អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ជីវិត​អាច​​មិន​បាច់​ចំណាយ​លុយ​ដើម្បី​ទិញ​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ មិន​ចំណាយ​​ពេលវេលា​ កម្លាំង​ញើស​ឈាម​ និង​ការ​ព្យាយាម​ដើម្បី​ទទួល​បាន​វា​នោះ​ទេ​។ ចំណុច​នេះ​ត្រឹម​ត្រូវ​ណាស់​ នៅ​ពេល​ដែល​អ្នក​រៀន​សូត្រ​ពី​ជំនាញ​​​សំខាន់ៗ​សម្រាប់​ជីវិត​​ ក្នុង​នោះ​មាន​​ដូចជា​៖

១. ការ​យល់​ចិត្ត​

ជា​សមត្ថភាព​ក្នុង​ការ​យល់​ពី​អារម្មណ៍​​​ និង​ការ​គិត​របស់​អ្នក​ដទៃ​។ ទោះ​អ្នក​ជា​មនុស្ស​អស្ចារ្យ​ប៉ុណ្ណា​ក៏​អ្នក​មិន​អាច​មិន​ខ្វល់​ ឬ​មិន​យល់​ពី​អ្នក​ដទៃ​នោះ​ទេ​ ដើម្បី​រស់នៅ​ក្នុង​សង្គម​។ ជំនាញ​នេះ​កាន់​តែ​មាន​សារៈសំខាន់​ថែម​ទៀត​សម្រាប់​អ្នក​ធ្វើ​កិច្ចការ​ផ្នែក​លក់​ និង​ការ​ធ្វើ​ការងារ​ជា​ក្រុម​។

២. ការ​គ្រប់គ្រង​ពេលវេលា​

វា​ជា​ជំនាញ​មួយ​ដែល​​និយោជក​អោយ​តម្លៃ​បំផុត​សម្រាប់​បុគ្គលិក​ ហើយ​វា​ក៏​ជា​ជំនាញ​ជួយ​ឲ្យ​អ្នក​ធ្វើ​កិច្ចការ​តាម​កាលវិភាគ​របស់​អ្នក​បាន​ល្អ​ផង​ដែរ​។

៣. ការ​គ្រប់គ្រង​ការ​គេង​

ការ​សិក្សា​បង្ហាញ​ថា​​ បើ​អ្នក​គោរព​តាម​កាល​វិភាគ​គេង​សម្រាក​របស់​អ្នក​បាន​ល្អ​ នោះ​អ្នក​នឹង​​ងាយ​​ស្រួល​ជាមួយ​ការ​គេង​ ហើយ​អាច​ធ្វើ​ឲ្យ​ការ​គេង​របស់​អ្នក​បាន​ល្អ​ទៀត​ផង​។

៤. ការ​សុំ​ជំនួយ​

ការ​ដឹង​ថា​ខ្លួន​ឯង​ត្រូវ​ការ​ជំនួយ​​និង​សុំ​ជំនួយ​ពី​អ្នក​ដទៃ​គឺ​ជា​រឿង​ពិបាក​​រៀន​ និង​ធ្វើ​ ព្រោះ​ថា​​គ្មាន​អ្នក​ណា​ចង់​ឲ្យ​អ្នក​ដទៃ​មើល​មក​ខ្លួន​ថា​​ទន់​ខ្សោយ​ និង​អសមត្ថភាព​នោះ​ទេ​។ ប៉ុន្តែ​តាម​ពិត​ការ​សុំ​ជំនួយ​ពី​អ្នក​ដទៃ​ក្នុង​ការ​ធ្វើ​កិច្ចការ​ សុំ​ដំបូន្មាន​ជា​ដើម​ មិន​មែន​ជា​រឿង​មិន​ល្អ​នោះ​ទេ​។

៥. ការ​រក្សា​ភាព​ជាប់លាប់​

 

មនុស្ស​ជា​ច្រើន​លែង​ខិតខំ​ធ្វើ​ការ​នៅ​ពេល​គេ​ឈាន​ដល់​ចំណុច​កំពូល​ ប៉ុន្តែ​តាម​ពិត​ទៅ​ដើម្បី​រក្សា​បាន​នូវ​ទីតាំង​ដែល​ខ្លួន​កំពុង​ឈរ​ គេ​ត្រូវ​ប្រឹងប្រែង​ជាង​មុន​ ឬ​រក្សា​ភាព​ជាប់លាប់​នៃ​ការ​ខិតខំ​របស់​ខ្លួន​ដដែល​។

៦. ការ​និយាយ​វិជ្ជមាន​ពី​ខ្លួន​ឯង​

អ្វី​ដែល​អ្នក​គិត​ចំពោះ​ខ្លួន​ឯង​មាន​ភាព​សំខាន់​ណាស់​ ហើយ​វា​មាន​ការ​ពិបាក​ក្នុង​ការ​​កសាង​ទំនុក​ចិត្ត​ និង​សមត្ថភាព​ក្នុង​ការ​ជឿ​លើ​ខ្លួនឯង​​ក្នុង​កម្រិត​មួយ​ នៅ​ពេល​ដែល​គ្មាន​នរណា​ម្នាក់​ជឿ​លើ​អ្នក​។

