បើនិយាយពីរថយន្តអគ្គិសនី ភាគច្រើនយើងតែងតែគិតដល់ក្រុមហ៊ុន Telsa ពីព្រោះតែក្រុមហ៊ុនមួយនេះបានផលិតរថយន្តអគ្គិសនីដែលមានរូបរាងស្រស់ស្អាត ទំនើប និង មានគុណភាពខ្ពស់ ហើយកាលពីពេលថ្មីនេះក្រុមហ៊ុននេះក៏ទើបតែបញ្ចេញនូវរថយន្តដែលមិនចាំបាច់មានមនុស្សបើកផងដែរ។

ប៉ុន្តែ Telsa មិនសូវជាផ្ដោតសំខាន់ទៅលើល្បឿនប៉ុន្មាននោះទេ ដោយក្រុមហ៊ុនគ្រាន់តែផលិតនូវរថយន្តដែលមានល្បឿនប្រហាក់ប្រហែលជាមួយនឹងរថយន្តធម្មតា ដែលធ្វើឲ្យវាមិនអាចប្រជែងជាមួយនឹងរថយន្តស្ព័រល្បឿនលឿនមួយចំនួនដូចជា Lamborghini, Bugatti,  McLaren ឬ Ferrari ជាដើម។

អីញ្ចឹងមានន័យថា រថយន្តអគ្គិសនីមិនអាចប្រជែងល្បឿនជាមួយនឹងរថយន្តស្ព័រប្រើប្រាស់ម៉ាស៊ីនប្រើប្រាស់ចំហេះឥន្ធនៈបានទេ ?

មិនពិតទេ ការពិតទៅថយន្តស្ព័រទាំងនោះកំពុងតែបុកពោះ និងបះសក់ជាមួយនឹងរថយន្តអគ្គិសនីចំនួន ៥ ម៉ូឌែល ដែលនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ។ ចង់ដឹងទេរថយន្តអគ្គិសនីទាំង ៥ នោះជារបស់ក្រុមហ៊ុនណា ឈ្មោះអ្វី លឿនយ៉ាងណា និង រូបរាងស្រស់ស្អាតបែបណា តោះទស្សនាទាំងអស់គ្នា ៖

រថយន្ត Nio EP9

Nio EP9 គឺជារថយន្តរបស់ក្រុមហ៊ុន Nio ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដែលទើបតែបង្កើតឡើងកាលពីឆ្នាំ ២០១៤ តែប៉ុណ្ណោះ ។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Nio EP9 អាចបើកបរក្នុងល្បឿនលឿនបំផុតរហូតដល់ 194 mph ឬជាង 315 Km/h ចំណែកឯសន្ទុះរបស់វាវិញគឺត្រឹមតែ 2.7 វិនាទី វាអាចបង្កើនល្បឿនរហូតដល់ទៅ 100 Km/h។

រូបរាងបែបហ្នឹង កម្លាំងខ្លាំងបែបហ្នឹង សាកទាយទៅមើលថាវាមានតម្លៃប្រហែលប៉ុន្មាន ?

តម្លៃរបស់វាគឺ 1.48 លានដុល្លារសហរដ្ឋអាមេរិក ហើយរថយន្តនេះត្រូវបានផលិតក្នុងចំនួនមានកំណត់ប៉ុណ្ណោះ (ត្រៀមលុយឲ្យហើយទៅប្រយ័ត្នទិញមិនទាន់គេ) ។

Trezor

ចំណែកឯរថយន្ត Trezor នេះវិញបើគ្រាន់តែអានឈ្មោះអ្នកប្រហែលជាអាស្មានបានទៅហើយថាជារថយន្តរបស់ប្រទេសណា វាគឺជារថយន្តដែលផលិតដោយក្រុមហ៊ុន Renault ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីមួយរបស់បារាំង ។

