ភ្លើងសញ្ញាចរាចរណ៍មានការវិវត្តន៍ប្រែប្រួលរហូតតាំងពីសម័យមុន ដល់បច្ចុប្បន្ន ហើយតែងតែវិវត្តន៍ទៅតាមបច្ចេកវិទ្យាទំនើប ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់មនុស្សនៅតាមដងផ្លូវ។ គួរបញ្ជាក់ថា ភ្លើងសញ្ញាចរាចរណ៍ដំបូងបំផុតរបស់ពិភពលោកគឺត្រូវបានដាក់នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស កាលពីខែធ្នូ ឆ្នាំ១៨៦៨ ដែលខុសប្លែកពីភ្លើងសញ្ញានាពេលបច្ចុប្បន្ន។ ដោយឡែក សម្រាប់ភ្លើងសញ្ញាដែលនឹងបង្ហាញខាងក្រោមនេះ គឺពិតជាពិសេសខ្លាំង ហើយប្រហែលជាអាចជួយបង្កើនសុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវ។

  1. ភ្លើងសញ្ញាក្នុងពេលអនាគតតាមគំនិតរបស់ Arinin Evgeny

អ្នកឌីហ្សាញរុស្ស៊ីលោក Arinin Evgeny បានបង្ហាញនូវភ្លើងសញ្ញាចរាចរណ៍នេះកាលពីឆ្នាំ២០១៧ ដែលមានលក្ខណៈខុសប្លែកពីភ្លើងសញ្ញាទូទៅនាពេលសព្វថ្ងៃ។ វាមានរូបរាង និងសញ្ញាច្បាស់លាស់ដើម្បី កុំឱ្យអ្នកបើកបរមានភាពមិនច្បាស់លាស់លើភ្លើងសញ្ញាចរាចរណ៍។ ភ្លើងសញ្ញាទាំងនេះមានបន្ថែមនូវលក្ខណៈសិល្បៈផងដែរ។

2. ភ្លើងសញ្ញាបែបឆ្នូតៗ

ភ្លើងសញ្ញា​ Mobious Strip Lamp ដែលត្រូវបានរចនាដោយ​ Kisung Lee នេះគឺពិតជាមានលក្ខណៈស្រស់ឆើត និងបញ្ចេញពន្លឺស្អាត។ វាមិនត្រឹមតែជាភ្លើងសញ្ញាចរាចរណ៍ប៉ុណ្ណោះទេ តែថែមទាំងជាភ្លើងបំភ្លឺដងផ្លូវដ៏ស្រស់ស្អាតផងដែរ។ វាក៏មានបង្ហាញនូវពេលកំណត់រាប់ថយក្រោយ។

3. ការរចនាភ្លើងសញ្ញារបស់ Chilean

គោលបំណងនៃការបង្កើតភ្លើងសញ្ញាចរាចរណ៍នេះ គឺជំនួសភ្លើងសញ្ញាចរាចរណ៍ទូទៅ ដោយភ្លើងសញ្ញាឆ្លាតវៃ (Smart Traffic Lights)។ ក្រៅពីបំពេញមុខងារជាភ្លើងសញ្ញាចរាចរណ៍ដោយប្រើប្រាស់ពន្លឺ LED វាក៏បង្ហាញឱ្យអ្នកបើកបរដឹងនូវកម្រិតល្បឿនកំណត់ ស្ថានភាពផ្លូវ និងព័ត៌មានស្តីពីអាកាសធាតុផងដែរ។ ភ្លើងសញ្ញាចរាចរណ៍នេះក៏មាន Sensor ដើម្បីផ្តល់អាទិភាពដល់រថយន្តសង្រ្គោះបន្ទាន់នៅកន្លែងផ្លូវឆ្លងកាត់ ឬផ្លូវប្រសព្វផងដែរ។

4. ភ្លើងសញ្ញា UNISignal

ភ្លើងសញ្ញានេះជួយសម្រួលដល់អ្នកមានបញ្ហាងងឹតពណ៌ ដែលមិនអាចបែងចែកដាច់រវាងពណ៌ក្រហម និងពណ៌បៃតង។ ដូចនេះ ពួកគេនឹងលែងមានភាពមិនច្បាស់លាស់ថាតើ ពេលណាគួរឈប់ ពេលណាគួរទៅមុខទៀតហើយ។

5. ភ្លើងសញ្ញាដែលជួយកាត់បន្ថយការបញ្ចេញឧស្ម័នក្នុងទីក្រុង

ភ្លើងសញ្ញានេះមានឈ្មោះថា EkoLight ដែលបេសកកម្មរបស់វាគឺជួយកាត់បន្ថយការបញ្ឆេះរថយន្តចោលក្នុងអំឡុងពេលឈប់រង់ចាំនៅពេលភ្លើងសញ្ញាពណ៌ក្រហម។ ក្នុងនោះ វាអាចឱ្យអ្នកបើកបរដឹងនូវរយៈពេលដែលត្រូវរង់ចាំ ដើម្បីឱ្យពួកគេអាចពន្លត់យានយន្តសិន ។

