ស្នេហ៍ក្រោមតំណក់ភ្លៀង

និពន្ធដោយ ខឹម ឌីណា

ភាគទី៤
ថាម៉េច គេស្រឡាញ់ខ្ញុំ?

ថ្ងៃនេះជាថ្ងៃពិសេស ព្រោះមានពីធីជប់លៀងធំសំរាប់អ្នកម្ចាស់ភាគហ៊ុន និងក្រុមហ៊ុនដែលមានទាក់ទងនឹងអចលទ្រព្យទាំងអស់នៅក្នុងទីក្រុងទាំងមូល។ គោលបំណងនៃពិធីជប់លៀង គឺដើម្បីឲ្យមានភាពស្និទ្ធស្នាលរវាងគ្នានិងគ្នា និងដើម្បីស្គាល់គ្នាទៅវិញទៅមកនៅថ្ងៃក្រោយ។ ភ្ញៀវដែលចូលរួមមានប្រហែល៥០០ក្រុមហ៊ុន។ ថ្ងៃនេះនាងវីក៍ទៅដែរ ខ្ញុំសុំអនុញ្ញាតលោកម៉ានិតរួចហើយ។ ម៉ោង៧ល្ងាច ខ្ញុំ និងនាងវីឈរចាំរួចជាស្រេច ព្រោះលោកម៉ានិតប្រាប់ថាគាត់នឹងមកទទួល។ ថ្ងៃនេះខ្ញុំស្លៀករ៉ូបពណ៌ទឹកប្រាក់មួយឈុតស្រស់ស្អាតដូចព្រះនាងម្ចាស់ ហិហិ​ សរសើរខ្លួនឯងទៀតខ្ញុំ ឯនាងវីស្លៀកស្អីក៍ដឹងដែរ ដូចទីងមោងចឹង នាងហ្នឹងប្រាប់ថាជាឈុតដែលនាំមកពីជប៉ុន ហ៊ើយ! ស្លៀកហើយអត់នឹងសើចមិនបាន យ៉ាប់មែនមិត្តរបស់ខ្ញុំ តែក៍ស្រស់ប្លែកពីគេម្យ៉ាងដែរ។ រង់ចាំប្រហែល៥នាទី លោកម៉ានិតក៍មកទទួលពួកយើង លោកម៉ានិតនេះណាក៍ស្រស់សង្ហាយ៉ាងខ្លាំងតែម្តង៖

«សូមអញ្ចើញអ្នកនាងដ៍ស្រស់ស្អាតទាំងពីរ!»

នាងវីសើច ៖

«អីយ៉ាលោកម៉ានិត! ពួកខ្ញុំមិនដល់ថ្នាក់ហ្នឹងទេ! តែក៍អរគុណលោកដែលអនុញ្ញាតឲ្យខ្ញុំបានទៅដែរ»

«បាទមិនអីទេ!»

ខ្ញុំអង្គុយនៅបាំងខាងមុខជាមួយលោកម៉ានិត នាងវីនៅអង្គុយនៅបាំងខាងក្រោយ នៅសុខៗ គេក៍មើលមុខខ្ញុំយ៉ាងភ្លឹក ៖

«ស្អាតណាស់អ្នកនាងជំនួយការ………….ចឹងតើបាន……..»

«ចាស?? លោកចង់ថា………………….!»

គេរាងភ្ញាក់តែក៍សើចញឹមៗ ៖

«អត់ទេ! ខ្ញុំចង់ថាអ្នកនាងស្អាតប្រហាក់ប្រហែលនឹងគូដណ្តឹងរបស់ខ្ញុំដែរ ចរិតក៍ស្រដៀងគ្នាទៀត»

ខ្ញុំស្រឡាំងកាំង ចំហមាត់ទាំងភ្ញាក់ផ្អើល៖

«គូដណ្តឹង?»

«បាទ!»

ខ្ញុំសើចតិចៗបែបធម្មតាៗ ព្រោះវាមិនមែនជារឿងអីចម្លែកទេ បើគ្រាន់តែមានគូដណ្តឹង៖

«ចាស! ប៉ុន្តែ………………..ពេលនេះនាងនៅ…………»

«នៅអាមេរិច! នាងត្រូវទៅសិក្សា ២ឆ្នាំទៀតបានត្រឡប់មកវិញ!»

