បើនិយាយពីប្រទេសកូរ៉េខាងត្បូង មនុស្សភាគច្រើនប្រាកដជាស្គាល់ ព្រោះថាផលិតផលរបស់ប្រទេសនេះត្រូវបានប្រើយ៉ាងទូលំទូលាយនៅកម្ពុជា និងពិភពលោក ហើយម្យ៉ាងទៀតតារា K-pop របស់កូរ៉េខាងត្បូង ក៏មានភាពល្បីល្បាញខ្លាំងមិនធម្មតាដែរ។ យ៉ាងណាក៏ដោយ បើនិយាយពីចំណុចពិសេសរបស់ប្រទេសមួយនេះ គេប្រហែលមិនសូវដឹង ឬដឹងមិនបានទូលំទូលាយនោះទេ ជាក់ស្តែងដូចជា ចំណុច១០យ៉ាងដែលកូរ៉េខាងត្បូងហាក់ពូកែ ឬធ្វើបានល្អជាងប្រទេសនានាខាងក្រោមនេះ។

  1. សង្គមដែលប្រជាជនប្រើទូរស័ព្ទច្រើនបំផុត

កូរ៉េខាងត្បូងប្រៀបដូចជាសង្គមក្នុងពេលអនាគត ដោយក្នុងនោះគិតត្រឹមឆ្នាំ២០១៣ ការប្រើប្រាស់អ៊ិនធឺណិតនៅក្នុងប្រទេសមាន ៨២,៧% ដែលជាអត្រាខ្ពស់មួយនៅលើពិភពលោក ហើយ ៧៨,៥% នៃប្រជាជនទាំងអស់ប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ឬស្មាតហ្វូន។ ក្នុងនោះ ក្នុងចំណោមយុវជនអាយុពី ១៨ ទៅ ២៤ ឆ្នាំ ចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនមានរហូតដល់ ៩៧,៧%។ ពួកគេប្រើទូរស័ព្ទជជែកគ្នាក្នុងកម្មវិធីផ្ញើសារដូចជា Naver Line ឬ Kakao Talk បង់ប្រាក់នៅតាមហាងនានា មើលទូរទស្សន៍ (ផ្សាយបន្តផ្ទាល់) និងស្កេនកូដ QR នៅតាមបណ្តាផ្សារទំនើប។ ក្រៅពីនេះ កូរ៉េខាងត្បូងក៏មានក្រុមហ៊ុនទូរស័ព្ទ Samsung ដ៏ធំផងដែរ។

2. ការប្រើប្រាស់ក្រេឌីតកាត (Credit Card)

យោងតាមទិន្នន័យពីធនាគារកូរ៉េ ជនជាតិកូរ៉េខាងត្បូងបានក្លាយជាអ្នកប្រើប្រាស់ Credit Card ធំបំផុតនៅលើពិភពលោកកាល។ ជាក់ស្តែង នៅឆ្នាំ២០១១ ខណៈដែលប្រជាជនអាមេរិកធ្វើប្រតិបត្តិការ Credit Card ចំនួន ៧៧,៩ ក្នុងម្នាក់នោះ ប្រជាជនកូរ៉េខាងត្បូងធ្វើប្រតិបត្តិការ Credit Card ចំនួន ១២៩,៧ ក្នុងម្នាក់។ មិនថាតម្លៃទំនិញទាបប៉ុណ្ណានោះទេ អ្នកលក់ ឬហាងនៅក្នុងប្រទេសកូរ៉េខាងត្បូងមិនអាចបដិសេធទទួល Credit Card ឡើយ ហើយរថយន្តតាក់ស៊ីទាំងអស់គឺសុទ្ធតែមានម៉ាស៊ីន Credit Card។

