ការ​ហាត់​ប្រាណ​គឺ​ជា​វិធីសាស្រ្ត​ដ៏​ល្អ​មួយ​ដើម្បី​បង្ការ​ជំងឺ​​រុំារ៉ៃ​​ដូចជា​ ជំងឺ​ទឹកនោមផ្អែម​ ជំងឺ​មហារីក និង​ការ​ស្លាប់​មុន​អាយុ​ជាដើម​។

ដោយសារ​តែ​ការ​ហាត់ប្រាណ​ជា​រៀងរាល់​ថ្ងៃ​ មិន​មែន​ជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​អាច​ធ្វើ​បាន​នោះ​ទេ ដូចនេះ​ហើយ​ អ្នក​ស្រាវជ្រាវ​សម្រេច​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​​ដឹង​ថា​​ អ្នក​ដែល​ហាត់​ប្រាណ​រាល់​ថ្ងៃ​ និង​អ្នក​ដែល​ហាត់​ប្រាណ​តែ​១ថ្ងៃ​ ឬ​២​ថ្ងៃ​​នៅ​ចុង​សប្តាហ៍​អាច​ទទួល​ផល​ដូច​គ្នា​ដែរ​ឬទេ​។

តាម​ការ​វិភាគ​ទិន្នន័យ​បាន​ពី​ការ​ស្ទង់មតិ​​សុខភាព​ថ្នាក់​ជាតិ​ទៅ​លើ​មនុស្ស​ជាង​៦៣,០០០​នាក់​ នៅ​ប្រទេស​អង់គ្លេស​ និង​ស្កុតឡែន​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ហាត់​ប្រាណ​ត្រឹម​តែ​១ ឬ​២​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​ដោយ​មូលហេតុ​ផ្សេងៗ​បាន​ពី​៣០%​ទៅ​៣៤% ​បើ​ប្រៀបធៀប​នឹង​អ្នក​​មិន​ហាត់ប្រាណ​ តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ចំពោះ​អ្នក​ហាត់​ប្រាណ​រាល់​ថ្ងៃ​អត្រា​នេះ​មាន​​ត្រឹម​៣៥%​​ ។ ដូចនេះ​រវាង​អ្នក​ហាត់ប្រាណ​រាល់​ថ្ងៃ​ និង​ អ្នក​ហាត់ប្រាណ​តិច​ថ្ងៃ​ អត្រា​​នេះ​មិន​សូវ​ខុស​គ្នា​នោះ​ទេ​។

ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​ហាត់ប្រាណ​រាល់​ថ្ងៃ​ និង​​អ្នក​ហាត់ប្រាណ​​ត្រឹម​២​ទៅ​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ពាក់ព័ន្ធ​នឹង​បេះដូង​​៤០%​ និង​ហានិភ័យ​​ជំងឺ​មហារីក​ពី​១៨%​ទៅ​​២១%​ ដូចគ្នា​ ប្រៀបធៀប​នឹង​អ្នក​មិន​ហាត់ប្រាណ​។
តាមរយៈ​លទ្ធផល​នេះ​ អ្នក​ស្រាវជ្រាវ​ O’Donovan បាន​លើក​ឡើង​ថា​ ភាព​ញឹកញយ​​ឬ​ចំនួន​ដង​នៃ​ការ​ហាត់ប្រាណ​​មិន​សំខាន់​ខ្លាំង​​នោះ​ទេ​ ព្រោះ​ថា​​ការ​ហាត់ប្រាណ​រាល់​ថ្ងៃ​ ហាក់​មិន​បាន​បន្ថែម​ប្រសិទ្ធភាព​លទ្ធផល​លើស​​ការ​ហាត់ប្រាណ​ត្រឹម​តែ​២​ឬ​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​នោះ​ទេ​។

យ៉ាងណា​ក៏ដោយ​ ការ​រក​ឃើញ​នេះ​គឺ​សំដៅ​លើ​ការ​ហាត់ប្រាណ​ដែល​អ្នក​ធ្វើ​ពេល​ទំនេរ​ ​ដោយ​មិន​រាប់​បញ្ចូល​​ការ​ធ្វើ​កិច្ចការ​ផ្ទះ​ ឬ​សកម្មភាព​ផ្នែក​រាងកាយ​ទាក់ទង​នឹង​ការងារ​ប្រចាំ​ថ្ងៃ​​នោះ​ទេ។

ចុងក្រោយ​អ្នក​ជំនាញ​ណែនាំ​ថា​​ក្នុង​មួយ​សប្តាហ៍​ គួរ​​ចំណាយ​ពេល​ហាត់ប្រាណ​១៥០​នាទី​សម្រាប់​ការ​ហាត់ប្រាណ​ធម្មតា​ ឬ​៧៥​នាទី​​សម្រាប់​ការ​ហាត់ប្រាណ​បែប​ស្វាហាប់​ខ្លាំង មិន​ថា​អ្នក​ហាត់ប្រាណ​រាល់​ថ្ងៃ ​ឬ​តិច​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​នោះ​ទេ​។

ប្រែ​សម្រួល​៖ Sophany
ប្រភព​៖ time.com

Loading...
SHARE