រឿងរ៉ាវអាថ៌កំបាំងគឺជាអ្វីដែលមនុស្សភាគច្រើនចាប់អារម្មណ៍ចង់ដឹង បើទោះបីជាពេលខ្លះពួកគេមិនជឿថា វាជាការពិតក៏ដោយ ហើយរាល់រឿងរ៉ាវចម្លែកអាថ៌កំបាំងតែងត្រូវបានមនុស្សទាមទារឱ្យមានការដកពិសោធន៍ និងពន្យល់តាមបែបវិទ្យាសាស្រ្ត។ យ៉ាងណាក៏ដោយ វិទ្យាសាស្រ្តមិនមែនសុទ្ធតែអាចពន្យល់គ្រប់រឿងរ៉ាវនោះទេ ជាក់ស្តែងភាពចម្លែកនិងអាថ៌កំបាំងទាំង៧យ៉ាងនៅប្រទេសឥណ្ឌានេះ វិទ្យាសាស្រ្តពិតជាពិបាកពន្យល់ ឬមិនអាចពន្យល់បានតែម្តង។

  1. ភូមិកូនភ្លោះ

ភូមិ Kodinhi គឺជាភូមិដាច់ស្រយាលមួយនៃរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះជាភូមិដ៏ចម្លែកព្រោះថាក្នុងភូមិនេះសម្បូរទៅដោយកូនភ្លោះ។ ជាក់ស្តែង ក្នុងភូមិមានគ្រួសារប្រហែលត្រឹម ២.០០០គ្រួសារប៉ុណ្ណោះ ប៉ុន្តែមានកូនភ្លោះយ៉ាងហោចណាស់ ៤០០គូ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺថា ចំនួនកូនភ្លោះបានកើនឡើងជារៀងរាល់ឆ្នាំ។

គ្មានអ្នកណាដឹងថាមានអ្វីកើតឡើងចំពោះភូមិនេះនោះទេ ព្រោះថាជាធម្មតាករណីកូនភ្លោះគឺជារឿងកម្រណាស់ (ជាធម្មតាសម្រាប់អត្រាកំណើតកូនភ្លោះក្នុងប្រទេសឥណ្ឌាគឺ ៩ ក្នុងចំណោម ១០០០កំណើត ប៉ុន្តែសម្រាប់ភូមិនេះគឺមានអត្រាកូនភ្លោះដល់ទៅ៤៥ ក្នុងចំណោម ១០០០កំណើត)។

2. ការផ្ទុះនៅក្រុង Jodhpur

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង ១១ និង២៥នាទីព្រឹក ប្រជាជននៅក្រុង Jodhpur បានលឺសម្លេងផ្ទុះដ៏ខ្លាំងមួយនៅលើមេឃ ប៉ុន្តែគេរកមិនឃើញថាជាសម្លេងផ្ទុះអ្វីនោះទេ។ គេមិនដឹងថា វាជាសម្លេងគ្រាប់បែក សម្លេងធ្លាក់យន្តហោះ ឬក៏អ្វីនោះទេ។ ជាមួយគ្នានេះ ក៏គ្មានផ្ទះណាមួយរងការខូចខាតដែរ។ សម្លេងផ្ទុះនេះតាមពិតទៅក៏កើតមាននៅកន្លែងខ្លះទៀតក្នុងពិភពលោកដែរ ប៉ុន្តែគេក៏មិនដឹងថាជាសម្លេងផ្ទុះអ្វីដូចគ្នា ហើយគេនៅតែរកចម្លើយមិនឃើញ។

3. ភូមិរងបណ្តាសារ (ភូមិ Kuldhara)

មានរឿងរ៉ាវដ៏ចម្លែកមួយបានកើតឡើងលើភូមិនេះ កាលពី៥០០ឆ្នាំមុន។ នោះគឺប្រជាជនចំនួនជាង ១.៥០០នាក់ បានបាត់ខ្លួនទាំងអស់ដោយគ្មានមូលហេតុ ហើយគេក៏មិនដឹងថាមនុស្សទាំងនោះបាត់ទៅណា ស្លាប់ឬក៏នៅរស់ដែរ។ មានការសន្និដ្ឋានផ្សេងៗគ្នាជាច្រើនពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់មនុស្សទាំងនោះ ហើយរហូតមកដល់បច្ចុប្បន្ន ភូមិនេះត្រូវបានគេទុកចោល ដោយគ្មានមនុស្សរស់នៅនោះទេ។

