កំពូល​មនុស្ស​ និង​សមត្ថភាព​មិន​គួរ​ឲ្យ​ជឿ​របស់​ពួក​គេ​ តែង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​​ សៀវភៅ​ និង​កម្មវិធី​ទូរទស្សន៍​ល្បីៗ។ អ្នក​នឹង​រឹត​តែ​ចង់​ដឹង​លឺ​ពី​មនុស្ស​ទាំង​អស់​នេះ​ទៀត​ នៅ​ពេល​ដែល​ដឹង​ថា​ អ្នក​ទាំង​នោះ​កំពុង​តែ​រស់នៅ​ជាមួយ​យើង​ ឬ​ពេល​ខ្លះ​អាច​ដើរ​កាត់​អ្នក​ផង​ក៏​មិន​ដឹង​។ តាម​ពិត​ទៅ​អ្នក​ទាំង​អស់​នោះ​មិន​បាន​មក​ពី​ភព​ក្រៅ​ ឬ​ត្រូវ​ចំហាយ​ពីងពាង​អ្វី​នោះ​ទេ​ ពួក​គេ​គ្រាន់​តែ​មាន​​លក្ខណៈ​ពិសេស​លើស​ពី​​មនុស្ស​ធម្មតា​ដោយ​លក្ខណៈ​ចម្លែក​ធម្មជាតិ​ ដែល​អាច​ឲ្យ​គេ​ធ្វើ​អ្វី​បាន​អស្ចារ្យ​លើស​ធម្មតា​ប៉ុណ្ណោះ​។

សមត្ថភាព​អស្ចារ្យ​ទាំង​នោះ​មាន​​ ថាមពល​ខួរក្បាល​ និង​សមត្ថភាព​ចងចាំ​ ដូចជា Kim Peek Daniel Trammet ដែល​អាច​សូត្រ​តួអក្សរ​​​ពី​ការ​ចងចាំ​រហូត​ដល់​ទៅ​ 22,514 ខ្ទង់​ (ដោយ​ប្រើ​ពេល​5ម៉ោង​មិន​ឈប់) និង​Dickson Oppong ដែល​អាច​ផ្ទុក​ទឹក​ក្នុង​ពោះ​​រហូត​ដល់​ទៅ​4.5 លីត្រ​ ហើយ​ប្រើ​សាច់ដុំ​ពោះ​បញ្ចេញ​ទឹក​នោះ​មក​ដូច​ក្បាល​រ៉ូប៊ីនេ​។ ជា​ការ​ពិត មាន​មនុស្ស​ដែល​មាន​សមត្ថភាព​ចម្លែក​លើស​មនុស្ស​ធម្មតា​ជា​ច្រើន​ដែល​គេ​រក​ឃើញ​ ប៉ុន្តែ​ខាង​ក្រោម​នេះ​ យើង​សូម​លើក​យក​នូវ​អ្នក​ទាំង15 ដែល​មាន​សមត្ថភាព​មិន​គួរ​ឲ្យ​ជឿ​បំផុត​។

១៥. Lidell Simpson (Photonic Hearing​)

លោក​ជា​មនុស្ស​ថ្លង់​តាំង​ពី​កំណើត​ ដូចនេះ​ហើយ​លោក​មាន​សមត្ថភាព​ក្នុង​ការ​កត់​ចំណាំ​សំឡេង​​តាំង​ពី​​ក្មេង​។ ដោយ​សារ​តែ​មាន​បាតុភូត​ប្រសាទ​សាស្រ្ត​ (Synesthesia) នៅ​ក្នុង​ខ្លួន​លោក​ ទើប​លោក​អាច​ទទួល​ដឹង​លឺ​នូវ​អ្វី​ផ្សេងៗ​ជុំវិញ​ខ្លួន​លោក​ជា​សំឡេង ដូចជា​ការ​ដឹង​​ពី​ចលនា​ ការ​ប៉ះពាល់ រសជាតិ​ និង​​ក្លិន​ជា​សំឡេង​ ដឹង​ពី​អារម្មណ៍​ជា​សំឡេង​ ដែល​ទាំង​អស់​នេះ​​ហៅ​ថា​ Photonic Hearing។ ដោយសារ​តែ​សមត្ថភាព​នេះ​ហើយ​​លោក​អាច​មើល​ទូរទស្សន៍​ដែល​បិទ​សំឡេង​​ ហើយ​នៅ​​តែ​​អាច​ស្តាប់​សំឡេង​ចេញ​ពី​មាត់​របស់​តួ​សំដែង​​បាន​។

