ស្នេហ៍ក្រោមតំណក់ភ្លៀង

និពន្ធដោយ ខឹម ឌីណា

ភាគទី ១
ស្នាមថើមពីប្រុសរោគចិត្ត

មេឃភ្លៀងហើយ តំណក់ទឹកភ្លៀងតក់ៗធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយយ៉ាងខ្លាំង។ ភ្លៀងអាចបង្កើតជាតន្រ្តី ភ្លៀងអាចបង្កើតឲ្យមានអារម្មណ៍ ភ្លៀងអាចបង្កើតមនោសញ្ចេតនាគ្រប់បែបយ៉ាងដែលយើងនឹកស្មានមិនដល់។ ពីព្រោះអ្វី? ពីព្រោះនៅពេលដែលភ្លៀងធ្លាក់ខ្ញុំក៍នឹកដល់គេមុនគេ នៅពេលដែលភ្លៀងធ្លាក់ខ្ញុំក៍នឹកដល់អនុស្សាវរីយ៍ទាំងឡាយដែលពួកយើងធ្លាប់មានជាមួយគ្នាកាលនៅក្មេងៗ មិនដឹងថាពេលនេះ តើគេមានអារម្មណ៍ដូចខ្ញុំដែរឬទេ? តើពេលនេះគេនៅទីណា? គេសុខសប្បាយជាទេ? គេនៅនឹកខ្ញុំដែរទេ? តើគេនៅចាំសន្យាដែលយើងធ្លាប់បានសន្យាជាមួយគ្នាដែរឬទេ? ចាំដែរទេថាពួកយើងនឹងត្រឡប់មកជួបគ្នាវិញនៅថ្ងៃណាមួយដែលមានភ្លៀងធ្លាក់ ពេលដែលយើងរៀនចប់មហាវិទ្យាល័យ មិនថាពួកយើងទៅដល់ទីណាក៍ដោយ។ ពេលនេះពេលវេលាកំណត់ជិតមកដល់ហើយ មិនប៉ុន្មានថ្ងៃទៀតនោះទេយើងនឹងបានជួបគ្នាហើយមែនទេ? ដឹងទេថាខ្ញុំរង់ចាំវាយ៉ាងអន្ទះសាបំផុត។​ ខ្ញុំដេកញញឹមតែម្នាក់ឯងជាមួយនឹងអតីតកាលកន្លងមក នេះវាកន្លងផុតទៅប្រហែលជាជាង១០ឆ្នាំហើយ តែខ្ញុំនៅតែគិតថាវាទើបតែកើតឡើងថ្មីៗនេះទេ ក្មេងប្រុសដ៍ស្រស់ស្អាតម្នាក់ដែលតែងតែរត់លេងជាមួយខ្ញុំនៅពេលដែលមានភ្លៀងធ្លាក់ ក្មេងប្រុសម្នាក់ដែលសុខចិត្តលះបង់ឆ័ត្រផ្ទាល់ខ្លួនរបស់គេឲ្យមកខ្ញុំដោយមិនខ្វល់ពីខ្លួនគេ ក្មេងប្រុសម្នាក់ដែលបានផ្តល់កាដូតុក្កតាក្នុងកែវមានដំណក់ទឹកភ្លៀងជាលើកដំបូងមកឲ្យខ្ញុំ ក្មេងប្រុសដែលតែងតែញញឹមរួសរាយមករកខ្ញុំពេលដែលខ្ញុំមិនសប្បាយចិត្ត ក្មេងប្រុសម្នាក់នឹងហើយគឺជាអ្នកជិតខាងរបស់ខ្ញុំ ជាមិត្តភ័ក្តិដំបូង ជាមនុស្សដំបូង ហើយក៍ជាមនុស្សចុងក្រោយឬគូអនាគតរបស់ខ្ញុំ។ ហ៊ឹម! សុខៗគេក៍ត្រូវលក់ផ្ទះទៅរស់នៅអាមេរិចជាមួយក្រុមគ្រួសាររបស់គេ ទោះមិនសង្ឃឹមថាគេនឹងត្រឡប់មកវិញ តែការរង់ចាំ និងការនឹករលឹករបស់ខ្ញុំនៅតែមានចំពោះគេ ខ្ញុំគិតថាមួយជីវិតនេះខ្ញុំមានតែមនុស្សម្នាក់នឹងទេ ខ្ញុំនឹងមិនស្រលាញ់អ្នកណាទៀតទេ។

ទូត…..ទូត……ទូត…….

សំឡេងទូរសព្ទរោទ៍ឡើងយ៉ាងគួរឲ្យរំខាន ខ្ញុំសម្រួលវ៉ែនតាដើម្បីមើលលេខឲ្យបានច្បាស់ថាជាអ្នកណា។ អូហ៍ជាលេខដែលខ្ញុំពុំធ្លាប់ស្គាល់ទេ ៖

«Hello! ជំរាបសួរ!»

«ខ្តី! យើងណា! ពេលនេះឆាប់ចេញមកជួបយើងបន្តិច!»

