រឿង ៖ ស្នេហ៍ក្រោមតំណក់ភ្លៀង (ភាគទី៣)

ស្នេហ៍ក្រោមតំណក់ភ្លៀង

និពន្ធដោយ ខឹម ឌីណា

ភាគទី ៣
ជួបអ្នកមិនចង់ជួប តែមិនអាចជួបអ្នកដែលចង់ជួប

ព្រឹកថ្ងៃថ្មី ជាថ្ងៃដែលខ្ញុំត្រូវចូលធ្វើការដំបូង។ នេះខ្ញុំសម្រេចចិត្តច្បាស់លាស់ហើយថាត្រូវធ្វើការ ព្រោះខ្ញុំរៀនចប់ហើយ ប៉ាម៉ាក់ខ្ញុំគាត់ក៍ចង់ឃើញខ្ញុំមានការងារល្អធ្វើដែរ ព្រោះខ្ញុំជាកូនស្រីតែម្នាក់ដែលរស់នៅក្នុងគ្រួសារដែលមានជីវភាពមធ្យម។ នៅក្នុងក្រុមហ៊ុនមានបុគ្គលិកច្រើនគួរសម ដែលបែងចែកទៅតាមផ្នែកនីមួយៗ មានទាំងផ្នែកលក់ និងផ្នែកវាយតម្លៃអនលទ្រព្យ ផ្នែកប្រចាំការនៅអូហ្វីស និងផ្នែកផ្សេងៗជាច្រើនទៀតដែលខ្ញុំមិនដឹង។ ខ្ញុំមានមុខដំណែងជាជំនួយការទូទៅ មានន័យថាខ្ញុំជាជំនួយការរបស់អ្នកគ្រប់គ្នា? អូហ៍! តាមពិតខ្ញុំដាក់ផ្នែកលក់ទេ ប៉ុន្តែគេឲ្យខ្ញុំធ្វើដំណែងនេះ ព្រោះថាសាកសមនឹងខ្ញុំ។

«អ្នកនាងតី! សុំកាហ្វេមួយកែវ!»

ខ្ញុំប្រញាប់រត់ទៅឆុងកាហ្វេឲ្យលោកម៉ានិត។

«អេ! ភ្លេចសួរថាគាត់ចូលចិត្តរស់ជាតិយ៉ាងម៉េច? ឬគេចូលចិត្តរស់ជាតិល្វីង? អ៎…………..រស់ជាតិល្វីង! មិនអីទេចឹង!»

ខ្ញុំញញឹមតែម្នាក់ឯង។

«នាងវ៉ែនតា!»

អា! ស្អីគេទៀតហើយ? ខ្ញុំងាកមើលឃើញនាយណារិទ្ធិកំពុងតែផ្អែកជញ្ជាំងញញឹមរបៀបឌឺមករកខ្ញុំ ៖

«មើលទៅនាងប្រហែលជាមិនចេះឆុងកាហ្វេទេមើលទៅ!»

គេដើរគ្រលែងខ្លួនក្នុងឈុតសំលៀកបំពាក់ដ៍សែនសាកសមមកកញ្ឆក់កាហ្វេពីដៃខ្ញុំ ៖

«សុំភ្លក់បន្តិច!»

គេយកទៅផឹកបន្តិច រួច………………រួចអាឆ្កួតនោះក៍ព្រួសវាមកពេញមុខ និងខោអាវរបស់ខ្ញុំយ៉ាងឈ្លើយជាទីបំផុត ៖

«នែលោក………………………!»

គេធ្វើជាភ្ញាក់ផ្អើល ៖

«អូហ៍សុំទោស ខ្ញុំគ្មានបំណងទេ! មកពីការហ្វេរសជាតិអន់ពេក»

ខ្ញុំខឹងយ៉ាងខ្លាំង ក៏ទាញកែវកាហ្វេនៅនឹងដៃគេស្រោចពេញខ្លួនរបស់គេ ៖

«អូយក្តៅ! ស្រីឆ្កួត!»