6. ភ្លើងសញ្ញារបស់ IBM

ភ្លើងសញ្ញានេះកាន់តែពិសេសជាងភ្លើងសញ្ញា Eko Stoplight ប៉ុន្តែវាអាចគ្រប់គ្រងលើម៉ាស៊ីនយានយន្តរបស់អ្នកបើកបរ នៅកន្លែងភ្លើងសញ្ញាចរាចរណ៍។ ក្នុងនោះ ប្រព័ន្ធនេះអាចពន្លត់ម៉ាស៊ីនរថយន្តក្នុងអំឡុងពេលរង់ចាំយូរ ហើយបញ្ឆេះឡើងវិញដោយស្វ័យប្រវត្តិនៅមុនពេលលោតភ្លើងពណ៌បៃតង។ ប្រព័ន្ធមិនត្រឹមតែជួយសន្សំសំចៃឥន្ធនៈប៉ុណ្ណោះទេ តែថែមទាំងជួយមិនឱ្យអ្នកបើកបរព្យាយាមបន្តបើកនៅពេលភ្លើងសញ្ញាពណ៌ក្រហម។

7. ភ្លើងសញ្ញា Luxofor

ភ្លើងសញ្ញានេះត្រូវបានរចនាដោយ Russian art studio ឈ្មោះ Art Lebedev ដែលមានលក្ខណៈខុសប្លែកពីភ្លើងសញ្ញាទូទៅ ព្រោះវាជាភ្លើងសញ្ញា LED រាងជ្រុង។ វាផ្តល់ភាពងាយស្រួលដល់អ្នកបើកបរក្នុងការមើលភ្លើងសញ្ញា។

8. ភ្លើងសញ្ញា Hourglass

ភ្លើងសញ្ញានេះផ្តល់ព័ត៌មានច្រើនដល់អ្នកបើកបរ ដើម្បីធ្វើការសម្រេចចិត្ត នៅពេលជិតដល់ ឬរង់ចាំនៅកន្លែងភ្លើងសញ្ញាចរាចរណ៍ តាមរយៈការប្រើប្រាស់ Hourglass ជាសញ្ញាបង្ហាញដល់អ្នកបើកបរ ហើយ Hourglass នេះក៏ប្រែប្រួលពណ៌ស្របទៅតាមសញ្ញាផងដែរ។

9. ភ្លើងសញ្ញាដែលមានប្រើភ្លើង Laser

ភ្លើង Laser នេះគឺដើម្បីការពារអ្នកដំណើរឱ្យមានសុវត្ថិភាព នៅកន្លែងឆ្លងផ្លូវ។ ភ្លើងសញ្ញានេះនឹងជួយកាត់បន្ថយការប៉ះទង្គិចដល់អ្នកថ្មើរជើងនៅត្រង់កន្លែងឆ្លងផ្លូវ ដោយបង្ហាញសញ្ញាដល់អ្នកថ្មើរជើងថា គួរឆ្លងឬអត់ ហើយបិទផ្លូវមិនឱ្យយានយន្តឆ្លងកាត់។

10. ភ្លើងសញ្ញាដែលមានការរចនាប្លែកដូចនាឡិកា

ទ្រនិចនៅលើភ្លើងសញ្ញានឹងវិលដូចនាឡិកានៅលើផ្ទាំងពណ៌ក្រហម បៃតង និងលឿង ហើយទ្រនិចនេះនឹងបង្ហាញប្រាប់សញ្ញាឱ្យឈប់ ឬឱ្យបន្តដំណើរ។

11. ភ្លើងសញ្ញាដែលប្រើថាមពលពីមនុស្ស

ភ្លើងសញ្ញានេះជួយសន្សំសំចៃថាមពលរបស់ទីក្រុង ដោយសារថា ថាមពលដែលប្រើសម្រាប់ភ្លើងសញ្ញានេះគឺកើតពីការដើរឆ្លងផ្លូវរបស់អ្នកថ្មើរជើង ត្រង់តំបន់ដែលមានភាពអ៊ូអរ។ ម្យ៉ាងទៀត ប្រសិនបើថាមពលនេះមានច្រើន វាអាចផ្គត់ផ្គង់ដល់អំពូល LED និងកាមេរ៉ាតាមផ្លូវ និងឧបករណ៍ផ្សេងៗទៀត។

ប្រភព៖ Interesting Engineering

SHARE