ក្នុងរយៈកាលរាប់ពាន់ឆ្នាំ មានប្រទេសនិងប្រជាជាតិច្រើនរាប់មិនអស់ដែលបានលេចរូបរាងឡើង និងបានរលាយបាត់ទៅវិញក្នុងប្រវត្តិសាស្ត្រ។ ក្នុងចំណោមនោះ មានប្រទេសមួយចំនួនដែលមានប្រវត្តិសាស្រ្តយូរអង្វែងជាងគេ ពោលគឺអាចរាប់បានថា ជាប្រទេសដែលកកើតមុនគេនៅលើផែនដីយើង។ បើទោះបីជាវាច្បាស់លាស់ ១០០%ក៏ដោយ បណ្តាប្រទេសខាងក្រោមនេះ អាចចាត់ទុកបានថាបានកកើតមុនគេ ឬមានវ័យចំណាស់ជាងគេនៅលើពិភពលោក។

ប្រទេសក្រិក

ក្រិកត្រូវបានគេស្គាល់ជាយូរមកហើយ ជាពិសេសនៅក្នុងការសិក្សាពីប្រវត្តិសាស្រ្តពិភពលោក។ អរិយធម៌ក្រិចជាអរិយធម៌មួយនាសម័យបុរាណ និងជាអរិយធម៌ជឿនលឿនដំបូងគេនៅអឺរ៉ុប ដែលបានរីកដុះដាលឡើងតាំងពីប្រហែលឆ្នាំ ៣.២០០ មុនគ.ស ហើយទីក្រុងអាថែនគឺជាប្រព័ន្ធប្រជាធិបតេយ្យទីមួយរបស់ពិភពលោកនៅឆ្នាំ ៥០៨ មុនគ.ស។

ប្រទេសចិន

ប្រទេសចិនគឺជាអរិយធម៌ដ៏អស្ចារ្យមួយនាសម័យបុរាណផងដែរ ដោយក្នុងនោះគេបានរុករកឃើញសំណល់ដែលបញ្ជាក់ពីវត្តមាននៃរាជវង្សទីមួយរបស់ចិននាសម័យបុរាណ ខណៈដែលពីមុនមកគេធ្លាប់ជឿថា រាជវង្សនេះប្រៀបដូចជាទេវកថា។ រាជវង្សទីមួយបានបង្កើតនូវប្រព័ន្ធអក្សរដែលជាឬសគល់នៃអក្សរចិនសម័យទំនើប។ រាជវង្សសាងបានគ្រប់គ្រងប្រទេសពីសតវត្សទី១៧ ដល់សតវត្សទី១១ មុនគ.ស។ ចំណែករាជវង្សហានដែលបានគ្រប់គ្រងពីឆ្នាំ ២០៦ រហូតដល់ឆ្នាំ ២២០ មុនគ.ស បានពង្រឹងនិងបង្រួបបង្រួមចិន ហើយបង្កើតគ្រឹះវប្បធម៌ចិន។

ប្រទេសព័រទុយហ្គាល់

បើគិតពីកាលបរិច្ឆេទកកើតនៃរដ្ឋនេះគឺមិនយូរប៉ុន្មានទេ ប៉ុន្តែប្រទេសនេះមានស្ថេរភាពព្រំដែនជាងគេនៅអឺរ៉ុប ខណៈដែលប្រទេសនៅទ្វីបអ៊ឺរ៉ុបមានការប្រែប្រួលព្រំដែនឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូររបបគ្រប់គ្រង។ ម្យ៉ាងទៀត​ ប្រទេសនេះក៏ស្ថិតក្នុងចំណោមប្រទេសជួរមុខនៃ Age of Discovery ផងដែរ។

ប្រទេសបារំាង

មិនថាគេតាមដានពីការកកើតឡើងនៃប្រទេសបារាំងដោយគិតចាប់ពីការបែងចែកចក្រភព Charlemagne’s Holy Roman Empire (‘Francia’) ជាបី នៅឆ្នាំ ៨៤៣ នៃគ.ស ឬគិតចាប់ពីការចូលគ្រងរាជបល្ល័ង្ករបស់ស្ដេច Clovis នៅឆ្នាំ ៤៨១ នៃគ.ស នោះទេ ប្រទេសបារំាងនៅតែជាប្រទេសដែលបានកកើតជាយូរមកហើយ។

អាម៉ានី (Armenia)