«អូហ៍សុំទោស! ខ្ញុំគ្មានបំណងទេលោក!»

គេកញ្ឆក់ចាប់ដៃខ្ញុំយ៉ាងណែន តែលោកម៉ានិតក៍ចេញមកល្មម ៖

«មានរឿងអីអារិទ្ធិ?»

នាយនោះងាកទៅធ្វើមុខក្រញូវដាក់មិត្តរបស់គេ ៖

«ឯងមើលបុគ្គលិករបស់ឯងទៅ! នេះគេចាក់កាហ្វេដាក់ភ្ញៀវរបៀបនេះឬ?»

លោកនិតមើលខ្ញុំបន្តិច មើលមុខនាយណារិទ្ធិបន្តិច រួចសើចស្រស់ ៖

«នេះអ្នកទាំងពីរលើសកូនក្មេងទៅទៀត! អារិទ្ធិយើងដឹងណា ថាឯងជាអ្នករករឿងគេមុន!»

«យើងនេះឬរករឿងនាងមុន? ដឯងយកស្អីមកគិត?»

«ចុះឯងមករកគ្នាមានការអី?»

«វាយ៉ាងម៉េច? យើងមករកឯងមិនបាន?»

«ព្រោះឯងពុំសូវមកនៅម៉ោងការងារនោះទេ! វាចំឡែក! មានន័យថាឯងមករករឿងគេឬ?»

«គិតស្អី? ឯងឆ្កួតហើយ! យើងមកជួបឯងព្រោះមានការ!»

«ការងារស្អី? ការងារក្រុមហ៊ុន? ក្រែងពួកយើងទើបតែចរចាគ្នាហើយទេតើ!»

«គឺ………………………………!»

លោកម៉ានិតគ្រវីក្បាល ហើយបែរមកមើលមុខខ្ញុំបែបមានកំហុស៖

«សុំទោសផងវត្តី! ធ្វើឲ្យអ្នកនាងលំបាកហើយ! ទៅសំរាកសិនចុះ!»

ខ្ញុំសើចទាំងមុខស្ងួត រួចបែរទៅសម្លក់នាយឆ្កួតនោះបន្តិចទើបដើរចេញមក។ មនុស្សអីក៍យកកម្មយកពារម្ល៉េះ មិនដែលជួបទេ………។ ដល់ម៉ោងបាយថ្ងៃត្រង់ ខ្ញុំនៅអង្គុយចាំនាងវីនៅហាងបាយចាស់ដូចរាល់ដង។ កាលនៅរៀន បើគ្មានវាខ្ញុំលេបបាយមិនចូលនោះទេមិនដឹងថាមកពីហេតុអី ឬមួយមកពីនាងនោះពូកែនិយាយទេដឹង?

«សុំអង្គុយម្នាក់ផង! ស្រីស្អាត!»

ខ្ញុំងាកមើលឃើញលោកម៉ានិតទាំងភ្ញាក់ផ្អើល ៖

«អូហ៍លោក! ហេតុអីក៍មកទីនេះបាន?»

«ដើរកាត់! ឃើញអ្នកនាងក៍ចូលមកតែម្តងទៅព្រោះមិនដឹងទៅណាទៀត!»

ខ្ញុំសើចទាំងអេះអុញហើយងាកមើលឆ្វេងស្តាំ។ លោកម៉ានិតសើចមើលមុខខ្ញុំ ៖

«រកមើលអ្នកណាគេ? អារិទ្ធិ? វាមិនមកទេកុំភ័យអី!»

ខ្ញុំសើច ៖

«មិនមែនទេ! ខ្ញុំរកមើលមិត្តភក្តិរបស់ខ្ញុំ!»

«បាទ!»

ខ្ញុំមានអារម្មណ៍ថាដូចមិនស្រណុកចិត្តសោះ។ ខ្ញុំយកទូរស័ព្ទមកចុចខលទៅនាងវី តែនាងប្រាប់ថារវល់មិនបានមកទេ។ ហ៊ើយ! ទៀតហើយនាងមិត្តសំលាញ់ខ្ញុំ វាធ្វើតែចរិតអញ្ចឹង ៖

«លោក! ចឹងខ្ញុំសុំទៅមុនហើយណា! លោកតាមសប្បាយចុះ!»