«ចាស!»

ខ្ញុំលួចងាកមើលទៅបាំងក្រោយឃើញនាងវីកំពុងតែដេកលក់យ៉ាងសប្បាយ យីនាងនេះ ស្ថានភាពបែបណាក៍ដេកកើតដែរ។

«នៅថ្ងៃដែលខ្ញុំរើសបុគ្គលិក! ខ្ញុំឃើញប្រវត្តិរូបរបស់នាងដោយចៃដន្យ ដំបូងខ្ញុំមិនស្គាល់ទេ គ្រាន់តែប្រហែលៗ បន្ទាប់មកខ្ញុំក៍នឹកឃើញរឿងនៅថ្ងៃនោះ រឿងដែលអារិទ្ធិវា……………………!»

ខ្ញុំចាប់ផ្តើមក្រហមមុខខុសពីធម្មតា នេះគេមើលឃើញឬ?

«លោកគឺ……………!»

គេសើចស្រស់ របៀបដឹងរឿងច្បាស់ៗតែម្តង ៖

«ដែលផ្តល់ការងារឲ្យអ្នកនាងមិនមែនខ្ញុំមើលងាយអ្នកនាងទេ ខ្ញុំគ្រាន់តែចង់រាប់អាន និងចង់សុំទោសដល់អ្នកនាង​ ដែលថ្ងៃនោះធ្វើមិនគប្បីទៅលើអ្នកនាង!»

ខ្ញុំស្ងាត់ តែក្នុងចិត្តខ្ញុំពុះកញ្រ្ជោលសម្បើមណាស់នឹកឃើញដល់នាយណារិទ្ធិម្នាក់នោះ ខ្ញុំចង់តែ………………..។

«អ្នកនាងកុំស្អប់អារិទ្ធិអី! ថ្ងៃនោះវាខូចចិត្តរឿងស្នេហាខ្លាំងណាស់! សង្សារវាបែកទៅមានអ្នកថ្មី! ជាសង្សារដែលវាស្រលាញ់ខ្លាំងកាលវានៅអាមេរិច!»

អូហ៍ចឹងទេ! តែក៍សមមុខនាយនឹងហើយ។

«ខ្ញុំប្រាប់វាអស់ហើយថាមានរឿងអ្វីកើតឡើងខ្លះនៅថ្ងៃនោះ!»

ខ្ញុំបើកភ្នែកធំៗ ៖

«ចឹងហើយបានខ្ញុំឲ្យអ្នកនាងយកឯកសារទៅឲ្យវាដើម្បីឲ្យវាបានសុំទោសអ្នកនាង! វាមានបានសុំទោសទេ?»

ខ្ញុំអេះអុញទាំងមុខក្រហម សុំទោសឬ? គ្មានទេសំរាប់គេ៖

«គឺ………………………អត់ទេ!»

ខ្ញុំឃើញគេមានមុខតានតឹងហើយដកដង្ហើមធំ ៖

«អារិទ្ធិវាលួចចូលចិត្តអ្នកនាង! ចូលចិត្តតាំងពីថ្ងៃដែលនាងវាយវាមួយដៃនោះម្ល៉េះ! ហើយនៅពេលដែលខ្ញុំប្រាប់វាពីរឿងនៅថ្ងៃភ្លៀងធ្លាក់នោះទៀត វារឹតតែធ្វើឲ្យវាពុះកញ្រ្ជោលថែមទៀត!»

លោកម៉ានិតសើចយ៉ាងស្រស់ ហើយសម្លក់មើលមុខខ្ញុំដែលកំពុងតែស្ពឹកដូចត្រូវមួយដុំទឹកកក ៖

«ឈប់ស្អប់វាទៅ! វាជាមនុស្សល្អទេ!»

