ក្រុមហ៊ុនជាច្រើនកំពុងបង្ហាញពីផែនការប្រកបដោយមហិច្ឆតារបស់ខ្លួនលើពិភព 5G ។ នាសប្តាហ៍នេះនៅ CES ដែលជាសន្និបាតបច្ចេកវិទ្យាប្រចាំឆ្នាំនៅទីក្រុង Las Vegas មានការបង្ហាញពីសក្តានុពលនៃល្បឿនអ៊ិនធឺណិតក្នុងពេលខាងមុខ ។ អ៊ិនធឺណិត 5G គឺជាប្រធានបទសំខាន់នៅក្នុងសន្និបាតនេះ ដោយក្នុងនោះ 5G អាចធ្វើឱ្យដំណើរការបង្ហោះវេបសាយ ការទាញយកបទចម្រៀង និងខ្សែភាពយន្ដលឿនជាង 4G យ៉ាងហោចណាស់ ១០ដង។ នៅក្នុងសន្និបាត CES ក្រុមហ៊ុន Verizon បានរៀបរាប់លំអិតអំពីរបៀបដែល 5G នឹងផ្ទេរទិន្នន័យក្នុងល្បឿនលឿនបំផុត។ កាលពីឆ្នាំមុន ក្រុមហ៊ុន Verizon បាននាំមកនូវបច្ចេកវិទ្យាដែលមានទម្រង់ដូចបច្ចេកវិទ្យា Wireless 5G ទៅកាន់បណ្តាទីក្រុងជាច្រើននៅសហរដ្ឋអាមេរិក។ ក្នុងនោះ 5G Home​ Router របស់ក្រុមហ៊ុន Verizon បានបំលែង 5G signal ជា Wi-Fi សម្រាប់ប្រើប្រាស់ក្នុងផ្ទះរបស់អតិថិជន ប៉ុន្តែទម្រង់ 5G នោះមិនមែនជាទម្រង់ចល័តដូចពេលនេះទេ ដូចនេះហើយទូរស័ព្ទស្មាតហ្វូន និង cellular devices មិនទាន់អាចប្រើ 5G នោះ នៅឡើយទេ។

ក្នុងសន្និបាតនេះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក HS Kim បាននិយាយថា 5G នឹងត្រូវបានភ្ជាប់គ្នាជាមួយនឹងការបង្កើតថ្មីក្នុង Artificial Intelligence និង Internet of Things ។ ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនបានបង្ហាញពីរបៀបដែលបច្ចេកវិទ្យាទាំងនេះអាចភ្ជាប់ជាមួយនឹងរថយន្ត។

ក្រុមហ៊ុនផលិត Chip​ ឈ្មោះ Qualcomm វិញ បានបង្ហាញពីអ្វីដែល 5G អាចធ្វើបាននៅលើទូរស័ព្ទស្មាតហ្វូន និង VR​ headset ។ អនុប្រធានទីផ្សាររបស់ក្រុមហ៊ុន Qualcomm លោក Pete Lancia បានប្រាប់សារព័ត៌មាន CNN ថា «យើងមើលឃើញថា 5G គឺជាជំហានដ៏ធំបំផុត។​ 3G បាននាំមកនូវអ៊ិនធឺណិតសម្រាប់ទូរស័ព្ទ ហើយ 4G បានធ្វើឱ្យក្រុមហ៊ុនចល័តដូចជា Uber និង SnapChat អភិវឌ្ឍន៍ឡើង។ ដូចនេះ 5G នឹងមានឥទ្ធិពលខ្លាំងជាងនេះទៅទៀត។»

ក្នុងសន្និបាតនេះដដែល ក្រុមហ៊ុន Intel បានបង្ហាញពីរបៀបដែល 5G អាចធ្វើឱ្យក្រាហ្វិកវីដេអូហ្គេមកាន់តែល្អជាងមុននៅលើ Laptop ។ នៅក្នុង CES ក៏មានតាំងបង្ហាញនូវឧបករណ៍ចល័ត 5G មួយចំនួនផងដែរ ប៉ុន្តែពួកវាពុំទាន់មានវត្តមាននៅលើទីផ្សារអាមេរិកបច្ចុប្បន្ននោះទេ ឧទាហរណ៍ ស្មាតហ្វូនគំរូ 5G របស់ក្រុមហ៊ុន Samsung ។ ក្រុមហ៊ុន Qualcomm ក៏បានបង្ហាញផងដែរនូវឧបករណ៍ 5G ដែលត្រូវបានបង្កើតឡើងសម្រាប់ទីផ្សារប្រទេសចិន។

ទោះបីជាសក្តានុពលរបស់ 5G ជាការពិភាក្សាដ៏សំខាន់មួយនៅក្នុងព្រឹត្តការណ៍នាឆ្នាំនេះក៏ដោយ វានៅត្រូវការពេលវេលាទៀតដើម្បីចេញជារូបរាងពិតប្រាកដ។ រហូតដល់ឆ្នាំ ២០២០ គេមិនរំពឹងថានឹងចាប់ផ្តើមជំនួស 4G នៅសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែក្រុមហ៊ុនមួយចំនួនដូចជា Verizon, Sprint និង AT & T មានគម្រោងដាក់ចេញនូវ 5G smartphones នៅឆ្នាំនេះ។

ប្រភព៖ CNN Business

SHARE