ជាទូទៅ គ្រប់គ្នាសុទ្ធតែយល់ថា គុកជាកន្លែងដែលបង្កើតឡើងដើម្បីឃុំឃាំងអ្នកប្រព្រឹត្តខុស ដាក់ទណ្ឌកម្ម និងអប់រំកែប្រែ ប៉ុន្តែស្រាប់តែពេលនេះយើងរកឃើញថា មិនមែនគុកទាំងអស់សុទ្ធតែមានលក្ខណៈដូចដែលមនុស្សជាច្រើនគិតនោះទេ ជាពិសេសទាក់ទងនឹងស្ថានភាពក្នុងគុក និងការរស់នៅរបស់អ្នកទោស ដែលហាក់មានភាពមិនស្មើគ្នា។ ជាក់ស្តែងគុកទាំង១០ខាងក្រោមនេះ ហាក់មានលក្ខណៈខុសប្លែកពីអ្វីដែលមនុស្សភាគច្រើនគិតដល់។

10. គុក San Pedro នៅប្រទេស Bolivia

នៅក្នុងគុកនេះ អ្នកទោសបើកភោជនីយដ្ឋាន ហាងលក់ទំនិញ កន្លែងពេស្យាចារ ឬសូម្បីតែរោងចក្រកូកាអ៊ីន ។ អ្នកចំណូលថ្មីដែលចូលទៅនៅក្នុងគុកនេះត្រូវបង់លុយដើម្បីបានបន្ទប់គុកនៅ បើមិនដូច្នោះទេនឹងត្រូវនៅក្រៅបន្ទប់។ បន្ទប់គុកត្រូវបានបែងចែកតាមកម្រិតលំដាប់ថ្នាក់ដូចសណ្ឋាគារដែរគឺលំដាប់ផ្កាយ៣ ផ្កាយ៤ ឬផ្កាយ៥ ហើយបន្ទប់គុកមានតម្លៃប្រហែល ១,១០០ដុល្លារ។ គេក៏ត្រូវបង់ថ្លៃគុកចំនួន ២៧០ដុល្លារផងដែរ។

9. គុក San Pedro Sula ប្រទេស Honduras

នៅក្នុងគុកនេះ អ្នកទោសមានហាងដែលលក់របស់ស្ទើរគ្រប់យ៉ាងដូចជា ផ្លែឈើ អាវ ស្រា កូកាកូឡា និងរហូតដល់ទូរស័ព្ទ iPhone ។ ក្រៅពីនេះគុកក៏មានកន្លែងពេស្យាចារផងដែរ។ អ្នកទោសមួយចំនួនរស់នៅក្នុងគុកនេះជាមួយនិងក្រុមគ្រួសារ។ អ្នកទោសក៏ត្រូវបង់លុយដើម្បីបានបន្ទប់គុកស្នាក់នៅដែរ ហើយពួកគេថែមទាំងមានសោរបន្ទប់គុករបស់ខ្លួនទៀតផង។ ជាទូទៅ ឆ្មាំគុកមិនចូលពាក់ព័ន្ធក្នុងរឿងរបស់អ្នកទោសនោះទេ ហើយការឈ្លោះវាយតប់គ្នាយ៉ាងហិង្សាគឺជារឿងធម្មតាក្នុងគុកនេះ។

8. គុក La Mesa ប្រទេសម៉ិចស៊ីកូ

គុកនេះស្ថិតនៅ Tijuana​ ហើយប្រៀបដូចជាក្រុងTijuana ដូច្នោះដែរ រហូតដល់គេដាក់ឈ្មោះក្រៅថា El Pueblito (ក្រុងតូច)។ ស្រដៀងនឹងគុកខាងលើដែរ វាមានហាង កន្លែងពេស្យចារ និងថ្នាំញៀន ហើយអ្នកទោសត្រូវបង់លុយសម្រាប់បន្ទប់គុក។ អ្នកខ្លះចំណាយលុយយ៉ាងច្រើនដើម្បីឱ្យគេរៀបចំបន្ទប់គុកដ៏ល្អសម្រាប់ខ្លួន។

7. គុក Bastoy ប្រទេសន័រវេស

នៅទីនោះ អ្នកទោសមិនមែនរស់នៅក្នុងបន្ទប់គុកទេ ប៉ុន្តែរស់នៅក្នុងផ្ទះ។ គេអាចនិយាយបានថា វាជាគុកដែលល្អបំផុតក្នុងពិភពលោក។ អ្នកទោសម្នាក់ៗមានបន្ទប់ផ្ទាល់ខ្លួន ដោយគ្រាន់តែប្រើផ្ទះបាយរួមប៉ុណ្ណោះ ហើយថែមទាំងទទួលបានប្រាក់ ៩០ដុល្លារប្រចាំខែ សម្រាប់ចាយវាយទៀតផង។ ពួកគេក៏អាចរកលុយបន្ថែមដោយធ្វើការនៅក្នុងគុកផងដែរ។