ខ្ញុំមិននិយាយអី្វ តែពេលនេះមុខខ្ញុំឡើងក្រហមដូចម្ទេសទុំ។ លួចចូលចិត្តឬ? នេះគេលួចចូលចិត្តខ្ញុំឬ? លោកម៉ានិតនិយាយផ្តេសផ្តាសពេកហើយ! តែគេចង់គិតអីក៍គិតទៅព្រោះខ្ញុំមិនចាប់អារម្មណ៍។ អូខេខ្ញុំមិនចាប់អារម្មណ៍អីទាំងអស់………….ដឹងនៅ…….។

មកដល់ពិធីជប់លៀងហើយ! នៅទីនេះអ្នកដែលចូលរួមភាគច្រើន គឺជាអ្នកជំនួញ។ លោកម៉ានិតកំពុងតែជួបជុំជាមួយមិត្តភក្កិរបស់គាត់ ខ្ញុំ និងនាងវីកំពុងតែអង្គុយញ៉ាំអាហារ។ នាងនេះមិនខ្វល់អីទាំងអស់ អ្វីដែលញ៉ាំបានគឺនាងញ៉ាំទាំងអស់។

«គ្នាទៅនោះមួយភ្លែតណា!»

«អឺ…………..ប្រញាប់មកវិញណា!»

ខ្ញុំងក់ក្បាលហើយក៍ដើរចេញទៅ។ នាយណារិទ្ធិកំពុងតែបណ្តើរនាងរ៉ូសកាត់មុខខ្ញុំ។ គេឈប់បន្តិចហើយមើលមុខខ្ញុំរបៀបគិតអ្វីម្យ៉ាង៖

«នាងវ៉ែនតា! មកដែរឬ?»

ឃើញមុខគេធ្វើឲ្យខ្ញុំនឹកដល់ពាក្យសំដីរបស់លោកម៉ានិត នេះឬមនុស្សដែលលួចចូលចិត្តខ្ញុំ? មិនសមនោះទេ លោកម៉ានិតចេះតែនិយាយហើយមើលទៅ ៖

«គឺ…………………..មកមិនបានឬ? ដូចមិនមានទាក់ទងអីនឹងលោកទេ!»

«មកជាមួយអានិតឬ?»

«ប្រហែលទេដឹង!»

ខ្ញុំដើរចេញមកទាំងខឹង។ គេក៍មុខក្រញ៉ូវហើយដើរចេញទៅជាមួយនឹងស្រីស្នេហ៍របស់គេបាត់។​

ថ្ងៃនេះមេឃគ្មានផ្កាយទេ វាជាសញ្ញាថារកភ្លៀងទៀតហើយ។ អត់ទេណា! ថ្ងៃនេះខ្ញុំមិនលេងទឹកភ្លៀងទេ ខ្ញុំសុំច្បាប់មួយថ្ងៃ។ ខ្ញុំកំពុងតែនៅក្នុងសួនច្បារក្នុងខណៈពេលដែលអ្នកដទៃកំពុងតែនៅក្នុងពិធីជប់លៀង តាមពិតទៅខ្ញុំពុំសូវជាចូលចិត្តកម្មពិធីបែបហ្នឹងប៉ុន្មានទេ ខ្ញុំធុញដែលមានមនុស្សច្រើនបែបនេះយ៉ាងខ្លាំង ៖

«នាងវ៉ែនតា!»

ខ្ញុំងាករកមើលទាំងលួសព្រលឹង អាតាឆ្កួតនោះមកទៀតហើយទេដឹង៖

«នែលោក! លោកដូចជាតាមរករឿងគ្នាពេកទេដឹង!»

«មិនបានតាមរករឿងទេនាងវ៉ែនតា! ខ្ញុំតាមរកនាងទៅវិញទេ!»

ខ្ញុំស្រឡាំងកាំងទាំងបេះដូងលោតញាប់ទៀតហើយ ៖

«លោកថាម៉េច?»

គេជ្រែងហោប៉ៅដើរមកឈរទល់មុខខ្ញុំ ៖

«តាមរកនាង!»

ខ្ញុំដើរថយក្រោយ នេះគេចង់មករោគចិត្តអីទៀតហើយនឹង? ៖

«កុំមករញ៉េរញ៉ៃនឹងខ្ញុំ! ខ្ញុំស្អប់លោក!»

គេសើចខឹក រួចយកដៃចង្អុលរុញថ្ងាសរបស់ខ្ញុំ៖

«ចុះគិតថាខ្ញុំស្រលាញ់នាងណាស់មែនទេ? មនុស្សស្រីដែលសុខៗមកវាយខ្ញុំរបៀបនេះ ខ្ញុំមិនទុកឲ្យមានសេចក្តីសុខបាននោះទេ ប៉ុន្តែចំពោះនាង! ចាត់ទុកថាខ្ញុំអ្នកខុសទៅចុះព្រោះ……………»

ខ្ញុំចាប់ផ្តើមមានអារម្មណ៍មិនស្រួល ៖

«អូហ៍ ខ្ញុំសុំទៅមុនហើយ លោកម៉ានិតប្រហែលជាតាមរកខ្ញុំហើយ!»