3. ការវក់នឹងធ្វើការងារ

ប្រទេសកូរ៉េខាងត្បូងមានកម្រិតអប់រំខ្ពស់ ដោយក្នុងនោះ ៩៨% នៃប្រជាជនបានបញ្ចប់មធ្យមសិក្សា ហើយ ៦៣% បានបញ្ចប់មហាវិទ្យាល័យ។ នៅពេលដែលពួកគេចូលធ្វើការងារ ពួកគេមានទម្លាប់មួយគឺវក់នឹងការធ្វើការងារ។ នៅតាមទីក្រុងក្នុងប្រទេសកូរ៉េ អ្នកនឹងអាចឃើញភ្លើងបំភ្លឺនៅក្នុងអគារការិយាល័យធ្វើជាច្រើននៅភ្លឺរហូតដល់យប់ ព្រោះតែបុគ្គលិកនៅធ្វើការ។ យោងតាមទិន្នន័យឆ្នាំ២០១២ របស់ក្រសួងយុទ្ធសាស្ត្រនិងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង ប្រជាជនកូរ៉េធ្វើការ ៤៤,៦ម៉ោងក្នុងមួយសប្តាហ៍ ហើយយោងតាមការសិក្សាមួយដែលបានចេញផ្សាយនៅខែសីហាឆ្នាំ២០១៤ ប្រជាជននៅទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) ដូចគ្នានឹងប្រជាជននៅទីក្រុងតូក្យូ (ជប៉ុន) គឺជាប្រជាជនដែលដេកបានតិចបំផុតធៀបនឹងប្រជាជននៅតាមបណ្តាទីក្រុងធំៗផ្សេងនៅលើពិភពលោក ពោលគឺដេកបានតិចជាង ៦ម៉ោងក្នុងមួយយប់។

4. ការជួបជុំផឹកស៊ីក្រោយការងារ

នៅបន្ទាប់ពីធ្វើការ ជនជាតិកូរ៉េភាគច្រើនជួបជុំគ្នាផឹកស៊ី ដើម្បីអបអរការងារ ឬបំបាត់ទុក្ខកង្វល់។ ខណៈដែលមានក្រុមហ៊ុនឈានមុខជាច្រើនកំពុងព្យាយាមទប់ស្កាត់វប្បធម៌ផឹកស៊ីក្រោយការងារ គេនៅតែឃើញមានចាហ្វាយជាច្រើននាំក្រុមការងារជួបជុំផឹកស៊ីស្រា Soju ស្រា Beer ឬស្រា Whiskey ដដែល។ អ្នកដែលមិនចូលរួមត្រូវចាត់ទុកថាឈ្លើយ ឬធុញទ្រាន់នឹងក្រុម។ តាមរយៈនេះ ស្រា Jinro soju បានក្លាយជាស្រាលក់ដាច់បំផុតនៅកូរ៉េ។

5. ការផលិតផលិតផលគ្រឿងសំអាង

នៅពេលនិយាយពីការតុបតែងមុខ និងគ្រឿងសំអាង គេប្រាកដជានឹកដល់ប្រទេសកូរ៉េខាងត្បូង ដែលតែងតែបង្កើតនូវផលិតផលថ្មីៗរហូតឥតឈប់ឈរ ដោយក្នុងនោះកូរ៉េតែងរកឃើញនូវគ្រឿងផ្សំបង្កើតគ្រឿងសំអាងថ្មីៗ និងល្អៗ និងវិធីប្រើប្រាស់។ បុរសកូរ៉េភាគច្រើនក៏យកចិត្តទុកដាក់លើសម្ផស្ស និងប្រើប្រាស់ផលិតផលថែរក្សាស្បែកដូចជា BB Cream ផងដែរ។ កូរ៉េខាងត្បូងគឺជាទីផ្សារធំបំផុតសម្រាប់គ្រឿងសំអាងបុរស ដោយបុរសកូរ៉េទិញគ្រឿងសំអាងសម្រាប់បុរសក្នុងចំណែកមួយភាគបួននៃផលិតផលគ្រឿងសំអាងបុរសក្នុងពិភពលោក ពោលគឺប្រហែល ៩០០លានដុល្លារក្នុងមួយឆ្នាំ នេះបើយោងតាម Euromonitor ។

6. កីឡាករវាយកូនហ្គោលជានារី

ក្នុងចំណោមកីឡាការិនីវាយកូនហ្គោលចំនួន ១០០នាក់ក្នុងពិភពលោក មាន ៣៨ នាក់ហើយជាជនជាតិកូរ៉េខាងត្បូង ហើយក៏មានកីឡាការិនីវាយកូនហ្គោលជនជាតិកូរ៉េជាច្រើនស្ថិតនៅក្នុងលំដាប់កំពូល ឬក្នុងចំណោមកីឡាករវាយកូនហ្គោលលំដាប់កំពូលនៃពិភពលោកផងដែរ។

