យោងតាមការស្រាវជ្រាវថ្មីបានអោយដឹងថា ខួរក្បាលស្ត្រីមានភាពសកម្មច្រើនជាងបុរសក្នុងផ្នែកជាច្រើន។ការរកឃើញនេះអាចជួយពន្យល់ពីមូលហេតុដែលស្ត្រីងាយនឹងមានអារម្មណ៍ថប់បារម្ភ ជំងឺបាក់ទឹកចិត្ត ជំងឺគេងមិនលក់ និងបញ្ហាញ៉ាំអាហារ ។ ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រមកពី Amen Clinics នៅរដ្ឋ California នេះ គឺជាការស្ទង់មើលរូបភាពខួរក្បាលទ្រង់ទ្រាយធំ និងធ្វើការប្រៀបធៀបរូបភាពស្កេនខួរក្បាលជាង ៤៦.០០០ មកពីគ្លីនិកចំនួន ៩ ហើយធ្វើការវិភាគភាពខុសគ្នារវាងខួរក្បាលបុរស និងស្រ្តី ។

អ្នកស្រាវជ្រាវបានលើកឡើងថា ការយល់ពីភាពខុសគ្នាទាំងនេះគឺមានសារៈសំខាន់ព្រោះវាជួយឱ្យគេយល់ច្រើនថែមទៀតថាតើបញ្ហាផ្នែកខួរក្បាលប៉ះពាល់ដល់បុរសនិងស្ត្រីខុសគ្នាបែបណា ។ ឧទាហរណ៍ ស្ត្រីហាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ Alzheimer ជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភ ច្រើនជាងបុរស ហើយចំណែកបុរសវិញហាក់មានអត្រាខ្ពស់ផ្នែក Attention Deficit Hyperactivity Disorder (ADHD)។

ការស្រាវជ្រាវដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្ដី Journal of Alzheimer’s Disease បានរកឃើញថា ខួរក្បាលរបស់ស្ត្រីមានភាពសកម្មជាងបុរសនៅក្នុងផ្នែកជាច្រើន ជាពិសេសនៅក្នុងក្រសោមខួរក្បាលខាងមុខដែលមានជាប់ទាក់ទងនឹងការផ្តោតការយកចិត្តទុកដាក់ ការគ្រប់គ្រងសន្ទុះចិត្ត និងផ្នែកនៃខួរក្បាលដែលធ្វើការពាក់ព័ន្ធនឹងអារម្មណ៍ និងភាពកង្វល់ថប់បារម្ភ ។ តែយ៉ាងណាក៏ដោយ ត្រង់ផ្នែកនៃខួរក្បាលដែលពាក់ព័ន្ធនឹងការមើលឃើញ និងការសម្របសម្រួលនោះ បុរសហាក់មានភាពសកម្មជាងស្រ្តីវិញ​។

លោក Daniel G. Amen គ្រូពេទ្យចិត្តសាស្ត្រ និងជាស្ថាបនិក Amen Clinics បានមានប្រសាសន៍ថា «នេះគឺជាការសិក្សាដ៏សំខាន់មួយដើម្បីជួយស្វែងយល់ពីភាពខុសគ្នារវាងខួរក្បាលបុរស និងស្រ្តី ហើយភាពខុសគ្នាដែលអាចកំណត់បានរវាងបុរស និងស្ត្រីនេះ គឺមានសារៈសំខាន់សម្រាប់ការយល់អំពីហានិភ័យនៃជំងឺខួរក្បាលដូចជា ជំងឺ Alzheimer ជាដើម សម្រាប់ភេទនីមួយៗ។

ប្រភព៖ World Economic Forum

Loading...
SHARE