កម្មវិធីដែលយើងពេញនិយមហៅថាAppជាផ្នែកមួយសំខាន់របស់ស្មាតហ្វូន។ ប្រសិនបើប្រើទូរស័ព្ទស្មាតហ្វូន ទំនើបឆ្លាតវៃប៉ុន្តែមិនមានAppដែលផ្តល់អត្ថប្រយោជន៍ព្រមទាំងសម្រួលដល់ការរស់នៅប្រចាំថ្ងៃនោះ វាហាក់ដូចជាអ្នកកាន់ទូរស័ព្ទចុចពិលប៉ុណ្ណោះ។

សម្រាប់អ្នករស់នៅក្នុងសម័យបច្ចេកវិទ្យាទាន់សម័យ ទាំងអស់គ្នាប្រាកដជាបានទាញយកAppជាច្រើនដែលផ្តល់ទាំងការកម្សាន្ត ការបំពេញការងារ ការសិក្សារជាដើម។មិនតែប៉ុណ្ណោះកម្មវិធីដែលចង់ដឹងនឹងណែនាំខាងក្រោម ក៏បានមកពីបទពិសោធន៍និងការពេញនិយមសម្រាប់អ្នកភ្នំពេញផងដែរ ដូច្នេះផ្ទៀតផ្ទាត់មើលថាAppណាខ្លះដែលអ្នកមានហើយ ហើយកម្មវិធីណាដែលគិតថាគួរតែទាញយក៖

បញ្ជាក់៖ អត្ថបទនេះមិនមែនSponsorឡើយ ចង់ដឹងគ្រាន់តែចែករំលែកឈ្មោះកម្មវិធីឬសេវាកម្មចំៗប៉ុណ្ណោះ។

១. PassApp ឬ Grab៖ កម្មវីធីហៅតាក់ស៊ីឬ កង់បីនេះ ប្រហែលជាមាន៩នាក់ក្នុងចំណោម១០ហើយដែលមានវាក្នុងទូរស័ព្ទដើម្បីទុកហៅមធ្យោបាយធ្វើដំណើរ ដោយសារតែវាងាយស្រួលនិងមិនចាំបាច់តថ្លៃឡើយ។

២.Bookmebus៖ កម្មវីធីកក់សំបុត្រឡានក្រុងទៅតាមខេត្តឬមកភ្នំពេញវិញដោយងាយស្រួល ព្រោះវាមានក្រុមហ៊ុនស្ទើរទាំងអស់នៅស្រុកខ្មែរ ហើយក៏មានតារាងពេលវេលាអោយយើងរើស ព្រមទាំងពេលខ្លះមានប្រម៉ូសិនបញ្ចុះតម្លៃទៀតផង។

៣.Stop Near Me៖ ចោលមិនបានចំពោះAppនេះសម្រាប់អ្នករស់នៅភ្នំពេញហើយចង់ជិះឡានក្រុងសាធារណៈ ដោយមិនចង់បើកឡាន ម៉ូតូផ្ទាល់ខ្លួន។ Stop Near Meនឹងបង្ហាញចំណតឡានក្រុងក្បែរអ្នកព្រមទាំងប្រាប់ពីខ្សែរធ្វើដំណើរផងដែរ។

៤.Daycost៖ មានជម្រើសជាច្រើនដែលអាចកត់ត្រាចំណូល ចំណាយប្រចាំថ្ងៃបាន ប៉ុន្តែDaycostអាចកត់ជាប្រាក់រៀល ហើយមានCategoryច្រើន Freeទៀតផង។

៥.App ធនាគារ៖ ដោយសារតែធនាគារក្នុងស្រុកភាគច្រើនមានAppផ្ទាល់ខ្លួនក្នុងការធ្វើប្រតិបត្តការនិងគ្រប់គ្រងសាច់ប្រាក់ក្នុងគណនីរបស់អ្នក ដូច្នេះទាំងអស់គ្នាអាចទាញយកAppរបស់ធនាគារដែលអ្នកកំពុងប្រើរៀងៗខ្លួន។

៦.Khmer Calendar៖ ប្រតិទិនជាភាសាខ្មែរ មានទាំងចន្ទគតិ និងសុរិយគតិធ្វើអោយគ្រប់គ្នាងាយស្រួល ឆែកមើលថ្ងៃឈប់សម្រាកក្នុងប្រទេសបានដោយស្រួល។

៧.Cambodia Driving Rules៖ រៀនពីស្លាកសញ្ញាចរាចរណ៍ផ្សេងៗ និងច្បាប់ធ្វើអោយយើងមានទំនុកចិត្តថាលែងធ្វើជាម៉ូយប៉ូលីសញឹកញាប់ដូចមុន។

 

SHARE