ហាងមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន​ ហាក់មានលក្ខណៈពិសេសប្លែកជាងគេព្រោះថា គេមិនប្រើមនុស្សទទួលកម្ម៉ង់ ឬសំអាតតុនោះទេ ប៉ុន្តែគេប្រើមនុស្សយន្តជំនួសវិញ។ ហាងនេះមានឈ្មោះថា Dawn ver.β café ។ មនុស្សយន្តដែលគេប្រើនោះត្រូវបានបង្កើតឡើងដោយលោក Kentaro “Ory” Yoshifuji ដែលជា CEO នៃ Ory Lab ហើយវាត្រូវបានគេហៅថា OriHime-D robots ។ មនុស្សយន្តនេះគឺជាផ្នែកមួយនៃគម្រោងប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រយុទ្ធប្រឆាំងនិងការដែលជនពិការត្រូវបានសង្គមបោះបង់ចោល ព្រោះថាហាងនេះប្រើមនុស្សពិការបញ្ជារមនុស្សយន្ត។

មនុស្សយន្តដែលប្រើក្នុងហាងកាហ្វេនេះ មានកម្ពស់ ១,២ម៉ែត្រ ដែលអាចទំនាក់ទំនងជាមួយអតិថិជនបាន ហើយពួកវាបញ្ជូនវីដេអូ និងសម្លេងទៅកាន់អ្នកបញ្ជាដែលជាជនពិការ បន្ទាប់មកជនពិការទាំងនោះបញ្ជាមកវិញដោយផ្ទាល់តាមរយៈទូរស័ព្ទឆ្លាតវៃ ឬ Tablet ។ មនុស្សយន្ត OriHime-D robots ចំនួន ៥​ ត្រូវបានប្រើអំឡុងពេលប្រតិបត្តិការសាកល្បងនេះ និងត្រូវបានបញ្ជាដោយក្រុមជនពិការចំនួន ១០នាក់ ដែលស្ថិតក្នុងស្ថានភាពពិការផ្សេងៗគ្នា។ ជនពិការដែលជាអ្នកបញ្ជាទាំងនោះទទួលបានប្រាក់ចំណូល ១០០០យេន (៨ដុល្លារ) ក្នុងមួយម៉ោង។

គួរបញ្ជាក់ថា លោក Yoshifuji គឺជាអ្នកបង្កើតនូវអ្វីល្អៗជាច្រើនដោយប្រើប្រាស់បច្ចេកវិទ្យា។ នៅចន្លោះអាយុ ១០ ទៅ១៤ឆ្នាំ គាត់មិនបានចូលសាលារៀនដោយសារតែស្ថានភាពសុខភាពមិនល្អ ហើយបានតំណាងឱ្យប្រទេសជប៉ុននៅក្នុងកម្មវិធី 2005 Intel Science and Engineering Fair (ISEF) ជាមួយនិងគម្រោងមួយដែលត្រូវបានបង្កើតឡើងដើម្បីជួយដល់ជនពិការ។

ប្រភព៖ World Economic Forum

Loading...
SHARE