6. គុក Acapulco ប្រទេសម៉ិចស៊ីកូ

ទីនេះអាចរាប់បានថាជាគុកដែលគ្មានច្បាប់ទម្លាប់បំផុតមួយក្នុងប្រទេស និងជាកន្លែងឃាតកម្ម។ នៅក្នុងគុកតែងតែមានភាពរញ៉េរញ៉ៃ វាយតប់ កាប់សម្លាប់គ្នា ជារឿងធម្មតា។

5. គុក Aranjuez ប្រទេសអេស្ប៉ាញ

គុកនេះអនុញ្ញាតឱ្យអ្នកទោសអាចរស់នៅជាមួយគ្រួសារ (សម្រាប់គ្រួសារដែលមានកូនតូចៗ) ដើម្បីឱ្យពួកគេមានចំណងទាក់ទងជាមួយកូន។ ដូចនេះហើយគុកក៏ត្រូវបានតុបតែងលម្អឱ្យស្រស់ស្អាតសម្រាប់ក្មេងតូចៗផងដែរ ដោយមានគំនូរលើជញ្ជាំង និងមានតុក្កតាសម្រាប់លេងជាដើម ព្រមទាំងមានសាលាថែទាំក្មេងទៀតផង។

4. គុក Association For Protection And Assistance To Convicts នៅប្រទេសប្រេស៊ីល

នៅទីនេះ អ្នកទោសស្លៀកពាក់ធម្មតាដូចគេនៅផ្ទះដូច្នោះដែរ។ ពួកគេមានសោរបន្ទប់គុក ហើយមិនមានឆ្មាំយាមនោះទេ។ ពួកគេមួយចំនួនក៏ត្រូវបានអនុញ្ញាតឱ្យចេញក្រៅមួយថ្ងៃក្នុងមួយសប្តាហ៍ដើម្បីទៅលេងគ្រួសារទៀតផង។

3. គុក Halden នៅប្រទេសន័រវេស

នេះជាគុកដែលរៀបចំយ៉ាងស្អាតពិសេសមួយទៀតនៅក្នុងប្រទេសន័រវេស។ បន្ទប់គុកគឺប្រៀបដូចជាបន្ទប់គេងទូទៅ ដោយមានគ្រែគេងយ៉ាងស្រួល ​និងមានតុ កៅអីជាដើម។ អ្នកទោសអាចមើលភាពយន្ត លេងហ្គេម លេងបាល់ និងហាត់ប្រាណ ជាដើម។ មិនសូវមានឆ្មាំយាមគុកនោះទេ ហើយបើមានក៏ឆ្មាំទាំងនោះមិនមានកាំភ្លើងដែរ។

2. គុក Iwahig នៅប្រទេសហ្វីលីពីន

នេះជាគុកបើកទូលាយ ព្រោះមិនមានជញ្ជាំង ហើយមានផ្ទៃដីរហូតដល់ ២៦.០០០ហិកតា។ នៅក្នុងគុកនេះគឺមានកសិដ្ឋានសម្រាប់អ្នកទោសធ្វើការ។ អ្នកទោសមួយចំនួនត្រូវបានអនុញ្ញាតឱ្យរស់នៅជាមួយគ្រួសារនៅក្នុងនោះផងដែរ។ គុកនេះមានតែឆ្មាំនៅច្រកចូលប៉ុណ្ណោះ ហើយគេអនុញ្ញាតឱ្យអ្នកទៅសួរសុខទុក្ខ ឬភ្ញៀវទេសចរចូលទៅក្នុងនោះយ៉ាងងាយស្រួល។

  1. គុក Palmasola នៅប្រទេស Bolivia

នេះជាគុកដ៏គ្រោះថ្នាក់មួយ ព្រោះថានៅក្នុងគុកនេះ អ្នកទោសហាក់មិនបានកែប្រែខ្លួនឱ្យល្អឡើងវិញនោះទេ តែបែរជាបង្កើតបទល្មើសថែមទៅវិញ។ គុកនេះហាក់មិនសូវមានច្បាប់ទម្លាប់នោះទេ។ នៅក្នុងនោះមានភោជនីយដ្ឋាន ហាងកាហ្វេ ហើយអ្នកទោសត្រូវបង់លុយសម្រាប់បន្ទប់គុករបស់ខ្លួន។ ការវាយតប់គ្នានៅក្នុងគុកយ៉ាងហិង្សា ក៏ជារឿងធម្មតាដែរ។

ប្រភព៖ Listverse

SHARE