១៤. Annalisa Flanagan (The Human Megaphone)

នាង​ជា​ស្រ្តី​មាន​សំឡេង​លឺ​ខ្លាំង​បំផុត​។ នាង​អាច​និយាយ​លឺ​ដូច​ធម្មតា​ និង​អាច​និយាយ​ស្រែក​លឺ​ស្មើ​នឹង​សំឡេង​យន្តហោះ​។ នាង​ជាប់​កំណត់​ត្រា​ Guinness ជាង​២០​ឆ្នាំ​មក​ហើយ។ ​សំឡេង​​របស់​នាង​មាន​កម្រិត​121.7 decibels ខណៈ​ដែល​សំឡេង​ការ​ប្រគុំ​តន្រ្តី​ប្រភេទ​រ៉ក់​ធម្មតា​មាន​ត្រឹម​ 110 decibels ។

១៣. Aaron Evans (The Human Spring)

​​​​​​​​ លោក​ជា​អ្នក​ជំនាញ​ខាង​អត្តពលកម្ម។ លោក​បាន​ជាប់​​ក្នុង​កំណត់​ត្រា​ពិភពលោក​ Guinness ដោយ​លោក​អាច​លោត​រំលង​ឡាន​បី​ដែល​កំពុង​មាន​ចលនា​ក្នុង​ពេល​ត្រឹម​តែ​២៩​វិនាទី​។

១២. Stig Severinsen (The Man Who Doesn’t Breathe)

លោក​ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក​ ដោយ​អាច​អត់​ដក​ដង្ហើម​រហូត​ដល់​ទៅ​២២​នាទី​ ខណៈ​ដែល​មនុស្ស​ធម្មតា​នឹង​ស្លាប់​បន្ទាប់​ពី​អត់​ដក​ដង្ហើម​ត្រឹម​​៣​នាទី។ ការ​ស្រាវជ្រាវ​​បាន​រក​ឃើញ​ថា​ ខ្លួន​របស់​លោក​ប្រើ​នូវ​កោសិកា​ឈាម​ក្រហម​ ស្រដៀង​នឹង​ត្រី​ Dolphin ដូចនេះ​ហើយ​ទើប​លោក​អាច​ធ្វើ​រឿង​ចម្លែក​យ៉ាង​នេះ​។ លោក​ក៏​ធ្លាប់​ជាប់​កំណត់​ត្រា​ហែល​ទឹក​ក្រោម​ទឹកកក​ចម្ងាយ​៧២​ម៉ែត្រ​ ដោយ​ពាក់​ត្រឹម​​ខោ​ខ្លី​ និង​វ៉ែនតា​ហែល​ទឹក​។

១១. Jerry Miculek (Speed Shooter)

លោក​ជា​អ្នក​ដែល​បាញ់​កាំភ្លើង​​បាន​លឿន​ និង​អស្ចារ្យ​បំផុត​ ហើយ​ទទួល​បាន​ពាន​រង្វាន់​ខាង​បាញ់​កាំភ្លើង​ជា​ច្រើន។ លោក​បាន​បំបែក​កំណត់​ត្រា​បាញ់​កាំភ្លើង​ត្រង់​ និង​លឿន​​បំផុត​ជា​បន្តបន្ទាប់​ ហើយ​នៅ​ឆ្នាំ​២០១៤​ លោក​អាច​បាញ់​ចំនួន​១៩​គ្រាប់​ លើ​គោលដៅ​៥​ចំណុច​ផ្សេង​គ្នា​ ក្នុង​រយៈពេល​ត្រឹម​តែ​ ៣.១០ វិនាទី​។

