ស្នេហ៍ក្រោមតំណក់ភ្លៀង

និពន្ធដោយ ខឹម ឌីណា

ភាគបញ្ចប់
ម្ចាស់ឆ័ត្រម្ចាស់បេះដូង

ថ្ងៃនេះលោកម៉ានិតហៅខ្ញុំទៅប្រាប់ថា លោកណារិទ្ធិឈឺហើយ។ គាត់ប្រាប់បណ្តើរសើចបណ្តើរធ្វើដូចរឿងលេងសើចចឹង នេះមិត្តភក្តិគាត់ឈឺទាំងមូលណាម៉េចក៍………….អេ! តែវាមិនមែនជារឿងរបស់ខ្ញុំឯណា ហេតុអីខ្ញុំត្រូវឈឺឆ្អាលនោះ។

«អារិទ្ធិវាឈឺបេះដូងណាវត្តី! នាងប្រហែលជាអាចជួយវាបាន!»

ខ្ញុំធ្វើមុខក្រញ៉ូវ ៖

«ខ្ញុំទៅជួយស្អីគេបាន? ខ្ញុំមិនមែនជាគ្រូពេទ្យទេ!»

«លើសពីគ្រូពេទ្យទៀត! អារិទ្ធិវាស្រលាញ់នាងណា!»

ខ្ញុំតាមមើលមុខលោកម៉ានិតដែលគិតតែពីសើចមិនឈប់ នេះគេយករឿងស្នេហាមកនិយាយលេងបែបនេះឬ? ពិតជាមិនយល់មែន ៖

«លោកឈប់រំឭកពីគេបានទេ!»

«អូហ៍មិនអីទេ បើនាងមិនចូលចិត្ត! ប៉ុន្តែថ្ងៃស្អែកវាសុំជួបនាងនៅ……….នាងមើលតាមអាស័យដ្ឋាននេះទៅ វាមានការសំខាន់ណា!»

គេហុចនាមប័ណ្ណមួយមកឲ្យខ្ញុំ ៖

«កុំភ្លេចទៅណា!»

ខ្ញុំញញឹមតិចៗហើយក៍ដើរចេញមក។ មិនទៅទេ! គ្មានហេតុផលអីដែលត្រូវទៅនោះទេ។ គេគ្មានសារៈសំខាន់ចំពោះខ្ញុំនោះទេ មានតែរោគចិត្តដាក់ខ្ញុំតែប៉ុណ្ណោះ……។

ដល់ថ្ងៃកំណត់ដែលត្រូវទៅជួបគេ តែខ្ញុំមិនបានទៅនោះទេ ព្រោះគ្មានហេតុផលអីដែលត្រូវទៅ យើងមិនពាក់ព័ន្ធអីនឹងគ្នានោះទេ។ ខ្ញុំប្រាប់ខ្លួនឯងបែបនោះ ប៉ុន្តែចិត្តខ្ញុំបែរជាមិនស្ងប់ ខ្ញុំដើរចុះដើរឡើងទាំងរសាប់រសល់ក្នុងខ្លួនបំផុត ទៅឬមិនទៅ? ខ្ញុំសួរខ្លួនឯងម្តងហើយម្តងទៀតទាំងមិនអស់ចិត្ត។ ជាចុងក្រោយខ្ញុំក៍សម្រេចចិត្តថាមិនទៅ។ ការណាត់របស់គេ និងខ្ញុំវាកន្លងផុតទៅបីម៉ោងហើយ ខ្ញុំក៍សំរេចចិត្តទៅសាលាបឋមរបស់ខ្ញុំជំនួសវិញ។ ទៅអង្គុយលេងៗនៅទីនោះវិញ ក្រែងលោបានជួបមនុស្សក្នុងក្តីសុបិនរបស់ខ្ញុំ ហេហេ នរណាទៅដឹង ជួនកាលគេអាចនឹងមកក៍ថាបាន។ ម៉ោងប្រហែល៥កន្លះ ថ្មើរណេះមិនសូវមានមនុស្សនោះទេ។ អេ! តែនរណាគេមកអង្គុយកន្លែងខ្ញុំហ្នឹង? ឬមួយក៍ជាគេ? ៖

«លោក………………………..លោក!»

