នាពេលថ្មីៗនេះ មានរបស់ជាច្រើនដែលបានក្លាយជាគោលដៅនៃការលួចរបស់ក្រុមចោរ។ សូម្បីតែរបស់ខ្លះដែលអ្នកគិតថា ចោរនឹងមិនលួចនោះក៏ត្រូវបានក្រុមចោរខ្លះលួចផងដែរ ហើយបើគិតមើលទៅគឺពិតជាហួសចិត្ត និងគួរឱ្យអស់សំណើច។ ភាគច្រើននៃវត្ថុទាំងនេះត្រូវបានចោរយល់ឃើញថាមានតម្លៃ និងដឹងពីតម្លៃរបស់វា ហើយក៏ចាត់ទុកជាគោលដៅនៃការលួចតែម្តង។ ប៉ុន្តែសម្រាប់មនុស្សទូទៅ ឬនៅក្នុងបរិបទផ្សេង គេប្រាកដជាឆ្ងល់ និងហួសចិត្តថា ក្រុមចោរប្រឹងប្រែងលួចរបស់ទាំងនោះ ដើម្បីអ្វី ព្រោះមើលទៅដូចជាមិនមានតម្លៃអ្វីផង។ ជាក់ស្តែង អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ និងហួសចិត្តដែលចោរលួចវត្ថុខាងក្រោមនេះ។

10. ផ្លែ Avocados ឬផ្លែប៊័រ

ប្រទេសនូវែលហ្សេឡង់ជួបប្រទះករណីចោរកម្មផ្លែ Avocados ធ្ងន់ធ្ងរ។ ជាក់ស្តែងក្នុងករណីចោរកម្មគួរឱ្យកត់សម្គាល់មួយ ចំការផ្លែ Avocados មួយកន្លែងត្រូវបានវាយឆ្មក់កាន់កាប់ និងប្រមូលផលដោយក្រុមជនល្មើស ដែលក្នុងករណីចោរកម្មនេះតែមួយ ផ្លែ Avocados ត្រូវបានចោរលួចក្នុងបរិមាណយ៉ាងច្រើនគិតជាលុយប្រមាណ ៦៨.០០០ដុល្លារ ទាំងដែលផ្លែនេះមិនទាន់ទុំនៅឡើយផង។ ជាទូទៅ ផ្លែ Avocados ដែលត្រូវបានចោរលួច ត្រូវបានគេយកទៅលក់ឱ្យអ្នកលក់ផ្លែឈើក្នុងស្រុកលក់បន្តទៅឱ្យសាធារណៈជន។ ការលួចផ្លែនេះគឺមានជាប់ទាក់ទងនឹងការកើនឡើងនៃតម្លៃផ្លែប៊័រ និងច្បាប់ដ៏តឹងរ៉ឹងរបស់នូវែលហ្សេឡង់ស្តីពីការនាំចូលផ្លែឈើ។

9. ផ្ទាំងថ្មដាក់នៅក្បាលផ្នូរខ្មោច (Headstones)

បច្ចុប្បន្ន ប្រទេសវេនេហ្ស៊ូអេឡាកំពុងប្រឈមនឹងអតិផរណា និងវិបត្ដិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ជាវិបាក ក្រុមចោរលួចគ្រប់យ៉ាងដែលគេអាចលួចបាន ហើយក្រុមចោរមួយចំនួនបានចាប់អារម្មណ៍លើផ្នូរខ្មោច។ ពួកគេលួចរបស់អ្នកកាន់មរណទុក្ខនៅក្នុងពិធីបុណ្យសព ហើយវាយឆ្មក់លើកន្លែងបញ្ចុះសពដើម្បីប្លន់យករបស់របរអ្នកស្លាប់។ ភាគច្រើន ពួកគេយកលោហធាតុគ្រប់យ៉ាងដែលពួកគេរកឃើញនៅក្នុងផ្នូរ ហើយពេលខ្លះពួកគេយកឆ្អឹងរបស់អ្នកស្លាប់ទៅលក់ផងដែរ។ ក្រុមចោរខ្លះទៀតលួចយកផ្ទាំងថ្មដាក់នៅក្បាលផ្នូរខ្មោច (Headstones) ផងដែរ។ ជាក់ស្តែង ផ្ទាំងថ្មនៅក្បាលផ្នូរចំនួន ៦.០០០ផ្ទាំង ត្រូវបានគេលួចនៅទីបញ្ចុះសពមួយកន្លែងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

