🎉 កម្មវិធីពិសេស Mid-Year Selling !! ថែមជូនកាបូបដៃដ៏ស្រស់ស្អាតមួយភ្លាម…

Posted by SK Online Shop on Wednesday, June 20, 2018

ជាទូទៅ ខ្សែភាពយន្តហូលីវូដគឺតែងមានការកាត់តនៅក្នុងកុំព្យូទ័រ ដែលធ្វើឱ្យសាច់រឿងមើលទៅពិសេសអស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍ក្នុងការទស្សនា។ យ៉ាងណាក៏ដោយ ឈុតឆាកសកម្មភាពមួយចំនួនហាក់មើលទៅដូចពិតៗ ប៉ុន្តែជាក់ស្តែងគឺវាមិនអាចទៅរួចទេ ព្រោះផ្ទុយគ្នានឹងច្បាប់រូបវិទ្យា។

  1. ក្នុងភាពយន្ត: រថយន្តអាចហោះបាន

អ្នកផលិតខ្សែភាពយន្តហាក់ចូលចិត្តបង្កើតឈុតឆាកដែលមានរថយន្ត និងឡានក្រុងហោះហើរហាក់ដូចផែនដីគ្មានទំនាញ។ ក្នុងនោះមានឡានក្រុងបើកលោតរំលងពីស្ពានមួយទៅមួយ ហើយរថយន្តហោះប៉ើងបន្ទាប់ពីបុកទង្គិចគ្នា។ ជាញឹកញាប់យើងតែងឃើញឈុតឆាកបែបនេះក្នុងភាពយន្ត។

ក្នុងជីវិតពិតជាក់ស្តែង: វត្ថុដូចជារថយន្ត ឬឡានក្រុងមិនលោតរំលងពីកន្លែងមួយទៅមួយ ឬហោះប៉ើងបន្ទាប់ពីបុកទង្គិចគ្នាទេ។ មូលហេតុគឺ projectile motion kinematics ដែលលើកឡើងថា មិនថាវត្ថុនោះធ្វើដំណើរលឿនយ៉ាងណា ប្រសិនបើវាហោះប៉ើងផ្ដេក វានឹងធ្លាក់ចុះជានិច្ច។

2. ក្នុងភាពយន្ត: សម្លេងនិងពន្លឺផ្លេកបន្ទោរធ្វើដំណើរក្នុងល្បឿនដូចគ្នា

រាល់ពេលដែលយើងឃើញផ្លេកបន្ទោរនៅក្នុងភាពយន្ត យើងឮសម្លេងព្រមគ្នា ពោលគឺពួកវាកើតឡើងក្នុងពេលដំណាលគ្នា។ ទោះជាយ៉ាងណា គ្រប់គ្នាសុទ្ធតែដឹងតាមការសិក្សាថាពន្លឺធ្វើដំណើរលឿនជាង។ ដូចនេះ គេមិនគួររៀនរូបវិទ្យាតាមភាពយន្តហូលីវូដទេ។

ក្នុងជីវិតពិតជាក់ស្តែង: ដំបូងយើងឃើញផ្លេកបន្ទោរ ហើយបន្ទាប់មកយើងឮសម្លេង។ ល្បឿនពន្លឺគឺ 299,792,458 ម៉ែត្រក្នុងមួយវិនាទី ហើយល្បឿននៃសម្លេងគឺត្រឹមតែ 300 ម៉ែត្រក្នុងមួយវិនាទីអាស្រ័យលើសីតុណ្ហភាព ដង់ស៊ីតេខ្យល់ និងកត្តាជាច្រើនទៀត។

3. ក្នុងភាពយន្ត: ពន្លឺឡាស៊ែរអាចមើលឃើញគ្រប់កន្លែង

ពួកគេជារឿយៗប្រើអាវុធឡាស៊ែរក្នុងសង្រ្គាមអវកាស ដែលរូបរាងរបស់ឡាស៊ែរគឺដូចជាស្នាមគំនូសពន្លឺ ជាពិសេសនៅក្នុងលំហ។