១០. Harold Williams (Super Linguist)

មនុស្ស​ធម្មតា​មាន​សមត្ថភាព​រៀន​ភាសា​​បាន​​៦​ផ្សេង​គ្នា​ ដែល​ក្នុង​នោះ​មាន​៣​ភាសា​ដែល​ស្ទាត់​ជំនាញ​ ហើយ​ចំណែក​ផ្សេង​ទៀត​មិន​ស្ទាត់​ជំនាញ​នោះ​ទេ​។ ដោយ​ឡែក​លោក Harold Williams មាន​ភាព​ស្ទាត់​ជំនាញ​ក្នុង​ភាសា​ចំនួន​៥៨​។ មុន​ដំបូង​លោក​អាច​​ចេះ​ភាសា​ឡាតាំង​ដែល​ស្ថិត​ក្នុង​ចំណោម​ភាសា​ពិបាក​រៀន​បំផុត​ ហើយ​នៅ​ពេល​លោក​ចូល​វិទ្យាល័យ​លោក​មាន​ភាព​ស្ទាត់​ជំនាញ​ក្នុង​ភាសា​ជាង​១០​ទៅ​ហើយ​។

៩. Isao Machii (Super Samurai)

លោក​ជាប់​កំណត់ត្រា​ពិភពលោក​ជា​ច្រើន​សម្រាប់​ជំនាញ​សមត្ថភាព​ប្រើប្រាស់​ដាវ។ អ្វី​ដែល​អស្ចារ្យ​សម្រាប់​សមត្ថភាព​របស់​លោក​ គឺ​លោក​អាច​ដក​ដាវ​កាត់​​គ្រាប់​កាំភ្លើង​ដែល​បាញ់​ចេញ​ពី​កាំភ្លើង​ BB-gun ក្នុង​ល្បឿន​២០០miles ក្នុង​មួយ​ម៉ោង ផ្តាច់​​ជា​ពីរ​បាន​។

​៨. Liam Hoekstra (Super Strength)

ក្មេង​ប្រុស​នេះ​ មាន​សមត្ថភាព​អាច​សំដែង​អត្តពលកម្ម​ប្រើ​កម្លាំង​ដៃ​ដ៏​ពិបាក​ឈ្មោះ​ថា​ Iron Cross តាំង​ពី​អាយុ​៥​ខែ​ ។ មាន​ការ​រក​ឃើញ​ថា​ ក្មេង​ប្រុស​នេះ​ មាន​ស្ថានភាព​សែន​ដ៏​កំរ​មួយ​ឈ្មោះ​ថា​ Muscle Hypertrophy ដែល​​អាច​ឲ្យ​រាងកាយ​បង្កើន​សាច់ដុំ​បាន​យ៉ាង​លឿន​ ហើយ​បង្ការ​ភាព​ឡើង​​ជាតិ​ខ្លាញ់​​រាង​កាយ​។​ ទោះបី​​នៅ​ក្មេង​ គេ​មាន​សាច់ដុំ​៤០%​នៃ​រាងកាយ​ ហើយ​ស្ទើរ​តែ​គ្មាន​ខ្លាញ់​។ រាង​កាយ​ប្រកប​ដោយ​សាច់ដុំ​នេះ​ គឺ​គ្មាន​ក្មេង​ក្នុង​វ័យ​របស់​​គេ​មាន​ដូច​គេ​ឡើយ​ ហើយ​​សាច់ដុំ​នេះ​កើត​មាន​ដោយ​មិន​បាច់​ប្រឹង​ហាត់​ឲ្យ​ឡើង​សាច់​ដុំ​ទៀត​ផង​​។

