ផ្លូវរថភ្លើងល្បឿនលឿន (High-speed rail- HSR) គឺជាការដឹកជញ្ជូនតាមផ្លូវដែកដែលធ្វើដំណើរក្នុងល្បឿនដ៏លឿន។ រថភ្លើងល្បឿនលឿនដំបូងគេចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ១៩៦៤ ក្នុងប្រទេសជប៉ុន។ បន្ទាប់ពីនោះមក ផ្លូវរថភ្លើងល្បឿនលឿនក៏មានច្រើនឡើងៗ និងមាននៅក្នុងបណ្តាប្រទេសផ្សេងៗទៀតក្រៅពីជប៉ុនផងដែរ ហើយខាងក្រោមនេះ ជាប្រទេសទាំង ៥ ដែលមានផ្លូវរថភ្លើងល្បឿនលឿនច្រើនជាងគេ។

ប្រទេសចិន

ផ្លូវរថភ្លើងល្បឿនលឿននៅចិនមានប្រវែងសរុប ២៥.០០០គីឡូម៉ែត្រ ដែលស្មើនឹងប្រហែល២ភាគ៣ នៃផ្លូវរថភ្លើងល្បឿនលឿនក្នុងពិភពលោកដែលកំពុងដំណើរការ។ ក្រុមហ៊ុន China Railway Corporation គ្រប់គ្រងភាគច្រើននៃរថភ្លើងល្បឿនលឿនក្រោមឈ្មោះថា CRH (China Railway High-speed)។

ប្រទេសអេស្ប៉ាញ

ផ្លូវរថភ្លើងល្បឿនលឿននៅអេស្ប៉ាញត្រូវបានគេស្គាល់ថា​ AVE (“Alta Velocidad Espanola” ដែលមានន័យថាល្បឿនលឿន) ហើយបណ្តាញផ្លូវរថភ្លើងនេះមានប្រវែង ៣.១០០ គីឡូម៉ែត្រ​ គិតត្រឹមខែសីហា ឆ្នាំ២០១៧ ដែលជាប្រវែងវែងបំផុតនៅអឺរ៉ុប និងលំដាប់ទី២ក្នុងពិភពលោក។

ប្រទេសអាល្លឺម៉ង់

ការសាងសង់បណ្តាញផ្លូវរថភ្លើងល្បឿនលឿននៅអាល្លឺម៉ង់ចាប់ផ្តើមបន្ទាប់ពី​ផ្លូវរថភ្លើងនៅបារំាង ហើយជើងធ្វើដំណើរដំបូងគឺនៅថ្ងៃទី២ មិថុនា ១៩៩១ ពី Hamburg ទៅ Altona។ ផ្លូវរថភ្លើងល្បឿនលឿនដែលមានឈ្មោះថា ICE របស់អាល្លឺម៉ង់នេះ គឺរួមបញ្ចូលជាមួយផ្លូវរថភ្លើងចាស់ៗដែលមានស្រាប់ ហើយមានប្រវែង ៣.០៣៨ គីឡូម៉ែត្រ និងអាចភ្ជាប់ទៅកាន់ប្រទេសស្វីស និងប៊ែលហ្សិកផងដែរ។

ប្រទេសជប៉ុន

រថភ្លើងល្បឿនលឿន «Shinkansen» របស់ជប៉ុនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Japan railways group ប្រហែល ៥ ក្រុមហ៊ុន រួមទាំង Tokaido Shinkansen។ ផ្លូវរថភ្លើងល្បឿនលឿនរបស់ Tokaido Shinkansen មានប្រវែងប្រមាណ ២.៧៦៥ គីឡូម៉ែត្រ។

ប្រទេសបារំាង

ផ្លូវរថភ្លើងល្បឿនលឿនរបស់បារំាងមានឈ្មោះថា TGV (train a grande vitesse) ដែលគ្រប់គ្រងដោយ French national society of railways ។ បច្ចុប្បន្ន TGV មានផ្លូវប្រវែងប្រមាណ ២.៦៤៧ គីឡូម៉ែត្រ ហើយភ្ជាប់ទៅកាន់ប្រទេសផ្សេងៗដោយផ្ទាល់ដូចជា ប្រទេសស្វីស អាល្លឺម៉ង់ លុចហ្សំបួរ អេស្ប៉ាញ និងអ៊ីតាលី។

ក្រៅពីនេះមានប្រទេសស៊ុយអែត(១.៧០៦ គីឡូម៉ែត្រ) ប្រទេសអង់គ្លេស(១.៣៧៧ គីឡូម៉ែត្រ) ប្រទេសអ៊ីតាលី(១.៣៥០ គីឡូម៉ែត្រ) ប្រទេសកូរ៉េខាងត្បូង(១.០៤៨ គីឡូម៉ែត្រ) និងប្រទេសទួរគី (៧៤៥ គីឡូម៉ែត្រ)។

ប្រភព៖ Worldatlas

Loading...
SHARE