ខ្ញុំហៅគេតិចៗ គេងាកមកមើលខ្ញុំទាំងទឹកមុខបែបស្មើរៗ។ ហ៊ើយ ស៊យហើយ! អានាយណារិទ្ធិតើ! នេះគេតាមខ្ញុំមកដល់ទីនេះឬ? ៖

«នេះលោកតាមខ្ញុំមកទីនេះឬ?»

គេគ្រវីក្បាលហើយលោតចុះពីបង់ ៖

«អត់ទេ! វាជាកន្លែងអនុស្សាវរីយ៍របស់ខ្ញុំ មិនពាក់ព័ន្ធនឹងនាងទេ នាងវ៉ែនតា!»

«វាជាកន្លែងរបស់ខ្ញុំ!»

គេដើរមកឈរទល់មុខខ្ញុំ ៖

«នាងខកការណាត់សំខាន់ជាមួយខ្ញុំហើយស្រីឡប់!»

«ខកទៅវាយ៉ាម៉េច! លោកណាត់ខ្ញុំទៅ លោកមានគិតដល់ចិត្តអ្នកនាងរ៉ូសទេ?»

គេរាងភ្ញាក់ ៖

«រ៉ូស? រ៉ូសមិនមែនជាសង្សាររបស់ខ្ញុំទេស្រីឡប់! គឺនាងតាមខ្ញុំ……»

«បាន! គឺ……..ខ្ញុំមិនខ្វល់ទេ……….ខ្ញុំមិនចង់ជួបមុខលោក! ខ្ញុំស្អប់លោក!»

គេងក់ក្បាល ៖

«ល្អហើយ! ខ្ញុំនឹងទៅអាមេរិចវិញ! ពួកយើងនឹងមិនបាច់ជួបគ្នាទៀតទេ!»

គេបែរខ្នងដើរចេញ ខ្នងបែបនេះ ដូចជាប្រហែលៗ តែមិនដឹងថាជួបនៅឯណាទេ។ អេគេថា គេទៅអាមេរិចវិញឬ? មានន័យថាម៉េច? ទៅក៍ទៅៗ ចាំបាច់ប្រាប់!

ខ្ញុំដេកគិតពីពាក្យសម្ដីរបស់គេ និងឆ្ងល់ថាគេស្គាល់សាលាបឋមរបស់ខ្ញុំដោយរបៀបណាបើគេមិនមែនជា………..ហើយចុះបើសិនគេជា………..គិតស្អី? មិនអាចទៅរួចទេ។ តែគេធ្លាប់រស់នៅអាមេរិក ម៉េចក៍ចៃដន្យម្ល៉េះ? អ្នកដែលឲ្យឆ័ត្រមកខ្ញុំនៅសាលាថ្ងៃនោះ…………..ជាគេ? ត្រូវហើយ ខ្នងមួយនោះខ្ញុំនៅចាំបាន។ ថ្ងៃនេះគេមកទីនេះទៀត ចឹងមានន័យថាគេទៅទីនោះច្រើនដងហើយ។ គួរឲ្យសង្ស័យណាស់ តែគេដូចជាមិនបាននិយាយអ្វីប្រាប់ខ្ញុំសោះ។ ខ្ញុំខលទៅលោកម៉ានិតដើម្បីសួរពីលេខទូរស័ព្ទរបស់គេ តែនៅពេលដែលបានហើយបែរជាខលមិនចូលទៅវិញ នេះគេធ្វើស្អីនឹង? គេមិនដឹងថាខ្ញុំអន្ទះសារខ្លាំងប៉ុណ្ណាទេឬ?

ខ្ញុំងើបទៅក្រុមហ៊ុនទាំងព្រលឹម ថ្ងៃនេះលោកម៉ានិតមើលទៅមិនស្រស់បស់សោះ គាត់បានហុចក្រដាសអ្វីម្យ៉ាងមកឲ្យខ្ញុំ ៖

«អារិទ្ធិវាទៅអាមេរិកវិញថ្ងៃនេះហើយ ជើងយន្តហោះវាចេញនៅម៉ោង៩ វាអោយខ្ញុំមកប្រាប់នាងតែប៉ុណ្ណឹងទេ! បន្តិចទៀតខ្ញុំទៅជូនដំណើរវា។ បើចង់ទៅ ទៅជាមួយខ្ញុំណា អាណិតវាណាស់!»

