មនុស្សភាគច្រើនចេះប្រើប្រាស់អ៊ិនធឺណេត ហើយចេះចូលទៅក្នុងវេបសាយផ្សេងៗ ដើម្បីស្វែងរកព័ត៌មាន ឬអ្វីដែលខ្លួនត្រូវការចង់បាន ចង់មើល និងចង់អានជាដើម។ វេបសាយល្បីៗ និងកម្មវិធីល្បីៗនៅលើវេបសាយដែលមនុស្សភាគច្រើនស្គាល់មានដូចជា Wikipedia Google Youtube Instagram Telegram Whatsup Skype ជាដើម។ ជាធម្មតា យើងឃើញថា វេបសាយទាំងនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយទូទាំងពិភពលោក ប៉ុន្តែតាមការពិតទៅ នៅក្នុងប្រទេសមួយចំនួន គេមិនអាចប្រើប្រាស់ ឬចូលទៅក្នុងវេបសាយទាំងនេះទេ។

10. Wikipedia ត្រូវបានហាមឃាត់នៅក្នុងប្រទេសទួរគី

ប្រទេសនេះបានបិទ Wikipedia តាំងពីឆ្នាំ២០១៧ បន្ទាប់ពី Wikimedia Foundation ដែលជាអ្នកចុះផ្សាយ Wikipedia បដិសេធមិនព្រមលុបចោលនូវអត្ថបទចំនួនពីរដែលបង្ហាញថា ប្រទេសទួរគីគាំទ្រក្រុមភេរវកម្មដែលពាក់ព័ន្ធនៅក្នុងសង្រ្គាមស៊ីវិលនៅប្រទេសស៊ីរី។ ទួរគីបានបដិសេធការលើកឡើងនេះរបស់ Wikipedia។

9. JW.org ត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី

វេបសាយ JW.org គឺជារបស់ Jehovah’s Witnesses ហើយការបិទនិងហាមឃាត់ការប្រើប្រាស់ JW.org គឺជាផ្នែកមួយនៃការហាមឃាត់ទូទាំងប្រទេសរុស្ស៊ីលើ Jehovah’s Witnesses បន្ទាប់ពីមានពាក្យបណ្តឹងជាច្រើនរបស់រដ្ឋាភិបាលរុស្ស៊ីប្រឆាំងនឹងព្រះវិហារនេះ។

8. Skype, Snapchat, WhatsApp, Telegram, និង FaceTime ត្រូវបានហាមឃាត់នៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម ប្រទេសកាតា និងប្រទេសអារ៉ាប៊ីសាអូឌីត

Voice over Internet Protocol (VoIP) ដូចជា Skype, Line, Viber, និង FaceTime គឺត្រូវបានបិទជាអចិន្ត្រៃយ៍ ឬបណ្តោះអាសន្ននៅក្នុងប្រទេសមជ្ឈិមបូព៌ារួមមានប្រទេសអារ៉ាប៊ីសាអូឌីត កាតា ម៉ូរូកូ និងអារ៉ាប់រួមជាដើម។ ក្រៅពីបិទ VoIP ប្រទេសទាំងនេះក៏បិទកម្មវិធី (app) និងវេបសាយរបស់ app ផ្ញើសារមួយចំនួនដូចជា  WhatsApp, Telegram និង Snapchat ផងដែរ ព្រោះវាអាចបំពេញមុខងារដូចជា VoIP។

7. Vimeo ត្រូវបានហាមឃាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ី

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបិទ Vimeo បន្ទាប់ពីរកឃើញថា វាមានវីដេអូរបស់ស្រ្តីអាក្រាត និងស្រ្តីស្លៀកពាក់ស៊ិចស៊ីទាក់ទាញផ្លូវភេទ។ ការបិទនេះធ្វើឡើងស្របតាមច្បាប់ប្រឆាំងនឹងសកម្មភាពអាសអាភាស។ ចាប់តាំងពីច្បាប់នេះត្រូវបានអនុម័តនៅឆ្នាំ២០០៨ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបិទវេបសាយប្រមាណ១១៩ មកហើយ​មុននឹងឈានដល់ការបិទវេបសាយ Vimeo។

6. Telegram និង Instagram ត្រូវបានហាមនៅក្នុងប្រទេសអ៊ីរ៉ង់

វាត្រូវបានបិទនៅក្នុងប្រទេសអ៊ីរ៉ង់នៅចន្លោះថ្ងៃទី៣០ ធ្នូ ២០១៧ និងថ្ងៃ១៣ មករា ២០១៨ បន្ទាប់ពីមានបាតុកម្មនៅទូទាំងប្រទេស។ ជនជាតិអ៊ឺរ៉ង់ជាច្រើនប្រើប្រាស់កម្មវិធីទាំងពីរនេះ ហើយប្រហែលជាមានការចែកចាយនៅសារប្រឆាំងរដ្ឋាភិបាលនៅក្នុងនោះ។ រដ្ឋាភិបាលបានបិទ Telegram បន្ទាប់ពីអាជ្ញាធរមិនអាចត្រួតពិនិត្យបណ្តាញប្រឆាំងរដ្ឋាភិបាលនៅក្នុង Telegram នេះ។

