ស្នេហ៍ក្រោមតំណក់ភ្លៀង

និពន្ធដោយ ខឹម ឌីណា

ភាគទី ២
និស្ស័យ ឬកម្មពៀរ?

នៅសុខៗខាងក្រុមហ៊ុនអចលទ្រព្យក៍ហៅឲ្យខ្ញុំទៅសម្ភាសន៍ការងារ។ នេះដាក់យូរហើយទើបតែដូរចិត្តហៅទេឬ? តែខ្ញុំក៍សប្បាយចិត្តដែរ ព្រោះខ្ញុំទើបតែរៀនចប់ថ្មីៗ។ បើជាប់មែន ខ្ញុំមានពេលទំនេរធ្វើការបានយ៉ាងសប្បាយ។ អ្នកមកសម្ភាសន៍មានប្រហែលដប់នាក់ តែគេជ្រើសរើសតែបួននាក់ប៉ុណ្ណោះ។ ខ្ញុំមិនដឹងថាខ្លួនឯងមានសង្ឃឹមច្រើនប៉ុណ្ណានោះទេ ប៉ុន្តែត្រូវតែសាក ជាប់ឬធ្លាក់ វាជារឿងធម្មតានោះទេ។

«អ្នកនាង ចន្រ្ទាវត្តី សូមអញ្ចើញចូល!»

ខ្ញុំងើបពីកន្លែងរង់ចាំចូលទៅក្នុងបន្ទប់សម្ភាសន៍ការងារទាំងត្រជាក់ចុងដៃចុងជើង។

«សូមអញ្ចើញអង្គុយ!»

ខ្ញុំងើយមើលមុខគេ។ អេ! តែមុខនេះដូចប្រហែលៗ។ ខ្ញុំជំរាបសួរគេរួចអង្គុយចុះសម្លឹងមុខគេឥតព្រិច។

«អ្នកនាងវត្តី! អ្នកនាងទើបតែរៀនចប់ឬ?»

«ចាស!»

«ហេតុអ្វីក៍អ្នកនាងចង់ធ្វើការនៅក្រុមហ៊ុនរបស់ខ្ញុំ?»

«ព្រោះនាងខ្ញុំចង់ទទួលបានបទពិសោធន៍!»

គេសើចញឹមៗ ៖

«តែប៉ុណ្ណឹងទេឬ?!»

ខ្ញុំមើលមុខគេទាំងចម្លែកក្នុងចិត្ត ហើយក៏រ៉ាយរ៉ាប់ប្រាប់គេអស់ ៖

«មានច្រើនណាស់……ដូចជា……..»

«បានហើយ…………មិនអីទេ! ស្អែកអ្នកនាងអាចមកធ្វើការបាន! នេះកិច្ចសន្យា ព័ត៌មានលំអិត បូករួមជាមួយនឹងប្រាក់បៀវត្ត មាននៅក្នុងហ្នឹងស្រេច។ អ្នកនាងអានទៅ បើយល់ព្រមត្រូវស៊ីញ៉េចុះកុងត្រាមួយឆ្នាំ!»

ខ្ញុំយកក្រដាសកុងត្រាមកអាន មានអារម្មណ៍ថាយ៉ាងម៉េចមិនដឹងទេ អេ! តែប្រាក់ខែច្រើនគួរសម ប្រហែលជាគ្មានអីគួរឲ្យសង្ស័យនោះទេ សំរាប់បុគ្គលិកដែលគ្មានបទពិសោធន៍ដូចជាខ្ញុំ។ ខ្ញុំក៏ចុះហត្ថលេខាទាំងមិនភ្លេចលួចមើលមុខគេ។ គេសើចដាក់ខ្ញុំជារយៈ ៖

«ខ្ញុំគិតថាវាប្រហែលជានិស្ស័យហើយអ្នកនាង!»

ខ្ញុំចំហមាត់ទាំងមិនយល់។ សំឡេងគោះទ្វារនៅខាងក្រៅ មិនទាន់បានការអនុញ្ញាតផង គេក៍រុញទ្វារចូលមក ៖

«តោះទៅញុំាអាហារពេលព្រឹកអានិត យើងឃ្លានណាស់!»