Trezor ជាប្រភេទរថយន្តអគ្គិសនីមួយដែលក្រុមហ៊ុនបានបញ្ជាក់ថា មានកម្លាំងម៉ាស៊ីនរហូតដល់ទៅ 350 សេះ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ពីល្បឿនលឿនបំផុតរបស់វានោះទេ គ្រាន់តែបញ្ជាក់បន្ថែមពីសន្ទុះរបស់វាគឺ អាចបង្កើនល្បឿនរហូតដល់ 100 Km/h ក្នុងរយៈពេលតិចជាង ៤ វិនាទី។

ប៉ុន្តែចំពោះតម្លៃ និង ចំនួនដែលផលិតចេញមក ក្រុមហ៊ុន Renault បានប្រាប់ថាសូមលាក់សិន ។

Mercedes-Maybach 6

គ្រាន់គ្រាន់ Brand ប្រិយមិត្តប្រាកដជាញាក់សាច់បាត់ទៅហើយ Maybac 6 គឺជារថយន្ត ប្រេនប្រេន ដែលវាជាផលិតផលរបស់ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង និងជាក្រុមហ៊ុនកំពូលមួយក្នុងពិភពលោកគឺ Mercedes ។

Maybach 6 ត្រូវបានក្រុមហ៊ុនប្រាប់ឲ្យដឹងថា អាមួយហ្នឹងអាចមានល្បឿនលឿបំផុតរហូតដល់ 249 Km/h និងអាចបង្កើនល្បឿនរហូតដល់ទៅជិត 100 Km/h ដោយចំណាយពេលតិចជាង ៤ វិនាទី ។ ក្រុមហ៊ុនក៏បានបញ្ជក់ផងដែរថា សាកថាមពលត្រឹមតែ ៥ នាទីអាចជិះបានរហូតដល់ទៅ 100 km ។

Concept_One (ឈ្មោះបណ្ដោះអាសន្ន)

បើនិយាយពីក្រុមហ៊ុនដែលផលិតរថយន្តនេះប្រិយមិត្តតិចណាស់ដែលស្គាល់វា មានតែអ្នកចូលចិត្តតាមដានព័ត៌មានទាក់ទងនឹងរថយន្តប៉ុណ្ណោះដែលបានស្គាល់ខ្លះៗអំពីក្រុមហ៊ុននេះ វាគឺជាក្រុមហ៊ុនរបស់ប្រទេសក្រូអាត ដែលមានឈ្មោះថា  Rimac ។ កាលពីព្រឹត្តិការណ៍តាំងបង្ហាញរថយន្តដែលមានឈ្មោះថា Geneva Motor Show កាលពីពេលខែមិនាកន្លងទៅនេះ Rimac បានដាក់បង្ហាញរថយន្តគំរូរបស់ខ្លួនដែលមិនទាន់មានឈ្មោះជាផ្លូវការនៅឡើង ដោយក្រុមហ៊ុននេះបានដាក់ឈ្មោះបណ្ដោះអាសន្នថា Concept_One ។

Concept_One ត្រូវបានក្រុមហ៊ុនបញ្ជាក់ថាមានកម្លាំងម៉ាស៊ីនរហូតដល់ 1070 សេះ និងមានល្បឿនលឿនបំផុត 355 Km/h និងចំណាយពេលត្រឹមតែ 2.6 វិនាទីអាចបង្កើនល្បឿនរហូតដល់ 100 km/h ។

Chevy Corvette

ចំណែកឯក្រុមហ៊ុន Chevrolet ក៏មានរថយន្តអគ្គិសនីមហាលឿនផងដែរ វាមានឈ្មោះថា Chevy Corvette ។ រថយន្តមួយនេះធ្លាប់បានបំបែកឯកទកម្មពិភពលោកជារថយន្តមានល្បឿនលឿនជាងគេបំផុតក្នុងលោក ដោយល្បឿនរបស់វាអាចឈានរហូតដល់ 330 Km/h  ។ ប៉ុន្តែបច្ចុប្បន្នវាមិនដូច្នោះទេ ដោយសារតែ Concept_One របស់ក្រុមហ៊ុន Rimac បានយកឈ្នះក្នុងល្បឿន 355 Km/h។

ប្រភព ៖ businessinsider

Loading...
SHARE