យោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្មីៗនេះបានឱ្យដឹងថា កម្រិតសុភមង្គល ឬភាពរីករាយរបស់មនុស្សក្នុងពិភពលោកបានធ្លាក់មកស្ថិតនៅកម្រិតទាបបំផុត ក្នុងរយៈពេលជាងមួយទសវត្សកន្លងមកនេះ ដោយក្នុងនោះមនុស្សដែលនិយាយថាពួកគេមានអារម្មណ៍តានតឹង (Stressed) និងព្រួយបារម្ភ មានចំនួនកើនឡើងជាលំដាប់។

លោក​​ Mohamed Younis បានសរសេរនៅក្នុងសេចក្តីផ្តើមនៃការសិក្សាស្ទង់មតិ Gallup ថា «ជារួម ពិភពលោកនាពេលសព្វថ្ងៃកាន់តែមានភាពតានតឹង (Stressed) ព្រួយបារម្ភ សោកសៅ (Sad) និងឈឺចាប់ ជាងអ្វីដែលយើងធ្លាប់ជួប។» Gallup បានសាកសួរមនុស្សជាង ១៥៤.០០០នាក់ នៅក្នុងប្រទេសចំនួន ១៤៦ ថាតើពួកគេមានអារម្មណ៍ឈឺចាប់ ព្រួយបារម្ភ តានតឹង ខឹង ឬទុក្ខព្រួយ ជាងពីពេលមុនដែរឬទេ។

ប្រទេសអាហ្វ្រិកនៅអនុតំបន់សាហារ៉ាស្ថិតក្នុងចំណោមបណ្តាប្រទេសដែលកម្រិតភាពរីករាយ ឬសុភមង្គលធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ១០ឆ្នាំ នៅត្រឹមឆ្នាំ ២០១៧ ដោយសារតែភាពចលាចលក្នុងសង្គម ប្រព័ន្ធសុខាភិបាលដែលមានបញ្ហា និងភាពស្រេកឃ្លានរបស់ប្រជាជន។ លោកស្រី Julie Ray បាននិយាយប្រាប់មូលនិធិ Thomson Reuters ថា «នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងប្រទេសមួយចំនួនផ្សេងៗទៀត ចំនួនប្រជាជនដែលកំពុងជួបការលំបាកក្នុងការផ្គត់ផ្គង់តម្រូវការមូលដ្ឋានរបស់ខ្លួន គឺមានភាគរយខ្ពស់។» សម្រាប់ប្រទេសអ្នកមានវិញ ក៏មានកម្រិតនៃភាពរីករាយ ឬសុភមង្គលធ្លាក់ចុះដូចគ្នាដែរ ជាក់ស្តែងប្រហែលពាក់កណ្តាលនៃជនជាតិអាមេរិកដែលត្រូវបានសម្ភាសន៍ បាននិយាយថា ពួកគេមានភាពតានតឹង​ (Stressed) ដូចគ្នា។

ដោយឡែក សម្រាប់ប្រទេសប៉ារ៉ាហ្គាយដែលឈរនៅលំដាប់ទី២ ជាប្រទេសមានទស្សនៈវិជ្ជមាននោះ ប្រជាជនត្រូវបានទទួលការគោរព មានភាពរីករាយនឹងខ្លួនឯង ឬនឹងអ្វីៗកាលពីពេលមុន។ សម្រាប់ប្រទេសយេម៉ែន និងអាហ្វហ្គានីស្ថាន ដែលត្រូវបានហែកហួរដោយសង្គ្រាមវិញនោះ ស្ថិតនៅបាតតារាង។

ប្រភព៖ World Economic Forum

Loading...
SHARE