មានមូលហេតុជាច្រើនដែលស្ថាបត្យករជ្រើសរើសប្រើកញ្ចក់ក្នុងការសាងសង់សំណង់អគារជាងប្រើសម្ភារៈផ្សេងៗទៀត។ មូលហេតុមួយក្នុងចំណោមនោះគឺថាការប្រើកញ្ចក់អាចឱ្យពន្លឺធម្មជាតិឆ្លងកាត់ ធ្វើឱ្យផ្ទៃខាងក្នុងភ្លឺថ្លាល្អ មើលទៅទូលាយ និងមានលក្ខណៈទំនើបផងដែរ។ នៅលើពិភពលោកមានសំណង់អគារជាច្រើនដែលប្រើប្រាស់កញ្ចក់ តែខាងក្រោមនេះជាសំណង់អគារធ្វើពីកញ្ចក់ដែលស្រស់ស្អាតបំផុតមួយចំនួនដូចជាផ្ទះ ប៉មដំបូល អគារ និងសំណង់ជាច្រើនទៀត។

1១. Stahl House ផ្ទះជញ្ជាំងកញ្ចក់ដ៏ល្បីរបស់ហូលីវូដ

ផ្ទះនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៩ និងរចនាដោយស្ថាបត្យករ Pierre Koenig ព្រមទាំងបានបង្ហាញខ្លួននៅក្នុងភាពយន្តហូលីវូដជាច្រើន។ បច្ចុប្បន្ន វាត្រូវបានគេចាត់ទុកជាស្នាដៃសិល្បៈស្ថាបត្យកម្មសម័យទំនើប។

2២. Louvre Pyramid និមិត្តសញ្ញារបស់អ្នកប៉ារីស

សំណង់កញ្ចក់នេះត្រូវបានរចនាដោយស្ថាបត្យករ I.M. Pei និងត្រូវបានបើកបង្ហាញជាច្រកចូលសារមន្ទីរនៅឆ្នាំ១៩៨៩។

3៣. ទីស្នាក់ការកណ្តាលរបស់ Al Dar នៅទីក្រុង Abu Dhabi ដែលជាអគារមូលដំបូងគេនៅមជ្ឈិមបូព៌ា

អគារនេះសាងសង់ឡើងនៅឆ្នាំ២០១០ និងត្រូវបានរចនាដោយស្ថាបត្យករ MZ Architects ហើយជាអគារដំបូងគេក្នុងប្រភេទបែបនេះនៅមជ្ឈិមបូព៌ា និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម។

4៤. Sage Gateshead នៅទីក្រុងឡុងដ៏

អគារនេះរចនាឡើងដោយ Foster និងដៃគូនៅឆ្នាំ១៩៩៧ ដោយមានសាលប្រគុំតន្រ្តីចំនួន៣ដាច់ដោយឡែកពីគ្នា។ អគារនេះបើកដំណើរការនៅឆ្នាំ២០០៤។

5៥. Botanical Garden of Curitiba នៅប្រទេសប្រេស៊ីល

សំណង់នេះសួនច្បារនេះសាងសង់ឡើងនៅឆ្នាំ១៩៩១ និងរចនាដោយយកគំនិតតាម Crystal Palace នៅទីក្រុងឡុងដ៏ ដែលសាងសង់នៅស.វទី១៩។

6៦. អគារ IAC Building នៅញូវយ៉ក

អគារនេះរចនាឡើងដោយស្ថាបត្យករ Frank Gehry ដែលលោកមានឈ្មោះល្បីល្បាញខាងយកកញ្ចក់មករចនាធ្វើជាសំណង់អគារ។ អគារនេះបញ្ចប់ការសាងសង់នៅឆ្នាំ២០០៧ ហើយវាត្រូវបានសាងសង់ឡើងក្នុងបំណងធ្វើឱ្យអ្នកធ្វើការមានអារម្មណ៍ថាពួកគេកំពុងស្ថិតក្នុងបរិយាកាសបើកទូលាយ។