៧. ការ​ខ្វល់ខ្វាយ​ពី​រឿង​ផ្ទាល់​ខ្លួន​

ការ​ខ្វល់​ពី​រឿង​អ្នក​ដទៃ​ខ្លាំង​ពេក​ មិន​បាន​ជួយ​អ្វី​នោះ​ទេ​ ខ្ជះខ្ជាយ​ពេល​វេលា​ និង​ធនធាន​របស់​អ្នក​ជា​ច្រើន​ ដូចនេះ​ត្រូវ​ចំណាយ​ពេល​ខ្វល់​ពី​កិច្ចការ​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​។

៨. ការ​ដឹង​ពី​ពេល​ដែល​ត្រូវ​នៅ​ស្ងៀម​ និង​ធ្វើ​វា​ឲ្យ​បាន​​

ការ​នៅ​ស្ងៀម​​នៅ​ពេល​ដែល​អារម្មណ៍​របស់​អ្នក​មិន​ស្ងប់​ដូចជា​ពេល​ខឹង​ ពេល​កើត​ទុក្ខ​ ជា​ដើម​ គឺ​ជា​រឿង​ពិបាក​ ប៉ុន្តែ​វា​ពិត​ជា​សំខាន់​ណាស់​​ ប្រសិន​បើ​អ្នក​មិន​ចង់​ស្តាយ​ក្រោយ​នា​ពេល​ក្រោយ​។

៩. ការ​ស្តាប់​

ក្រៅ​ពី​ការ​​នៅ​ស្ងៀម​ដូច​លើក​ឡើង​ខាងលើ​ អ្នក​ក៏​ត្រូវ​ស្តាប់​ឲ្យ​បាន​ច្រើន​ មុន​នឹង​ធ្វើ​ការ​ឆ្លើយ​តប​នឹង​នរណា​ម្នាក់​ ឬ​អ្វី​មួយ​។

១០. ការ​ទប់ទល់​ជាមួយ​​ការ​និយាយ​ដើម

ការ​ជៀស​វាង​មិន​និយាយ​ដើម​​អ្នក​ដទៃ​ អាច​ជា​រឿង​ពិបាក​មួយ​ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​សន្ទនា​ ប៉ុន្តែ​វា​ជា​អ្វី​ដែល​អ្នក​ត្រូវ​ជៀស។​

១១. ការ​ស្មោះត្រង់​

 

ការ​ស្មោះត្រង់​​គ្រប់យ៉ាង​ជាមួយ​អ្នក​ដទៃ​អាច​មើល​ទៅ​ហាក់​ដូច​ជា​ឆោតល្ងង់​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ បើ​យើង​មិន​មាន​អ្វី​ល្អ​និយាយ​ទៅ​កាន់​អ្នក​ដទៃ​ អ្នក​ត្រូវ​កុហក​និយាយ​អ្វី​ដែល​ល្អ​ ឬ​​មិន​និយាយ​នោះ​ទេ​​។

១២. ការ​នៅ​ជា​មួយ​និង​បច្ចុប្បន្ន​

 

ការ​ស្រាវជ្រាវ​រក​ឃើញ​ថា​​ មនុស្ស​ភាគ​ច្រើន​គិត​ដល់​អ្វី​ផ្សេង​ជា​ជាង​គិត​ចំពោះ​អ្វី​ដែល​គេ​កំពុង​ធ្វើ​ និង​កំពុង​នៅ​ជាមួយ​ ដែល​នេះ​អាច​ធ្វើ​ឲ្យ​គេ​មិន​អាច​ផ្តោត​លើ​អ្វី​ដែល​គេ​កំពុង​ធ្វើ​ និង​ប៉ះពាល់​ដល់​ភាព​រីករាយ​របស់​គេ​។

១៣. ការ​គ្រប់គ្រង​ការ​គិត​របស់​អ្នក​

ដើម្បី​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ សម្រេច​អ្វី​ដែល​អ្នក​ចង់​សម្រេច​ អ្នក​ត្រូវ​តែ​ដឹកនាំ​ និង​គ្រប់គ្រង​ការ​គិត​របស់​អ្នក​ឲ្យ​បាន​។

១៤. ការ​រៀន​ភាសា​ថ្មី​

ជំនាញ​នេះ​អាច​ជួយ​ឲ្យ​អ្នក​មាន​ការ​សន្ទនា​ថ្មីៗ​ ​ឱកាស​​វិជ្ជាជីវៈ​ និង​​របៀប​នៃ​ការ​គិត​ថ្មីៗ​បាន​។ ១៥. ការ​និយាយ​
ការ​និយាយ​ជា​សាធារណៈ​គឺ​ជា​​ពិបាក​សម្រាប់​មនុស្ស​ភាគ​ច្រើន​ ប៉ុន្តែ​វា​មាន​សារៈសំខាន់​ដែល​អ្នក​ត្រូវ​តែ​រៀន​ធ្វើ​ឲ្យ​បាន​។

ប្រែ​សម្រួល​៖ Sophany
ប្រភព​៖ Business Insider
​​​​

Loading...
SHARE