជោគជ័យ តើចក្រវាល Marvel នឹងក្លាយជាបែបណា ? តើវាអាចនឹងល្អដូចជា Marvel ធ្វើសព្វថ្ងៃនេះដែរឬទេ ?

ប្រភព​ ៖ esquire

SHARE