គេរត់មកពាំងផ្លូវខ្ញុំ ៖

«ទៅណាមិនទាន់បានទេ យ៉ាងម៉េចបារម្ភពីវាធ្វើអី? វាមានគូដណ្តឹងហើយ នាងកុំមកចង់គិតផ្តេសផ្តាសទៅលើវាអី!»

«គិតផ្តេសផ្តាសស្អី? គាត់ជាចៅហ្វាយរបស់ខ្ញុំ! តែថាទៅទោះបីជាខ្ញុំគិតអ្វីផ្តេសផ្តាសលើគាត់ក៍មិនពាក់ព័ន្ធនឹងលោកដែរលោករិទ្ធិ!»

ខ្ញុំរុញគេចេញ តែគេចាប់ដៃខ្ញុំយ៉ាងណែន ៖

«នាងកុំមកនិយាយឌឺខ្ញុំណា ខ្ញុំមិនចូលចិត្ត!»

«ខ្ញុំមិនបានអង្វរឲ្យលោកចូលចិត្តខ្ញុំនោះទេ ព្រោះខ្ញុំក៍មិនចូលចិត្តលោក!»

ខ្ញុំមើលឃើញយ៉ាងច្បាស់នូវទឹកមុខដ៍មាំរបស់គេ ខ្ញុំចាប់ផ្តើមភ័យ ៖

«ល្អ! ស្អប់ខ្ញុំណាស់មែនទេ! ខ្ញុំចូលចិត្តមនុស្សស្រីណាដែលស្អប់ខ្ញុំបែបនេះណាស់!»

គេកញ្ឆក់ខ្លួនខ្ញុំយកទៅអោបយ៉ាងណែន នេះគេធ្វើបែបនេះបានយ៉ាងម៉េច មនុស្សប្រុសម្នាក់នេះពិតជាផ្តេសផ្តាសខ្លាំងមែនទែន ៖

«លែងខ្ញុំណាលោករិទ្ធិ!»

«មិនលែងទេ! ថ្ងៃក្រោយកុំនិយាយពាក្យនោះឲ្យខ្ញុំឮទៀតបើមិនចង់ត្រូវ…………….!»

ខ្ញុំងើយមើលមុខគេទាំងភ័យស្លេកមុខ ៖

«លោក………….!»

«បើមិនចង់ត្រូវខ្ញុំចាប់ថើបដូចថ្ងៃនោះ!»

ខ្ញុំភាំងទៅមួយខណៈ គេធ្វើស្អីរបស់គេនឹង? តែក៍ភ្ញាក់មកវិញនៅពេលដែលភ្លៀងកំពុងតែធ្លាក់មកប្រាវៗយ៉ាងគ្មានប្រណី ៖

«មេឃភ្លៀងហើយ លែងខ្ញុំ!»

«អត់ទេ! ចាំឈប់ភ្លៀងសិន!»

«លោកឆ្កួតហើយ លែងណា! ជួយផងៗៗៗៗៗៗៗៗ!»

«ស្រែកទៅ ភ្លៀងថ្លង់យ៉ាងនេះនរណាគេឮ! ស្រីល្ងង់!»

ខ្ញុំវាយទ្រូងរបស់គេខ្លាំងៗ៖

«មនុស្សឆ្កួតធ្វើស្អីនឹង ខ្ញុំត្រូវចូលរួមកម្មពិធីណា បើខោអាវខ្ញុំសើមឲ្យខ្ញុំចូលទៅយ៉ាងម៉េច!»

«មិនបាច់ចូលទេនៅទីនេះពីរនាក់ខ្ញុំ!»

