បុរសម្នាក់បានច្នៃរថយន្ត Pick Up របស់គាត់ឲ្យក្លាយជារថយន្ត Pick Up ក្រឡាប់ចាក់ ដោយមើលទៅដូចជាកងរថយន្តបះឡើងទៅលើអីញ្ចឹង ។

លោក Rick និងឆ្កែរបស់គាត់កំពុងតែជិះក្នុងឡាន Pick Up ក្រឡាប់ចាក់របស់គាត់

បើយោងតាមការចុះផ្សាយរបស់ barcroft បានឲ្យដឹងថា បុរសម្នាក់នេះមានឈ្មោះថា Rick Sullivan ។ គាត់បានចំណាយពេលរហូតដល់ទៅ ៦ ខែនិងថវិកាផ្ទាល់ខ្លួនប្រមាណ ៦ ពាន់ដុល្លារដើម្បីទិញផ្នែកផ្សេងនៃរថយន្តដទៃដើម្បីយកមកកែច្នៃ ។

រថយន្តពេលកំពុងស្ថិតនៅក្នុងការកែច្នៃ

ប្រភពដដែលបានបន្តថា រថយន្តដែលគាត់បានយកមកកែច្នៃគឺជារថយន្ត Ford Ranger ស៊េរីឆ្នាំ ១៩៩១ ហើយផ្នែកខាងលើដែលគាត់ប្រើប្រាស់យកមកដាក់ពីលើដើម្បីឲ្យមើលទៅក្រឡាប់ចាក់នេះគឺជាផ្នែកនៃរថយន្ត Ford F-150 ស៊េរីឆ្នាំ ១៩៩៥ ។

រថយន្តពេលកំពុងស្ថិតនៅក្នុងការកែច្នៃ

កន្លែងដែលគាត់បានធ្វើការកែច្នៃរថយន្តគឺជាការ៉ាសរបស់គាត់ផ្ទាល់ដែលបានបើកជាមួយនឹងភរិយារបស់លោកគឺលោកស្រី Kathy ដែលមានទីតាំងស្ថិតនៅទីក្រុង Clinton នៃរដ្ឋ Illinois សហរដ្ឋអាមេរិក ។ ហើយគំនិតនៃការបង្កើតរថយន្តក្រឡាប់ចាក់នេះឡើងគឺកើតឡើងនៅពេលដែលគាត់បានដឹករថយន្ដដែលខូចខាតមួយទៅការ៉ាសរបស់គាត់ ដោយដាក់វាក្រឡាប់បះកង់ឡើងទៅលើ ។

រថយន្តពេលបើកនៅលើផ្លូវ
រថយន្តនៅពេលចតជិតគេជិតឯង

លោក Rick  បាននិយាយថា គាត់បង្កើតរថយន្តនេះឡើងដោយប្រើប្រាស់ផ្នែកនៃរថយន្តជាច្រើនផ្គ៉ំចូលគ្នា ដោយខ្លះទិញ ឯខ្លះទៀតម្ចាស់រថយន្តដែលគេយកមកជួសជុលនៅកន្លែងគាត់បរិច្ចាគឲ្យ ហើយគម្រោងនៃការបង្កើតរថយន្តនេះគាត់មិនបានប្រាប់ភរិយារបស់គាត់នោះទេ គឺរហូតដល់លេចរូបរាងពិតទើបគាត់ ធ្វើឲ្យប្រពន្ធគាត់ភ្ញាក់ផ្អើលតែម្ដង ។

គាត់បានបន្តថា នៅពេលដែលគាត់បើកបរនៅលើផ្លូវគាត់មិននឹកស្មានថាវាទទួលបានការចាប់អារម្មណ៍ដូច្នោះសោះ ដោយមនុស្សជាច្រើនបានបង្អង់រថយន្ត ឬឈប់ដើម្បីមើលរថយន្តរបស់គាត់ ហើយរូបថតរថយន្តគាត់មិនតិចជាង ១ពាន់សន្លឹកនោះទេដែលត្រូវបានមហាជនថតក្នុងមួយថ្ងៃៗ ។

លោក Rick ឈរជិតរថយន្តរបស់គាត់

 

រូបថតពីចំហៀងនៃរថយន្តរបស់គាត់
លោក Ricky នៅក្នុងរថយន្តរបស់គាត់

ប្រភព ៖ barcroft.tv

Loading...