គេសើចយ៉ាងស្រស់ដោយមិនខ្វល់ថាខ្ញុំកំពុងតែមើលមុខគេទាំងមិនយល់ ៖

«ញ៉ាំបាយមួយពេលជាមួយខ្ញុំមិនបានទេឬ អ្នកនាងជំនួយការ!»

ខ្ញុំសើចលែងសមតែខំប្រឹងធ្វើដូចធម្មតា ៖

«ចាសបានលោក!»

គេលែងនិយាយច្រើនតែកុម្មង់ម្ហូបមកពេញតុ។ ទោះបីម្ហូបឆ្ងាញ់ប៉ុណ្ណាក៍លេបមិនចូលដែរ ព្រោះមានប្រុសស្អាតអង្គុយកំដរបែបនេះ។ ហាហា អេ! នេះខ្ញុំកំពុងតែគិតអីហ្នឹង? តែគេក៍ល្អមែនហ្នឹងហើយ ល្អជាងអានាយណារិទ្ធិស្អីគេនោះឆ្ងាយណាស់។ ការទទួលទានអាហារក៍បញ្ចប់ទៅដោយភាពស្ងប់ស្ងាត់បំផុត ហើយខ្ញុំក៍ត្រូវត្រឡប់ទៅក្រុមហ៊ុនវិញជាមួយគេហ្នឹងហើយ ហិហិ…។

យប់យន់សែនស្ងាត់ ពេលនេះមេឃកំពុងតែភ្លៀង វាមិនចំឡែកទេដែលត្រូវមានភ្លៀងរាល់ថ្ងៃបែបនេះ ព្រោះនេះជារដូវរស្សា រដូវដែលខ្ញុំចូលចិត្តនឹងទន្ទឹងរង់ចាំវាជារៀងរាល់ថ្ងៃ។ ខ្ញុំនឹកគេទៀតហើយ ក្មេងប្រុសនោះនៅក្នុងចិត្តរបស់ខ្ញុំរហូតទាំងមិនដឹងថាអនាគតទៅ នឹងអាចជួបគ្នាឬអត់ផង។ ពេលនេះគេអាចភ្លេចអ្វីៗគ្រប់យ៉ាងក៍ថាបាន ឬក៍មានតែខ្ញុំទេដែលត្រូវមកឆ្កួតតែម្នាក់ឯងបែបនេះ តើខ្ញុំគួរសម្រេចចិត្តបែបណា? នៅលង់ក្នុងក្តីសុបិនបែបនេះឬ? ប៉ុន្តែទោះបីជាវាគ្រាន់់តែជាក្តីសុបិន តែវាអាចធ្វើឲ្យខ្ញុំសប្បាយចិត្តជារៀងរាល់ថ្ងៃ។ មិនដឹងថាពេលគេធំទៅ តើគេនឹងប្រែប្រួលកម្រិតណានោះទេ ខ្ញុំគ្រាន់តែប្រាថ្នាសូមឲ្យគេមានចរិតល្អដូចកាលគេនៅពីតូច។ សរុបរួមទៅ ខ្ញុំមិនច្បាស់ថាគេឈ្មោះអី ខ្ញុំមិនដឹងថាគេនៅឯណាឲ្យប្រាកដនៅពេលនេះ ខ្ញុំមិនប្រាកដថាគេនឹងមកតាមសន្យាឬអត់ ខ្ញុំមិនដឹងថាគេគិតអ្វីមកលើខ្ញុំឬអត់ ព្រោះកាលនោះយើងគ្រាន់តែជាមិត្ត ហឹមៗៗ ជាមិត្តទេ! គិតច្រើនម៉េះចែតី…………តែអារម្មណ៍ដែលស្រលាញ់ និងចូលចិត្តពិតជាមិនអាចកាត់ផ្តាច់បានពិតមែន…… ខ្ញុំដកដង្ហើមធំ ហើយខំបិទភ្នែកទៅទាំងអារម្មណ៍រសាប់រសល់ហួសប្រមាណ…..។