សំឡេងចេញមកទាំងកាក ដឹងច្បាស់ហើយថាជាអ្នកណា! គឺនាងមិត្តដ៍សែនអាក្រក់របស់ខ្ញុំសោះ ៖

«ហ៊ើយ! វាយ៉ាងម៉េចឯងហ្អាស? ចេញប្រកាច់យកស្អីមេឃភ្លៀងវើយ!»

«ល្អ! បើឯងមិនចេញមកទេ យើងដាច់គ្នា!»

«ស្អីគេទៀតហើយ? ហើយនេះលេខទូរស័ព្ទអ្នកណាគេ?»

«Private number! មកឲ្យលឿន! Bye បិទ!»​

ទូត…..ទូត……ទូត

សំឡេងទូរសព្ទដាច់បាត់ វាចូលចិត្តតែចឹង! ធ្វើចរិតដូចមនុស្សឆ្កួត មិនដឹងថាខ្ញុំទៅសេពគប់វាបានយ៉ាងម៉េចទេនេះ! មនុស្សកំពុងតែ drama ឥឡូវដាច់ភាគអស់ហើយ! នាងមិត្តភក្តិឆ្កួតអើយ! ខ្ញុំប្រញាប់តុបតែងខ្លួនដើម្បីទៅជួបនាង! អេ! អំបាញ់មិញនាងឲ្យខ្ញុំទៅជួបនៅទីណា? ហ៊ើយ! នាងនោះវាមិនបានប្រាប់ទេ ឡប់មែនទែននេះ។ ខ្ញុំរៀបចំចេញទៅខាងក្រៅជាមួយនឹងឆ័ត្ររបស់ខ្ញុំ ប្រហែលជានាងនៅ Star Mart ម្តុំហាងបាយកន្លែងចាស់នោះហើយមើលទៅ! នាងឆ្កួតអើយ បើរកមិនឃើញមិនដឹងទេវើយ។

ប្រាវ…..ប្រាវ…..ប្រាវ…..

ភ្លៀងធ្លាក់ខ្លាំងណាស់ ខ្ញុំកាន់ឆ័ត្រឡើងញ័រដៃ បន្តិចទៀតបាក់មេឃទេដឹងនេះ។ នៅតាមដងផ្លូវ មនុស្សជាច្រើនធ្វើដំណើរទៅវិញទៅមកទោះបីជាភ្លៀងខ្លាំងប៉ុណ្ណាក៍ដោយ មើលទៅពួកគេមិនចេះសម្រាកទេមើលទៅ។ ខ្ញុំថ្ងៃនេះស្លៀកសំពត់ខ្លីពណ៌សអាវដៃវែងពណ៌ផ្ទៃមេឃ ជាស្តាយដែលខ្ញុំចូលចិត្តនឹងណា ស្តាយដែលមើលទៅសុភាពៗ តែស្អាតដូចព្រះនាងម្ចាស់ ហិហិ នេះខ្ញុំលង់នឹងខ្លួនឯងដល់ថ្នាក់ហ្នឹងផងហី? មិនបានលង់ទេតែខ្ញុំពិតជាស្រស់ស្អាតពិតមែនណា។ ខ្ញុំឃើញនាងវីនៅ Mart នៅម្ខាងថ្នល់។ នាងនោះគ្រវីដៃចង់ដាច់ហើយមករកខ្ញុំ ខ្ញុំក៏គ្រវីដៃតបទៅវិញ ៖

«អឺ ចាំតិចស្រីឡប់!»

ខ្ញុំងាកមើលឆ្វេងស្តាំដើម្បីឆ្លងថ្នល់ ឡានបើកលឿនៗម្ល៉េះ? នេះឲ្យគ្នាឆ្លងថ្នល់យ៉ាងម៉េចហ្នឹង? ពិតជាមិនគោរពសិទ្ធិអ្នកថ្មើរជើងមែន! ខ្ញុំឈររ៉េរ៉ៗស្ទើរឆ្លងបន្តិចអីបន្តិច ប៉ុន្តែ ប៉ុន្តែ ឡានមួយនោះម៉េចក៍បើកលឿនម្ល៉េះ? អេ! នេះវាកំពុងតែតម្រង់មករកខ្ញុំហើយតើ! ជួយផង!​ ស្លាប់មិនខានទេ!

ប្រាវ!

ទឹកដែលដក់នៅតាមផ្លូវសាចមកពេញខ្លួនរបស់ខ្ញុំ ខ្ញុំរបូតឆ័ត្រពីដៃទាំងភ័យស្ទើរបាត់ព្រលឹង សំណាងណាស់ឡានចាប់ហ្រ្វាំងគេចទាន់បើពុំនោះទេខ្ញុំ…………..ខ្ញុំសម្លឹងមើលឡាននោះដែលឈប់នៅមិនឆ្ងាយពីខ្ញុំប៉ុន្មានទាំងខឹងសម្បារ ៖

«បើកឡានគ្មានភ្នែកទេឬ? ចំជាឆ្កួតមែន!»

