កំពូល​ស្មាតហ្វូន​P9 P9 Plus​បាន​លើក​​មុខ​លើក​​មាត់​អោយ​ក្រុមហ៊ុន​ Huawei ​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​មនុស្ស​គ្រប់​រូប។​ដោយ​សារ​តែ​ជោគ​ជ័យ​យ៉ាង​សម្បើម​ ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​កើប​យក​ប្រាក់​ចំណេញ​យ៉ាង​ច្រើន​រហូត​វ៉ា​ដាច់​Samsung បាន​ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ​​នេះ។​

ងាក​មក​ចាប់​អារម្មណ៍​ពី​ជំនាន់​ក្រោយ​នៃ​ស្មាតហ្វូន​ត្រកូល​P បន្ត​គឺ​P10 និង​P10 Plus…

បើ​តាម​រូប​ភាព​ដែល​បែក​ធ្លាយ​នា​ពេល​កន្លង​មក​ទាំង​P10 និង​P10 Plus មិន​មាន​រូប​រាង​ប្រែង​ប្រួល​ខ្លាំង​ពី​P9 ប៉ុន្មាន​ទេ​ ពោល​គឺ​ស្រដៀង​គ្នា​ទាំង​ស្រុង គ្រាន់​តែ​សេនស័រ​ស្កេន​ម្រាម​ដៃ​អាច​នឹង​បំពាក់​នៅ​ខាង​មុខ​វិញ ឬ​អាច​រក្សា​នៅ​ខាង​ក្រោយ​ដដែល​តែ​ប្ដូរ​ទៅ​ជា​រាង​មូល​វិញ។

អ្វី​ដែល​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ​P10 មាន​អេក្រង់​រាប​ស្មើ​ដដែល​ ចំណែក​P10 Plus អាច​នឹង​មាន​អេក្រង់​កោង​សង​ខាង​ទៀត​ផង។​បើ​យើង​​សាក​ល្បង​ទស្សន៍ទាយ​ចំណុច​លេច​លឺ​ខាង​លើ​យើង​អាច​សន្មត​ថា​​​P10 មាន​អេក្រង់​លាត​ស្មើ​និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ខាង​ក្រោយ​​​ចំណែក​P10 Plus មាន​អេក្រង់​កោង​និង​មាន​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​បំពាក់​​នៅ​លើ​ប៊ូតុង​Home ផ្នែក​ខាង​មុខ​ដូច​នឹង​រចនាប័ទ្ម​Mate 9 និង​Mate 9 Pro ដែរ។​

​​ចំពោះ​​លក្ខណៈ​សម្បត្តិ​ដែល​គេ​ប្រាកដ​ចិត្ត​នោះ​គឺ​ វា​នឹង​បំពាក់​មក​ជា​មួយ​អេក្រង់​QHD (2K)​ បន្ទះ​ឈីប​ល្បឿន​លឿន​Kirin 960 រ៉េម​ទំហំ​6 GB។​ចំពោះ​កាល​បរិច្ឆេទ​ប្រកាស​ជា​ផ្លូវ​ការ​គឺ​ប្រហែល​ជា​អំឡុង​ខែ​មិនា​ឬ​មេសា​ខាង​មុខ​នេះ​ ដូច​ទៅ​នឹង​ឆ្នាំ​មុន​ផង​ដែរ។


ប្រភព: GSMarena
​​​​​​​​