ដូចជនជាតិជ្វីហ្វ (Jewish)ដែរ ជនជាតិអាម៉ានី (Armenia) គឺជាប្រជាជាតិដែលត្រូវបានគេស្គាល់ជាយូរមកហើយ។ យ៉ាងណាក៏ដោយ ជនជាតិអាម៉ានីបានកាន់កាប់ប្រទេសមួយអស់រយៈពេលជិត ២.៦០០ ឆ្នាំ ដោយមានការលើកឡើងដំបូងពីប្រជាជាតិអាម៉ានី នៅសតវត្សទី ៦ មុនគ.ស ហើយទីក្រុង Yerevan ដែលបច្ចុប្បន្នជារដ្ឋធានីរបស់អាម៉ានីនោះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ៧៨២ មុនគ.ស។

ប្រទេសជប៉ុន

ជប៉ុនបានអះអាងថា ប្រទេសខ្លួនត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ៦៦០ មុនគ.ស ដោយអធិរាជ Jimmu នេះបើយោងតាមទេវកថា។ ដោយឡែក កំណត់ត្រាមួយរបស់ចិនបានបញ្ជាក់ពីអត្ថិភាពរបស់ជប៉ុននៅសតវត្សទី ៣ នៃគ.ស។ ព្រះពុទ្ធសាសនាបានរីករាលដាលទៅកាន់ប្រទេសជប៉ុនភ្លាមៗបន្ទាប់ពីនោះ ហើយប្រទេសនេះបានបង្កើតទំនៀមទំលាប់អក្សរនៅសតវត្សទី៨។

ប្រទេសអ៊ីរ៉ង់

ទោះបីប្រទេសអ៊ីរ៉ង់ត្រូវបានគេទទួលស្គាល់ពីអត្ថិភាពនៃប្រទេសនៅដើមសតវត្សទី១៦ ក៏ដោយ ក៏តំបន់នេះមានអរិយធម៌ និងប្រវត្តិសាស្រ្តដ៏យូរអង្វែងនៅក្នុងពិភពលោក។ អរិយធម៌ Bronze Age Elamite ស្ថិតក្នុងចំណោមអរិយធម៌ដំបូងគេដែលបានបង្កើតអក្សររូបនៅសហសវត្សទី៣ មុនគ.ស ហើយក្រុម Proto-Iranian បានចូលទៅក្នុងតំបន់នេះនៅសហវត្សទី២ មុនគ.ស។ អាណាចក្រ Achaemenid ដែលមានតាំងពីឆ្នាំ ៥៥០-៣៣០ មុនគ.ស គឺជាចក្រភពដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តសម័យបុរាណ។

សាន់ ម៉ារីណូ (San Marino)

សាន់ម៉ារីណូ គឺជាប្រទេសតូចបំផុតលំដាប់ទី៣នៅក្នុងទ្វីបអឺរ៉ុប ប៉ុន្តែក៏ជាប្រទេសដែលមានអាយុកាលចាស់បំផុតនៅលើពិភពលោកផងដែរ ដោយប្រទេសនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ៣០១នៃគ.ស។

ប្រទេសអេត្យូពី (Ethiopia)

ផូស៊ីលសម័យបុរាណជាច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសអេត្យូពីនេះ។ ប្រទេសនេះមានរាជវង្សផ្សេងៗជាច្រើន ចាប់តាំងពីសហវត្សទី២ មុនគ.ស។ អ្វីដែលសំខាន់នោះ ប្រទេសអេត្យូពីគឺជាប្រទេសអាហ្វ្រិកតែមួយគត់ដែលមិនធ្លាប់ស្ថិតក្រោមអាណានិគមនៃប្រទេសអ៊ឺរ៉ុប ព្រោះប្រជាជនគេអាចកម្ចាត់កម្លាំងឈ្លានពានទាំងអស់បាន។ នៅពេលដែលអង្គការសង្គមប្រជាជាតិត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី១ នោះ ប្រទេសអេត្យូពីគឺជាប្រទេសអាហ្វ្រិកឯករាជ្យតែមួយគត់ដែលជាសមាជិកនៃអង្គការនេះ។

ប្រទេសអេហ្ស៊ីប

រាជវង្សអេហ្ស៊ីបដើមដំបូងបានកកើតតាំងពីសម័យសហស្សវត្សទី៦ មុនគ.ស ហើយប្រព័ន្ធអក្សរដ៏ចំណាស់របសប្រទេសនេះ មានតាំងពីប្រហែលឆ្នាំ ៣.២០០ មុនគ.ស។ ស្តេច Menes បានបង្កើតអាណាចក្ររួបរួមដំបូងនៅប្រហែលឆ្នាំ ៣.១៥០ មុនគ.ស។

ប្រភព៖ Culture trip

Loading...
SHARE