8. ប្រេងឥន្ធនៈ

ក្រុមជួញដូរថ្នាំញៀននៅប្រទេសម៉ិចស៊ីកូ កំពុងបន្ថែមសកម្មភាពខុសច្បាប់ថ្មីមួយរបស់ខ្លួន នោះគឺការលួចប្រេងឥន្ធនៈ។ នេះគឺដោយសារកត្តាជាច្រើន ដូចជា ប្រេងឥន្ធនៈជាផលិតផលនាំចេញចម្បងរបស់ម៉ិចស៊ីកូ និងជាប្រភពចម្បងនៃការដោះដូរជាមួយបរទេស ព្រមទាំងសង្គ្រាមប្រឆាំងគ្រឿងញៀន។ ដោយសារប្រេងឥន្ធនៈត្រូវបាននាំចេញទៅកាន់ប្រទេសដទៃ ដូចនេះវាងាយនឹងត្រូវបានលក់ដូរនៅប្រទេសម៉ិចស៊ីកូ។

7. Catalytic Converters

ឧបករណ៍នេះជារបស់ស្តង់ដារមួយនៅក្នុងរថយន្តចាប់តាំងពីឆ្នាំ១៩៧៥។ ក្រុមចោរលួចគ្រឿងនេះយកទៅលក់ឱ្យអ្នកទិញអេតចាយ ក្នុងតម្លៃចន្លោះពី ១០០ ទៅ ១៥០ ដុល្លារ ហើយក្រុមអ្នកទិញអេតចាយ ជាអ្នកដកយកដែកចេញពី Catalytic Converters។ តាម National Insurance Crime Bureau (NICB) ចំនួនចោរលួច Catalytic Converters បានកើនឡើងនៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០៩ ដែលក្នុងនោះCatalytic Converters ជាង ៤០០០ ត្រូវបានរាយការណ៍ថាត្រូវបានចោរលួចរៀងរាល់ឆ្នាំ ហើយចំនួនរាប់ពាន់ទៀតមិនត្រូវបានរាយការណ៍ឡើយ។

6. ស្ពាន់ ទង់ដែង

នៅអាមេរិក ចំនួនចោរលួចស្ពាន់ ទង់ដែង មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារការកើនឡើងនៃតម្លៃរបស់វា ជាក់ស្តែង នៅពេលតម្លៃស្ពាន់ ទង់ដែង ឡើងថ្លៃ ចំនួនចោរកើនឡើង ហើយនៅពេលតម្លៃធ្លាក់ចុះ ចំនួនចោរក៏ថយចុះដែរ។

5. Vanilla

ចោរលួច Vanilla គឺជាបញ្ហាមួយកើតឡើងនៅ Madagascar សព្វថ្ងៃនេះ ដែលប្រទេសនេះជាប្រទេសផលិត Vanilla និងរបស់រសជាតិ Vanilla ធំជាងគេបំផុតនៅលើពិភពលោក។ ក្នុងឆ្នាំកន្លងមក តម្លៃ Vanilla នៅ Madagascar បានកើនឡើងពី ១០០ដុល្លារក្នុងមួយគីឡូក្រាមទៅ ៦៣៥ដុល្លារ មុនពេលចុះមកនៅត្រឹមតម្លៃ៥៣០ដុល្លារក្នុងមួយគីឡូក្រាម។ ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃនេះគឺជាកត្តាដែលទាក់ទាញឧក្រិដ្ឋជនឱ្យចាប់ផ្តើមលួច Vanilla។ ក្រុមចោរប្លន់ប្រដាប់ដោយអាវុធបានវាយឆ្មក់ចូលកសិដ្ឋានដាំ Vanilla ហើយប្រមូលផល Vanilla។ ជាការឆ្លើយតប ម្ចាស់កសិដ្ឋានបានធ្វើអាវុធដោយខ្លួនឯងដើម្បីការពារកសិដ្ឋានរបស់ខ្លួនដោយសហការជាមួយប៉ូលិស។

