នេះពិតជាប្រភេទសេវាកម្មបម្រើអតិថិជនដែលកម្ររកបានមែន! អតិថិជនរបស់ AliExpress ម្នាក់បានស្នើសុំឱ្យអ្នកលក់តាមអនឡាញបង្ហាញនូវរូបភាពពិតៗនៃរ៉ូបដែលខ្លួនចង់បាន ជាជាងរូបដែលដាក់បង្ហោះនៅក្នុងPage ដើម្បីលក់។ បន្ទាប់ពីទទួលបានសំណើនេះ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នកលក់នៃ Shop739960 Store បានធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយការផ្ញើរូបថតរបស់គាត់ស្លៀកបង្ហាញនូវរ៉ូបដែលនាងចង់ឃើញ និងចង់ទិញ។ រូបភាពដើមរបស់បុរសស្លៀករ៉ូបបង្ហាញគំរូដល់អតិថិជននេះត្រូវបានបង្ហោះនៅក្នុងក្រុមហ្វេសប៊ុកដែលមានឈ្មោះថា “ALIEXPRESS AND EBAY LOVERS” ដោយឈ្មោះ Andreea Patriche ប៉ុន្តែត្រូវបានយកមកបង្ហោះឡើងវិញនៅលើ Reddit ។

យោងតាមការចុះផ្សាយរបស់ Daily Mail អតិថិជនបានកំពុងស្វែងរកនៅលើ AliExpress នូវជម្រើសសំលៀកបំពាក់លក្ខណៈផ្លូវការ និងសម្រាប់កម្មវិធីពេលល្ងាច ពីប្រទេសចិន ដែលមានតម្លៃទាបប្រហែល ១០១ ដុល្លារអាមេរិក ប៉ុន្តែបានជួបរឿងគួរឱ្យភ្ញាក់ផ្អើលពីអ្នកលក់។ អ្នកទិញបានសរសេរបង្ហោះថា «ខ្ញុំបានរកហាងដែលលក់រ៉ូប និងសំលៀកបំពាក់សម្រាប់អាពាហ៍ពិពាហ៍ ហើយបានស្នើសុំមើលរូបភាពរ៉ូបពិតៗ ជាជាងរូបបង្ហោះនៅក្នុងស្តុក។ បន្ទាប់មកអ្នកលក់ដែលជាបុរសក៏ផ្ញើរូបថតទាំងនេះមកខ្ញុំ (រូបដែលបុរសអ្នកលក់ស្លៀកបង្ហាញដោយផ្ទាល់)។»

គួរបញ្ជាក់ថា អ្នកលក់តាមអនឡាញដែលជាបុរសនេះបានស្លៀករ៉ូបជាច្រើនម៉ូត និងច្រើនពណ៌ដើម្បីបង្ហាញដល់អ្នកទិញ ។

ប្រភព៖ World of Buzz

SHARE