7៧. បណ្ណាល័យ Seattle Central Library នៅសហរដ្ឋអាមេរិក

បណ្ណាល័យនេះបើកដំណើរការនៅឆ្នាំ២០០៤ ហើយទាក់ទាញអ្នកចូលចិត្តអានសៀវភៅជាច្រើន។ នៅទីនេះមានសៀវភៅជាច្រើនប្រហែល១,៤លានក្បាល។  គ្រាន់តែនៅឆ្នាំដំបូងដែលបើកដំណើរការ មានអ្នកចូលបណ្ណាល័យនេះចំនួន ២,៣លាននាក់។

8៨. The Shard អគារខ្ពស់បំផុតនៅទីក្រុងឡុងដ៏

អគារនេះក្លាយជានិមិត្តសញ្ញានៃទីក្រុងឡុងដ៏ ចាប់តាំងពីវាបើកដំណើរការនៅឆ្នាំ២០១២។ អគារនេះមានកម្ពស់៣០៩,៧ម៉ែត្រ និងត្រូវបានរចនាដោយស្ថាបត្យករ Renzo Piano។

9៩. ទីស្នាក់ការកណ្តាល Basque Health Department នៅប្រទេសអេស្ប៉ាញ

អគារនេះសាងសង់ឡើងនៅឆ្នាំ២០១៤ ដោយស្ថាបត្យករ Juan Coll-Barreu ដែលអគារនេះអាចឱ្យគេមើលឃើញទេសភាពជាច្រើនបែបនៃទីក្រុង។

10១០. វិទ្យាស្ថាន Netherlands Institute for Sound and Vision នៅប្រទេសហូឡង់

វិទ្យាស្ថាននេះសាងសង់នៅឆ្នាំ២០០៦ ដោយស្ថាបត្យករ Willem Jan Neutelings និង Michiel Riedijk។ អគារនេះមានលក្ខណៈពិសេសគួរឱ្យកត់សម្គាល់ត្រង់អគារទាំងមូលព័ទ្ធជុំវិញដោយបន្ទះកញ្ចក់ដែលមានពណ៌ចម្រុះយ៉ាងស្រស់ស្អាត ហើយបន្ទះកញ្ចក់នីមួយៗបង្ហាញនូវរូបភាពពីទូរទស្សន៍របស់ហូឡង់។

11១១. ផ្ទះកញ្ចក់ Philip Johnson Glass House នៅសហរដ្ឋអាមេរិក

នេះជាផ្ទះសម្រាកលំហែចុងសប្តាហ៍របស់ Johnson រយៈពេលជាង៥៨ឆ្នាំមកហើយ  ដែលក្នុងនោះមានផ្ទះបាយ កន្លែងញុំាអាហារ និងកន្លែងគេង។

12១២. 30 St. Mary Axe កន្លែងដែលជានិមិត្តសញ្ញាមួយរបស់ទីក្រុងឡុងដ៏

អ្នកទីក្រុងឡុងដ៏ហៅវាថា “the Gherkin” ដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ២០០៣។ អគារនេះមានកម្ពស់៤១ជាន់ និងមានលក្ខណៈទំនើបហាក់ដូចជាអគារក្នុងពេលអនាគត។

13១៣. Dancing House នៅសាធារណរដ្ឋឆែក

សំណង់នេះសង់ឡើងនៅឆ្នាំ១៩៩៦  ដែលផ្នែកទាំងពីរនៃអគារនេះអោនដាក់គ្នាប្រៀបដូចជាអ្នករាំ។

14១៤. សាល Philharmonic Hall នៅប្រទេសហូឡង់

នៅឆ្នាំ២០១៥ អគារនេះបានទទួលពានរង្វាន់  European Union Prize សម្រាប់លក្ខណៈស្ថាបត្យកម្មរបស់អគារ។

15១៥. សារមន្ទីរសិល្បៈ Nelson-Atkins នៅសហរដ្ឋអាមេរិក

អគារនេះរចនាឡើងដោយ  Steven Holl នៅឆ្នាំ១៩៩៩ ដែលមានប្រើបច្ចេកវិទ្យាកញ្ចក់យ៉ាងទំនើបដើម្បីការពារស្នាដៃសិល្បៈពីកាំរស្មី UV ដែលមានគ្រោះថ្នាក់។

16១៦. ស្ពានកញ្ចក់ Zhangjiajie នៅប្រទេសចិន

នេះជាស្ពានកញ្ចក់វែងបំផុត លាតសន្ធឹងនៅលើជ្រលងភ្នំនៃខេត្តហួណាន ប្រទេសចិន។ ស្ពាននេះបើកដំណើរការនៅឆ្នាំ២០១៦។ វាមានប្រវែង ៤៣០ម៉ែត្រ និងស្ថិតនៅកម្ពស់២៦០ម៉ែត្រពីដី។