7. Starcraft

ចាប់តាំងពីហ្គេមនេះត្រូវបានដាក់ចេញនៅក្នុងឆ្នាំ១៩៩៨ ស្ទើរតែពាក់កណ្តាលនៃហ្គេមនេះត្រូវបានលក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះក្មេងប្រុស ក្មេងស្រី បុរស និងស្ត្រីកូរ៉េជាច្រើនដាច់យប់ព្រោះលេងហ្គេមនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានជាតិ ១៤% នៃប្រជាជនកូរ៉េដែលមានអាយុពី ៩ ទៅ ១២ឆ្នាំ ញៀននឹងអ៊ីនធឺណិត និងការលេងហ្គេម។ ដូចនេះហើយ រដ្ឋាភិបាលបានព្យាយាមទប់ស្កាប់មិនឱ្យប្រជាជនអាយុ ១៦ឆ្នាំ និងក្រោមនេះ ចូលទៅក្នុងវេបសាយហ្គេម តាមរយៈការដាក់ចេញនូវបម្រាម ប៉ុន្តែបម្រាមនេះមិនត្រូវបានអើពើឡើយ ។

8. អ្នកបម្រើការលើយន្តហោះ

អ្នកបម្រើការលើយន្តហោះមកពីក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោកបានមកមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េដើម្បីរៀនពីកិច្ចការនេះ ព្រោះថាអ្នកដែលធ្លាប់ជិះយន្តហោះក្រុមហ៊ុនអាកាសចរណ៍កូរ៉េ តែងតែអួតសរសើរពីសេវាកម្មដែលបម្រើដោយអាកាសចរណ៍កូរ៉េ រួមជាមួយនិងស្នាមញញឹម និងការស្វាគមន៍។

9. ការណាត់ជួបដែលដៃគូណាត់ជួបមិនធ្លាប់ស្គាល់ពីមុនមក (Blind Dates)

យោងតាមទិន្នន័យរបស់ក្រុមហ៊ុនផ្គូផ្គង ឬរៀបចំការណាត់ជួបដែលធំបំផុតរបស់កូរ៉េខាងត្បូងឈ្មោះ Duo បានឱ្យដឹងថា រយៈពេលជាមធ្យមនៃទំនាក់ទំនងរវាងអ្នកដែលធ្វើការណាត់ជួបបែបនេះ រាប់ចាប់ពីពេលជួបគ្នាដំបូងដល់រៀបអាពាហ៍ពិពាហ៍គឺមានរយៈពេលប្រមាណ ១០,២ខែ សម្រាប់អ្នកធ្វើការ។ តាមការស្ទង់មតិតរបស់ក្រុមហ៊ុននេះដដែល អ្នកធ្វើការងារដែលនៅលីវគឺចាប់អារម្មណ៍ខ្លាំងចំពោះការណាត់ជួបបែបនេះ ដោយនិយាយថា ជាធម្មតាពួកគេធ្វើការណាត់ជួបបែបនេះពីរដងក្នុងមួយសប្តាហ៍។ គួរបញ្ជាក់ថា មានក្រុមហ៊ុនរៀបចំការណាត់ជួបបែបនេះចំនួន ២.៥០០ក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េខាងត្បូង។

10. ការវះកាត់កែសម្ផស្ស

មិនថាផ្នែកណានៃរាងកាយនោះទេ គ្រូពេទ្យកែសម្ផស្សនៅកូរ៉េខាងត្បូងនឹងអាចធ្វើឱ្យស្អាតបាន។ ជនជាតិរុស្ស៊ី ចិន ម៉ុងហ្គោលី និងជប៉ុនជាច្រើនធ្វើដំណើរទៅកាន់កូរ៉េខាងត្បូងដើម្បីវះកាត់កែសម្ផស្ស​ ព្រោះនៅទីនេះមិនត្រឹមតែមានគ្រូពេទ្យជំនាញៗប៉ុណ្ណោះទេ តម្លៃក៏សមរម្យផងដែរ។

ប្រភព៖ CNN

Loading...
SHARE