ខ្ញុំស្លុតចិត្តយ៉ាងខ្លាំង នេះគេទៅមែនឬ? គេចិត្តអាក្រក់ណាស់ដែលធ្វើបែបនេះដាក់ខ្ញុំ ៖

ម៉ោង៨ ពួកយើងនាំគ្នាទៅព្រលានយន្តហោះ ខ្ញុំមានអារម្មណ៍ថាភ័យអរៗយ៉ាងម៉េចមិនដឹងទេនេះ បើបានជួបគេតើខ្ញុំគួរនិយាយយ៉ាងម៉េច? សួរគេត្រង់ៗ? ឬក៍ប្រាប់ពីអ្វីផ្សេង? លោកម៉ានិតមើលមុខខ្ញុំទាំងអាណិតអាសូរ ៖

«បើស្រលាញ់ម៉េចក៍នាងមិនប្រាប់វា? វាថាវាមិនចង់រំខាននាងទើបវាត្រឡប់ទៅវិញបែបនេះ!»

ខ្ញុំចាប់ផ្តើមរលីងរលោងទឹកភ្នែកតែនិយាយអ្វីមិនចេញ បានត្រឹមតែនៅស្ងៀមៗទាំងខូចចិត្ត។ មកដល់ព្រលានយន្តហោះ អ្វីៗត្រូវបានប្រែប្រួល ព្រោះគេបានចាកចេញទៅបាត់ហើយ ដោយសារគេបានប្ដូរជើងហោះហើរទៅម៉ោង៨វិញ មានន័យថាគេចាកចេញទៅបានកន្លះម៉ោងហើយ។ គេធ្វើបែបនេះដាក់ខ្ញុំឬ? គេមិនបានប្រាប់ខ្ញុំថាគេជាអ្នកណាទេ តែគេក៍ចាកចេញពីខ្ញុំដោយស្ងាត់ៗបំផុត។ ខ្ញុំអង្គុយយំតែម្នាក់ឯងនៅព្រលានយន្តហោះ ប្រហែលជាគេខូចចិត្តណាស់ហើយមើលទៅ តែខ្ញុំក៍ខូចចិត្តមិនចាញ់គេដែរ ខូចចិត្តម្យ៉ាងម្នាក់ទេ។ ថ្ងៃនេះខ្ញុំសុំច្បាប់មួយថ្ងៃ លោកម៉ានិតគេមិនបានថាអីទេព្រោះគាត់ក៍យល់ចិត្តខ្ញុំ។ ខ្ញុំខូចចិត្តស្របពេលដែលមេឃក៍ងងឹតខ្លាំង ហឹមៗ បានតាមចិត្តម្ល៉េះមេឃអើយ។ ភ្លៀងឲ្យខ្លាំងៗមកខ្ញុំចង់លេងទឹកភ្លៀង ខ្ញុំចង់យំ ឆាប់ភ្លៀងមក។ ខ្ញុំយកក្រដាសដែលលោកម៉ានិតឲ្យ យកមកមើល ៖

ខ្ញុំសុំទោសស្រីឆ្កួត! ដែលចាំនាងមិនបានកាលពីពួកយើងជួបគ្នាដំបូង!

ខ្ញុំសុំទោសដែលធ្វើឲ្យនាងមិនសប្បាយចិត្ត!~

ខ្ញុំសុំទោស ដែលឆ្គាំឆ្គងកន្លងមក!

ខ្ញុំសុំទោស សុំទោសគ្រប់បែបយ៉ាង!

ខ្ញុំចូលចិត្តនាង! ទោះបីជានាងគឺជា ឬមិនមែនក្មេងស្រីម្នាក់នោះក៍ដោយ!

វាច្បាស់ណាស់ទៅហើយថាគេគឺជាម្នាក់នោះយ៉ាងពិតប្រាកដ ខ្ញុំក្តាប់សំបុត្រយ៉ាងណែនដោយក្តីសោកសង្រេង ខ្ញុំក៍ត្រូវសុំទោសគេដែរដែលចាំគេមិនបាន ខ្ញុំជំពាក់លោកច្រើនណាស់ប្រុសឆ្កួត សុខៗក៍ទៅចោលគ្នាចឹងឬ? លោកចង់ទៅចោលខ្ញុំម្តងទៀតឬ? មិនដឹងថាខ្លួនឯងដើរអស់រយៈពេលយូរប៉ុណ្ណានោះទេ ពេលនេះខ្ញុំស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សារបស់ខ្ញុំទៅហើយ។ ហឹម! ថ្ងៃមនុស្សច្រើនគួរសម មិនស្ងាត់ដូចថ្ងៃមុនទេ…………

ផាំង!