17១៧. អគារ Christ Cathedral នៅរដ្ឋ California សហរដ្ឋអាមេរិក

សំណង់អគារនេះបើកដំណើរការនៅឆ្នាំ១៩៨១ និងត្រូវបានរចនាឡើងដោយ Philip Johnson។ អគារនេះត្រូវបានចាត់ទុកជាអគារកញ្ចក់ធំបំផុតក្នុងពិភពលោកនៅឆ្នាំដែលវាបើកដំណើរការ។

18១៨. ផ្ទះ Farnsworth នៅរដ្ឋ Illinois សហរដ្ឋអាមេរិក

ផ្ទះនេះសាងសង់ឡើងដោយ  Dr. Edith Farnsworth នៅចន្លោះឆ្នាំ១៩៤៥ និង១៩៥១ ដែលជាកន្លែងសម្រាកចុងសប្តាហ៍សម្រាប់លោករីករាយនឹងធម្មជាតិ។

19១៩. អគារ Fondation Louis Vuitton នៅប៉ារីស

សំណង់នេះបើកដំណើរការនៅឆ្នាំ២០១៤ និងត្រូវបានរចនាដោយ Frank Gehry ដោយយកគំនិតតាមអគារកញ្ចក់ Grand Palais និងអគារកញ្ចក់ផ្សេងទៀតរបស់បារំាងកាលពីស.វទី១៩។

20២០. City of Arts and Sciences នៅ Valencia ប្រទេសអេស្ប៉ាញ

ក្រុងនេះគឺជារតនសម្បត្តិមួយរបស់ប្រទេសអេស្ប៉ាញ ដែលក្នុងក្រុងនេះមានអគារជាច្រើន ដូចជាសារមន្ទីរវិទ្យាសាស្រ្ត កន្លែងប្រគុំតន្រ្តី និងកន្លែងប្រារព្ធព្រឹត្តិការណ៍កីឡា អាងចិញ្ចឹមសត្វក្នុងទឹក និងសាលមហោស្រពជាដើម។

21២១. អគារ Gardens by the Bay នៅប្រទេសសិង្ហបុរី

អគារនេះតំណាងឱ្យអាកាសធាតុផ្សេងៗ បើទោះបីជាមើលពីក្រៅឃើញដូចគ្នាក៏ដោយ។

22២២. Chihuly Garden and Glass នៅសហរដ្ឋអាមេរិក

នេះជាកន្លែងតាំងពិព័រណ៍ដែលបង្ហាញនូវស្នាដៃសិល្បៈជាច្រើន។

23២៣. មជ្ឈមណ្ឌលជាតិសម្រាប់ការសម្តែងសិល្បៈ នៅទីក្រុងប៉េកាំង

សំណង់នេះរចនាឡើងដោយ Paul Andreu។ វាត្រូវបានសាងសង់ឡើងនៅជាប់បឹងសិប្បនិម្មិត និងរចនាឡើងមើលទៅដូចជាតំណក់ទឹក។

24២៤. The Climatron នៅសហរដ្ឋអាមេរិក

អគារនេះជាសមិទ្ធផលស្ថាបត្យកម្មដ៏សំខាន់មួយរបស់អាមេរិក ដែលត្រូវបានរចនាឡើងដោយ T.C. Howard។ វាបើកដំណើរការនៅឆ្នាំ១៩៦១ ហើយសាងសង់ឡើងពីបន្ទះកញ្ចក់ចំនួន ២.៤២៥។

25២៥. Reichstag Dome នៅទីក្រុងប៊ែកឡាំង

សំណង់នេះជាកន្លែងដែលពេញនិយមបំផុតមួយរបស់ប្រទេសអាល្លឺម៉ង់។ វាត្រូវបានសាងសង់ឡើងដើម្បីជានិមិត្តសញ្ញានៃការបង្រួបបង្រួមអាល្លឺម៉ង់បន្ទាប់ពីការបែកជញ្ជាំងក្រុងប៊ែកឡាំង។

ប្រភព៖ Interesting Engineering

SHARE