4. ធុងសម្រាម

នៅដើមឆ្នាំ ២០១៨ ទីក្រុង Manhattan ប្រឈមនឹងបញ្ហាចោរលួចធុងសម្រាមដែលដាក់នៅតាមផ្លូវ ដែលពេលខ្លះចោរលួចយកទាំងធុងសម្រាមដែលមានសម្រាមនៅក្នុងនោះ។ ហេតុអ្វី? គ្មាននរណាម្នាក់ដឹងឡើយ។ ធុងសម្រាមធ្វើពីដែកទម្ងន់ ១២៥គីឡូក្រាម អាចលក់បានក្នុងតម្លៃ ១០០០ដុល្លារ សម្រាប់ធុងមួយ ប៉ុន្តែតាមអ្នកទិញអេតចាយ ចោរមិនអាចលក់ធុងសម្រាមនោះបានតម្លៃលើសពី ២២ដុល្លារឡើយ។ ទីក្រុងញូវយ៉កក៏ជួបនឹងបញ្ហាស្រដៀងគ្នានេះដែរ។

3. ខ្សាច់

Sardiania មានឆ្នេរសមុទ្រដែលស្រស់ស្អាតនិងស្អាតបំផុត ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលភ្ញៀវទេសចរតែងតែចង់ច្រកខ្សាច់ដាក់ក្នុងដប ឬកាបូបដើម្បីទុកជាវត្ថុអនុស្សាវរីយ៍។ ប៉ុន្តែចោរលួចខ្សាច់បានក្លាយជាបញ្ហាដ៏ធំមួយសម្រាប់រដ្ឋាភិបាល។ ខ្សាច់ដែលភ្ញៀវទេសចរយកពីឆ្នេរសមុទ្រនោះ អាចមើលទៅតិច ប៉ុន្តែកុំភ្លេចថាបរិមាណខ្សាច់ដែលយកចេញនោះគឺកើនឡើងរហូត។ ដូចនេះហើយ រដ្ឋាភិបាលអ៊ីតាលីបានហាមភ្ញៀវទេសចរមិនឱ្យយកខ្សាច់ពីឆ្នេររបស់ខ្លួនឡើយ និងពិន័យជាប្រាក់រហូតដល់ ៣ពាន់អឺរ៉ូចំពោះអ្នកដែលរំលោភបំពាន។

2. ក្រដាសបង្គន់

ចោរលួចក្រដាសបង្គន់គឺជាបញ្ហាមួយនៅក្នុងប្រទេសចិន។ ប្រជាជនចូលចិត្តលួចវាពីបង្គន់សាធារណៈ។ កន្លែងអាជីវកម្ម និងកន្លែងភ្ញៀវទេសចរភាគច្រើន សុខចិត្តមិនដាក់ក្រដាសបង្គន់នៅក្នុងបង្គន់របស់ខ្លួន ក៏ដោយសារមូលហេតុនេះដែរ។ Temple of Heaven Park បានរកឃើញដំណោះស្រាយដ៏ប្លែកមួយចំពោះបញ្ហានេះ នោះគឺឧបករណ៍ផ្ទុកក្រដាសបង្គន់ដែលមានបំពាក់បច្ចេកវិទ្យាសម្គាល់មុខមនុស្ស។

  1. ទឹក

រដ្ឋ California បានជួបប្រទះនូវបញ្ហាចោរលួចទឹកក្នុងអំឡុងពេលគ្រោះរាំងស្ងួតឆ្នាំ២០១៤។ មនុស្សលួចទឹកពីធុងទឹកឯកជន ទន្លេ និងស្ថានីយពន្លត់អគ្គីភ័យ។ បទល្មើសនេះត្រូវបានគេរកឃើញថា ភាគច្រើនប្រព្រឹត្តដោយអ្នកដាំកញ្ឆាខុសច្បាប់ ដែលពួកគេលួចយកទឹកទៅប្រើប្រាស់ស្រោចស្រពដំណាំកញ្ឆារបស់ពួកគេ។ នៅចក្រភពអង់គ្លេស ក្រុមហ៊ុន Thames Water ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកឯកជនបានជួបប្រទះការលួចទឹកយ៉ាងធ្ងន់ធ្ងរ រហូតដល់សុខចិត្តចំណាយថវិកាជួលក្រុមស៊ើបអង្កេតមួយដើម្បីស្វែងរកចោរលួចទឹករបស់ខ្លួន។

ប្រភព៖ Listverse

Loading...