ថ្ងៃនេះជាថ្ងៃអាទិត្យ អ្វីៗមើលទៅស្រស់ស្រាយណាស់ ក៍ប្រហែលជាថ្ងៃដែលយើងត្រូវណាត់ជួបគ្នាហើយមើលទៅ។ អេ! នៅថ្ងៃនេះប្រាកដដែរឬអត់នេះ ខ្ញុំមិនច្បាស់ដែរ ប៉ុន្តែគ្រាន់តែទៅ វាគ្មានអ្វីត្រូវខូចខាតដែរ ព្រោះបើមិនជួបនៅថ្ងៃនេះ ខ្ញុំក៍ត្រូវទៅជួបនៅថ្ងៃក្រោយទៀតក៍បាន។ ខ្ញុំតែងខ្លួនយ៉ាងស្រស់ស្អាត សំពត់ខ្លីពណ៌ផ្កាឈូកជាមួយ អាវសដៃខ្លី ជាស្តាយរបស់ខ្ញុំនឹងហើយមិនបាច់ឆ្ងល់ទេ។ ខ្ញុំធ្វើដំណើរទៅសាលាបឋមដែលនៅមិនឆ្ងាយពីផ្ទះរបស់ខ្ញុំប៉ុន្មានដោយថ្មើរជើង។ ថ្ងៃនេះមេឃខ្មៅងងឹតណាស់ រកកលចង់ភ្លៀងទាំងព្រឹកតែម្តងហើយនេះ។ ខ្ញុំបន់សូមកុំទាន់ឲ្យភ្លៀងព្រោះនៅធ្វើកិច្ចការមិនទាន់ហើយនៅឡើយទេ ចាំរួចហើយចាំភ្លៀងក៍មិនយឺតពេលដែរ។ មកដល់សាលាខ្ញុំអង្គុយនៅលើបង់ក្រោមដើមច័ន្ទគិរីដ៍ចំណាស់តាំងពីសម័យកាលនៅរៀនបឋម ចេះតែនៅបានយូរចឹងដែរន៎ ខ្ញុំគិតហើយក៍អត់ញញឹមមិនបាន។ នៅក្បែរៗនោះក៍មានដើមក្ងោកដែលមានផ្កាយ៉ាងក្រហមឆ្អិនឆ្អៅគួរឲ្យគយគន់ គ្រប់យ៉ាងនៅទីនេះពុំសូវជាមានភាពផ្លាស់ប្តូរអីប៉ុន្មានទេ ទីនេះគួរឲ្យស្រលាញ់ណាស់។ មេឃកាន់តែងងឹត ខ្ញុំទើបតែចាប់អារម្មណ៍ទេថានៅទីនេះខ្ញុំមានតែម្នាក់ឯង ហូយៗៗ មានតែម្នាក់ឯងទេឬ? គួរឲ្យខ្លាចណាស់ ផ្លេកបន្ទរភ្លឺឆ្វេចឆ្វាចពេញផ្ទៃមេឃ មើលទៅនៅមិនបានទេ ខ្ញុំត្រូវប្រញាប់ត្រឡប់ទៅវិញសិនបានៗ ព្រោះមេឃបែបនេះគេមិនមកទេ។​

ប្រាវ…………..