ខ្ញុំប្រឹងរើយ៉ាងខ្លាំងតែមិនឈ្នះគេនោះទេ។ អស់កំលាំងណាស់ រងារណាស់ ខ្ញុំមានអារម្មណ៍ថាស្ពឹកគ្រប់ទីកន្លែង ខ្ញុំបណ្តោយខ្លួនឲ្យគេអោបតាមតែគេចង់ មនុស្សឆ្កួត ធ្វើបាបមនុស្សស្រីបែបនេះផងឬ? ខ្ញុំស្អប់លោក…………………………..ខ្ញុំមានអារម្មណ៍ថាងងឹតមុខ ហើយបន្ទាប់ពីនោះខ្ញុំលែងដឹងអ្វីទាំងអស់…………………..។

(ណារិទ្ធនិយាយ)

«នាងវ៉ែនតា! នាងយ៉ាងម៉េចហ្នឹង!»

គេសំឡឹងមើលនារីម្នាក់ដែលសន្លប់នៅក្នុងដៃរបស់គេ នេះគេធ្វើហួសហេតុពេកទេឬ? នាងប្រហែលជាស្អប់អ្នកខ្លាំងហើយមើលទៅបានជាមិនចង់នៅក្បែរអ្នកសូម្បីតែបន្តិច។ ស្តាយពេលវេលាណាស់ បើដឹងថានាងគឺជាក្មេងស្រីនោះ ម្ល៉េះអ្នកនឹងមិនធ្វើឲ្យនាងស្អប់អ្នកនោះទេ អ្នកនឹងតាមស្រលាញ់នាង តាមស្រលាញ់ឲ្យដល់ទីបំផុត។ ភ្លៀងធ្លាក់យ៉ាងខ្លាំង ណារិទ្ធិបីវត្តីទៅកាន់ឡានរបស់គេ។ គេវែកសក់ឲ្យនាងថ្មមៗទាំងសំឡឹងមើលមុខនាងឥតព្រិច ៖

«ស្រីល្ងង់! នេះនាងចាំខ្ញុំមិនបានទេមែនទេ? សុំទោសដែលក្បត់សន្យា សុំទោសដែលខ្ញុំធ្លាប់មានសង្សារមកពីមុនទាំងដែលនាងគ្មាន ហើយគិតតែពីរង់ចាំខ្ញុំ! ខ្ញុំពិតជាមិនសាកសមឲ្យនាងរង់ចាំដល់ថ្នាក់នេះទេ! ខ្ញុំទើបតែដឹងនៅថ្ងៃនោះ ថ្ងៃដែលនាងទៅរង់ចាំនៅសាលា……………….ក្មេងស្រីម្នាក់នោះគឺជានាង…………បើនាងដឹងថាខ្ញុំគឺជាក្មេងប្រុសម្នាក់នោះតើនាងមានអារម្មណ៍យ៉ាងណា!»

គេដកដង្ហើមធំរួចខ្ទប់មុខទៅហ្នឹងចង្កូតឡាន មិនដឹងថាគេត្រូវបា្រប់នាងយ៉ាងម៉េចនោះទេ។

(វត្តីនិយាយ) ៖

ខ្ញុំបើកភ្នែកឡើងឃើញខ្លួនឯងនៅក្នុងឡាន នេះខ្ញុំមកដោយរបៀបណាហ្នឹង? អា! អានាយណារិទ្ធិក៍នៅទីនេះដែរតែគេដេកហើយ ខ្ញុំបើកទ្វារឡានបំរុងរត់ចេញតែទ្វារជាប់សោ។ គេភ្ញាក់នៅពេលដែលខ្ញុំចាប់ផ្តើមធ្វើខ្លួនរញ៉េរញ៉ៃ ៖

«ដឹងខ្លួនហើយ? ចាំខ្ញុំជូននាងទៅផ្ទះ!»

«អត់ទេ មិនចាំបាច់!»

គេមិននិយាយតែបើកឡានចេញទៅយ៉ាងព្រងើយជាមួយនឹងទឹកមុខពិបាកស្មាន​ ចាំមើលខ្ញុំនឹងមិនប្រាប់គេថាផ្ទះខ្ញុំនៅឯណាទេ តើគេអាចរកឃើញទេ? ប្រុសឡប់អើយ ខ្ញុំធុញលោកណាស់។ ខ្ញុំលួចមើលមុខគេជារឿយៗ គេសង្ហាណាស់ ទើសតែចរិតយ៉ាបបន្តិចទេ គេងាក់មកមើលមុខខ្ញុំបន្តិចហើយបែរទៅមើលផ្លូវវិញ ៖

«ខ្ញុំសុំទោសចំពោះរឿងថ្ងៃនោះ!»