អូហ៍……អ្វីម្យ៉ាងហោះមកត្រូវមុខរបស់ខ្ញុំមួយទំហឹងរហូតដល់ស្ពឹក ៖

«សុំទោសបង! ខ្ញុំគ្មានបំណងទាត់ឲ្យត្រូវបងទេ!»

ក្មេងប្រុសម្នាក់នោះរត់មករើសបាល់ដែលទាត់ត្រូវមុខខ្ញុំអំប្បាញ់មិញ ហើយសុំទោសខ្ញុំដោយការដឹងកំហុស។ ខ្ញុំខំប្រឹងញញឹមទាំងត្រដរ មួយបាល់នេះឈឺដល់ហើយ ខ្ញុំយកដៃខ្ទប់មុខហើយអង្គុយចុះ។ បានលេសយំហើយ! ពេលនេះតំណក់ទឹកថ្លាៗក៍ហូរចេញពីភ្នែករបស់ខ្ញុំ ៖

«សុំទោស! ខ្ញុំសុំទោសលោក!»

មេឃភ្លៀងមកល្មម តែនរណាទៅខ្វល់នោះ គឺមនុស្សបន់ឲ្យតែភ្លៀងហ្នឹងហើយ។ ខ្ញុំងើយមើលក្មេងៗដែលកំពុងតែលេងបាល់យ៉ាងសប្បាយក្រោមតំណក់ទឹកភ្លៀងនោះបន្តិច​ ហើយងាក់មកខ្ទប់មុខយំជាធម្មតាវិញ ៖

«បងស្រី!»

ខ្ញុំងើយមើលឃើញក្មេងប្រុសអប្បាញ់មិញ៖

«បងយកឆ័ត្រនេះទៅ! បងទទឹកអស់ហើយ!»

គេហុចឆ័ត្រមកឲ្យខ្ញុំហើយក៍រត់ទៅបាត់ ខ្ញុំតាមសម្លឹងមើលគេយ៉ាងភ្លឹក។ ខ្ញុំបត់ឆ័ត្រយកមកកាន់វិញ។ នរណាត្រូវការឆ័ត្រ? មនុស្សកំពុងតែមិនសប្បាយចិត្តផង។ ខ្ញុំយកដៃខ្ទប់មុខម្តងទៀត ហ៊ើយ! សំបូរមនុស្សរំខានណាស់ រកតែខូចចិត្តអីមិនបានសោះ។ ខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំដូចជាមិនត្រូវទឹកភ្លៀងសោះ ហើយវាយ៉ាងម៉េចទៀតហើយហ្នឹង ក្រែងនៅភ្លៀងទេតើហី? ៖

«បើនាងមិនចូលចិត្តអាមួយនឹង យកអាមួយនេះវិញ»

«អត់ទេ!»

«អត់ក៍ត្រូវតែយកដែរ នាងវ៉ែនតា!»

អូហ៍? នរណាគេ? ខ្ញុំងើយមើលយ៉ាងរហ័សឃើញគេកំពុងតែឈរកាន់ឆ័ត្រឲ្យខ្ញុំ ៖

«លោក! នេះលោកមិនបានទៅ………………….!»

គេសើច៖

«មិនបានទៅទេ! ព្រោះខ្ញុំមិនអស់ចិត្ត!»

ខ្ញុំចំហមាត់ទាំងបេះដូងលោតញាប់ ៖

«លោក………………….!»

គេទាញខ្ញុំយកទៅអោបយ៉ាងរហ័សទាំងដែលដៃម្ខាងនៅកាន់ឆ័ត្រ ៖

«ឈប់យំទៅស្រីល្ងង់! នេះនាងស្រលាញ់ខ្ញុំដល់ថ្នាក់នេះឬ?»​

គេនិយាយរំខានខ្ញុំ តែបែរជាខ្ញុំមិនតបតហើយអោបគេវិញយ៉ាងណែន ៖

«ខ្ញុំនឹកលោក! យូរណាស់ហើយដែលយើងមិនបានជួបគ្នា!»

គេភ្លឹកមួយខណៈ ទើបនិយាយតិចៗ ៖

«នឹកនាងដូចគ្នា!»

«លោកកុំទៅចោលខ្ញុំទៀតណា!»

«បាទ!»

«សន្យាហើយណា!»

«ខ្ញុំនឹងនៅទីនេះជាមួយនាង!»

