អ្នកវិទ្យាសាស្រ្តកំពុងស្វែងរកវិធីថ្មីៗ និងប្រកបដោយភាពច្នៃប្រឌិតដើម្បីប្រើប្រាស់បេសកកម្មរុករកក្នុងអវកាស សិក្សាពីវិធីធ្វើឱ្យប្រសើរឡើងនៃជីវិតនៅលើផែនដី ហើយឧទាហរណ៍ថ្មីបំផុតនោះគឺ ការពិសោធន៍សាច់ដុំម៉ូលេគុល (The Molecular Muscle Experiment) ។ សម្រាប់រយៈពេលកន្លងមក មនុស្សបានធ្វើការរុករកអវកាសជាច្រើនដូចជា ការចុះចតជាលើកដំបូងរបស់មនុស្សនៅលើឋានព្រះច័ន្ទនៅឆ្នាំ១៩៦៩ ជាដើម។ ក្រៅពីនេះ នៅមានអ្វីផ្សេងទៀតក្រៅពីមនុស្សដែលត្រូវបានគេបញ្ជូនទៅក្នុងលំហអវកាសដូចជា សត្វសុនខដែលត្រូវបានបញ្ជូនដោយសហភាពសូវៀតនៅទសវត្សឆ្នាំ១៩៥០ និងសត្វស្វាដែលត្រូវបានបញ្ជូនទៅក្នុងលំហ ដើម្បីធ្វើតេស្តបរិយាកាសនៅទីនោះ ដែលមនុស្សអាចនឹងជួបនៅពេលបំពេញបេសកកម្មក្នុងទីលំហនាពេលអនាគត ជាដើម។

ដោយឡែក ថ្មីៗនេះ ទីភ្នាក់ងារអវកាសចក្រភពអង់គ្លេស (United Kingdom Space Agency) បានប្រកាសថា ខ្លួននឹងបញ្ជូន Caenorhabditis elegans ដែលជាប្រភេទដង្កូវ ចំនួនរាប់ពាន់ ទៅកាន់ទីលំហអវកាស។ នេះជាផ្នែកមួយនៃ «ការពិសោធន៍សាច់ដុំម៉ូលេគុល (The Molecular Muscle Experiment)» របស់ទីភ្នាក់ងារខាងលើ ដែលការពិសោធន៍នេះមានគោលបំណងសិក្សាអំពីដំណើរនៃភាពចាស់នៃសាច់ដុំ ហើយសង្ឃឹមថាការពិសោធន៍នឹងផ្តល់តម្រុយអំពីដំណើរការដូចគ្នានេះនៅក្នុងខ្លួនមនុស្សលើផែនដី។ គម្រោងនេះនឹងមានអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Nottingham, Exeter និង Lancaster ។ ដង្កូវនេះគឺមានទំហំតូចជាងប្រភេទសត្វផ្សេងៗដែលគេធ្លាប់បញ្ជូនទៅក្នុងទីលំហដើម្បីសិក្សា។ ប្រភេទដង្កូវដែលត្រូវបានបញ្ជូនទៅក្នុងទីលំហដើម្បីប្រមូលទិន្នន័យនេះ មានប្រវែងត្រឹមតែ ១មីលីម៉ែត្រ ហើយវាជាគំរូដ៏ល្អសម្រាប់ការយល់ដឹងអំពីការថយចុះនៃមុខងាររបស់សាច់ដុំមនុស្ស។

ប្រភព៖ Interesting Engineering

Loading...