ក្នុងជីវិតពិតជាក់ស្តែង: ឡាស៊ែរមិនមានបញ្ចេញពន្លឺទេ ពោលគឺនៅពេលឡាស៊ែរបញ្ចេញរូបរាងអាចមើលឃើញ វាក៏ត្រូវខ្ចាត់ខ្ចាយជាភាគតូចៗស្របពេលជាមួយគ្នានោះផងដែរ។ ភាពអាចមើលឃើញ និងពណ៌នៃឡាស៊ែរគឺអាស្រ័យលើឧបករណ៍ដែលវាធ្វើដំណើរឆ្លងកាត់ ដែលមានភាគល្អិតតូចៗ និងម៉ូលេគុលខ្យល់ ហើយយើងដឹងថាមិនមានភាគល្អិតខ្យល់នៅក្នុងលំហទេ។

4. ក្នុងភាពយន្ត: ការផ្ទុះយានយន្តគឺកើតឡើងភ្លាមៗ

នៅក្នុងភាពយន្ត ទោះមានការខូចខាតតិចតួចចំពោះយានយន្ត ក៏អាចបានបណ្តាលឱ្យមានការផ្ទុះយ៉ាងខ្លាំងផងដែរ មិនថារថយន្តធ្លាក់ពីលើច្រាំង ឬគ្រាន់តែរថយន្តពីរគ្រឿងបុកគ្នា។ ការផ្ទុះដ៏ខ្លាំងធ្វើឱ្យរថយន្តក្លាយជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅ។

ក្នុងជីវិតពិតជាក់ស្តែង: ជាធម្មតារថយន្តកម្រផ្ទុះឆេះណាស់ នៅពេលដែលវាបុកបង្គិចគ្នា។ ប្រេងសាំងគឺជាអង្គធាតុរាវ ហើយចំហាយឧស្ម័នឆេះដូចជាចំហាយទឹក។ ដូច្នេះឧស្ម័នរាវនៅក្នុងធុងឧស្ម័នត្រូវបម្លែងទៅជាចំហាយ លាយជាមួយខ្យល់ក្នុងសមាមាត្រត្រឹមត្រូវ ទើបអាចបញ្ឆេះធ្វើឱ្យរថយន្តផ្ទុះឡើង។

5. ក្នុងភាពយន្ត: គ្រាប់កាំភ្លើងធ្វើដំណើរក្នុងល្បឿនដូចគ្នាទោះបាញ់ទៅក្នុងទឹកក៏ដោយ

ឈុតឆាកទាំងនោះកើតមានពេលមនុស្សជ្រមុជចូលក្នុងទឹកដូចជាអាងទឹក ប្រឡាយ ឬសមុទ្រដើម្បីគេចពីការបាញ់ប្រហារដោយគ្រាប់កាំភ្លើង ក៏ប៉ុន្តែមានអាថ៌កំបាំងមួយថា តើនៅក្រោមទឹកអាចជួយសង្គ្រោះអ្នកពីគ្រាប់កាំភ្លើងដែរឬទេ។

ក្នុងជីវិតពិតជាក់ស្តែង: ជាទូទៅគ្រាប់កាំភ្លើងធ្វើដំណើរមិនហួសពីពីរបីហ្វីតទេពេលវាចូលទៅក្នុងទឹក។ កម្លាំងប្រឆាំង ឬភាពធន់ដែលសារធាតុរាវបង្កើតឡើងប្រឆាំងនឹងចលនារបស់វត្ថុមួយដែលធ្វើដំណើរកាត់វា ជាកម្លាំងទប់ចលនាទៅមុខរបស់គ្រាប់កាំភ្លើង។ គ្រាប់កាំភ្លើងអាចធ្វើដំណើរទៅមុខយ៉ាងងាយស្រួលតាមខ្យល់ ប៉ុន្តែនៅពេលដែលវាចូលទៅក្នុងផ្ទៃទឹក អ្វីៗនឹងផ្លាស់ប្តូរ។

6. ក្នុងភាពយន្ត:​ បុរសដ៏អស្ចារ្យដើរចេញដោយមិនក្រលេកមើលការផ្ទុះ

ការបំផ្ទុះបំផ្លាញអាគារ និងរថយន្តគឺមានការពេញនិយមបំផុតនៅក្នុងខ្សែភាពយន្ត ហើយភាគច្រើននៅពេលមានការផ្ទុះ តែងមានបុរសដ៏អង់អាចម្នាក់ដើរចេញពីកន្លែងផ្ទុះដោយមិនក្រលេកមើលហេតុការណ៍ផ្ទុះឡើយ។ ជាការពិត នេះមិនមែនជាស្ថានភាពដែលអាចកើតមានក្នុងជីវិតពិតឡើយ។

