​​ជីវិត​អាពាហ៍ពិពាហ៍​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​រីករាយ​ ព្រម​ទាំង​ពេញចិត្ត​នឹង​ជីវិត​របស់​ខ្លួន​​​ជាង​មនុស្ស​ដែល​នៅ​លីវ​ ជាពិសេស​​នៅ​​អំឡុង​ពេល​ដែល​ស្មុគស្មាញ​ក្នុង​ជីវិត​ដូច​ជា​​​ការ​ជួប​បញ្ហា​​​នៅ​វ័យ​កណ្តាល​ជាដើម​​។ ​​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ឆ្លង​កាត់​ជីវិត​អាពាហ៍ពិពាហ៍ ប៉ុន្តែ​មុន​នឹង​ចាប់​ផ្តើម​ជីវិត​អាពាហ៍ពិពាហ៍​គេ​គួរ​គិត​ពី​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

​ ១. ប្រសិន​បើ​អ្នក​​រង់ចាំ​ដល់​ពេល​អ្នក​មាន​អាយុ​យ៉ាង​ហោច​២៣​ឆ្នាំ​ នោះ​អ្នក​មិន​ងាយ​នឹង​ជួប​ជីវិត​លែងលះ​ឡើយ​​

 

ការ​សិក្សា​របស់​សាកលវិទ្យាល័យ​Pennsylvania បាន​​បង្ហាញ​ថា​ជនជាតិ​អាមេរិក​ដែល​រៀបការ​នៅ​អាយុ​១៨​​ឆ្នាំ​ មាន​អត្រា​លែងលះ​រហូត​ដល់​៦០%​ តែ​ប្រសិន​បើ​គេ​រង់ចាំ​ដល់​អាយុ​២៣​ឆ្នាំ​ នោះ​អត្រា​លែងលះ​មាន​ត្រឹម​៣០%​។ របាយការណ៍​Atlantic​បាន​ពន្យល់​ថា​ មូលហេតុ​ដែល​អ្នក​រៀបការ​នៅ​វ័យ​​ក្មេង​ងាយ​នឹង​លែងលះ​ ព្រោះ​ពួកគេ​មិន​ទាន់​ពេញវ័យ​គ្រប់គ្រាន់​ដើម្បី​ជ្រើស​រើស​ដៃគូ​ដែល​សមរម្យ​។

២. ដំណាក់កាល​​​ស្រលាញ់​​ខ្លាំង​មាន​រយៈពេល​ប្រហែល​១​ឆ្នាំ​

 

ការ​សិក្សា​របស់​សាកលវិទ្យាល័យ​Pavia​នៅ​អ៊ីតាលី​បង្ហាញ​ថា​ ដំណាក់កាល​​ដែល​​ដៃគូ​មាន​ភាព​​ផ្អែមល្ហែម​ស្រលាញ់​គ្នា​ខ្លាំង​មិន​ស្ថិតស្ថេរ​រហូត​​នោះ​ទេ ពោល​គឺ​​​មាន​រយៈពេល​ប្រហែល​១​ឆ្នាំ​ ​។

៣. នៅ​ទីបំផុត​អ្នក​នឹង​ដឹង​ថា​ អ្នក​​ទាំងពីរ​មិនមែន​ជា​មនុស្ស​តែម្នាក់​

អ្នក​ទាំង​ពីរ​ជា​មនុស្ស​ផ្សេងទៀត​ មាន​គំនិត​ អារម្មណ៍​ ចំណង់ចំណូលចិត្ត​ខុស​គ្នា​ ហើយ​នៅ​ពេល​អ្នក​ចាប់​ផ្តើម​រស់នៅ​​ជាមួយ​គ្នា​ អ្នក​នឹង​ដឹង​ថា​អ្នក​ទាំង​ពីរ​មាន​ចំណុច​ដែល​អ្នក​ផ្តល់​អាទិភាព និង​ភាព​អត់ទ្រាំ​ខុស​គ្នា​ ដែល​នេះ​នឹង​អាច​ជា​បញ្ហា​សម្រាប់​ជីវិត​គូ​​។

៤. ប្រសិន​បើ​អ្នក​មាន​ភាព​រំភើប​រីករាយ​​នឹង​ព័ត៌មាន​ល្អ​របស់​ដៃគូ​របស់​អ្នក​ នោះ​អ្នក​ទាំង​ពីរ​​នឹង​មាន​ទំនាក់ទំនង​ដែល​ល្អ​ប្រសើរ​ជាង​មុន

 

ការ​បង្ហាញ​ការ​ឆ្លើយតប​ដោយ​ភាព​រីករាយ​ និង​អបអរ​ចំពោះ​ព័ត៌មាន​ល្អ​របស់​ដៃគូ​ តាមរយៈ​កាយវិការ​ ពាក្យ​សំដី និង​ការ​ជប់លៀង​អបអរ​ នឹង​ជួយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន​។

៥. អាពាហ៍ពិពាហ៍​ដែល​រីករាយ​បំផុត​គឺ​អាពាហ៍ពិពាហ៍​រវាង​Best Friends

ការ​សិក្សា​នៅ​National Bureau of Economic Research ​បាន​បង្ហាញ​ថា​ អាពាហ៍ពិពាហ៍​ជួយ​បង្កើន​នូវ​សុខុមាលភាព​ ហើយ​វា​នឹង​កាន់​តែ​ល្អ​ប្រសើរ​ជាង​នេះ​ ប្រសិន​បើ​អ្នក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​មិត្តភាព​ដ៏​ជិតស្និត។​​​​​​​
​​

៦. គូ​ជីវិត​ដែល​មាន​​គំលាត​អាយុ​កាន់​តែ​ក្បែរ​​គ្នា​នោះ​លទ្ធភាព​នៃ​ការ​លែងលះ​ក៏​កាន់​តែ​ទាប​

ការ​សិក្សា​បង្ហាញ​ថា​ គំលាត​អាយុ​មាន​ទំនាក់ទំនង​នឹង​ការ​បែកបាក់​នៃ​អាពាហ៍ពិពាហ៍​ បើ​គំលាត​អាយុ​តិច​នោះ​មិន​ងាយ​នឹង​បែកបាក់​ទេ​ តែ​បើ​គំលាត​អាយុ​ច្រើន​នោះ​អាច​ងាយ​នឹង​បែកបាក់​។

៧. ការ​អាក់អន់​ចិត្ត​កើត​មាន​យ៉ាង​លឿន​ចំពោះ​គូ​ណា​ដែល​មិន​ជួយ​ធ្វើ​កិច្ចការ​ទាំង​អស់​គ្នា​


ការ​យក​ចិត្ត​ទុកដាក់​បំពេញ​កិច្ចការ​ទាំងអស់​គ្នា​​មាន​សារៈសំខាន់​​​សម្រាប់​ការ​​បង្កើត​នូវ​ជីវិត​​អាពាហ៍ពិពាហ៍​ដែល​ជោគជ័យ។​

ប្រែ​សម្រួល​ដោយ​៖ Sophany
ប្រភព​៖ businessinsider