5. Archive.org ត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី

វេបសាយនេះត្រូវបានបិទព្រោះថាវាមានវីដេអូឃោសនារបស់រដ្ឋអ៊ីស្លាម (Islamic State) ដែលអាជ្ញាធររុស្ស៊ីយល់ថាមានលក្ខណៈវាយប្រហារ និងប្រមាថមើលងាយ។ រុស្ស៊ីបានរកឃើញវីដេអូនៅលើវេបសាយចំនួន៤០០ ហើយបានទាក់ទងអ្នកគ្រប់គ្រងវេបសាយទាំងនោះឱ្យដកវីដេអូនោះចេញ ប៉ុន្តែវេបសាយមួយចំនួនរួមទាំង Archive.org ផង មិនព្រមអនុវត្តតាម។ ជាការឆ្លើយតប រុស្ស៊ីបានបិទវេបសាយនេះ។

4. ស្ទើរតែគ្រប់វេបសាយគឺត្រូវបានហាមឃាត់នៅប្រទេសចិន

នៅក្នុងប្រទេសចិន វេបសាយជាច្រើនគឺមិនអាចចូលប្រើប្រាស់បានទេ រួមទាំងដូចជា Facebook, Twitter, Instagram, Google និង Wikipedia ជាដើម។ ចិនមានអាជ្ញាធរឈ្មោះថា Cyber Administration of China ដែលមានសមត្ថកិច្ចកំណត់ថាតើវេបសាយណាអាចប្រើប្រាស់បាននៅក្នុងប្រទេស ហើយវេបសាយណាត្រូវបិទ ឬហាមឃាត់។

3. Telegram, Amazon Cloud និងGoogle Cloud ត្រូវបានហាមឃាត់នៅប្រទេសរុស្ស៊ី

រុស្ស៊ីមិនអាចបិទ Telegram ដោយផ្ទាល់ ព្រោះថាក្រុមហ៊ុនមិនបានប្រើប្រាស់ Servers ផ្ទាល់ខ្លួនសម្រាប់អ្នកប្រើប្រាស់ជាជនជាតិរុស្ស៊ីឡើយ ប៉ុន្តែក្រុមហ៊ុនប្រើ Servers របស់ Google និង Amazon ជំនួសវិញ។ ដូចនេះហើយ រដ្ឋាភិបាលរុស្ស៊ីបានរិតត្បិត Servers ទាំងពីរនេះ និងបានបិទ IP addresses​ ចំនួន១៥,៨លាន ដែលត្រូវបានសង្ស័យថាត្រូវបានប្រើប្រាស់ដោយ Telegram។

2. Reddit ធ្លាប់ត្រូវបានហាមឃាត់នៅប្រទេសរុស្ស៊ី

Reddit ក៏ធ្លាប់ត្រូវបានបិទនៅក្នុងប្រទេសរុស្ស៊ីដេរ ដោយសារតែវេបសាយនេះបានបង្ហោះនូវអត្ថបទមួយដែលបង្រៀនមនុស្សពីរបៀបដាំផ្សិត Psychedelic (ជាប្រភេទផ្សិតដែលត្រូវបានចាត់ទុកថាខុសច្បាប់នៅក្នុងប្រទេសជាច្រើន)។

  1. YouTube មិនអាចប្រើប្រាស់បានទេនៅក្នុងប្រទេសចិន អ៊ីរ៉ង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ទួរគី ស៊ីរី និងប៉ាគីស្ថាន

សម្រាប់ប្រទេសក្នុងចំណោមប្រទេសខាងលើ ដែលមានជនអ៊ីស្លាមច្រើន YouTube ត្រូវបានបិទព្រោះតែរឿងខ្លីដែលប្រកបដោយភាពចម្រូងចម្រាសមួយនៅឆ្នាំ២០១២ ដែលមានចំណងជើងថា The Innocence of Muslims។ ដោយឡែកសម្រាប់ប្រទេសចិន YouTube ត្រូវបានបិទតាំងពីឆ្នាំ២០០៨ ហើយនៅទួរគីត្រូវបានបិទតាំងពីឆ្នាំ២០០៧។ ចំណែកនៅប្រទេសស៊ីរី YouTube ត្រូវបានបិទតាំងពីឆ្នាំ២០១១ នៅពេលប្រទេសនេះធ្លាក់ក្នុងសង្រ្គាមស៊ីវិល។

ប្រភព៖ Listverse

Loading...