ខ្ញុំយកដៃខ្ទប់ត្រចៀក មេឃច័ន្ទគិរីបាក់ធ្លាក់មកយ៉ាងសាហាវ។ ហ៊ើយ! ឲ្យហេតុហើយតើនេះ យូរហើយមិនបាក់មកបាក់អីនៅពេលនេះ? ខ្ញុំងើបចេញពីបង់បម្រុងថាត្រឡប់ទៅវិញទៅហើយ ស្រាប់តែមេឃរលឹមមកល្មម។ អូហ៍បានទាន់ចិត្តមែន ខ្ញុំរត់ចូលទៅជ្រកក្នុងសាលាសិនទំរាំមេឃរាងអន់ភ្លៀងចាំគិតទៀត។ ពេលនេះមេឃមិនបានបង្អន់ភ្លៀងនោះទេ​ មានតែបន្ថែមមកយ៉ាងខ្លាំង ខ្ញុំឈរអោបដៃយ៉ាងរងា ពេលនេះគ្មានមនុស្សសូម្បីតែម្នាក់ គួរឲ្យខ្លាចណាស់ មិនដឹងថាមេឃថ្មើរណាបានរាំងភ្លៀងទេ ខ្ញុំសម្រេចចិត្តថាត្រូវតែរត់ចេញទាំងភ្លៀង​ សើមក៍សើមទៅ សុវត្ថិភាពសំខាន់ជាង។

ប្រាវ! ប្រាវ!

ភ្លៀងធ្លាក់កាន់តែខ្លាំង គ្រាប់ភ្លៀងនីមួយៗធ្លាក់ត្រូវក្បាលស្ទើរតែបែកហើយនេះ នេះខ្ញុំសង្ស័យហើយថាវាជាគ្រាប់ភ្លៀង ឬជាដុំថ្មឲ្យប្រាកដ?

ឌឹប!

ខ្ញុំរត់បុកនរណាគេម្នាក់ពេញមួយជំហរ ប្រាកដណាស់ថាខ្ញុំនឹងដួលត្រឡប់ត្រឡិនព្រោះតែដីរអិលពេក! ហ៊ើយ! វ៉ែនតាខ្ញុំ! ខ្ញុំងើបអង្គុយហើយខំរាវរកវ៉ែនតា តែរកមិនឃើញនោះទេ។ ខ្ញុំងាកមើលអ្នកដែលខ្ញុំរត់បុកអប្បាញ់មិញ តែមើលមិនច្បាស់ ឃើញព្រាលៗ ងថតែដឹងថាជាមនុស្សប្រុស៖

«សុំទោស! ខ្ញុំមិនបានឃើញលោក!»

មិនដឹងថាគេគិតអីតែក៍ចាប់ទាញដៃខ្ញុំឲ្យក្រោកឈរ ៖

«យកអានេះទៅ!»

គេហុចអ្វីម្យ៉ាងឲ្យខ្ញុំកាន់ដែលខ្ញុំអាចមើលដឹងថាវាជាឆ័ត្រ។ ហ៊ើយ! នេះគេឲ្យឆ័ត្រមកខ្ញុំ តើគេបានអីប្រើ? ខ្ញុំស្មឹងស្មាតទៅមួយខណៈទាំងចម្លែកចិត្ត ៖

«មិនអីទេ! ខ្ញុំទៅរួច យកឆ័ត្រទៅវិញទៅ!»​ ​

ខ្ញុំហុចឆ័ត្រឲ្យគេវិញតែគេមិនយក ៖

«មិនអីទេ! នាងទុកចុះ!»

ខ្ញុំងក់ក្បាល ហើយក៍អោនរាវរកវ៉ែនតាបន្តទៀត៖

«វានៅទីនេះ!»

គេពាក់វ៉ែនតាឲ្យខ្ញុំហើយក៍បែរខ្នងដើរចេញទៅជារឿយៗ ខ្ញុំខំប្រឹងជូតកញ្ចក់វ៉ែនតាដែលប្រឡាក់ភក់ចេញដើម្បីមើលគេឲ្យបានច្បាស់ តែម្នាក់នោះក៍ចេញទៅបាត់ រហ័សមើលតែខ្មោចន៎ ហូយៗៗ តិចខ្មោចមែនទៅ! ខ្ញុំចាប់ផ្តើមព្រឺសំបុរហើយក៍ប្រញាប់ចាកចេញពីទីនោះយ៉ាងរហ័ស។

……………………………………………………………………………………………………………….