«នែ កុំមកខ្វះសុជីវធម៌អារិទ្ធិ គ្នាកំពុងមានសម្ភាសន៍ការងារ!»

«មិនខ្វល់ទេវើយ! បើគេមិនចូលចិត្តមិនបាច់មកធ្វើការទេ!»

គេស្ទុះចូលទៅអូសដៃមិត្តរបស់គេ ខ្ញុំស្ទុះងើបឈរដែរ ប៉ុន្តែត្រូវស្រឡាំងកាំងនៅពេលដែលបានឃើញមុខគេច្បាស់ ៖

«អារោគចិត្ត!»

គេនោះងាកមកមើលមុខខ្ញុំទាំងងឿងឆ្ងល់៖

«ស្អីគេ??»

«គឺឯង អារោគចិត្ត!»

ខ្ញុំសម្លក់នាយនោះស្ទើរតែចេញភ្លើងតាមភ្នែក មិនដឹងហេតុអីខ្ញុំក៍ដាល់នាយនោះមួយដៃចំកណ្តាលមុខ លោកនិតស្ទុះចេញមករារាំង ៖

«ធ្វើចិត្តឲ្យត្រជាក់អ្នកនាង!»

«មនុស្សចង្រៃ!»

នាយរិទ្ធិឈរខ្ទប់មុខ ទាំងសម្លក់ខ្ញុំស្ទើរជ្រុះគ្រាប់ភ្នែក ៖

«ស្រីឆ្កួត! ធ្វើស្អីរបស់នាង!»

ពេលនេះខ្ញុំចាំបានហើយ លោកនិតគឺជាមិត្តរបស់គេនៅថ្ងៃនោះ។ ហ៊ើយ! នេះម៉េចក៍ខ្ញុំចេះភ្លេចគេទៅកើត ប្រុសៗចង្រៃអស់ទាំងនេះពិតជាគួរឲ្យស្អប់មែន ៖

«លោក! ខ្ញុំមិនធ្វើការនៅក្រុមហ៊ុននេះទេ! សុំទោស!»

«មិនបានទេអ្នកនាង! អ្នកនាងចុះកិច្ចសន្យារួចហើយ!»

«តែ………………………..!»

«អ្នកនាងទៅសិនចុះចាំខ្ញុំខលទៅបញ្ជាក់អ្នកនាងបន្ថែម!»

ខ្ញុំសម្លក់នាយរោគចិត្តនោះបន្តិច រួចដើរចេញមកទាំងមិននិយាយអ្វី! ហើយនេះវាស្អីហ្នឹង? អត់ទេខ្ញុំមិនធ្វើការទេ ឡប់មែនទែន ម៉េចក៍ទៅជាយ៉ាងហ្នឹង? នាយរិទ្ធិស្អីគេនោះត្រូវមួយដៃហ្នឹងតិចពេកហើយ ចង់តែវាយឲ្យស្លាប់ទេ។

………………………………………………………………………………………………………………

នៅផ្សារទំនើប ៖

«ថាម៉េច? អាពីរនាក់ដែលបើកឡានប៉ះឯងថ្ងៃមុនជាម្ចាស់ក្រុមហ៊ុនឬ?»

នាងវីស្រែកស្ទើរបែកក្រដាសត្រចៀកខ្ញុំទៅហើយ ធ្វើឲ្យអ្នកនៅជុំវិញងាកមើលព្រាត ៖

«ស្ងាត់ៗមើលនាងឡប់! ពេលនេះគ្នាមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ!»

«មានត្រូវធ្វើម៉េច គឺមិនបាច់ទៅធ្វើការទេ!»

«តែគ្នាចុះកិច្ចសន្យាហើយណា!»

«ហ៊ើយ! ស៊យហើយចឹង! ធ្វើទៅ! ទ្រាំៗមួយឆ្នាំទៅ គ្នាមិនដឹងទេវើយ!»

ខ្ញុំដកដង្ហើមធំ ខំបបួលនាងមកឲ្យបានផ្តល់ជាយោបល់ ឥឡូវដដែល ៖

«គិតម៉េចទៅ? យើងមិនចង់ជួបអានាយស្អីគេនោះទេ!»

