ប្រទេសជប៉ុនប្រឈមនឹងបញ្ហាអចលនទ្រព្យមិនធម្មតា ដោយមានផ្ទះច្រើនជាងចំនួនមនុស្សរស់នៅ។ ជាក់ស្តែង យោងតាមវេទិកាគោលនយោបាយជប៉ុន (Japan Policy Forum) នៅឆ្នាំ ២០១៣ មានផ្ទះចំនួន ៦១លានខ្នង និងគ្រួសារចំនួន ៥២លានគ្រួសារ ហើយស្ថានភាពនេះនឹងកាន់តែអាក្រក់ទៅ ៗ ។ ជាមួយគ្នានេះដែរ យោងតាមវិទ្យាស្ថានជាតិប្រជាពលរដ្ឋនិងសន្តិសុខសង្គម ចំនួនប្រជាជនជប៉ុននឹងថយចុះពីចំនួន ១២៧លាននាក់ មកប្រហែល ៨៨ លាននាក់ នៅត្រឹមឆ្នាំ ២០៦៥ នេះមានន័យថា នឹងមានមនុស្សកាន់តែតិចទៅដែលត្រូវការផ្ទះសម្បែង។ ស្របពេលជាមួយគ្នានេះ ខណៈពេលដែលមនុស្សវ័យក្មេងចាកចេញពីតំបន់ជនបទទៅស្វែងរកការងារនៅទីក្រុង តំបន់ជនបទនៅប្រទេសជប៉ុនកាន់តែសម្បូរទៅដោយផ្ទះទំនេរត្រូវគេបោះបង់ចោល ដែលគេស្គាល់ថា «akiya» ។

មានការព្យាករណ៍ថានៅឆ្នាំ ២០៤០ ក្រុង និងភូមិជិត ៩០០ នៅទូទាំងប្រទេសជប៉ុននឹងលែងមានទៀតហើយ ។ ក្នុងបរិបទនេះហើយ ដែលការផ្តល់អចលនទ្រព្យជាផ្ទះដល់ប្រជាជនដោយគិតថ្លៃគឺជាវិធីមួយដើម្បីឱ្យក្រុង និងភូមិទាំងនោះនៅបន្តមាន។

នៅឆ្នាំ២០១៤ មានការបង្កើត «akiya bank» ឬ Vacant house plans ដែលធ្វើការផ្គូផ្គងរវាងអ្នកទិញនិងម្ចាស់ផ្ទះដែលមានវ័យចំណាស់ និងអចលនទ្រព្យទំនេរ។  Akiya bank នេះមានស្ទើរគ្រប់ក្រុងទាំងអស់នៅប្រទេសជប៉ុន តែក្រុងនីមួយៗបានកំណត់លក្ខខណ្ឌផ្សេងៗគ្នា។ ឧទាហរណ៍ ក្រុង Okutama មានជួយឧបត្ថម្ភដល់ការជួសជុលផ្ទះសម្រាប់អ្នកចូលមករស់នៅថ្មីរបស់ Akiya និងលើកទឹកចិត្តឱ្យម្ចាស់ Akiya ធ្វើការបរិច្ចាគនូវអចលនទ្រព្យទំនេររបស់ខ្លួនដោយផ្តល់ជូនតម្លៃ ៨.៨២០ដុល្លារក្នុង ១០០ម៉ែត្រការ៉េ ។ យ៉ាងណាក៏ដោយ មានការកំណត់ថា អ្នកដែលទទួលផ្ទះដោយឥតគិតថ្លៃ ឬជំនួយក្នុងការជួសជុលកែលម្អផ្ទះ ត្រូវតែមានអាយុក្រោម ៤០ឆ្នាំ ឬជាប្តីប្រពន្ធដែលមានយ៉ាងហោចណាស់កូនអាយុក្រោម ១៨ឆ្នាំម្នាក់ និងដៃគូម្នាក់ដែលមានអាយុក្រោម ៥០ឆ្នាំ។ អ្នកដែលដាក់ពាក្យស្នើសុំរបស់ Akiya ត្រូវមានការប្តេជ្ញាតាំងទីលំនៅក្នុងក្រុងជាអចិន្ត្រៃយ៍ និងវិនិយោគក្នុងការធ្វើឱ្យប្រសើរឡើងនូវគេហដ្ឋានដែលខ្លួនទទួលបាន។

ប្រភព ៖ CNN

Loading...
SHARE