ក្នុងជីវិតពិតជាក់ស្តែង: ថាមពលដែលចេញពីការផ្ទុះបង្កើតជារលកនៃការផ្ទុះដែលមានកម្លាំងខ្លាំងគ្រប់គ្រាន់អាចធ្វើឱ្យអគារដ៏ធំមួយដួលរលំ ហើយមនុស្សក៏ដូចគ្នានឹងអគារដែរ។

7. ក្នុងភាពយន្ត: សម្លេងអាចស្តាប់លឺនៅក្នុងលំហអវកាស

អ្នកផលិតភាពយន្តតែងបន្ថែមសម្លេងទៅក្នុងឈុតឆាកនៅក្នុងលំហអវកាសរបស់ខ្លួន។ ប្រសិនបើអ្នករំលឹកឡើងវិញនូវឈុតឆាកដែលយានអវកាសដេញតាមមនុស្សអាក្រក់នៅក្នុងកាឡាក់ស៊ីដ៏ឆ្ងាយ អ្នកនឹងឮសម្លេងនៃការបាញ់អាវុធ បាញ់មីស៊ីល និងសម្លេងរោទិ៍ម៉ាស៊ីន។ ជាការពិតនេះគ្រាន់តែដើម្បីផ្តល់ឱ្យយើងនូវអារម្មណ៍និងឈុតសកម្មភាពដ៏អស្ចារ្យនៅលើអេក្រង់។

ក្នុងជីវិតពិតជាក់ស្តែង: គ្មាននរណាម្នាក់អាចឮសំឡេងនៅក្នុងលំហអវកាសទេ។ អ្វីដែលយើងហៅថា “សម្លេង” តាមពិតជារំញ័រនៅក្នុងខ្យល់ ហើយដោយសារមិនមានខ្យល់នៅក្នុងលំហអវកាស ដូចនេះគ្មានសម្លេងនៅទីនោះទេ។

8. ក្នុងភាពយន្ត: វិទ្យុសកម្មធ្វើឱ្យមនុស្សម្នាក់បញ្ចេញពន្លឺយ៉ាងខ្លាំង

ភាពយន្តវិទ្យាសាស្រ្តបានធ្វើឱ្យទស្សនិកជនជឿថាវិទ្យុសកម្មគឺឆ្លងរាលដាល។ វីរបុរសដែលប៉ះនឹងវិទ្យុសកម្មត្រលប់មកវិញជាមួយនិងខ្លួនបញ្ចេញពន្លឺយ៉ាងខ្លាំង ហើយមនុស្សគ្រប់គ្នាផ្សេងទៀតជៀងវាងប៉ះពាល់បុរសនោះ។ ប៉ុន្តែនោះមិនមែនជារបៀបដែលវាដំណើរការទេ។

ក្នុងជីវិតពិតជាក់ស្តែង: ភាគច្រើននៃធាតុវិទ្យុសកម្មគឺមិនឆ្លងរាលដាលទេ។ វិទ្យុសកម្មភាពគឺជាការផ្ទុះនៃស្នូលដែលបំផ្លាញ DNA ។ អាតូមផ្សេងទៀតមិនប្រែទៅជាវិទ្យុសកម្មទេ។

9. ក្នុងភាពយន្ត: ការលោតទំលុះបំបែកកញ្ចក់ជារឿងធម្មតា

នៅក្នុងភាពយន្ត គេតែងឃើញតួអង្គរត់គេចខ្លួន ហើយលោតទំលុះបំបែកកញ្ចក់ ដោយមិនមានរបួសអ្វីបន្តិចទាល់តែសោះ។ ប៉ុន្តែនេះគ្រាន់តែជាសកម្មភាពក្នុងសាច់រឿង ដែលអ្នកមិនគួរព្យាយាមធ្វើតាមនៅផ្ទះឡើយ។

ក្នុងជីវិតពិតជាក់ស្តែង: កញ្ចក់បង្អួចដែលបែកខ្ចាយមានបំណែកមុតស្រួចជាច្រើន ហើយវាអាចធ្វើឱ្យដាច់ក្រណាត់សំលៀកបំពាក់ និងស្បែកខ្លួន ដោយងាយស្រួលនិងមិនដឹងខ្លួន។ ជាទូទៅវាមានកម្លាំងអាចធ្វើឱ្យមនុស្សរបួសធ្ងន់ធ្ងរបាន ប្រសិនបើលោតទំលុះបំបែកផ្ទាំងកញ្ចក់។

ប្រភព៖ Wtfintheworld និង Brightside

Loading...
SHARE