ថ្ងៃនេះ នៅកន្លែងធ្វើការហាក់បីដូចជាស្ងាត់ ព្រោះបុគ្គលិកមួយចំនួនត្រូវចុះទៅតាមខេត្ត ខ្លះត្រូវចុះទៅមើលអចនទ្រព្យ ខ្លះត្រូវជួបភ្ញៀវសំខាន់ ហើយលោកម៉ានិតក៍ត្រូវមានណាត់ពិសេសជាមួយភ្ញៀវបរទេសម្នាក់នៅសណ្ឋាគារទៀត បើមិនស្ងាត់មានតែចម្លែក។ ភាពស្ងប់ស្ងាត់ទាំងអស់នោះ វាមិនមែនជាបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ ខ្ញុំត្រូវយកឯកសារសំខាន់មួយទៅឲ្យដល់ផ្ទាល់ដៃអានាយណារិទ្ធិនោះ មិនដឹងថាវាសំខាន់អីណាស់ណាទេបានជាយឺតតែបន្តិចក៍មិនបាន នេះកុំតែលោកម៉ានិតអង្វរនោះទេកុំអីខ្ញុំមិនខ្ចីទៅជាន់ក្រុមហ៊ុនរបស់គេនោះទេ។ ឡានក្រុមហ៊ុនជូនខ្ញុំទៅដល់មុខក្រុមហ៊ុនតែម្តង ខ្ញុំត្រូវយកឯកសារទៅបន្ទប់របស់លោកនាយករោគចិត្តនោះ។  ខ្ញុំឈានជើងមួយៗទាំងមិនទុកចិត្តលើខ្លួនឯង មិនដឹងថាមានរឿងអ្វីកើតឡើងទៀតទេនេះ ជួបលើកណាដឹងតែឈ្លោះគ្នា ឈ្លោះឥតល្ហែតែម្តង។​ តែមិនអីទេលើកនេះខ្ញុំត្រូវតែសង្កត់ចិត្តមិនថាគេនិយាយអ្វី ឬធ្វើអ្វីទេ ខ្ញុំនឹងមិនចាប់អារម្មណ៍ជាដាច់ខាត។ មិនអីទេៗ​ ខ្ញុំលួងលោមខ្លួនឯងឲ្យធ្វើចិត្តឲ្យស្ងប់………………

ឌឹប……ឌឹប…….ឌឹប……

ខ្ញុំយកដៃខ្ទប់ដើមទ្រូង និងបេះដូងដែលលោតស្ទើរតែចេញមកខាងក្រៅ។ ហ៊ើយ! នេះមានរឿងអ្វីនឹង? ម៉េចក៍បេះដូងត្រូវមកលោតខ្លាំងបែបនេះ? នេះខ្ញុំខ្លាចគេដល់ថ្នាក់ហ្នឹងផងឬ? គេមិនមែនជាខ្មោចដែលត្រូវខ្លាចឯណា គ្រាន់តែជាមនុស្សរោគចិត្តទេ។ ខ្ញុំត្រូវអង្គុយចាំនៅកន្លែងទទួលភ្ញៀវមួយស្របក់ព្រោះលោកប្រធានរបស់គេកំពុងតែមានភ្ញៀវ។ បើសិនជាខ្ញុំអាចផ្ញើឯកសារនេះតាមនរណាម្នាក់មិនដឹងជាល្អយ៉ាងណានោះទេ។ គិតបានត្រឹមតែគិត ដប់នាទីក្រោយមកខ្ញុំក៍ត្រូវបានគេនាំខ្លួនទៅកាន់បន្ទប់របស់លោកណារិទ្ធិដោយខានតែបាន។

«លោកប្រធាន! អ្នកនាងវត្តីយកឯកសារមកជូន!»

«ចូលមកចុះ!»

គេអនុញ្ញាតឲ្យខ្ញុំចូល ខ្ញុំរុញទ្វារចូលទៅ ៖

«អា! លោក!»

នារីស្រស់ស្អាតម្នាក់កំពុងតែនៅលើភ្លៅរបស់គេ គេងាកទៅនិយាយជាមួយនាង ៖

«រ៉ូស! អូនចេញទៅសិនទៅ!»

