ទីបំផុតក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានសម្រេចគោលបំណងរបស់ខ្លួន ក្នុងការផ្តួលក្រមហ៊ុន Apple ក្លាយជាក្រុមហ៊ុនទូរសព្ទធំបំផុតលំដាប់លេខ ២ ដែលលក់ស្មាតហ្វូនបានច្រើនបំផុត ។

បើយោងតាមរបាយការណ៍ពី IDC បានឲ្យដឹងថា នៅ​ត្រីមាស​ទី​ ២ ឆ្នាំ ២០១៨ នេះក្រុមហ៊ុន​ Huawei បាន​លក់​ស្មាតហ្វូន​សរុប​ រហូតដល់ទៅ ៥៤,២ លាន​គ្រឿង​​ទូទាំង​ពិភព​លោក​​ ដែល​កាន់​កាប់​ចំណែកទីផ្សារ​បាន ១៥,៥ ភាគរយ តួ​លេខ​នេះ​គឺ​កើន​ឡើង​ដល់ទៅ​ ៤១%ឯណោះ បើ​ធៀប​នឹង​ត្រីមាសទី ២​ឆ្នាំ ២០១៧ ដែលក្រុមហ៊ុននេះលក់​ស្មាតហ្វូន​បានត្រឹមតែ​ ៣៨,៤ លាន​គ្រឿងប៉ុនណោះ ។

ចំណែកក្រុមហ៊ុន Apple ដែលបានធ្លាក់ដល់ចំណាត់ថ្នាក់លេខ ៣ នៅត្រីមាសទី ២ ឆ្នាំ ២០១៨នេះ លក់ស្មាតហ្វូនសរុបបាន ៤១,៣ លាន​គ្រឿង វាស្មើរនឹង ១១,៨ភាគរយនៃចំណែកទីផ្សារសរុប ហើយបើធៀបជាមួយនឹងត្រីមាសទី២ ឆ្នាំ ២០១៧ ក្រុមហ៊ុននេះមានកំណើនតែ ១ ភាគរយប៉ុនណោះ ។

ងាកមកមើលក្រុមហ៊ុន SAMSUNG ឯណោះវិញ ថ្វីត្បិតតែកាន់កាប់ដំណែងលេខ ១ ជាមួយនឹងការលក់ស្មាតហ្វូនបានរហូតដល់ ៧១,៥ លាន​គ្រឿង និង​កាន់​កាប់​ទីផ្សារ​ ២០,៤ ភាគរយក៏ពិតមែន ប៉ុន្តែបើធៀបជាមួយនឹងត្រីមាសទី២ ឆ្នាំ ២០១៧ ចំនួនលក់ចេញស្មាតហ្វូនរបស់ក្រុមហ៊ុននេះមានការថយចុះ ៨ ភាគរយ ដែលកាលពីឆ្នាំមុនពួកគេលក់បានរហូតដល់ទៅ ៧៩,៥ លាន​គ្រឿង​ ឯណោះ ។

រីឯចំណែកទីផ្សារដែលនៅសេសសល់ Oppo និង Xiaomi ប្រមូលបានច្រើនជាងគេ ខណៈដែលសល់ពីនោះគឺជារបស់ក្រុមហ៊ុនដទៃដូចជា LG , SONY និងក្រុមហ៊ុនផ្សេងៗទៀត ។

គួរបញ្ជាក់ឲ្យដឹងផងដែរថានៅត្រីមាសទី ២ ឆ្នាំ ២០១៨ នេះ ស្មាតហ្វូនជាង ៣៤២ លានគ្រឿងត្រូវបានលក់ចេញទៅកាន់ទីផ្សារទូទាំងពិភពលោក ដោយតួរលេខនេះមានការថយចុះប្រមាណជា ១,៨ ភាគរយបើធៀបជាមួយនឹងត្រីមាសទី ២ ឆ្នាំមុនគឺមានការលក់ចេញបានរហូតដល់ទៅ ៣៤៨,២ លានគ្រឿងឯណោះ ៕

ប្រភព ៖ idc canalys , strategyanalytics

Loading...