៧. Byron Ferguson (Hawkeye)

លោក​មាន​ចក្ខុ​ប្រសាទ​ល្អ​អស្ចារ្យ​ជាង​មនុស្ស​ធម្មតា​២០/១៥ ដែល​មាន​ន័យ​ថា​ លោក​អាច​មើល​ឃើញ​ក្នុង​ចម្ងាយ​២០​feet ខណៈ​ដែល​មនុស្ស​ធម្មតា​អាច​មើល​ឃើញ​ត្រឹម​តែ​ ១៥​ feet។ លោក​មាន​ជំនាញ​ខាង​បាញ់​ធ្នូ​ ក្នុង​នោះ​លោក​អាច​បាញ់​ព្រួញ​លើ​​ភ្លើង​ទៀន​ពី​បន្ទប់​ងងឹត​ បាញ់​ថ្នាំ​គ្រាប់​អាស្ពីរីន​ដែល​បោះ​ចូល​ទៅ​ក្នុង​លំហ​ និង​ជា​ពិសេស​អាច​បាញ់​ព្រួញ​ចូល​ចិញ្ចៀន​ពេជ្រ​ដោយ​មិន​បាន​ហ្វឹកហាត់​ជាមុន​។

៦. Grandmaster Zhou (The Jewel of China)​​

លោក​ជា​អ្នក​ជំនាញ​ខាង​Thai Chi និង​Kung Fu ។ លោក​អាច​ប្រមូល​ផ្តុំ​កម្តៅ​ក្នុង​ដៃ​ ដើម្បី​សំងួត​ដីឥដ្ឋ​សើម​ ហើយ​អ្វី​ដែល​ភ្ញាក់​ផ្អើល​នោះ​គឺ​អាច​ដាំ​ទឹក​បាន​ដោយ​គ្រាន់​តែ​ប្រើ​ដៃ​កាន់​។ យ៉ាង​ណា​គ្មាន​ការ​ពន្យល់​បែប​វិទ្យាសាស្រ្ត​ចំពោះ​សមត្ថភាព​ចម្លែក​របស់​គាត់​នោះ​ទេ​ ប៉ុន្តែ​គាត់​ប្រាប់​ថា វា​មក​ពី​​ការ​ធ្វើ​សមាធិ​ និង​ការ​​ប្រមូល​ផ្តុំ​កម្តៅ​មក​​លើ​​បាត​ដៃ​ ដែល​កម្តៅ​នេះ​មាន​រហូត​ដល់​ទៅ​២០២​ដឺក្រេ​។

៥. Veronica Seider (Super Vision)

ស្ត្រី​រូប​នេះ​មាន​សមត្ថភាព​ក្នុង​ការ​មើល​ឆ្ងាយ​ជាង​លោក​ Byron Ferguson ទៅ​ទៀត ដោយ​លោក​ស្រី​អាច​មើល​ឃើញ​ក្នុង​ចម្ងាយ​១.៦​គីឡូម៉ែត្រ​។ លោក​ស្រី​អាច​មើល​ឃើញ​នូវ​ធាតុ​ផ្សំ​នៃ​ពណ៌​ផ្សេងៗ​ដែល​ផ្សំ​បង្កើត​បាន​ជា​ពណ៌​សម្រេច​មួយ​ ដែល​មនុស្ស​ធម្មតា​អាច​មើល​ឃើញ​នោះ​។

​៤. Grandmaster Pan (The Iron Fist)

លោក​ជា​អ្នក​ជំនាញ​ខាង​ Kung Fu ដោយ​បាន​ឈ្នះ​​ពាន​រង្វាន់​ជា​ច្រើន​ ហើយ​អ្វី​ដែល​ជា​ចំណុច​ពិសេស​របស់​លោក​គឺ​បច្ចេកទេស​​កណ្តាប់​ដៃ​ដែក។ លោក​អាច​ដាល់​​ផ្ទៃ​រឹង​ រួម​ទាំង​ដែក​បាន​ដល់​ទៅ​១,០០០​ដង​ក្នុង​មួយ​ថ្ងៃ​។

