តើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​មាន​​ដែរ​ឬ​ទេ? ចម្លើយ​ប្រាកដ​ជា​ “ចង់” ហើយ​​អ្នក​​ច្បាស់​ជា​ចង់​ដឹង​ថា​​ គួរ​ធ្វើ​កិច្ចការ​ណា​ ឬ​ចាប់​ផ្តើម​ពី​អាជីព​ណា​ដែល​អាច​នាំ​ផ្លូវ​អ្នក​ទៅ​កាន់​ជីវិត​ជា​អ្នក​មាន​បាន​។ ខាង​ក្រោម​នេះ​ ជា​អាជីព​៥​យ៉ាង​ ដែល​អាច​ត្រួសត្រាយ​ផ្លូវ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​។

លោក​ Brian Tracy ​បាន​លើក​ឡើង​ពី​អាជីព​ទាំង​៥​នោះ​នៅ​ក្នុង​ Entrepreneur Network ដូច​ខាង​ក្រោម​៖

១. អាជីព​ទី១​ដែល​លោក​លើក​ឡើង​គឺ​ ក្លាយ​ជា​សហគ្រិន​។ លោក​លើក​ថា​ មាន​ផ្នែក​ជា​ច្រើន​ដែល​អ្នក​អាច​ចាប់​ផ្តើម​នូវ​អាជីវកម្ម​បាន​​រាប់​តាំង​​ពី​​ផ្នែក​កសិកម្ម​ រហូត​ដល់​ផ្នែក​អចលនទ្រព្យ​ និង​កុំព្យូទ័រ​ជា​ដើម​។ តាមរយៈ​ភាព​ជា​សហគ្រិន​របស់​អ្នក​ អ្នក​អាច​ចាប់​ផ្តើម​អាជីវកម្ម​ផ្ទាល់​ខ្លួន​​លើ​វិស័យ​ទាំង​អស់​នេះ​។ លោក​ក៏​បាន​លើក​ឧទាហរណ៍​ពី​ Henry Ford និង​Bill Gates​ ដែល​ប្រើប្រាស់​​សហគ្រិន​ភាព​របស់​ខ្លួន​ចាប់ផ្តើម​​អាជីវកម្ម​ផ្នែក​ផលិតផល ឬ​សេវាកម្ម​។

២. អាជីព​ទី២​ គឺ​ធ្វើ​ការងារ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឯង​ឡើង​​នៅ​ក្នុង​ក្រុមហ៊ុន​ណាមួយ​។ ក្នុង​នោះ​អ្នក​អាច​​នឹង​ក្លាយ​ជា​​នាយក​ប្រតិបត្តិ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​ជោគជ័យ​ណាមួយ​ ឬ​ជា​បុគ្គលិក​ដែល​មាន​ចំណែក​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​។

៣. អាជីព​ទី៣​ គឺ​ក្លាយ​ជា​អ្នក​វិជ្ជាជីវៈ​ណាមួយ​ដូចជា​ ពេទ្យ​ធ្មេញ​ វេជ្ជបណ្ឌិត​ មេធាវី​ ឬ​ស្ថាបត្យករ​​ជាដើម​។ ទោះបី​ជា​អាជីព​នេះ​​ត្រូវ​ការ​បទពិសោធន៍​ និង​ការ​សិក្សា​ច្រើន​​ក៏​ដោយ​ ប៉ុន្តែ​អ្នក​នៅ​ក្នុង​អាជីព​នេះ​ មាន​សញ្ញាបត្រ​ខ្ពស់​ និង​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ពី​ការ​ផ្តល់​សេវា​របស់​ពួក​គេ​។

៤. អាជីព​ទី​៤​ គឺ​ធ្វើ​ជា​អ្នក​លក់​ ដែល​ជា​វិធី​មួយ​អាច​រក​លុយ​បាន​ច្រើន​ផង​ដែរ​។ ជា​ការពិត ៥%​នៃ​សេដ្ឋី​ដែល​មាន​ដោយ​​ការ​ប្រឹង​ប្រែង​ខ្លួន​ឯង​ គឺ​សុទ្ធ​តែ​ជា​អ្នក​ជំនាញ​ក្នុង​​ការ​លក់​ក្នុង​វិស័យ​ ឬ​ផ្នែក​របស់​ពួកគេ​។

៥. ចុង​ក្រោយ​​គឺ​អ្នក​ដែល​បង្កើត​លុយ​ដោយ​ខ្លួនឯង​តាមរយៈ​ទីផ្សារ​ភាគហ៊ុន​ ឬ​សិល្បៈ​ករ​​ ឬ​អ្នក​ឈ្នះ​ឆ្នោត​ ឬ​អ្នក​ល្បី​ឈ្មោះ​ផ្សេង​ទៀត​។ ប៉ុន្តែ​មនុស្ស​ក្នុង​ក្រុម​នេះ​មាន​ចំនួន​តិច​ណាស់​។

“កំណត់​ឲ្យ​ច្បាស់លាស់​នូវ​អ្វី​ដែល​អ្នក​ចង់​​បាន​ ហើយ​តាំង​ចិត្ត​តស៊ូ​​​រហូត​ដល់​អ្នក​សម្រេច​វា​បាន​ មិន​ថា​មាន​អ្វី​កើត​ឡើង​នោះ​ទេ​” នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ Brian Tracy ដៃ​គូ​នៃ​ Entrepreneur Network​​​ ។

ប្រែ​សម្រួល​៖ Sophany
ប្រភព៖ Entrepreneur