បេះដូងខ្ញុំចាប់ផ្តើមលោតញាប់យ៉ាងខ្លាំង មនុស្សម្នាក់នេះតែងតែធ្វើឲ្យបេះដូងរបស់ខ្ញុំលោតញាប់ជានិច្ច មិនថាពេលស្អប់ ឬពេលស្រឡាញ់។

«ពួកយើង ស្រលាញ់គ្នាបានទេ?»

គេសួរខ្ញុំទាំងដែលខ្ញុំគាំងមិនដឹងថាត្រូវឆ្លើយបែបណា បានត្រឹមតែងក់ក្បាលតិចៗជំនួសពាក្យសម្ដី។ ខ្ញុំរង់ចាំគេយូរសែនយូរណាស់ហើយ ហេតុអីត្រូវបណ្តាយឲ្យពេលវេលានេះកន្លងហួស? ៖

«សុំទោសដែលក្បត់ពាក្យសន្យា សុំទោសដែលទុកឲ្យរង់ចាំ! បងគិតថាវាគ្រាន់តែជាពាក្យសម្ដីក្មេងៗរកយកជាការមិនបានទើប………….!»

«អត់ទេ! អត់អីទេ! អរគុណដែលត្រឡប់មកវិញ! ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ!»

«អារិទ្ធិ!»

ខ្ញុំភ្ញាក់នឹងសំលេងនរណាម្នាក់ អូហ៍លោកម៉ានិតទេតើ ៖

«អត់រងាទេហី! អញរងាណាស់! តោះទៅនិយាយគ្នានៅផ្ទះវិញ!»

លោកម៉ានិតងាកមកញញឹមដាក់ខ្ញុំបន្តិច រួចបែរដើរចេញទៅទាំងធ្វើខ្លួនទ្រុឌទ្រោម ៖

«រកតែស្វ៊ីតអីមិនបានមែនអានេះ!»

គេធ្វើមុខក្រញ៉ូវហើយចាប់ទាញដៃខ្ញុំឲ្យដើរតាម ៖

«អូនដឹងទេថាហេតុអី្វក៍បងមិនអាចទៅបាន?»

«ហេតុអ្វីទៅ?»

«ព្រោះតែវា……………….!»

គេចង្អុរបេះដូងរបស់គេ។ ខ្ញុំសើច។ គេនិយាយត ៖

«ម្យ៉ាងវិញទៀតគឺថា…..ក្រុមហ៊ុនរបស់បងនៅទីនេះណា! ទៅចោលមិនបានទេ ហេហេ!»

អូហ៍! នេះគេនាំគ្នាបោកខ្ញុំឬ? ខ្ញុំដេញវាយគេ គេសើចក្អាកក្អាយបាចទឹកភក់ពេញមុខរបស់ខ្ញុំ។ ក្មេងប្រុសម្នាក់នោះត្រឡប់មកវិញហើយ អរគុណដែលធ្វើឲ្យការរង់ចាំមួយនេះមានតម្លៃ អរគុណដែលនៅចងចាំរឿងល្អៗចំពោះពួកយើង។ ខ្ញុំស្រលាញ់ភ្លៀងហើយខ្ញុំក៍ស្រលាញ់លោក។ អរគុណទឹកភ្លៀងដែលធ្វើឲ្យពួកយើងមានរឿងល្អៗជាច្រើនជាមួយគ្នា មានរឿងជាច្រើនដែលត្រូវចងចាំជាមួយគ្នា។ I miss my childhood, especially you. I love you and I also love the rain.

I love the rain……………………ហឹមៗ ភ្លេចរាប់ហើយថាពេលនេះមិនដឹងជំពាក់ឆ័ត្រលោកប៉ុន្មានហើយទេ!………………….ហិហិ……………..អរគុណដែលឲ្យខ្ចីឆ័ត្រហើយមិនដែលទារ…..៕

ចប់ដោយបរិបូណ៌

អរគុណប្រិយមិត្តអ្នកអានទាំងអស់ដែលបានអានរឿង “ស្នេហ៍ក្រោមតំណក់ទឹកភ្លៀង” តាំងពីភាគដំបូងដល់ចប់។ អ្នកនិពន្ធ នឹងមានប្រលោមលោកថ្មីៗបន្តទៀត បើមានការគាំទ្រយ៉ាងច្រើនពីអ្នកទាំងអស់គ្នា។  

 

SHARE