ឌឹប…….ឌឹប……ឌឹប……បេះដូងលោតញាប់ទៀតហើយ ខ្ញុំប្រញាប់យកដៃខ្ទប់ដើមទ្រូង…….នេះខ្ញុំអាចនឹងស្លាប់ដែរទេនឹង? ៖

«មិន………………..អីទេ!» គេឈប់ឡានងក់នៅកន្លែងដែលស្ងាត់មួយ៖

«នាងមិនខឹងខ្ញុំទេមែនទេ?» ខ្ញុំចាប់ផ្តើមច្របូកច្របល់រកថាមិនត្រូវ មិនដឹងថាមកពីរឿងអ្វីឲ្យប្រាកដ៖

«គឺ……………………ហ្នឹងហើយ! មិនខឹងទេ! តែលោកក៍មិនត្រូវមកឲ្យខ្ញុំឃើញមុខទៀតដែរ!» ទឹកមុខគេធ្លាក់ស្រងូតស្រងាត់ ហ៊ើយ! គេកើតអីគេហ្នឹង? ខ្ញុំមិនដឹងរឿងអីទេណា៖

«បាន! បើនាងពិតជាមិនចង់ឃើញមុខខ្ញុំ!» គេបើកឡានចេញទៅជាមួយនឹងទឹកមុខស្ងប់ ស្អីគេហ្នឹង? ខ្ញុំអត់យល់ទេ។ មិនដឹងថាមកពីហេតុអ្វី ពេលដែលនៅក្បែរគេបេះដូងចេះតែលោតញាប់រហូត ហាក់បីដូចជាបានជួបក្មេងប្រុសម្នាក់នោះអញ្ចឹង កាលនៅពីតូចម្នាក់នោះធ្វើឲ្យបេះដូងខ្ញុំលោតរហូត គេប្រហែលជាមិនដឹងខ្លួនទេ តែខ្ញុំតែម្នាក់ឯងទេដែលឆ្កួតទៅលង់ស្រលាញ់គេ………..ហឹម…..អាណិតខ្លួនណាស់។ មួយស្របក់ឡានក៍មកឈប់នៅពីមុខផ្ទះរបស់ខ្ញុំបានយ៉ាងប្រាកដ នេះគេស្គាល់ផ្ទះខ្ញុំទៀតន៎ ប្រហែលជាលោកម៉ានិតប្រាប់ហើយមើលទៅ………….តែកុំទៅខ្វល់ វាមិនមែនជារឿងយើងទេ…….។

ខ្ញុំដេកមិនលក់ទេ ខ្ញុំនឹកឃើញមុខរបស់គេរហូត ហ៊ើយ! គិតស្អីហ្នឹង? ម៉េចបានមានអារម្មណ៍រវើរវាយម្ល៉េះ? រូបប្រុសម្នាក់ហ្នឹងមិនដឹងជាមករញ៉េរញ៉ៃក្នុងខួរក្បាលខ្ញុំចាប់តាំងពីពេលណាទេ ហឹមតិចខ្ញុំលួចស្រលាញ់គេទៅ………អត់ទេ…..ខ្ញុំមានអ្នកដែលខ្ញុំស្រលាញ់ហើយ។ ខ្ញុំព្យាយាមមិននឹកដល់មុខរបស់គេ ប៉ុន្តែកាន់តែហាមកាន់តែឃើញ នេះខ្ញុំឆ្កួតហើយមែនទេ តាំងពីពេលដែលគេនិយាយអ្វីប្លែកៗ តាំងពីពេលដែលលោកម៉ានិតប្រាប់រឿងរបស់គេ ខ្ញុំចាប់ផ្តើមច្របូកច្របល់ហើយ……….មានអារម្មណ៍ថាខ្លួនដូច………….ធ្លាក់ក្នុងអន្លង់ស្នេហ៍គេ………..។

សូមរង់ចាំតាមដានអានភាគបញ្ចប់ នៅលើគេហទំព័រ ៖ www.jongdeng.net ឬហ្វេសប៊ុកផ្លូវការ ចង់ដឹង-Jongdeng ។ សូមអរគុណ!

Loading...
SHARE