យោងតាមរឿងព្រេង អ្នកដែលមករស់នៅក្នុងភូមិនេះនឹងត្រូវស្លាប់យ៉ាងវេទនា ហើយក្លាយជាខ្មោចលងបន្លាចមនុស្សនានា។ ក្រុមអ្នកស្រាវជ្រាវខាងហេតុការណ៍ចម្លែកៗ (ដូចជារឿងខ្មោចជាដើម) ក៏បានព្យាយាមមកស្រាវជ្រាវនៅទីនេះផងដែរ។

4. ទីទួលម៉ាញេទិចនៅតំបន់ Ladakh

នៅតំបន់ Ladakh ក្បែរភ្នំ Himalayas​ មានទីទួលចម្លែកមួយដែលគេហៅថា Magnetic Hill ឬ​ Cyclops Hill ។ នៅទីទួលនេះ ប្រសិនបើអ្នកចតរថយន្តចោលដោយមិនដាក់ហ្រ្វាំងនោះ រថយន្តរបស់អ្នកនឹងមានចលនាឡើងទៅលើទីទួលក្នុងល្បឿនប្រហែល២០គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះជាបាតុភូតធម្មជាតិ ដែលគួរតែមានការពន្យល់តាមបែបវិទ្យាសាស្រ្តពាក់ព័ន្ធនឹងទីកន្លែងនេះ ប៉ុន្តែគ្រប់យ៉ាងនៅតែជាអាថ៌កំបាំង។ បច្ចុប្បន្នទីនេះក៏ជាកន្លែងដ៏មានការពេញនិយមពីសំណាក់អ្នកទេសចរផងដែរ។

5. Bhootbilli ឬGhost Cats

នេះជាសត្វដ៏អាថ៌កំបាំង និងគួរឱ្យខ្លាច ហើយគេចាត់ទុកវាជាសត្វចម្លែកដែលដូចឆ្មាបន្តិច ឆ្កែបន្តិច និងស្វាបន្តិច។ អ្វីដែលសំខាន់គឺវាមានទម្លាប់សម្លាប់មនុស្ស ដែលជាហេតុធ្វើឱ្យអ្នកភូមិមានភាពភ័យខ្លាចចំពោះវា។ អ្នកដែលធ្លាប់បានឃើញវា បាននិយាយថា វាមានរូបរាងធាត់ កន្ទុយវែង មានពណ៌ខ្មៅ និងធំជាងសត្វឆ្កែ តែតូចជាងសត្វតោ។ វាអាចលោត និងឡើងដើមឈើបានយ៉ាងលឿន។ មានការរាយការណ៍ជាច្រើនថាបានឃើញវានៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែមកដល់បច្ចុប្បន្នមិនទាន់មានការចាប់បានវានោះទេ។

6. មូលដ្ឋាន UFO នៅ Kongka La ឬ Kongka Pass

ទីកន្លែងនេះស្ថិតនៅតំបន់ភ្នំ Himalayas និងជាដែនដីជម្លោះរវាងប្រទេសឥណ្ឌា និងប្រទេសចិន។ តំបន់នេះត្រូវបានចាត់ទុកជាទីកន្លែងអាថ៌កំបាំងមួយនៅក្នុងពិភពលោក។ ប្រជាជនក្នុងតំបន់ជឿថា​ UFO លាក់ខ្លួននៅក្នុងមូលដ្ឋានក្រោមដីក្នុងតំបន់នេះ។ អ្នកទេសចរ និងអ្នកក្នុងតំបន់តែងបានឃើញ UFO ហោះ និងពន្លឺចម្លែកចេញពីក្នុងជ្រលងដែលគ្មានអ្នកណាទៅដល់។

7. បុរសអាថ៌កំបាំងទាំង៩

បុរសអាថ៌កំបាំងទាំង៩នេះ ត្រូវបានគេជឿថាជាអង្គការសម្ងាត់ដែលត្រូវបានបង្កើតឡើងដោយអធិរាជ Ashoka the Great កាលពី២៧៣ឆ្នាំមុន ហើយគេជឿថា ក្រុមនេះមាននូវវិទ្យាសាស្រ្តទំនើបរបស់ឥណ្ឌា ដែលធ្លាប់ត្រូវបានប្រើនៅក្នុងសង្រ្គាម។ បុរសអាថ៌កំបាំងទាំង៩នេះ ក៏ត្រូវបានគេនិយាយសំដៅទៅលើសៀវភៅទាំង៩ក្បាល ដែល Ashoka សរសេរផងដែរ ហើយសៀវភៅទាំងនេះមាននូវវិទ្យាសាស្រ្តដ៏អស្ចារ្យជាច្រើនរបស់ឥណ្ឌា។

ប្រភព៖ Wtfintheworld

Loading...
SHARE