៣. Bruce Lee (Super Skill)

លោក​មាន​ជំនាញ​ខាង​សិល្បៈ​ចម្បាំង​។ លោក​អាច​សំដែង​ One-fingered push-ups, One-armed pull-ups និង​ចាប់​គ្រាប់​បាយ​ដែល​កំពុង​ហោះ​ដោយ​ប្រើ​ចង្កឹះ។ បច្ចេកទេស​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​លោក​នោះ​គឺ​ ការ​ដាល់​កម្ទេច​ One-inch ដែល​អាច​ធ្វើ​ឲ្យ​សត្រូវ​ហោះ​​ប៉ើង​​ជា​ច្រើន​ម៉ែត្រ​។

២. Mas Oyama (Godhand)

លោក​ជា​អ្នក​ជំនាញ​ខាង​សិល្បៈ​ចម្បាំង​ជា​ពិសេស​ Shotokan​និង​ Goju-Ryu Karate ដោយ​មាន​ការ​​ហ្វឹក​ហាត់​បំបែក​ថ្ម​ដោយ​ដៃ​ទទេ​ ដាល់​​ដើម​ឈើ និង​ទ្រាំ​ទ្រ​ក្រោម​ទឹកធ្លាក់​ដែល​ត្រជាក់​ខ្លាំង​។ លោក​អាច​​ដាល់​គោ​ឈ្មោល​ដោយ​ស្លាប់​បាន​ដោយ​គ្រាន់​តែ​ដាល់​មួយ​ដៃ​ចំ​ក្បាល​។ លោក​ត្រូវ​ប្រយុទ្ធ​ជា​មួយ​សត្រូវ​៣០០​​នាក់​ ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​ ដោយ​ក្នុង​មួយ​ថ្ងៃ​១០០​នាក់​ ហើយ​អាច​ឈប់​បាន​​លុះ​ត្រា​សត្រូវ​ចុះ​ចាញ់​ឈប់​ប្រយុទ្ធ។ បន្ថែម​លើ​នេះ​ទៀត​ ​ដើម្បី​ទទួល​បាន​ខ្សែ​ក្រវ៉ាត់​ខ្មៅ​ Kyokushin Karate លោក​ត្រូវ​ប្រយុទ្ធ​ជាមួយ​ដៃគូ​ប្រយុទ្ធ​១០០​នាក់​ជាប់ៗ​គ្នា​។

១. Slavisa Pajkic (The Battery Man)

លោក​អាច​ផ្ទុក​ថាមពល​អគ្គិសនី​នៅ​ក្នុង​ខ្លួន​ ហើយ​បញ្ចេញ​វា​ពេល​ដែល​លោក​ចង់​បញ្ចេញ​។ ជាក់​ស្តែង​​លោក​អាច​ដុត​ឈើ​ និង​ក្រដាស​ដោយ​គ្រាន់​តែ​ប៉ះ​វា។ លោក​បាន​ដឹង​ពី​សមត្ថភាព​មិន​គួរ​ឲ្យ​ជឿ​របស់​លោក​តាំង​ពី​អាយុ​១៧​​ឆ្នាំ​ ហើយ​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​ចាប់​ពី​ពេល​នោះ​មក។ មនុស្ស​ធម្មតា​អាច​មាន​​គ្រោះថ្នាក់​ជាមួយ​នឹង​អគ្គិសនី​ត្រឹម​ត្រែ​៥០​វ៉ុល​ ប៉ុន្តែ​លោក​អាច​ទ្រាំទ្រ និង​ផ្ទុក​អគ្គិសនី​បាន​ដល់​ទៅ​២០,០០០វ៉ុល។ លោក​អាច​ប្រើ​ប្រាស់​ខ្លួន​លោក​ជា​គ្រឿង​ចម្លង​អគ្គិសនី​ ជា​សម្ភារៈ​ទ្រាប់​កំដៅ​ ឬអគ្គិសនី​ ជា​ម៉ាស៊ីន​កំដៅ​ ឬ​ជា​ថ្ម​​ផ្ទុក​ថាមពល​អគ្គិសនី​​ អាស្រ័យ​លើ​ការ​ចង់​ប្រើ​ប្រាស់​របស់​លោក។

ប្រែ​សម្រួល​៖ Sophany
ប្រភព៖ The Richest