នាងរ៉ូសមើលមុខខ្ញុំបន្តិចហើយអោនថើបថ្ងាសគេ ៖

«ទៅក៍បាន! យប់នេះកុំភ្លេចនាំអូនដើរលេងណា!»

«បាទ!»

នាងរ៉ូសក៏ចេញទៅបាត់។ ខ្ញុំបានត្រឹមតែស្រឡាំងកាំងនឹងទង្វើដ៍ខ្វះសុជីវធម៌របស់គេ។ នេះគេឲ្យខ្ញុំចូលមកទាំងដែលគេ និងសង្សារគេកំពុងតែនៅជាមួយគ្នាឬ? តាមចិត្តខឹង ខ្ញុំចង់តែដាល់គេឲ្យបែកមុខទេ តែណ្ហើយ! ចាត់ទុកថាគ្មានរឿងអ្វីកើតឡើងទៅចុះ។ ខ្ញុំហុចឯកសារទៅឲ្យគេ៖

«នេះជាឯកសារលោក!»

គេមើលមុខខ្ញុំបែបធម្មតាៗ ហើយទាញយកឯកសារទៅមើល ៖

«អរគុណ!»

ហ៊ើយ! ចេះអរគុណដែរតើ ស្មានតែចេះតែរករឿងទេ ៖

«ខ្ញុំអាចទៅវិញបានដែរទេ?»

គេគ្រវីក្បាល ៖

«នៅមិនទាន់បានទេ!»

ខ្ញុំជ្រួញចិញ្ចើមទៅទាំងមួម៉ៅ។ គេយកឯកសារទុក ហើយងើបដើរចេញពីកន្លែងរបស់គេ ៖

«ទៅជាមួយខ្ញុំ! ព្រោះខ្ញុំក៍ត្រូវទៅក្រុមហ៊ុននាងដែរ!»

«ខ្ញុំមកជាមួយអ្នកបើកឡានរបស់ក្រុមហ៊ុន! មិនបាច់រំខានដល់លោកនោះទេ!»

«ខ្ញុំឲ្យគេទៅវិញហើយ!»

«លោកថាម៉េច? នេះលោកកំពុងតែរករឿងខ្ញុំប្រាកដណាស់!»

«នរណាថា? គិតឆ្កួតៗ នាងវ៉ែនតា!»

ហ៊ើយ! នេះគេចាប់ផ្តើមទៀតហើយតើ ៖

«នែលោក! ឲ្យមានសុជីវធម៌ខ្លះផង! ខ្ញុំមានឈ្មោះណា!»

«ខ្ញុំមានបានថានាងអត់ឈ្មោះឯណាស្រីឆ្កួត!»

ខ្ញុំខាំមាត់ទាំងខឹងគេ រួចចុះមកឈរនៅមុខក្រុមហ៊ុន។ មិនអីទេ ខ្ញុំជិះម៉ូតូក្រសួងទៅក៍បាន ប្រុសចង្រៃនោះមិនដឹងគិតចង់ធ្វើអ្វីមកលើខ្ញុំនោះទេ ទុកចិត្តមិនបាន។ ពេលនេះមេឃរលឹមមកទៀតហើយ ហឹមៗៗៗ ខែវស្សាតែប៉ុណ្ណឹងឯង មិនមានអ្វីត្រូវឆ្ងល់ទេ។ ចង់ប្រាប់ថាទោះបីជាពេលខ្លះភ្លៀងធ្វើឲ្យរំខានដល់ការងារ ប៉ុន្តែភ្លៀងគួរឲ្យស្រលាញ់ណាស់ ខ្ញុំស្រលាញ់ភ្លៀង ខ្ញុំស្រលាញ់តំណក់ភ្លៀង ខ្ញុំស្រលាញ់សំឡេងទឹកភ្លៀង ខ្ញុំស្រលាញ់អ្វីៗគ្រប់បែបយ៉ាងដែលជាភ្លៀង។ ពេលនេះខ្ញុំមានអារម្មណ៍ល្អយ៉ាងខ្លាំង ខ្ញុំឈរញញឹមសម្លឹងទៅទឹកភ្លៀងដែលកំពុងតែធ្លាក់មកយ៉ាងគ្មានប្រណី អារម្មណ៍កំពុងតែពុះកញ្រ្ជោលជាមួយនឹងការ…………………….ចង់លេងទឹកភ្លៀង?…….ខ្ញុំយកដៃញីមុខខ្លួនឯងខ្លាំងៗ ធំហើយៗ មិនអាចធ្វើដូចក្មេងបានទេនាងតី កុំឆ្កួតពេក។