ទ្វារឡានរបើក លេចចេញនរណាម្នាក់រាងខ្ពស់ស្រឡះយ៉ាងសង្ហាមកឈរនៅទល់មុខខ្ញុំដូចគ្មានវិញ្ញាណ។ ខ្ញុំខឹងយ៉ាងខ្លាំង! នេះគេនៅមានមុខមកឈរមើលខ្ញុំទៀតឬ? ៖

«គ្មានភ្នែកទេឬយ៉ាងម៉េច? លោកឃើញខោអាវខ្ញុំ…………….!»

ខ្ញុំមិនទាន់បាននិយាយចប់ផង គេក៍ចាប់ស្មាខ្ញុំទាំងសងខាង ៖

«ស្រីស្អាត! ស្រីស្អាតគឺជាអាវុទ្ធដ៍គ្រោះថ្នាក់បំផុត! ខ្ញុំស្អប់នាង!»

រួចគេក៍អោបខ្ញុំយ៉ាងណែន នេះស្អីគេហ្នឹង? បេះដូងខ្ញុំស្រាប់តែលោតចង់គាំង ៖

«លែងណា មនុស្សឆ្កួត! លែង!»

គេមិនលែងហើយអោបខ្ញុំកាន់តែណែន ៖

«ខ្ញុំស្រលាញ់នាង! ខ្ញុំហាមចិត្តខ្លួនឯងមិនបាននោះទេពេលដែលឃើញនាង!»

គេរឹតខ្ញុំយ៉ាងណែននៅក្នុងរង្វង់ដៃរបស់គេ រួចគេក៍អោនថើបថ្ពាល់របស់ខ្ញុំយ៉ាងវក់វី រួចក៍ហួសមកត្រឹមមាត់ អូហ៍! នេះអារោគចិត្តនេះធ្វើស្អីហ្នឹង ខ្ញុំខំប្រឹងរើមួយទំហឹងចេញពីរង្វង់ដៃរបស់គេ រួចទះមុខគេមួយដៃយ៉ាងខ្លាំង ៖

«មនុស្សរោគចិត្ត!»

នរណាគេម្នាក់ទៀតចុះពីលើឡានមកយ៉ាងប្រញាប់ គេម្នាក់នឹងក៍ស្រស់សង្ហាមិនចាញ់អានាយរោគចិត្តនេះដែរ ៖

«អារិទ្ធិ ធ្វើស្អីកូនគេហ្នឹង? អ្នកនាងមានត្រូវត្រង់ណាទេ?»

ត្រូវត្រង់ណាឬ?​ នេះគេមានមុខមកសួរផងឬ? ខ្ញុំសម្លក់គេបន្តិចរួចងាកមករុញអាមនុស្សរោគចិត្តនោះយ៉ាងខ្លាំងរហូតដួលនៅក្នុងទឹកភក់ ៖

«មនុស្សចង្រៃ!»

នាយម្នាក់ទៀតនោះរត់មកលើកមិត្តរបស់គេ ៖

«សុំទោសអ្នកនាង អារិទ្ធិវាស្រវឹង! វាមិនដឹងអីទេ! សុំទោសពិតមែន!»

ពិតជាស៊យមែនថ្ងៃនេះ ខ្ញុំចង់តែយំទេលោកអើយ ៖

«ថ្ងៃក្រោយបើស្រវឹងកុំបើកឡានផ្តេសផ្តាស» ខ្ញុំសំឡក់ពួកគេបន្តិចរួចដើរចេញមក នាងវីមិត្តរបស់ខ្ញុំរត់មកយ៉ាងទាន់ហន់៖

«ហ៊ើយ! មិនអីទេឬនាងតី?» គេស្ទាបខ្លួនរបស់ខ្ញុំ ខ្ញុំគ្រវីក្បាលទាំងអារម្មណ៍មិនល្អ៖

«គ្មានអីទេ! តោះ!» នាងវីនាំខ្ញុំចូលទៅក្នុង mart ហើយខំជូតទឹកដែលប្រឡាក់ខ្ញុំចេញ៖

«សំណាងហើយមិនអី!» មិនអីក្បាលវាអី អារោគចិត្តនោះវាថើបខ្ញុំណា៖

«សំរេចថាឯងហៅខ្ញុំមកធ្វើអី?» នាងនោះអេះអុញ៖

«បំភ្លេចចោលទៅ! បើនិយាយទៅឯងមានតែមួម៉ៅថែម! តោះទៅផ្ទះ យើងជូនទៅ!» ខ្ញុំមិននិយាយហើយក៍ត្រឡប់ទៅផ្ទះជាមួយនាង! ថ្ងៃនេះខ្ញុំយំមិនចេញតែម្តង អាមនុស្សចង្រៃ កុំឲ្យយើងជួបឯងម្តងទៀតឲ្យសោះណា……………ពុំនោះទេឯងនឹង……………..ស្លាប់….។

សូមរង់ចាំតាមដានអានភាគទី ២ ជាបន្តនៅលើគេហទំព័រ ៖ www.jongdeng.net ឬហ្វេសប៊ុកផ្លូវការ ចង់ដឹង-Jongdeng ។ សូមអរគុណ!

 

 

 

 

SHARE