«គ្រាន់តែជិះឡានប៉ះ ហើយសាចទឹកដាក់ វាមិនធ្ងន់ធ្ងរអីទេនាងតី ម៉េចចាំបាច់ខឹងពួកគេ? ឬមានអីលើសពីនេះ?»

ខ្ញុំចាប់ផ្តើមមានអារម្មណ៍មិនស្រួល ៖

«គ្មានទេ! ទៅមានរឿងអីបាន? ឯងគិតអី?»

នាងនោះតាមមើលមុខខ្ញុំ៖

«យ៉ាៗ! មុខក្រហមហើយ ឯងគួរឲ្យសង្ស័យណាស់!»

«គ្មានទេនាងឡប់!»

«បើគ្មានទេ ទៅធ្វើការទៅ ហេតុអីចាំបាច់គេច? អត់យល់!»

«គឺ…………!»

«បានហើយ! សាំណាស់! គ្នាទៅបន្ទប់ទឹកបន្តិច!»

ខ្ញុំងក់ក្បាល! នាងវីក៍ងើបទៅបាត់ នាងនេះគ្មានបានការអីមែន មិនសមមាននាងជាមិត្តសោះ ជួយអីមិនដែលបាន បានតែរឿងរំខានមួយមុខគត់។ ខ្ញុំអង្គុយចាំនាងវីយ៉ាងយូរសែនយូរ នាងហ្នឹងទៅកើតកូន ឬយ៉ាងម៉េចហ្នឹង? គួរទៅផ្ទះចោលដែរទេនេះ ខ្ញុំងើបឈរងាកឆ្វេងស្តាំរកមើលនាង ៖

«នាងនេះ! ទៅបន្ទប់ទឹកអីក៏យូរយ៉ាងនេះ!»

សំលេងនណាស្រែកហៅ ៖

«នាងវ៉ែនតា!»

អូហ៍គេហៅនណាគេអ៊ីចេះ? ហៅខ្ញុំ?

«នាងវ៉ែនតាមុខស្លឺ! ខ្ញុំហៅនាងណា!»

ខ្ញុំងាកក្រោយ ឃើញអានាយរិទ្ធិរោគចិត្តកំពុងតែញញឹមមករកខ្ញុំយ៉ាងរំភើយ។ យ៉ា ខ្លាំងណាស់តើ!

«អារោគចិត្ត!»

គេធ្វើមុខក្រញូវវិញ ហើយដើរមកឈរទល់មុខខ្ញុំ ៖

«ស្រីឆ្កួត! ថ្ងៃនេះខ្ញុំនឹងជម្រះបញ្ជីជាមួយនាង!»

គេលូកដៃមកចាប់ដៃខ្ញុំ ខ្ញុំកញ្ឆក់ដៃចេញ រួចដាល់ច្រមុះគេមួយដៃយ៉ាងខ្លាំង ៖

«អូយ! ស្រីឆ្កួតខ្ញុំធ្វើស្អីនាង? ចាំមើលណានាងមិនរួចខ្លួនទេ!»

គេចាប់ទាញដៃខ្ញុំចេញមកក្រៅ ៖

«លែងដៃណា! ចង់ធ្វើស្អី? ប្រយ័ត្នខ្ញុំស្រែក!»

«ចង់ស្រែកណាស់មែនទេ មិនអីទេចាំមើលណា………….!»

គេចាប់ទាញដៃខ្ញុំយ៉ាងខ្លាំង។ អាឆ្កួតនេះវាយ៉ាងម៉េចហ្នឹង? ខ្ញុំអោនខាំដៃរបស់គេមួយទំហឹង ទាល់តែគេស្រែកអូយ លែងដៃរបស់ខ្ញុំ។ ខ្ញុំរត់ចេញយ៉ាងលឿន គេរត់តាមខ្ញុំយ៉ាងប្រកិត។ នេះគេឆ្កួតមែនទែនហើយមែនទេ?

«ជួយផងៗៗៗៗ!»

គេធ្វើទឹកមុខភ្ញាក់ផ្អើល ហើយឈប់ង៉ក់មួយកន្លែង ៖

«ផ្ញើទុកសិនចុះស្រីវ៉ែនតា! នាងមិនរួចខ្លួនដាច់ខាត!»