«នៅញញឹមឆ្កួតអីរបស់នាងនឹង? មិនទៅទេឬ?»

«នណាថាខ្ញុំទៅជាមួយលោក? បន្តិចទៀតសង្សារខ្ញុំមកយកហើយ!»

គេរាងភ្ញាក់បន្តិច តែក៍គ្រវីស្មាធ្វើហី ៖

«ឯណា? នៅឯណាសង្សាររបស់នាង?»

«គឺ………………..បន្តិចទៀតគេមកហើយ លោកមិនបាច់មកចាប់អារម្មណ៍ទេ!»

គេពេបមាត់បន្តិចហើយក៍ដើរចេញទៅយកឡានរបស់គេ។ ខ្ញុំរត់ចេញពីទីនោះមកយ៉ាងលឿន។ សើមក៍សើមទៅ ហិហិសំខាន់បានលេងទឹកភ្លៀងដែរតើ មិនបាច់ខ្វល់ទេ នរណាឲ្យអ្នកបើកឡានទៅចោលធ្វើអី យ៉ាប់មែន។ ខ្ញុំឈររ៉េរ៉ៗនៅមាត់ថ្នល់ឆ្ងាយពីក្រុមហ៊ុនបន្តិចដើម្បីកុំឲ្យលោកណារិទ្ធិគេឃើញខ្ញុំ។ ម៉ូតូដុបបាត់ស្រមោលទៅណាអស់ក៍មិនដឹង នេះបើថ្ងៃធម្មតាវិញមិនបាច់ចេញមកឈរទាន់នោះទេ។ ខ្ញុំយកដៃបាំងមុខ ឡានមួយបើកមកឈប់ក្បែរខ្ញុំ៖

«នាងវ៉ែនតា! ឯណាសង្សាររបស់នាង?!»

ខ្ញុំសម្លក់គេ នេះគេតាមមករកឃើញទៀតឬ? ៖

«ទាក់ទងស្អីនឹងលោក?»

«ឡើងឡានមក!»

«អត់ទេ!»

ខ្ញុំដើរទៅមុខទាំងមិនចាប់អារម្មណ៍ គេបើកតាមហើយបើកកញ្ចក់ឡានហុចអ្វីម្យ៉ាងឲ្យខ្ញុំ ៖

«យកឆ័ត្រទៅស្រីឡប់! កុំឡប់ពេក!»

ខ្ញុំទាញឆ័ត្រមកកាន់ទាំងស្រឡាំងកាំង “ហ៊ើយ! នេះគេឲ្យឆ័ត្រខ្ញុំឬ?” ៖

«តែ……………….!»

មិនទាន់បាននិយាយអីផងគេបើកឡានចេញទៅបាត់។ ធ្វើស្អីក៍មិនដឹងទេនេះ មិនយល់ទេ តែមិនអីទេ ខ្ចីប្រើសិនព្រោះពេលនេះត្រូវការហើយ ស្រលាញ់ភ្លៀងខ្លាំងប៉ុណ្ណាក៍ចេះរងាដែរ ហឹមៗៗៗ​ រងាណាស់លោកអើយ……………….។

 

សូមរង់ចាំតាមដានអានភាគទី ៤ ជាបន្តនៅលើគេហទំព័រ ៖ www.jongdeng.net ឬហ្វេសប៊ុកផ្លូវការ ចង់ដឹង-Jongdeng ។ សូមអរគុណ!

Loading...