គេដើរចេញទៅហើយ។ ខ្ញុំនៅឈរដង្ហក់នៅឡើយ។ នេះវាស្អីនឹង? នាងវីទើបតែមកដល់ ៖

«ហេ! ម៉េចហ្នឹងនាងតី?!»

ពិតជាមិត្តល្អមែន មកមិនដែលទាន់សភាពការណ៍នោះទេ។ ខ្ញុំគ្រវីក្បាលហើយក៍បបួលនាងមកផ្ទះវិញទាំងអារម្មណ៍មួម៉ៅហួសប្រមាណ។ មិនអីទេអារោគចិត្ត លោកគង់តែដឹងគ្នាជាមួយខ្ញុំមិនខានទេ!

មកដល់ផ្ទះខ្ញុំពិតជាដេកមិនលក់ទាល់តែសោះ ខ្ញុំចេះតែនឹកឃើញនាយរិទ្ធិនោះរហូត អាឆ្កួតអើយ ម៉េចក៍គួរឲ្យស្អប់យ៉ាងនេះ? ខ្ញុំយកទូរសព្ទមកខលទៅលោកនិត ដើម្បីប្រាប់គេថាខ្ញុំនឹងមិនទៅធ្វើការនោះទេ ៖

«ជម្រាបសួរ ខ្ញុំម៉ានិតនិយាយ!»

«ជំរាបសួរលោក នាងខ្ញុំចន្រ្ទាវតី្ត!»

«អា! អ្នកនាងទេឬ? ខ្ញុំថានឹងខលទៅអ្នកនាងដែរ តែអ្នកនាងខលមកមុន!»

«ចាស! ខ្ញុំគ្រាន់តែចង់ជម្រាបលោកឲ្យហើយទាក់ទងនឹងការងារ។ ខ្ញុំប្រហែលជាមិនអាចទៅធ្វើការនៅក្រុមហ៊ុនរបស់លោកបានទេ ឲ្យខ្ញុំសុំទោសផង!»

សំលេងគេសើចពីខ្សែម្ខាង ៖

«​នេះអ្នកនាងខ្លាចអារិទ្ធិដល់ថ្នាក់ហ្នឹងឬ?»

«អ្នក…………………អ្នកណាខ្លាច? គឺខ្ញុំគ្រាន់តែ…………….!»

«អ្នកនាង! អារិទ្ធិវាមិនមែនជាម្ចាស់ក្រុមហ៊ុនទេ! វាកម្រទៅក្រុមហ៊ុនណាស់! អ្នកនាងមិនបាច់ភ័យទេ!»

«តែ………………………!»

«ចាត់ទុកថាជាការសុំទោសសំរាប់រឿងថ្ងៃនោះទៅចុះដែលធ្វើឲ្យអ្នកនាងមិនសប្បាយចិត្ត!​ បើអ្នកនាងមិនទទួលខ្ញុំខូចចិត្តណាស់!»

អា! នេះគេផ្តល់ការងារឲ្យខ្ញុំ ព្រោះតែថ្ងៃនោះទេឬ? ធ្វើបែបនឹងមិនកើតទេ ខ្ញុំមិនមែនជាមនុស្សដែលយកប្រៀបគេនោះទេ ៖

«បើលោកធ្វើព្រោះតែរឿងថ្ងៃនោះ ខ្ញុំថាមិនបាច់ល្អជាង! ខ្ញុំមិនបានខឹងលោកទេ​ តែខ្ញុំ………!»

«អ្នកនាង! អ្នកនាងកុំបដិសេដអី!»

«ខ្ញុំ…………………………..!»

«មិនបាច់និយាយទេ សម្រេចថាស្អែកអ្នកនាងមកធ្វើហើយណា! bye!»

គេបិទទូរស័ព្ទបាត់រកតែនិយាយមិនទាន់។ ហ៊ើយ! សំរេចថាខ្ញុំទៅធ្វើការពិតមែនឬ?

 

សូមរង់ចាំតាមដានអានភាគទី 3 ជាបន្តនៅលើគេហទំព័រ ៖ www.jongdeng.net ឬហ្វេសប៊ុកផ្លូវការ ចង់ដឹង-Jongdeng ។ សូមអរគុណ!

 

Loading...
SHARE